ការលុបបំបាត់ភាពក្រីក្រនិងភាពអត់ឃ្លានធ្ងន់ធ្ងរនៅកម្ពុជាមានរូបភាពច្របូកច្របល់គ្នាបើទោះបីជារដ្ឋាភិបាលអះអាងថាបានកាត់បន្ថយភាពក្រីក្របានមុនពេលកំណត់ក៏ដោយ។
នេះជាគោលដៅទីមួយនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលមានចំនួន៩គោលដៅដែលប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាសមាជិកដទៃទៀតនៃអង្គការសហប្រជាជាតិនឹងត្រូវរាយការណ៍ពីសមិទ្ធិផលក្នុងការខិតខំប្រឹងប្រែងឱ្យសម្រេចបានតាមការសន្យាកាលពីឆ្នាំ២០០០ថានឹងសម្រេចឱ្យបាននៅឆ្នាំនេះ។
អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះដល់១៨,៩ភាគរយគឺមុនគោលដៅកំណត់ត្រឹមខែកញ្ញាឆ្នាំ២០១៥ដែលគ្រោងនឹងកាត់ឱ្យបាននៅត្រឹម១៩,៥ភាគរយ។ នេះបើតាមការបញ្ជាក់អះអាងរបស់រដ្ឋាភិបាលកម្ពុជា។
លោក ថេង បញ្ញាធន អគ្គនាយកនៃក្រសួងផែនការនិងជាអ្នកដែលទទួលបន្ទុកខាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បានបញ្ជាក់ថា៖
«សរុបមកវិញ គឺសម្រាប់គោលដៅទីមួយគឺអត្រានៃការកាត់បន្ថយភាពក្រីក្រនេះគឺយើងសម្រេចបានមុនឆ្នាំ២០១៥ដោយសារថាឆ្នាំ២០១២យើង១៨,៩ភាគរយហើយចំណុចដៅរបស់យើង១៩,៥នៅឆ្នាំ២០១៥»។
បើទោះបីជាមានតួលេខល្អប៉ុន្តែលោកថេង បញ្ញាធនបានសម្តែងការប្រយ័ត្នប្រយែងថាប្រជាជនមួយចំនួននៅតែអាចធ្លាក់ទៅក្នុងភាពក្រីក្រវិញនៅឡើយ។
«ការចាកផុតពីខ្សែបន្ទាត់នៃភាពក្រីក្ររបស់ប្រជាជនយើងគឺភាគច្រើននៅជិតៗនឹងខ្សែបន្ទាត់នៃភាពក្រីក្រដូច្នេះបើសិនជាមានហានិភ័យឬក៏កត្តាអ្វីផ្សេងៗដូចជាគ្រោះធម្មជាតិប៉ះពាល់មកគឺប្រជាជនមួយចំនួនគឺគាត់នឹងធ្លាក់ទៅរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រវិញ។ អីចឹងហើយបានជាយើងរៀបចំ គោលនយោបាយឬផ្តល់អន្តរាគមន៍គឺយើងគិតច្បាស់ពីចំណុចហ្នឹង»។
ការប្រុងប្រយ័ត្ននេះដោយសារតួលេខនៅតាមតំបន់មួយចំនួននៅមានស្ថានភាពអាក្រក់នៅឡើយ។
នៅតាមបណ្តាខេត្តគឺមានខេត្តខ្លះនៅមិនទាន់សម្រេចបានការកាត់បន្ថយភាពក្រីក្រនៅឡើយទេជាពិសេសខេត្តដែលដាច់ស្រយ៉ាល គឺនៅខ្ពស់ជាងគោលដៅ ដូចជានៅខេត្តឧត្តរមានជ័យ អត្រាភាពក្រីក្រមានចំនួន២៧,៩ភាគរយ រតនគិរី មាន២៨,៦ ភាគរយ ព្រះវិហារ ២៥,២ និងមណ្ឌលគិរី ២៦,១ជាដើម។
អ្នកជំនាញមើលឃើញថានេះជាការបង្ហាញឱ្យឃើញពីការចែករំលែកមិនស្មើគ្នានៃរបាយបានមកពីការអភិវឌ្ឍរវាងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អដូចទីក្រុងមួយចំនួននិងរាជធានីនិងតំបន់ជនបទ។ ឧទាហរណ៍នៅទីក្រុងភ្នំពេញអត្រានៃភាពក្រីក្របានធ្លាក់មកនៅតែ១០,៩ភាគរយ ខេត្តព្រះសីហនុ ១១,៩ភាគរយ ខេត្តកណ្តាល១៥ភាគរយនិងស្វាយរៀង១៤,៣ភាគរយជាដើម។
របាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជាចេញផ្សាយដើមឆ្នាំ២០១៤បង្ហាញពីបញ្ហាប្រឈមក្នុងការសម្រេចឱ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រនេះ។ ពោលគឺកម្ពុជាសម្រេចបានតែការកាត់បន្ថយចំនួនពលរដ្ឋដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនិងធ្វើឱ្យចំនួនមនុស្សហូបអំបិលមានជាតិអ៊ីយ៉ូដកើនឡើងច្រើនប៉ុណ្ណោះ ក្រៅពីនោះមិនអាចធ្វើបានទេ ដូចជា កង្វះអាហារូបត្ថម្ភកុមារនៅតែមានច្រើន មិនអាចកាត់បន្ថយចំនួនកុមារខ្វះទម្ងន់ នៅមានការប្រើប្រាស់ពលកម្មកុមារ និងចំនួនស្រ្តីនិងកុមារដែលមានជំងឺស្លេកស្លាំងគឺនៅតែច្រើនដដែល។
គោលដៅនេះកំណត់ការកាត់បន្ថយសមាមាត្រកុមារធ្វើការងារដែលមានអាយុពី៥ដល់១៧ឆ្នាំឱ្យធ្លាក់មកនៅត្រឹម៨ភាគរយប៉ុន្តែគិតត្រឹមឆ្នាំ២០១២គឺអត្រានេះនៅមានកម្រិត១៩ភាគរយនៅឡើយ។ តួលេខនេះកាន់តែខ្ពស់ទៀតសម្រាប់កុមារដែលរស់នៅទីជនបទ។ ក្នុងខណៈពេលដែលនៅទីក្រុងភ្នំពេញអត្រានៃពលកម្មកុមារមានតែ៥,៩ភាគរយប៉ុណ្ណោះ។
នៅលើជ្រុងនៃការផ្តល់អាហារូបត្ថម្ភប្រទេសកម្ពុជាកំពុងជួបបញ្ហាជាច្រើនដូចជាការខិតខំប្រឹងប្រែងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃកុមារមិនគ្រប់ទម្ងន់ដែលមានអាយុក្រោម៥ឆ្នាំឱ្យបានធ្លាក់មកនៅ២២,៦ភាគរយនិងក្រិនមកនៅត្រឹម២២ភាគរយមិនមានការរីកចម្រើនច្រើនទេហើយតួលេខនេះកាន់តែអាក្រក់នៅតាមតំបន់មួយចំនួនដូចជាខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារនិងខេត្តសៀមរាបសមាមាត្រគឺចំនួនកុមារក្រិននៅមានលើសពី៥០ភាគរយនិងកុមារខ្វះទម្ងន់មានពី៣៥ទៅ៤០ភាគរយ។ នេះជាចំនួនដែលខ្ពស់ជាងតួលេខថ្នាក់ជាតិកាលពី១៥ឆ្នាំមុនទៅទៀត។ នេះបើតាមរបាយការណ៍អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានចេញផ្សាយនៅឆ្នាំ២០១៤។
អង្គការយូនីសេហ្វក៏បានរកឃើញដែរថាប្រទេសកម្ពុជាដើរផ្លូវខុសលើទិសដៅអភិវឌ្ឍន៍សហស្សវត្សរ៍ខាងផ្នែកកាត់បន្ថយអត្រាខ្វះជីវជាតិក្នុងចំណោមកុមារដែលមានអាយុក្រោមប្រាំឆ្នាំនៅទូទាំងប្រទេសមានកុមាររហូតដល់២៨ភាគរយមានទម្ងន់មិនគ្រប់៤០ភាគរយក្រិននិង ១១ភាគរយមានកាយសម្បទាមិនគ្រប់គ្រាន់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៣របស់យូនីសេហ្វ។
អង្គការនេះបានបន្ថែមថា៖
«កង្វះខាតការរីកលូតលាស់ធំធាត់នេះ អាចពន្យល់បានថាមួយផ្នែកមកពីអត្រាបេ្រវ៉ាឡង់នៃជំងឺរាក របបអាហារមិនត្រឹមត្រូវ និងកង្វះទឹកនិងអនាម័យដែលល្អប្រសើរ»។
លោកថេង បញ្ញាធន ក៏បានទទួលស្គាល់បញ្ហានេះដែរ៖
«សម្រាប់គោលដៅទីមួយបើយើងមើលទៅលើអត្រាភាពក្រីក្រគឺយើងសម្រេចបានហើយមុនឆ្នាំ២០១៥ក៏ ប៉ុន្តែនៅ ក្នុងគោលដៅនោះ វាមានរឿងមួយទៀតដែលទាក់ទងនឹងអាហារូបត្ថម្ភនោះគឺក្នុងនោះគឺយើងអត់ទាន់សម្រេចបានទេ»។
លោកស្រី ធីតា ឃឹះ នាយិការប្រតិបត្តិនៃអង្គការសីលការបានបញ្ជាក់ពីការសង្កេតលើការខកខានក្នុងការកាត់បន្ថយភាពក្រីក្រដែលនាំឱ្យមានលទ្ធផលមិនបានស្មើគ្នានេះថា៖
«បញ្ហាច្រើនគឺបញ្ហាសេវាសាធារណៈអត់ធ្លាក់ទៅដល់គាត់អញ្ចឹងទៅការអភិវឌ្ឍន៍ផ្លូវជាតិសេវាខាងផ្នែកអប់រំក៏ដូចជាសេវាខាងផ្នែកសុខភាពក៏អត់បានទៅដល់គាត់ដែរហើយការអប់រំប្រជាពលរដ្ឋដើម្បីឱ្យគាត់យល់ដឹងពីការកាត់បន្ថយភាពក្រីក្រ វិធីសាស្រ្តក្នុងការបង្កើតមុខរបររកស៊ីរបស់គាត់ព្រោះបើកាលណាយើងសង្កេតឃើញថានៅកន្លែងខេត្តណាដែលជាខេត្តក្រីក្រយើងមើលឃើញថាបញ្ហាហ្នឹងវាប៉ះពាល់ទៅដល់សុខភាពរបស់កុមារផងដែរ។ ដូច្នេះវាទៅជាមួយគ្នា»។
បន្ទាត់នៃភាពក្រីក្រកម្ពុជាត្រូវបានវាស់វែងដោយការចំណាយលើម្អូបអាហារស្មើនឹង២២០០គីឡូកាឡូរីនៅក្នុងកញ្ចប់ម្ហូបអាហារឬការចំណាយមួយថ្ងៃ១ដុល្លារសម្រាប់អ្នកនៅជនបទម្នាក់និង១,៥ដុល្លារសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ។
លោកស្រី ធីតា ឃឹះ យល់ថាចំនួនកាឡូរីនិងថវិកាចំណាយនេះមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទេ៖
«ឥឡូវនេះគេរាប់ដល់ទៅ២ដុល្លារទៅហើយក្នុងមួយថ្ងៃក្នុងម្នាក់ហើយនៅក្នុងប្រទេសយើងមិនមែនថាឥវ៉ាន់យើងនៅថោកទេ។ សមាហរណកម្មសេដ្ឋកិច្ចគឺតម្លៃម្អូបអាហារនៅតាមទីផ្សារថ្លៃហើយសឹងតែថ្លៃជាងប្រទេសអភិវឌ្ឍន៍មួយចំនួនផងដូច្នេះការវាស់វែងនេះខ្ញុំមើលឃើញថាវាមានភាពពុំសូវសុក្រិត។ បើសិនណាជារាប់តាមមែនទែនដែលជាតម្លៃទីផ្សារក្នុងពេលបច្ចុប្បន្នប្រហែលជាយើងនឹងមើលឃើញថាអត្រានៃអ្នកក្រីក្រប្រហែលជានៅច្រើនជាងនេះ»។
លោកចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានបញ្ជាក់ថាកម្ពុជាមានបញ្ហាលើការបែងចែកផលដែលបានមកពីការអភិវឌ្ឍន៍បើទោះបីជាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលបីឆ្នាំចុងក្រោយមានលើសពី៧ភាគរយក្នុងមួយឆ្នាំក៏ដោយ។
លោកបានបន្ថែមថា៖ «បើយើងនិយាយអំពីរបាយការណ៍នៃភោគផលពីការអភិវឌ្ឍន៍សេដ្ឋកិច្ចគឺយើងអាចសន្និដ្ឋានបានថាគឺមិនស្មើគ្នាទេ។ ជាទូទៅវាជារឿងធម្មតានៅពេលដែលសេដ្ឋកិច្ចមួយកំពុងតែអភិវឌ្ឍន៍ពីដំណាក់កាលដំបូងគឺអ្នកដែលមានចេះតែមានទៅៗ ហើយអ្នកខ្សត់ខ្សោយមួយចំនួនអាចថានៅដដែលឬក៏កើនឡើងបន្តិចបន្តួច»។
អត្រានៃការអត់ការងារនិងភាពក្រីក្របានជំរុញឱ្យពលរដ្ឋកម្ពុជាត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅដូចជាថៃ កូរ៉េ និងម៉ាឡេស៊ីជាដើម។
យ៉ាងណាក៏ដោយក្នុងចំណោមចំណុចដៅជាច្រើននៃគោលដៅទីមួយនេះគឺកម្ពុជាសម្រេចបានជោគជ័យនូវចំនួនពលរដ្ឋដែលទទួលទានអំបិលមានជាតិអ៊ីយ៉ូដដោយបង្កើនសមាមាត្រគ្រួសារដែលហូបអំបិលនេះបានដល់៩០ភាគរយ។ ហើយប្រទេសកម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាប្រទេសគំរូក្នុងការកាត់បន្ថយភាពក្រីក្របានលឿន៕