មន្រ្តី​កម្ពុជា៖ ជនជាតិ​ជប៉ុន​ជាង​២០​នាក់​ត្រូវ​ឃាត់​ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ឡើយ

រូប​ឯកសារ៖ បុគ្គលិក​សន្តិសុខ​មួយ​ឈរ​យាម​នៅ​មុខ​ស្ថានទូត​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ២០១១។ តបតាម​សំណើ​របស់​ស្ថានទូត​ជប៉ុន​ ប៉ូលិស​កម្ពូជា​​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ជប៉ុន​ចំនួន​២០​នាក់​​សាក​សួរ។

តបតាម​សំណើ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ កម្លាំង​នគរ​បាល​ជាតិ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ជប៉ុន​ចំនួន​២០​នាក់សាក​សួរ​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មិន​ទាន់​មានការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

សារព័ត៌មាន​របស់​ជប៉ុន​មួយ​ចំនួន​រួមមាន​ Japan Today និង​ The Japan Times បាន​រាយការណ៍​ថា​ការ​ឃាត់ខ្លួនជនជាតិ​ជប៉ុន​ចុងក្រោយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សង្ស័យ​ថា​ ពួក​គេបាន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ជនជាតិ​ជប៉ុន​ទាំង​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ កាល​ពី​ដើម​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន​ បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​កម្លាំង​មាន​សមត្ថកិច្ច​របស់​កម្ពុជា​បានឃាត់​ខ្លួន​ជនជាតិ​ជប៉ុន​ជាង​២០​នាក់​នោះ​ តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​នោះ​ទេ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ។ លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា ​ជនជាតិ​ជប៉ុន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​នោះ​ ត្រូវ​បាន​សង្ស័យថា ​បាន​ប្រព្រឹត្ត​អំពើ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អនឡាញ។

លោក​ថ្លែង​ថា៖ «ការ​ចុះ​ផ្សាយ​របស់​គាត់​ គាត់​ទទួល​ខុស​ត្រូវ។​ អានេះ​សេរីភាព​របស់​គាត់​ តែ​បើ​ខុស អាហ្នឹង​គាត់​ទទួល​ខុសត្រូវ​ជាមួយ​សាធារណជន​ គឺ​អាច​ទៅ​ជា​ច្បាប់»។

លោក​បន្ថែម​ថា៖ «ការ​ឃាត់​ខ្លួន​គឺ​មែន​តាម​សំណើ​របស់​ស្ថានទូត​ជប៉ុន ក៏​ប៉ុន្តែ​យើង​ខ្ញុំ​មិន​ទាន់​បាន​វាយ​តម្លៃ​ជូន​ថា​ក្នុង​បទ​ល្មើស​អី​នៅឡើយ​ទេ ព្រោះ​អីយើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​នីតិ​វិធី។ អ៊ីចឹង​ យើង​ខ្ញុំ​អត់​មាន​បាន​បញ្ជាក់​ជូន​ថា ពាក់ព័ន្ធ​បទ​ល្មើស​ស្អី​ខ្លះ​ទេ​ ទាល់​តែ​យើង​បញ្ចប់​នីតិវិធី​សិន​ ហើយ​រាល់​ថ្ងៃ​យើង​កំពុង​ដំណើរ​ការ​នីតិវិធី»។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​តាម​សារ​អ៊ីមែល​តាំង​ពី​ថ្ងៃ​ពុធ រហូត​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​កម្ពុជា​គួរ​មាន​វិធានការតឹងរ៉ឹង​លើ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​កន្លង​មក​គេ​សង្កេត​ឃើញ​មាន​ជនជាតិ​ចិន​ភាគ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​នេះ​ តែ​ឥឡូវ​នេះ​ចាប់​ផ្តើម​មាន​ការ​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ជប៉ុន និង​ជន​បរទេស​មួយ​ចំនួន​ទៀត។

លោក​បន្ថែម​ថា ដើម្បី​បញ្ចៀស​ការ​ខាត​ប្រយោជន៍​ផ្សេងៗ​របស់​កម្ពុជា ទាំង​ក្នុង​វិស័យ​ទេសចរណ៍​ និង​វិនិយោគ​នោះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ទប់​ស្កាត់​មិន​ឱ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​តាម​អនឡាញ​នេះ​កើត​ឡើង​ត​ទៅ។

លោក​ថ្លែង​ថា៖ «ទីមួយ​ វា​អាច​ជះឥទ្ធិពល​សម្រាប់​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ សម្រាប់​វិស័យ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​ក៏​ធ្វើ​ឱ្យ​កម្ពុជា​យើង​ហ្នឹង​ធ្លាក់​ទៅ​ក្នុង​ចំណាត់​ថ្នាក់​មិន​ល្អ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ជា​បន្ត​ទៅ​ទៀត​ ដែល​សហរដ្ឋ​អាមេរិក​ ដែល​គេ​តែង​ដាក់​យើង​ឥឡូវហ្នឹង​ លំដាប់​លេខ​៣​ ដែល​នៅ​ក្នុង​បញ្ជី​ខ្មៅ​ទៅ​ទៀត»។

បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន​ The Japan Times ​មានករណី​ជា​ច្រើនកើត​ឡើង​បន្តបន្ទាប់​ ដែល​ក្រុម​ទុច្ចរិត​ជន​ជាតិ​ជប៉ុន​ជាច្រើន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​កំពុង​ប្រើ​ប្រាស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​កន្លែង​លាក់​ខ្លួន​ ដើម្បី​បង្ក​អំពើ​ឆបោក។

កាល​ពី​ខែ​មេសា​ អាជ្ញាធរ​កម្ពុជា​បាន​និរទេស​ជនជាតិ​ជប៉ុនចំនួន​១៩​នាក់​ចំពោះ​ការ​សង្ស័យ​ថា​បាន​ពាក់​ព័ន្ធ​នៅ​ក្នុងអំពើ​ឆបោក​តាម​ទូរស័ព្ទ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ពេល​បញ្ជូនដល់​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ករណី​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​មូលដ្ឋាន​បាន​ឆ្មក់​ចូល​ទីតាំង​មួយ​កន្លែង​នៅ​រាជ​ធានី​របស់​កម្ពុជា​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ និង​បាន​រក​ឃើញ​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់​ និង​ជន​ជាតិ​វៀតណាម​មួយ​ចំនួន។ ហើយ​ខ្លះ​ទៀត​បាន​គេច​ចេញ​ពី​កន្លែង​កើតហេតុ។ ​

ទាក់ទិន​អំពើ​ឆបោក​តាម​អនឡាញ​នេះ អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​សីហា​ ដោយ​បាន​បង្ហាញ​ថា​ មាន​ករណី​បោក​បញ្ឆោត​តាម​អនឡាញ​នេះក្នុង​ប្រទេស​ចំនួន​៥​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ក្នុង​នោះ​ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ច្រើន​ជាង​គេ​ ប្រមាណ​១២ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រមាណ​ជា​១០ម៉ឺន​នាក់។​

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​កម្ពុជា​មួយ​រូប​បាន​ច្រាន​ចោល​របាយការណ៍​នោះ​ភ្លាមៗ។
​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី ​ជូ ប៊ុនអេង ប្រាប់​វីអូអេ​កន្លង​មក​ថារបាយ​ការណ៍​របស់​អ.ស.ប ធ្វើ​ឡើង​តាម​ការ​ប៉ាន់​ស្មាន​ ដោយ​មិន​បាន​បង្ហាញ​ពី​ទឡ្ហីករណ៍​ណា​មួយ​ច្បាស់​លាស់​នោះ​ទេ៕