នៅពេលក្រុមប្រទេសក្នុងតំបន់និងប្រទេសអាស៊ានកំពុងស្វែករកវិធីបន្ធូរភាព តានតឹងក្នុងជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិន រដ្ឋមន្ត្រីការបរទេស សរអា គឺលោកស្រី ហ៊ីលឡឺរី គ្លីនតុនបានបញ្ជាក់កាលពីថ្ងៃពុធពីជំហររបស់ សរអានៅ ចំពោះមុខក្រុមមន្ត្រីអាស៊ានថាសរអានឹងធ្វើកិច្ចការយ៉ាងជិតដិត ជាមួយប្រទេសអាស៊ានដើម្បីពង្រឹងសន្តិសុខនិងការរីកលូតលាស់ផ្នែក សេដ្ឋកិច្ច។
«ដូច្នេះសរអាប្តេជ្ញាចំពោះភាពជាដៃគូរបស់យើងហើយស្វាគមន៍ការចូលរួមពី ដៃគូរពិភាក្សាអាស៊ានដទៃទៀត ហើយយើងផ្តល់សន្តិភាព ស្ថិរភាព និងការរីក ចម្រើន ក្នុងតំបន់នេះ។ យើងត្រៀមសកម្មភាពសហការបន្ថែមទៀតជាមួយ ដៃគូរបស់យើងក្នុងតំបន់អាស៊ាននៅឆ្នាំទៅមុខទៀត»។
លោកស្រីគ្លីនតុនបានបន្ថែមថាលោកស្រីនឹងចូលរួមក្នុងវេទិការកិច្ចប្រជុំ ពាណិជ្ជកម្ម អាមេរិក-អាស៊ាននៅទីក្រុងសៀមរាបនៅថ្ងៃសុក្រដែលមានអ្នក វិនិយោគជាង១០០នាក់មកពីសរអានិងអ្នកវិនិយោគអាស៊ានជាច្រើនចូលរួម។ លោកស្រីគ្លីនតុនដែលបានដឹកនាំអ្នកវិនិយោគអាមេរិកមកយ៉ាងច្រើននេះបាន អះអាងថាកិច្ចប្រជុំនេះនិងបង្កើតឲ្យមានឱកាសវិនិយោគ ពាណិជ្ជកម្ម និងបង្កើត ឲ្យមានមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនង សេដ្ឋកិច្ចនិងការរីកលូតលាស់ទៅវិញ ទៅមកទៅអនាគត។
លោកស្រីបានលើកយកនយោបាយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលផ្តោតការយកចិត្តទុកដាក់ ជាយុទ្ធសាស្ត្រចម្បងមួយក្នុងការធ្វើទំនាក់ទំនង ជាមួយ ប្រទេសក្នុងតំបន់អាស៊ីឲ្យកាន់តែជ្រាលជ្រៅជាមួយនឹងការបង្កើត និង ធ្វើកំណែទម្រង់កម្មវិធីជំនួយសម្រាប់តំបន់អាស៊ីបាស៊ីហ្វិក។
«យើងផ្តោតលើបញ្ហាគ្រឹះ៦យ៉ាងគឺ កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពាក់ព័ន្ធនឹងតំបន់មេគង្គក្រោម ការគំរាមជាអន្តរជាតិ ការអភិវឌ្ឍប្រជាធិបតេយ្យ និងមរតកសង្គ្រាម។ យើងធ្វើកិច្ចការនេះមិនត្រឹមតែលើមូលដ្ឋានទ្វេភាគីទេ តែក្នុងតំបន់ផងដែរ ដើម្បីបង្កើតឲ្យមានលទ្ធផលល្អប្រសើរតាមដែលអាចធ្វើបាន»។
