រដ្ឋាភិបាលលោកហ៊ុន សែន បង្ហាញជំហរថា ខ្លួននឹងមិនធ្វើប្រតិកម្មណាមួយ អំពីរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទនៅមីយ៉ាន់ម៉ាទេ ដោយចាត់ទុកថានេះជា «កិច្ចការផ្ទៃក្នុង»។
ថ្លែងក្នុងពិធីមួយកាលពីព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា៖ «ឥឡូវនៅរ៉ង់ហ្គូន ចាប់ផ្ដើមហើយ។ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួន ហើយតែកម្ពុជាមិនធ្វើអត្ថាធិប្បាយ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ នៅក្នុងក្របខណ្ឌអាស៊ានក្ដី ឬប្រទេសដទៃក្ដី»។
លោក ហ៊ុន សែន ដែលរដ្ឋាភិបាលលោកក៏រងការរិះគន់ថាបានបង្ក្រាបនយោបាយលើអ្នកជំទាស់ដោយមិនបន្ធូរដៃផងដែរនោះ បានថ្លែងបន្តថា៖
«តែនោះជាកិច្ចការរបស់មិត្ដភក្ដិនៅក្នុងក្របខណ្ឌអាស៊ាន។ យើងគ្រាន់តែផ្សាយព័ត៌មានតែមិនត្រូវធ្វើអត្ថាធិប្បាយ មិនត្រូវធ្វើអត្ថាធិប្បាយ»។
ក្រុមកងទ័ពជាតិមីយ៉ាន់ម៉ា Tatmadaw បានធ្វើរដ្ឋប្រហារក្រសោបយកអំណាចកាលពីថ្ងៃចន្ទ ក្រោយរចនាសម្ព័ន្ធចាស់ស្រេះមួយនេះ ជំទាស់លទ្ធផលបោះឆ្នោតខែវិច្ឆិកា ដែលបក្សជាសម្ព័ន្ធមិត្តរបស់ខ្លួនបានចាញ់ឆ្នោតបក្សកាន់អំណាចស៊ីវិលគឺសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy)។
នៅព្រឹកព្រហាមថ្ងៃច័ន្ទ មុនសភាថ្មីត្រូវបើកប្រជុំដំបូង ទាហានបានចាប់ខ្លួនលោកស្រី Aung San Suu Kyiជាមេដឹកនាំរដ្ឋាភិបាលស៊ីវិលប្រធានាធិបតី លោក Win Myint និងបានដាក់ប្រទេសស្ថិតក្នុងភាពអាសន្នមួយឆ្នាំ។ នេះបើយោងតាមវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាភូមា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់វីអូអេថា រដ្ឋាភិបាលភ្នំពេញនឹងបន្តទំនាក់ទំនងជាធម្មតាជាមួយទីក្រុងណៃពិដោរ ទោះនរណាកាន់អំណាចក៏ដោយ។
«យើងអត់មានអីប្រែប្រួលផង[ក្នុងទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ] ... បាទពីព្រោះរដ្ឋធម្មនុញ្ញបានចង្អុលបង្ហាញពីគោលការណ៍ពីនយោបាយការបរទេសរបស់យើងដែលយើងអត់មានសិទ្ធិទៅលូកលាន់នៅក្នុងសាច់រឿងរបស់អ្នកណាទេ»។
លោក ហ៊ុន សែន ធ្លាប់បានរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលយោធាភូមា មុនបើកសេរីភាពនយោបាយដែលលោកធ្លាប់ចេញមុខប្រឆាំងការដាក់ទណ្ឌកម្មលើរបបសឹកប្រទេសនេះទៀតផង។ តែក្រោយមក ទំនាក់ទំនងលោកជាមួយរដ្ឋាភិបាលលោកស្រី Suu Kyi ក៏ប្រព្រឹត្តទៅជាប្រក្រតីដែរ។
ក្នុងសេចក្ដីរាយការណ៍អំពីជំហរលោក ហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មានរដ្ឋ AKP និងគេហទំព័រក្រសួងព័ត៌មានកម្ពុជា បានប្រើរូបលោកនាយករដ្ឋមន្ត្រីចាប់ដៃជាមួយលោកស្រី Suu Kyi អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីមករាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។
ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ធ្លាប់ហៅការបោះឆ្នោតមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ថា «សេរីនិងយុត្តិធម៌» និងថាខ្លួន «គាំទ្រដំណើរការប្រជាធិបតេយ្យ» របស់មីយ៉ាន់ម៉ា។
ក្នុងការបោះឆ្នោតនោះ គណបក្ស NLDរ បស់លោកស្រី Aung San Suu Kyi ឈ្នះអាសនៈសភា ២៥៨ ក្នុងអាសនៈសរុបចំនួន ៣៣០ នៅសភាជាន់ទាប ដែលដាក់ឱ្យប្រកួតប្រជែង។ យោធាកាន់កាប់អាសនៈអចិន្ត្រៃយ៍ ចំនួន ១១០។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នេះជាការសម្រេចរបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រជាជាតិមួយ បើទោះមានការបោះឆ្នោតរួចទៅហើយក្តី។
លោកបញ្ជាក់ថា៖ «យើងវាយតម្លៃ យើងគ្រាន់តែវាយតម្លៃលើការបោះឆ្នោតទេតើ ប៉ុន្តែកិច្ចសម្របសម្រួលនយោបាយជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិមួយហ្នឹងឯង(មីយ៉ាន់ម៉ា)។ យើងអត់មានលូកលាន់នៅក្នុងសាច់រឿងនោះទេ»។
អ្នកវិនិយោគបរទេស ដូចជាធនាគារអេស៊ីលីដារបស់កម្ពុជាជាដើម ដែលបានសំឡឹងឱកាសវិនិយោគនៅមីយ៉ាន់ម៉ា តាមរយៈការបើកសេរីភាពនយោបាយក្រោយឆ្នាំ ២០១០ មកនោះ បានសម្ដែងក្ដីព្រួយបារម្ភ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាដែលជាធនាគារធំមួយនៅកម្ពុជា មានប្រសាសន៍ថា ដោយសាររដ្ឋប្រហារបង្កក្ដីបារម្ភអំពីផលប៉ះពាល់លើការវិនិយោគរបស់ក្រុមហ៊ុនលោកនៅទីនោះ។
អេស៊ីលីដាបានហក់ចូលទីផ្សារមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣ និងបានវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ ដែលបច្ចុប្បន្នមានទុនវិនិយោគ ២០ លានដុល្លារ និងមាន ១០ សាខានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
លោក អ៊ិន ចាន់នី បានប្រាប់វីអូអេថា គ្រឹះស្ថានបុត្រសម្ព័ន្ធរបស់អេស៊ីលីដានៅមីយ៉ាន់ម៉ាកំពុងតាមដានស្ថានការណ៍ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរនិងធនាគារកណ្ដាល។
លោកនិយាយថា៖ «ព្រោះលក្ខខណ្ឌស្ថិរភាពនយោបាយជាលក្ខខណ្ឌចាំបាច់មួយក្នុងការធ្វើអាជីវកម្មទាំងនៅក្នុងស្រុក ទាំងនៅបរទេស ហើយនៅនោះ វាបានធ្វើឱ្យលក្ខខណ្ឌជ្រើសរើសដំបូងថាមុននឹងទៅប្រទេសណាមួយ យើងមើលអាហ្នឹង ឥឡូវវាប៉ះលើលក្ខខណ្ឌស្ថិរភាពនយោបាយនៅភូមា»។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសអូស្ត្រាលី និងបណ្ដារដ្ឋាភិបាលបស្ចិមលោកមួយចំនួនទៀតបានចេញសេចក្ដីថ្លែងការណ៍បរិហារថ្កោលទោសរដ្ឋប្រហារនេះ។
នៅក្នុងតំបន់អាស៊ីអគ្នេយ៍វិញ ជំហរ ហ្វីលីពីន និង ថៃ ស្រដៀងកម្ពុជា ដោយទីក្រុងម៉ានីលនិងបាងកក ហៅរដ្ឋប្រហារនេះជា «រឿងផ្ទៃក្នុង» មីយ៉ាន់ម៉ា ចំណែក ព្រុយណេ ឡាវ និងវៀតណាមរក្សាភាពស្ងប់ស្ងាត់ រីឯសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានសម្ដែងក្ដីបារម្ភរបស់ពួកគេរៀងៗខ្លួន៕