កម្លាំងវិស្វកម្មចំនួន២០នាក់នេះគឺជាកងកម្លាំងនាំមុខដើម្បីរៀបចំមុនសម្រាប់កងធំចំនួន១៩៨នាក់ផ្សេងទៀតដែលគ្រោងចេញដំណើរទៅនៅចុងខែវិច្ឆកានេះ។
ភ្នំពេញ៖ កងកម្លាំងវិស្វកម្មមួកខៀវរបស់កម្ពុជាចំនួន២០នាក់នៅថ្ងៃអង្គារនេះបានធ្វើដំណើរចាកចេញទៅចូលរួមបេសកម្មរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិក្នុងប្រទេសលីបង់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយទោ អ៊ុំ វ៉ាន់ថា អគ្គនាយករងទទួលបន្ទុកផ្នែកបណ្តុះបណ្តាលធនធានមនុស្សនៃមជ្ឃមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបានមានប្រសាសន៍ថា កម្លាំងវិស្វកម្មចំនួន២០នាក់នេះគឺជាកងកម្លាំងនាំមុខដើម្បីរៀបចំមុនសម្រាប់កងធំចំនួន១៩៨នាក់ផ្សេងទៀតដែលគ្រោងចេញដំណើរទៅនៅចុងខែវិច្ឆកានេះ។
លោកបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកដោយមិនអនុញ្ញាតឲ្យយកសំឡេងទៅប្រើក្នុងវិទ្យុថានេះជាលើកទី៣ហើយដែលកម្ពុជាបានបញ្ជូនកម្លាំងវិស្វកម្មដើម្បីទៅចូលរួមផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
លោកបានមានប្រសាសន៍ថាកម្លាំងថ្មីនេះនឹងជួយសាងសង់សំណង់ផ្តេកនិងសំណង់បញ្ឈរ និងបោសសម្អាតមីនដោយដៃនិងគ្រឿងចក្រ។
ពិធីរៀបចំបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជាត្រូវបានធ្វើឡើងក្នុងក្រសួងការពារជាតិនៅថ្ងៃអង្គារនេះដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពីក្រសួងការពារជាតិ។
កម្ពុជាធា្លប់បានបញ្ជូនកងកម្លាំងដោះមីនទៅចូលរួមបេសកម្មរបស់អង្កការសហប្រជាជាតិនៅក្នុងប្រទេសដែលធ្លាប់បានរងគ្រោះដោយសារសង្គ្រាមដូចជាប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វិកកណ្តាលនិងប្រទេសលីបង់។
លោកឧត្តមសេនីយទោអ៊ុំ វ៉ាន់ថា បាននិយាយថារហូតមកដល់ពេលនេះកម្ពុជាបានបញ្ជូនកម្លាំងវិស្វកម្មចំនួនជាង១.០០០នាក់ហើយដើម្បីទៅចូលរួមក្នុងបេសកម្មរបស់អង្កការសហប្រជាជាតិនៅក្រៅប្រទេស។ លោកបានបញ្ជាក់ថា នេះជាមោទនភាពមួយដែលកម្ពុជាពីមុនឆ្នាំ១៩៩៣ធ្លាប់តែទទួលកងទ័ពមួកខៀវមកជួយរៀបចំការបោះឆ្នោត តែពេលនេះកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមបេសកម្មរបស់អង្កការសហប្រជាជាតិវិញម្តង៕