កំណត់និពន្ធ៖ អត្ថបទដើមដែលបានចុះផ្សាយជាភាសាខ្មែរកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកែសម្រួល ដើម្បីបញ្ជាក់អំពីលក្ខណៈនៃការផ្ដល់ហិរញ្ញប្បទានដែលអាចនឹងកើតមានឡើង រវាងចិននិងកម្ពុជាសម្រាប់គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនមួយនៅកម្ពុជា។
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីស្វះស្វែងរកការផ្តល់ហិរញ្ញប្បទានជាង៤.០០០លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ដែលជាតំបន់រីកចម្រើនខាងសេដ្ឋកិច្ច និងកាស៊ីណូ។
កិច្ចព្រមព្រៀងនេះនឹងក្លាយជានិមិត្តសញ្ញាថ្មីបំផុតមួយទៀតនៃទំនាក់ទំនងមិត្តភាព«ដែកថែប»រវាងប្រទេសទាំងពីរ ដែលអ្នកតាមដានបារម្ភអំពីកំណើននៃការពឹងផ្អែករបស់កម្ពុជាទៅលើទឹកប្រាក់របស់ប្រទេសចិន ដែលអាចនាំទៅធ្លាក់ចូល«អន្ទាក់បំណុល» និងមានផលវិបាកផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយរយៈពេលវែង។
លោក ហ៊ុន សែន ដែលរដ្ឋាភិបាលរបស់លោកកាន់តែស្និទ្ធនឹងប្រទេសចិន បានថ្លែងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងថា៖
«ទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខនឹងមានគម្រោងថ្មីៗថែមទៀត ដែលយើងត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍកម្ពុជា ក្នុងហ្នឹងប្រហែលជាយើងត្រូវរៀបចំគម្រោងទាក់ទិនទៅនឹងផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវរបស់យើងមិនអាចប្រើប្រាស់ទាន់ពេលទេ»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
បន្ទាប់ពីការចុះផ្សាយអត្ថបទដើមរបស់វីអូអេថាហិរញ្ញប្បទានផ្លូវដែកល្បឿនលឿននេះជាកម្ចីរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃចន្ទ បានបកស្រាយថា នេះជាការវិនិយោគក្នុងរូបភាពនៃកិច្ចព្រមព្រៀង BOT (Build Operate Transfer) ដែលមានន័យថា «កសាង ប្រតិបត្តិ និងផ្ទេរ»។ ក្នុងន័យនេះ ហិរញ្ញប្បទានពីចិនត្រូវទូទាត់សងវិញតាមរយៈចំណូលដែលរកបានពីគម្រោងមួយនេះ មុនពេលក្រុមហ៊ុនវិនិយោគផ្ទេរការគ្រប់គ្រងឱ្យកម្ពុជា។ រដ្ឋាភិបាលកម្ពុជាហៅការផ្ដល់ហិរញ្ញប្បទានទម្រង់នេះថា «ការវិនិយោគ»។
លោក អាន សុខខឿន អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា បានរិះគន់អត្ថបទដើមរបស់វីអូអេ ដោយចោទថា ការចុះផ្សាយ«មិនត្រឹមតែពុំមានលក្ខណ:វិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិដើម្បីបម្រើហេតុផលនយោបាយ»។
លោកបញ្ជាក់ថា៖ «ការថ្លែងថាទស្សនកិច្ចនៅប្រទេសចិនរបស់សម្ដេចតេជោ ហ៊ុន សែន នាសប្ដាហ៍ក្រោយធ្វើឡើង“ដោយសម្លឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..” គឺជាព័ត៌មានខុសពីការណ៍ពិត។ ការណ៍ពិតគឺថា គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគ ក្នុងរូបភាព BOT»។
អ្នកនាំពាក្យរូបនោះក៏បានចោទប្រកាន់ថា អ្នកសារព័ត៌មានវីអូអេ«បានព្រងើយកន្តើយ ដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលគេហៅថានយោបាយកខ្វក់ (dirty politics) ចំពោះទំនាក់ទំនងកម្ពុជា-ចិន»។
គម្រោងផ្លូវដែកប្រវែង៣៨២គីឡូម៉ែត្រ ដែលអាចរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានសិក្សាដោយក្រុមហ៊ុនចិនឈ្មោះ China Road and Bridge Corporation (CRBC)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ទស្សនវិស័យនៃគម្រោងនេះគឺដើម្បីកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា ដែលបំណុលបរទេសកើនដល់ជិត១០ពាន់លានដុល្លារ ហើយ៤១%ជាបំណុលជំពាក់រដ្ឋាភិបាលចិន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២។ ទោះជាយ៉ាងណា វាបានក្លាយជាចំណុចក្តៅចុងក្រោយនៃការពិភាក្សាលើគម្រោងក្រវាត់ពាណិជ្ជកម្មចិន ឬ Belt and Road Initiative (BRI) ដែលអ្នកតាមដានអះអាងថា អាចជាអន្ទាក់សម្រាប់ប្រទេសផ្សេងៗដើរតាមអ្វីដែលចិនចង់បាន ជាពិសេសប្រសិនបើការសងត្រឡប់វិញមិនអាចទៅរួច ដូចការរំពឹងទុក។
