វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបានអះអាងថា ការអនុញ្ញាតឲ្យមេដឹកនាំគណ បក្សជំទាស់គឺលោកសម រង្ស៉ីចូលរួមការបោះឆ្នោត អាចធ្វើឲ្យប្រទេសកម្ពុជាឬ រាជរដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោតមាននីត្យានុកូលភាព ឬភាព ស្របច្បាប់ពេញលេញលើឆាកអន្តរជាតិ។
សហគមន៍អន្តរជាតិ ជាពិសេសស.រ.អា. សហភាពអឺរ៉ុប និងអ.ស.ប.បានទទូចជាបន្តបន្ទាប់ថា វត្តមានរបស់មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជារឿងចាំបាច់ក្នុងដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា។ មេដឹកនាំកម្ពុជាបច្ចុប្បន្នមិនបានយកចិត្តទុកដាក់ពីកង្វល់របស់អន្តរជាតិទេ នៅក្នុងការបង្ហាញឲ្យឃើញពីការការពារអធិបតេយ្យដ៏តឹងរ៉ឹងនិងប្រព័ន្ធ តុលាការ ឬប្រព័ន្ធនីតិរដ្ឋថា ជារឿងសំខាន់។ មានសំណួរជាច្រើនសួរថា អ្វីនឹងកើតឡើងនៅពេលអនាគត បើលោកសម រង្ស៉ីនឹងមិនត្រូវអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោតខែកក្កដានេះ។ ក្រុមអ្នកវិភាគខ្លះបានផ្តោតជាសំខាន់ទៅលើការប៉ះទង្គិចដល់នីត្យានុកូលភាពគឺការទទួលស្គាល់ ពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោត។
លោកសម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សសម រង្ស៉ី និងជាអ្នកតំណាងរាស្ត្រ ត្រូវតុលាការកាត់ទោសឲ្យជាប់គុគ១២ឆ្នាំពីបទ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ និងពីបទក្លែងឯកសារព្រំដែន។ បទចោទទាំងនេះត្រូវគេចាត់ទុកថា ជារឿងនយោបាយ និងត្រូវគេជឿថា ជាកលល្បិចនយោបាយរបស់គណបក្សគ្រប់គ្រងប្រទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការផ្តួលគូប្រជែងដ៏ខ្លាំងមួយមុនការបោះឆ្នោត ដោយមិនអើពើនឹងការទាមទាររបស់សហគមន៍អន្តរជាតិ ដែលចង់ឃើញដំណើរការប្រជាធិបតេយ្យ សេរីនិយមពហុបក្ស និងការប្រកួតប្រជែងនយោបាយក្នុងការបោះឆ្នោតដោយសេរី យុត្តិធម៌ និងស្មើភាពគ្នានោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែល(COMFREL)ដែលឃ្លាំមើលការបោះឆ្នោត បានអះអាងថា បើកម្ពុជាមិនមានការរៀបចំការបោះឆ្នោត ដោយសេរីយុត្តិធម៌ដ៏ត្រឹមត្រូវ ហើយមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេមិន បានចូលរួមប្រកួតប្រជែងឲ្យបានស្មើភាពនិងពេញលេញតាមការចង់បានរបស់ សហគមន៍អន្តរជាតិទេ ពេលនោះក៏គ្មានការគាំទ្រទៅថ្ងៃអនាគត ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិដែរ ដោយសារមេដឹកនាំកម្ពុជាមិនកើតចេញពីការបោះឆ្នោតមួយដែលអាចទទួលយកបាន និងមាននីត្យានុកូលភាពពេញលេញ។
