វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជាបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្របេក្ខភាពរបស់ខ្លួនសម្រាប់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ២០១៣ដល់២០១៤។
ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ីវយ៉កកាលពីថ្ងៃសៅរ៍ លោករដ្ឋមន្រ្តីការបរទេសហោ ណាំហុងបានបញ្ជាក់ថាកម្ពុជាមិនដែលធ្លាប់បានកាន់តំណែងធំដុំអ្វី ទេនៅក្នុងស្ថាប័នពិភពលោកមួយនេះចាប់តាំងពីក្លាយជាសមាជិកក្នុងឆ្នាំ១៩៥៥មកហើយថានៅពេលនេះកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ហើយ។
លោកហោ ណាំហុងបានបញ្ជាក់ថា៖
«លោកប្រធានអង្គប្រជុំជាទីគោរព! នៅក្នុងស្មារតី នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីការរីកចម្រើននៃសន្តិភាពពិភពលោកនិងការអភិវឌ្ឍ ប្រទេសកម្ពុជាបានបញ្ជូនទាហានរបស់ខ្លួនជាង១.០០០នាក់ចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាពិសេសនៅប្រទេសស៊ូដង់ខាងត្បូងនិងលីបង់»។
លោកហោ ណាំហុងបន្ថែមថាបទពិសោធក្នុងការដោះស្រាយទំនាស់ក្នុងប្រទេសដែលធ្លាប់ហែកហួរគ្នាដោយសារសង្រ្គាមក៏ជាទុនមួយឱ្យប្រទេសកម្ពុជាចែករំលែកជាមួយពិភពលោកបានដែរ។
«យើងមានបទពិសោធក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសហប្រជាជាតិនិងបទពិសោធផ្ទាល់ខ្លួនក្នុងការបញ្ចប់សង្គ្រាមដោយសារតែគោលនយោបាយឈ្នះ ឈ្នះ របស់ខ្លួននិងការដោះស្រាយបញ្ហានៅក្រោយពីបញ្ចប់វិបត្តិជាពិសេសខាងផ្នែកអភិវឌ្ឍន៍សង្គមកិច្ចសេដ្ឋកិច្ច និងការផ្សះផ្សារជាតិ។ ប្រទេសកម្ពុជាមានចេតនាចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពថែមទៀតទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបុព្វហេតុសន្តិភាពនិងសន្តិសុខនិងការដោះស្រាយប្រកបដោយសន្តិវិធីនូវរាល់ជម្លោះ ដែលមាននាពេលបច្ចុប្បន្ននៅក្នុងផ្នែកជាច្រើននៃពិភពលោក»។
សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានចំនួន១០ប្រទេសហើយមានអាណត្តិតែពីរឆ្នាំប៉ុណ្ណោះនិងមានការបែងចែកតាមភូមិសាស្រ្តតំបន់ពិភពលោកដូចជាអាស៊ីប៉ាស៊ីហ្វិក អាហ្រ្វិក អាមេរិកឡាទីន អឺរ៉ុបខាងកើតនិងខាងលិចជាដើម។ មហាសន្និបាតអង្គការសហប្រជាជាតិគឺជាអ្នកបោះឆ្នោតសម្រេច។
តាមប្រភពមន្ត្រីការទូតប្រាប់ឱ្យវីអូអេដឹងថាសម្រាប់កូតាតំណែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសកម្ពុជា ត្រូវប្រកួតជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងប៊ូតង់។ ការបោះឆ្នោតសម្រេចនឹងធ្វើឡើងនៅ ខែតុលាខាងមុខនេះ។