រូបឯកសារ៖ ពលរដ្ឋបើកម៉ូតូនៅលើផ្លូវ Mombasa ដែលស្ថិតនៅក្បែរការដ្ឋានសាងសង់មហាវិថី Nairobi Expressway ដែលសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុងទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។
លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ Arizona State University ប្រាប់វីអូអេតាមសារអ៊ីមែលថា៖
«ការបន្តពឹងផ្អែកលើរដ្ឋណាមួយគឺជាហានិភ័យ។ អ្នកមិនចង់ដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រកតែមួយទេ។ កម្ពុជានៅបន្តធ្វើដូចនេះ។ ជំពាក់លុយប្រទេសចិនជិត៥០%នៃបំណុលសាធារណៈ វាមិនល្អឡើយ»។
លោកបន្ថែមថា៖ «វាពិតជាច្រើនមែនទែន ហើយគាត់ [លោក ហ៊ុន សែន] កំពុងតែចងភ្ជាប់អនាគតនយោបាយរបស់គាត់ទៅកាន់ប្រទេសចិន។ គាត់បានធ្វើដូចនេះច្រើនមកហើយ ហើយនឹងបន្តធ្វើកាន់តែខ្លាំងបំផុតនៅពេលខាងមុខ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកំពុងមានជម្លោះជាសាកលជាមួយប្រទេសចិន បានព្រមានប្រទេសនានាប្រឆាំងនឹងការខ្ចីបំណុលយ៉ាងច្រើនសម្បើម ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង BRI របស់ប្រទេសចិន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា គំនិតផ្តួចផ្តើម BRI គឺជាអន្ទាក់បំណុល និងអាចនាំឲ្យប្រទេសទាំងនោះបាត់បង់ការគ្រប់គ្រងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលដាក់ជាទ្រព្យបញ្ចាំ ដោយលើកឡើងករណីនៅប្រទេសស្រីលង្កា ដែលធ្លាក់ក្នុងអន្ទាក់ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រប់គ្រងកំពង់ផែសំខាន់ ក្រោយមិនអាចបង់សងត្រឡប់មកវិញ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានការពារថា ការខ្ចីអាចគ្រប់គ្រងបាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងឯកសារផ្លូវការរបស់ខ្លួនថា បំណុលបរទេសបច្ចុប្បន្នមានចំនួន៩.៤៧០លានដុល្លារ ប្រមាណ៣៥%នៃផលិតផលក្នុងស្រុកសរុប (GDP)ដែលមានប្រមាណ២៧ពាន់លានដុល្លារ។ រដ្ឋាភិបាលបានលើកឡើងថា កម្ពុជាអាចបន្តខ្ចីទៅដល់ជាង១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន Kiel Institute ក្នុងប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទី៦ក្នុងចំណោមប្រទេស៥០ ដែលជំពាក់បំណុលប្រទេសចិនច្រើន ដោយគិតទាំងកម្ចីផ្លូវការរវាងរដ្ឋនិងរដ្ឋ និងបំណុលឯកជន។ អ្នកស្រាវជ្រាវនៃរបាយការណ៍នេះបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសក្នុងទ្វីបអាស៊ី ដូចជាប្រទេសឡាវ និងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) មានសេដ្ឋកិច្ចតូចនៅឡើយ ហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតប្រទេសចិន ដែលងាយនឹងរងគ្រោះដោយសារបំណុលចិន។
របាយការណ៍ដដែលបានបង្ហាញកង្វល់អំពីកំណើនយ៉ាងលឿននៃអត្រាបំណុលដែលប្រទេសទាំងនោះជំពាក់ចិនក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលើកឡើងថា វាអាចមានទាំងហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ស្ថានទូតចិនប្រចាំនៅកម្ពុជាមិនបានឆ្លើយតបនឹងសំណួរដែល VOA បានសួរតាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលនោះទេ។
ស្ថានទូតចិនកាលពីខែមេសា ឆ្នាំ២០១៩បានបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ខ្លួនថា ប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន៨សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ។ ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំបំណុលសរុបសម្រាប់គម្រោងទាំងនោះទេ។