ប្រទេសអាស៊ានកំពុងពិភាក្សាលើបញ្ហាជាច្រើនដែលអាស៊ានកំពុងជួបប្រទះ ហើយនៅព្រឹកនេះក្នុងវេទិកាតំបន់អាស៊ាន (ARF) ក្រុមមន្ត្រីការបរទេសប្រទេស អាស៊ាននិងបណ្តាប្រទេសជាច្រើនទៀតប្រមាណ៣០ រួមទាំងលោកស្រី ហ៊ីលឡឺរី គ្លីនតុននឹងចូលរួមថ្លែងការណ៍ដែរ ហើយនឹងពិភាក្សាអំពីបញ្ហា សន្តិសុខក្នុងតំបន់ដូចជាបញ្ហាឧបទ្វីបកូរ៉េនិងបញ្ហាជម្លោះដែនសមុទ្រភាគខាង ត្បូងប្រទេសចិនជាដើម។
លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការ និងសន្តិភាពបានថ្លែងថាលោកស្រី គ្លីនតុននឹងលើករឿងជម្លោះសមុទ្រភាគខាង ត្បូងប្រទេសចិនដើម្បីពិភាក្សា ការពារកុំឲ្យមានជម្លោះណាមួយ កើតឡើង ក្រោយពីមានភាពតានតឹងបានកើតឡើង២ទៅ៣ខែហើយ។
លោក វណ្ណារិទ្ធបានបន្ថែមថា កិច្ចប្រជុំវេទិកាតំបន់នេះនឹងមានភាពតានតឹង ហើយស្មុគស្មាញ ពិបាកដោះស្រាយដោយសារសមាជិកអាស៊ានមានជំហរ ផ្សេងគ្នាតាមផលប្រយោជន៍រៀងៗខ្លួន។
«វាពិបាកអាហ្នឹង។វាពឹងផ្អែកទាំងស្រុងទៅលើប្រទេសដែលពាក់ព័ន្ធផ្ទាល់ហើយ កម្ពុជានិងប្រទេសអាស៊ានមួយចំនួនទៀតគាត់អត់ពាក់ព័ន្ធផ្ទាល់។ដូច្នេះការចាប់ អារម្មណ៍ឬ ផលប្រយោជន៍របស់គាត់នៅមានកម្រិត។ អញ្ចឹងទេវេទិកាតំបន់វា អាចជាការណ៍មួយដែលប្រទេសមហាអំណាចគេវាយប្រហារគ្នាឬក៏ធ្វើតេស្ត អំណាចរបស់គេនៅលើវេទិកាហ្នឹង។ អញ្ចឹងទេប្រទេសតូចៗយើងត្រូវគ្រប់គ្រង ស្ថានការណ៍ហ្នឹងឲ្យបានល្អដើម្បីកុំឲ្យភាពតានតឹងកើនឡើង។ហើយកម្ពុជា យើងនិយាយឲ្យចំគឺប្រឈមនឹងភាពតានតឹងហ្នឹងដែរ យើងធ្វើជាម្ចាស់ផ្ទះ កុំឲ្យគេឈ្លោះគ្នាពិបាកដែរ»។
លោក ឈាង វណ្ណារិទ្ធថ្លែងដូច្នេះដោយយោងទៅលើការតាក់តែងក្រមប្រតិបត្តិ ឬ ស៊ីអូស៊ី មានការមិនត្រូវគ្នា ហើយមានទំនោរពីប្រទេសមួយចំនួនដែលចង់ឲ្យ ក្រមប្រត្តិបតិនេះដោះស្រាយជម្លោះអធិបតេយ្យ។
«ពីព្រោះថាជម្លោះដែនអធិបតេយ្យក៏ដូចជាជម្លោះអធិបតេយ្យភាពប្រហែល ជាយើងមិនអាចយកយន្តការណាមួយ ពីព្រោះអាស៊ានមិនមែនជាតុលាការដើម្បី ស្វែងរកដំណោះស្រាយដូច្នេះវាពិបាក។ ខ្ញុំមើលទៅស្ថានការណ៍ឥឡូវពិបាក។ អញ្ចឹងទេ យើងធ្វើម៉េចឲ្យស៊ីអូស៊ីហ្នឹងជាឧបករណ៍មួយដើម្បីពង្រឹង និងការយល់ គ្នាទៅវិញទៅមក រវាងអាស៊ានចិនដើម្បីការពារកុំឲ្យមានជម្លោះ។ តែពេល យើងប្រើឧបករណ៍ហ្នឹងទៅដោះស្រាយបញ្ហាវិវាទដែនទឹក ដែនអធិបតេយ្យភាព វាមិនអាចទៅរួច»។
លោកបានរំលឹកឲ្យដឹងថាចិនជាដៃគូសំខាន់របស់អាស៊ាន លើបញ្ហាទំនាក់ទំនង ជាទូទៅ និងសេដ្ឋកិច្ចផងដែរដែលគេគួរជំរុញឲ្យមានក្រមប្រតិបត្តិដើម្បីឲ្យមាន ការយោគយល់គ្នារវាងអាស៊ាននិងចិន ជាជាងយក ស៊ីអូស៊ី ធ្វើជាឧបករណ៍មួយ ដើម្បីដោះស្រាយព្រំដែនទឹករវាងបណ្តាប្រទេសដែលទាមទារ មានជម្លោះ នោះ។
លោក បណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានអះអាងថា
ជាការណ៍ល្អដែលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានអាចសម្របសម្រួលឲ្យចិនអង្គុយ ចរចាជាមួយប្រទេសមានជម្លោះ ទោះបីជាក្រមប្រតិបត្តិមិនទាន់ត្រូវគ្នាក្តី។ លោកបញ្ជាក់ថាបញ្ហានៅត្រង់ថាចិនមិនទទួលយកការដោះសា្រយតាមច្បាប់ អន្តរជាតិដែលចិនអាចគិតថានឹងនាំឲ្យមានផលចំណេញដល់ប្រទេសសមាជិក អាស៊ានមួយចំនួន។
«វាមានយន្តការក្នុងក្របខណ្ឌច្បាប់អន្តរជាតិស្តីពីដែនទឹកសមុទ្រតែចិនមិន ព្រមទទួលយកយន្តការដោះស្រាយក្នុងក្របខណ្ឌអន្តរជាតិហ្នឹងទេព្រោះថា បើកាលណាដោះស្រាយក្នុងក្របខណ្ឌច្បាប់នោះចិននឹងខាតបង់»។
លោកថ្លែងថាចិនពឹងផ្អែកលើការធ្លាប់គ្រប់គ្រងកោះនានាកាលពីអតីតកាលនៅ ដែនសមុទ្រភាគខាងត្បូងប្រទេសចិននេះ ដូច្នេះហើយបានជាចិននៅប្រកាន់ ជំហរតឹងរឹង។
ទោះជាយ៉ាងណាក៏ដោយលោក ឡៅ ម៉ុងហៃបានអះអាងថាចិនដែលមានទំនាក់ ទំនងល្អជាមួយប្រទេសមួយចំនួនដូចជាកម្ពុជាដោយសារឥទ្ធិពលនយោបាយ និងជំនួយនោះ ហាក់ដូចជាបំបែកសំឡេងសមាគមអាស៊ាន១០ប្រទេសបានល្អ។
ក៏ប៉ុន្តែលោកម៉ុងហៃបានអះអាងថាការចូលរួមពាក់ព័ន្ធរបស់សរអាជាពិសេស សេចក្តីថ្លែងការណ៍អំពីការប្តេជ្ញារបស់លោកស្រី ហ៊ីលឡឺរី គ្លីនតុនពីរឿង សន្តិសុខ ក្នុងតំបន់និងការរីកចម្រើនសេដ្ឋកិច្ចនេះជាការ«កក់ក្តៅ» សម្រាប់ ប្រទេសក្នុងតំបន់អាស៊ានជាច្រើនដែលមានជម្លោះជាមួយចិន។
លោកបានអះអាងបន្ថែមដែរថាសរអាហាក់ដូចជាចូលរួមពាក់ព័ន្ធជាមួយតំបន់ អាស៊ានដែលចិនមានឥទ្ធិពលខ្លាំងនេះ សកម្មជាងមុន គឺមានន័យថាសរអាផ្តល់ ជំនួយមនុស្សធម៌ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងទៀត គឺមិនដូចពេលមុនដែលផ្តោតជាចម្បងលើវិស័យយោធា នោះ។