លោកម៉ាយឃើល ដួង សកម្មជនម្នាក់ក្នុងសហគមន៍ខ្មែរអាមេរិកាំងប្រចាំរដ្ឋម៉ារីឡែនបញ្ជាក់ពីក្តី សប្បាយរបស់លោកពីការដែលកម្ពុជាមានមហិច្ឆតាធំដុំក្នុងការចូលប្រឡូកក្នុងនយោបាយពិភពលោក។
លោកបានបន្ថែមថា៖
«ខ្ញុំសប្បាយចិត្តចំពោះមោទនភាពខ្មែរយើងដែលចង់ធ្វើនយោបាយនៅក្នុងឆាកអន្តរជាតិហ្នឹងជាពិសេសនៅអង្គការសហប្រជាជាតិហើយខ្ញុំថាមុននឹងខ្មែរយើងឈានដល់កម្រិតហ្នុងទាល់តែយើងហ្នឹងខំប្រឹងកែប្រែកសាងសិទ្ធិមនុស្សនៅ កម្ពុជា បង្កើតប្រទេសឱ្យមាននីតិរដ្ឋឱ្យខ្លួនយើងហ្នឹងត្រូវតែគោរពច្បាប់ ច្បាប់ជាតិ ច្បាប់អន្តរជាតិ»។
លោកម៉ាយឃើលបានបន្ថែមថាករណីរំលោភសិទ្ធិមនុស្សដូចដែលអ្នករាយការណ៍សិទ្ធិមនុស្សបានលើកឡើងអាចជាការរារាំងមួយសម្រាប់ប្រទេសកម្ពុជា។
«បញ្ហានៅបឹងកក់ បញ្ហាដែលឆក់ប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ ត្រង់ហ្នឹងបើសិនជាប្រទេសផ្សេងៗដែលគេប្រឆាំងនឹងយើងហើយគេសួរថាសូម្បីតែច្បាប់កំប៉ិកកំប៉ុកនៅប្រទេសអ្នកឯងអ្នក ឯងដោះស្រាយមិនចេញផងហើយចុះអ្នកឯងមកអង្គុយនៅលើកៅអីអង្គការសហប្រជាជាតិហើយចង់ដោះស្រាយជួយប្រទេសផ្សេងៗយ៉ាងម៉េច។ អាហ្នឹងតើយើងឆ្លើយចំពោះគេយ៉ាងម៉េចរួច?»
ប្រវត្តិនៃការមិនសូវចុះសម្រុងគ្នាជាបន្តបន្ទាប់រវាងរដ្ឋាភិបាលកម្ពុជានិងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងការខកខានរបស់កម្ពុជាក្នុងការការពារសមាជិកអាស៊ានក្នុងពេលកន្លងមកក្នុងទំនាស់នៅសមុទ្រចិនខាងត្បូងអាចជាការបារម្ភមួយសម្រាប់ប្រទេសសមាជិកខ្លះក្នុងការផ្ញើក្តី សង្ឃឹមលើប្រទេសកម្ពុជាឱ្យដោះស្រាយបញ្ហារបស់គេ។
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖
«យើងមានចំណុចវិជ្ជមានមួយចំនួនដូចជាយើងមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប៉ុន្តែក្នុងពេលថ្មីៗនេះទំនាក់ទំនងយើងជាមួយនឹងអ្នករាយការណ៍ពិសេសក៏ដោយ ទំនាក់ទំនងយើងជាមួយនឹងការិយាល័យនេះក៏ដោយគឺមានការប្រជែងច្រើនហើយការរិះគន់លើរបាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺជារឿងមួយដែលខ្ញុំមើលទៅ ឆ្លុះបញ្ចាំងមិនល្អពីប្រទេសកម្ពុជា។ ហើយពេលថ្មីៗនេះយើងឃើញការចាប់ដៃរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិនហើយធ្វើឱ្យប្រទេសមួយចំនួនមិនសប្បាយចិត្ត។ នេះក៏ជាកត្តាមួយដែរ។ ខ្ញុំមើលទៅអាចនឹងប៉ះពាល់នៅពេលដែលត្រូវការសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រផងដែរ»។
យ៉ាងណាក៏ដោយសម្រាប់ថ្នាក់តំបន់លោកហោ ណាំហុងបានបញ្ជាក់ថាបណ្តាសមាជិកអាស៊ានទាំងអស់បានគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងយកតំណែងនេះ៕