គម្រោងផ្លូវល្បឿនលឿនដែលកំពុងដំណើរការ ហើយតម្រូវឲ្យមានការបង់ប្រាក់ពីអ្នកធ្វើដំណើរ មានតម្លៃសាងសង់សរុបប្រមាណ១.៩០០លានដុល្លារអាមេរិក ដែលជាកម្ចីដែលផ្តល់ដោយរដ្ឋាភិបាលចិន ហើយជួលក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដើម្បីស្ថាបនាផ្លូវដែលភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលសម្បូរទៅដោយការវិនិយោគរបស់ចិន ដូចជាកាស៊ីណូ សំណង់អគារជាដើម។ ប៉ុន្តែវាក៏បង្កជាឧក្រិដ្ឋកម្មនានាដែលកើតឡើងពីសំណាក់ជនជាតិចិន នៅពេលមានកំណើនវិនិយោគបរទេស។
អ្នកស្រាវជ្រាវឈ្មោះ Jing Jing Luo និង Kheang Un បានសរសេរកាលពីឆ្នាំមុន នៅក្នុងឯកសារសិក្សាមួយឈ្មោះ Contemporary Southeast Asia ថា ការវិនិយោគនិងជំនួយរបស់ចិនគឺជាកាំបិតមុខពីរសម្រាប់គណបក្សប្រជាជនកម្ពុជា។
ពួកគេសរសេរថា៖ «ការភ្ជាប់ទំនាក់ទំនងរបស់ចិនអាចពង្រឹង និងធ្វើឲ្យមានកម្សោយភាពនៃភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជាគឺថា វាអាចជួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ច តែការវិនិយោគរបស់ចិនខ្លះមានឥទ្ធិពលអវិជ្ជមានផ្នែកសេដ្ឋកិច្ចសង្គមលើសាធារណជនកម្ពុជា ដូច្នេះវាមានផលប៉ះពាល់ខ្លាំងទៅលើភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា»។
នាដើមខែមករានេះ លោក ហ៊ុន សែន បានថ្លែងថា លោកមានគម្រោងទៅប្រទេសចិនដើម្បីចុះហត្ថលេខាលើការស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ដោយមានការចំណាយប្រមាណ១.៦៣០លានដុល្លារអាមេរិក។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវបានរិះគន់ថា ការពារប្រទេសចិនលើឆាកអន្តរជាតិទាក់ទងនឹងបញ្ហាប្រឈមនឹងចិន ដូចជាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ជាដើម។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរស្ដាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលនៃការធ្វើទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់សមភាគីចិន នៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Lon Jadina/Pool Photo via AP)
កាលពីខែសីហា ឆ្នាំមុន ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាពេញទំហឹងទៅនឹងគោលនយោបាយចិនតែមួយ និងបញ្ជាក់ថា កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យ និងជាអ្នកវិភាគនយោបាយម្នាក់នៅកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពទៅលើបំណុល និងធ្វើឲ្យប្រាកដថា វាផ្តល់ប្រយោជន៍ដល់សេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាពិតប្រាកដ។ លោកបន្ថែមថា រដ្ឋាភិបាលគួរធ្វើឲ្យមានតុល្យភាពផងដែរនៃបំណុលបរទេស។
លោកថ្លែងថា៖ «ចង់ឲ្យយើងមានតុល្យភាពគ្នានៅក្នុងកម្ចីដែលយើងខ្ចីពីលោកខាងកើត ចិននេះ ឲ្យមានតុល្យភាពពីលោកខាងកើតដទៃទៀត ដូចជាកូរ៉េខាងត្បូង ដូចជាជប៉ុន ហើយនឹងលោកខាងលិចដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានការពារថា រដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ក្នុងការខ្ចីបំណុលពីប្រទេសផ្សេង។ ដូច្នេះមិនគួរមានការព្រួយបារម្ភថា សងមិនរួចឡើយ។
លោកថ្លែងថា៖ «គាត់ [អ្នករិះគន់] ថាច្រើនៗហ្នឹង ឥឡូវទើបបានប្រមាណ៣៦%នៃ GDP របស់កម្ពុជាទេ ហើយដែលជាចំនួនអត្រាដែលអាចគ្រប់គ្រង ដែលរាជរដ្ឋាភិបាលលោកអាចគ្រប់គ្រងបំណុលអន្តរជាតិហ្នឹងបាន ហើយយើងក៏មានលទ្ធភាពសងទៅបណ្តាប្រទេសជាមិត្តដែលជាម្ចាស់ជំនួយហ្នឹងដែរ អត់មានអ្វីដែលគួរឲ្យព្រួយបារម្ភទេ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសរសើរជំនួយរបស់ចិនថា មិនមានការ ភ្ជាប់លក្ខខណ្ឌអ្វីឡើយដល់រដ្ឋាភិបាលរបស់លោក ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចបានធ្លាក់ចុះកាន់តែខ្លាំង ក្រោយមានការបង្រ្កាបនយោបាយលើក្រុមប្រឆាំង និងការប្រើប្រាស់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង៕
លោក ហាន ណូយ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញ