អ្នកនាំពាក្យ​រដ្ឋាភិបាល៖ វត្តមាន​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ក្នុង​ថ្ងៃ​ខួប​កំណើត​លោក ហ៊ុន សែន បង្ហាញ​អំពី​ទំនាក់​ទំនង​គ្រួសារ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជូននំមួយចានដល់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thanksin Shinawatra ក្នុងជំនួបមួយនៅគេហដ្ឋានរបស់លោក ហ៊ុន សែន នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​អះអាង​ថា ​វត្តមាន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ ដែល​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា គឺលោក ថាក់ស៊ីន ស៊ីណា​វ៉ាត្រ និងអ្នកស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រ នៅ​ក្នុងថ្ងៃ​ខួប​កំណើត​របស់​មេដឹកនាំ​កម្ពុជា បង្ហាញ​ពី​ទំនាក់​ទំនង​ឯកជន ដែល​មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ន​យោ​បាយ​អ្វី​ឡើយ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រូបនេះ បន្ទាប់​ពី​គេ​ឃើញវត្តមាន​របស់​អតី​ត​នាយក​រដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន នៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣។ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ទាំង​ពីរ​ក៏​បាន​ជួប​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ក្លាយ​ជា​នាយក រដ្ឋមន្រ្តី​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែសីហា ខាង​មុខ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដើរជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក Thanksin Shinawatra ក្នុងជំនួបមួយនៅគេហដ្ឋានរបស់លោក ហ៊ុន សែន នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «គាត់​មក​ជាលក្ខណៈ​ឯកជន អង់​គ្លេស​ថា​ Private ហ្នឹង។ គាត់​អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អ្វី​ទេ ពី​ព្រោះ​យើង​តាម​ដាន​បណ្តា​ញ​សារព័ត៌​មាន​អត់​មាន​ឮ​ធ្វើ​សេចក្តី​ថ្លែងការ​ណ៍ ឬបំ​ផុស​ព័ត៌​មាន​ណា​មួយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ គ្រាន់​តែ​មក​ធ្វើ​បដិសណ្ឋារកិច្ចជា​បង ជា​ប្អូន​ រវាង​សម្តេច​តេជោ ជា​មួយ​នឹង​ឯក​ឧត្តម​ ថាក់​ស៊ីន និង​លោក​ជំទាវ យីងឡាក់ តែ​ប៉ុណ្ណឹង»។

បើ​តាម​លោក ផៃ ស៊ីផាន វត្តមាន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នេះ​មិន​មាន​អ្វី​លើស​ពី​ទំនាក់​ទំនង​គ្រួសារ​ឡើយ។

គេ​នៅ​មិន​ទាន់ដឹង​ទេ​ថា​ តើ​នៅ​ក្នុង​ជំនួប​នោះ ​ពួក​គេ​បាន​ជជែក​អំពី​អ្វី​ខ្លះ​ ដោយ​ហេតុ​ថា​មិន​មាន​ការ​ផ្សព្វ​ផ្សា​យ​ខ្លឹម​សារ​ណា​មួយ​ឡើយ​អំពី​ជំនួប នៅ​ថ្ងៃ​ខួប​របស់​លោក ហ៊ុន សែន។

ទោះជាយ៉ាងណាក្តី បើ​តាម​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Freshnews អតីត​នា​យក​រដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​បាន​ស្នាក់​នៅ​ក្នុង​ភូមិ​គ្រឹះ​របស់​លោក ហ៊ុន សែន មួយ​យប់ បន្ទាប់​ពី​ហោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

តាម​រយៈ​រូប​ថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ គេ​ក៏​ឃើញ​មាន​ការ​ជ​ជែក​គ្នា​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ថាក់ស៊ីន​ ប៉ុន្តែ​មិន​មាន​ការ​បង្ហោះ​ណា​មួយ​ថា​តើ​ពួក​គេ​បាន​ជជែក​អំពី​បញ្ហា​អ្វី​ជា​មួយ​គ្នា​នោះ​ទេ។

បន្ទាប់​ពី​ប្រ​កាស​វិល​ចូល​ប្រទេស​ថៃ​វិញ ក្នុង​ពេល​ដែល​ថៃ​កំពុង​ជ្រើស​រើស​នាយក​រដ្ឋមន្រ្តី​ថ្មី លោក ថាក់​ស៊ីន អតីត​នាយក​រដ្ឋមន្រ្តី​ថៃ កាល​ពី​ថ្ងៃទី​៥ ខែ​សីហា ក៏​បាន​ប្រកា​ស​ពន្យារ​ពេ​ល​នៃ​ការ​វិល​ចូល​ប្រទេស​ថៃវិ​ញ​ ក្រោម​ហេតុផល​ថា​ត្រូវ​ជួប​គ្រូ​ពេទ្យ ដើ​ម្បី​ពិ​និត្យ​សុខ​ភាព។

​លោក ថាក់​ស៊ីន បាន​ជាប់​ឆ្នោត​ជា​នា​យក​រដ្ឋម​ន្ត្រីថៃ​ ក្នុង​ឆ្នាំ​ ២០០១ ហើយ​លោក​បាន​ជាប់​ឆ្នោត​ម្តង​ទៀត​នៅ​ឆ្នាំ​២០០៥ ប៉ុន្តែ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​យោធា​ក្នុង​ឆ្នាំ​២០០៦។ លោក ថាក់ស៊ីន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ ការ​រំ​លោភ​បំពាន​អំណាច និង​ការ​មិន​គោរព​របប​រាជា​និយម​របស់​ប្រទេស។

អតី​ត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០០៨ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនា​គារ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ជា​ច្រើន ដែល​រូប​លោក​បា​ន​ចាត់​ទុក​ថាជា​រឿង​នយោបាយ ហើយ​លោក​នៅ​តែ​អាច​ជាប់​ពន្ធនាគារ​ជាង​១០​ឆ្នាំ នៅ​ពេល​លោកត្រឡប់មក​វិញ។ នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​ប្អូន​ស្រី​របស់​លោក​ គឺអ្នក​ស្រី យីងឡាក់​ ក៏​ត្រូវ​បាន​ទម្លាក់​ដោយ​រដ្ឋ​ប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤។ អ្នកស្រីក៏​បាន​ប្រឈម​មុខ​នឹង​កា​រ​ចោទ​ប្រកា​ន់ពី​បទ​ឧក្រិដ្ឋ ហើយ​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

សារ​របស់​លោក​ ថាក់ស៊ីន កាល​ពីថ្ងៃ​សៅរ៍ អំពី​ការ​ពន្យារ​ពេល​វិល​ត្រឡប់រ​បស់​លោក​ចូល​ប្រទេស​ថៃ មិន​បាន​និយាយ​អំពី​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​គណនី ​TikTok ផ្លូវការ​របស់​លោក ហ៊ុន សែន បង្ហាញ​ថា ​លោក ថាក់​ស៊ីន ឈរ​ក្បែរ​លោក ហ៊ុន សែន ដែល​ចូល​រួម​ដោយ​សមា​ជិក​គ្រួសាររ​បស់​លោក ហ៊ុន សែន ក្នុង​ពិធី​ខួប​កំណើត​នៅ​ឯ​គេហដ្ឋាន​របស់​មេដឹកនាំ​កម្ពុជា។

លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ជាង​មួយ​នា​ទី​អំពី​ពិ​ធី​ជប់​លៀង ហើយ​បាន​ស​រសេរ​ថា៖ «ឆ្នាំ​នេះ​កូន​ និង​ចៅ​មក​ជួបជុំ​ និង​មាន​បង​ធម៌​ប្អូន​ធម៌​ មក​ចូល​រួម​ខួប​កំណើត​នៅ​ផ្ទះ​ផង​ដែរ»។

លោក​ ថាក់​ស៊ីន និង​លោក ហ៊ុន សែន ត្រូ​វ​បាន​គេរា​យការណ៍​ថា ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ និង​ចាត់​ទុក​គ្នា​ជា​«បង​ប្អូន​ធម៌​»។ កាល​ពី​ឆ្នាំ​២០០៩ លោក ហ៊ុន សែន បាន​តែង​តាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្រ្តី និង​រដ្ឋា​ភិបាល​កម្ពុជាទទួលបន្ទុក​សេដ្ឋកិច្ច ប៉ុន្តែ​លោក​បាន​លា​ឈប់​វិញ ក្រោម​ហេតុផល​ថា​ លោក​បាន​ជួប​ការ​លំបាក​ផ្ទាល់​ខ្លួន ក្នុង​ការ​បំពេញ​តួនាទី​របស់​លោក​ឱ្យ​បាន​ពេញ​លេញ៕