«អញ្ចឹងផលប៉ះពាល់ភ្លាម គឺមិនមែនតែជំនួយទេ តែរឿងសំខាន់គឺមុខមាត់រូបភាព របស់រដ្ឋាភិបាលជាប់ឆ្នោតហ្នឹង។ ជាពិសេស លោកខាងលិច អ.ស.ប.ក្តី ឲ្យគេ មិនអាចទទួលស្គាល់ពេញលេញ ហើយអាចនៅជាបញ្ហា។ គេមិនអាចទទួលបានគ្រប់គ្រាន់ដូចលើកមុនទេ»។
ប្រទេសកម្ពុជាធ្លាប់បរាជ័យក្នុងការដណ្តើមយកអាសនៈជាសមាជិកមិនអចិន្ត្រៃយ៍ដ៏មានឥទ្ធិពលក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ម្តងរួចមកហើយកាលពីឆ្នាំទៅ នៅពេលប្រកួតប្រជែងជាមួយប្រទេសកូរ៉េខាងត្បូង។
លោកគល់ បញ្ញាបានអះអាងថា ប្រសិនបើកម្ពុជាមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យល្អ កម្ពុជានឹងត្រូវប្រទេសជាច្រើនរៀនសូត្រនិងទទួលយកបទ ពិសោធន៍ ហើយពេលនោះនឹងមានកិត្តិយស មានមុខមាត់លើឆាកអន្តរជាតិ ដែលលោកគល់ បញ្ញាចាត់ទុកថា ជាការរុញច្រានប្រទេសឲ្យមានការអភិវឌ្ឍ រីក ចម្រើន ជឿនលឿនទៅមុខ។ លោកមានជំនឿចិត្តថា កម្ពុជាអាចធ្វើបាន។
មន្ត្រីផ្លូវការក្រសួងការបរទេសស.រ.អា.សម្តែងការមិនពេញចិត្តនឹងប្រទេសកម្ពុជា ចំពោះការលុបឈ្មោះលោកសម រង្ស៉ី មេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេនៅកម្ពុជា ចេញពីបញ្ជីបោះឆ្នោត ដោយមិនឲ្យលោកចូលរួមក្នុងការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងដោយគ្មានការដាក់កម្រិត។ នេះបើតាមការអះអាងរបស់លោកស្រី វីកតូរៀ នូលែន (Victoria Nuland) អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.ដែលថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងពេលសន្និសីតកាសែតប្រចាំថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
«ដូច្នេះការដកឈ្មោះមេដឹកនាំគណបក្សជំទាស់ធំជាងគេចេញពីបញ្ជីបោះឆ្នោត បង្កើតឲ្យមានសំណួរអំពីនីត្យានុកូលភាព ឬភាពស្របច្បាប់នៃដំណើរការប្រជា ធិបតេយ្យទាំងមូលក្នុងប្រទេសកម្ពុជា។ ដូច្នេះយើងនឹងបន្តលើកឡើងអំពី បញ្ហានេះ។ ហើយដូចខ្ញុំនិយាយអញ្ចឹងគឺថា យើងមានការខកចិត្ត»។
ការលើកឡើងជាថ្មីរបស់ស.រ.អា.នេះកើតឡើងពេលដែលកម្ពុជារងសម្ពាធពីសហភាពអឺរ៉ុប អ.ស.ប. ប្រទេសអូស្រ្តាលី ប្រទេសអាស៊ីមួយចំនួន និងក្រុមអង្គការសង្គមស៊ីវិលជាតិមួយចំនួនផងដែរ ទាក់ទងនឹងការមិនបានចូលរួមការបោះឆ្នោតរបស់មេដឹកនាំជំទាស់គឺលោក សម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ តែលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានអះអាងថា ការលុបឈ្មោះលោកសម រង្ស៉ីចេញពីបញ្ជីបោះឆ្នោតជាផ្លូវការគឺជារឿងអនុវត្តច្បាប់។
«ខ្ញុំជឿថា នៅប្រទេសមួយចំនួនក្នុងហ្នឹងមានប្រទេសអាមេរិកដែរ អ្នកដែលជាប់ ពន្ធនាគារក៏គេលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដូចគ្នា»។
លោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការនិកហ្វិចដែលឃ្លាំមើលការបោះឆ្នោតបានអះអាងថា ប្រតិកម្ម ដែលគួរមានការគិតគូរនេះ ទំនងជាបារម្ភអំពីអន្តរកាលប្រជាធិបតេយ្យនៅកម្ពុជា។
«អញ្ចឹងការដែលសាធារណៈមតិជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ ខ្ញុំគិត ថា ប្រហែលជាមានការបារម្ភចំពោះបញ្ហាអន្តរកាលប្រជាធិបតេយ្យនៅកម្ពុជា នោះឯង ពីព្រោះសាធារណៈមតិហ្នឹងអាចមានស្មារតីខ្លាំងក្នុងការពង្រឹងឲ្យកម្ពុជា ក្លាយទៅជានីតិរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហ្នឹងហើយ»។
លោកថ្លែងថា ការបាត់បង់មេដឹកនាំមួយរូបគឺលោកសម រង្ស៉ីក្នុងការឈរឈ្មោះ វាអាចជាកង្វល់មួយដែរសម្រាប់សាធារណៈមតិជាតិនិងអន្តរជាតិ ហើយនេះជាការបញ្ជាក់ពីអន្តរកាលនៃប្រជាធិបតេយ្យនៅកម្ពុជា។ ដោយឡែកលោកពុទ្ធា ហង្សបន្ថែមថា បើការបោះឆ្នោតផ្តល់ឱកាសឲ្យអ្នកឈ្នះ ឈ្នះដោយយុត្តិធម៌ ហើយអ្នកចាញ់ ចាញ់ដោយអស់ចិត្ត នោះនឹងគ្មានអី្វកើតឡើងទេ។ លោកក៏បានកត់សម្គាល់អំពីនិន្នាការរបស់កម្ពុជា និងប្រសិទ្ធិភាពនៃសម្ពាធពីសហគមន៍អន្តរជាតិផងដែរ។
«ខ្ញុំថា បញ្ហាប្រឈមរបស់ជាតិហ្នឹងគឺវាផ្អែកទៅលើនិន្នាការ ។ សួរថា តើកម្ពុជាងាកទៅរកខាងណាច្រើនជាង។ បើសិនជាងាកទៅរកប្រទេសផ្តល់ជំនួយច្រើនជាង ចង់មិនចង់ប្រហែលទទួលសំណូមពរច្រើនពីភាគីដែលផ្តល់ជំនួយហ្នឹង។ តែបើសិនជាមិនបានប្រើប្រាស់ជំនួយពាក់ព័ន្ធនឹងអ្នកផ្តល់មតិទេ ខ្ញុំថា ឥទ្ធិពល មានតិចមានច្រើនទៅតាមហ្នឹងដែរ បាទ»។
ប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការផ្តល់កម្ចី និងជំនួយមួយពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងមាន ក្រុមហ៊ុនវិនិយោគជាច្រើនដែលអ្នកវិភាគខ្លះនិយាយថា នេះជាមូលហេតុមួយ ក្នុងចំណោមបញ្ហាផ្សេងទៀតដែលធ្វើឲ្យកម្ពុជាមិនអើពើនឹងការទាមទារឲ្យមាន កំណែទម្រង់នានាពីប្រទេសជាច្រើនដែលជាម្ចាស់ជំនួយធំៗសម្រាប់កម្ពុជា និងជាអ្នកជួយធានាស្ថិរភាព សន្តិភាព អធិបតេយ្យភាព ការអភិវឌ្ឍប្រទេស កម្ពុជាតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១មក។
លោកសួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន អង្គការសមាគម២០ជាសាមាជិក បានអះអាងថា ទោះជាកម្ពុជាស្និទ្ធជាមួយនឹង ចិនមែន តែការគាំទ្រច្រើនពីអន្តរជាតិផ្សេងៗទៀតក៏ជារឿងសំខាន់ដែរ។ លោកថ្លែងថា ការចូលរួមរបស់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីក្នុងការបោះឆ្នោតគឺជាការប្រកួតប្រជែងស្មើភាពមានកម្លាំងប្រហាក់ប្រហែលតាម លក្ខណៈប្រជាធិបតេយ្យ ដែលលោកថ្លែងថា ជាការដែលឲ្យអន្តរជាតិគាំទ្រនិង ទទួលយកបាន។
«អញ្ចឹងរឿងនេះគួរតែមានការសម្របសម្រួលតាមផ្លូវនយោបាយណាមួយដើម្បីឲ្យមេគណបក្សសង្គ្រោះជាតិកម្ពុជាហ្នឹងបានចូលរួមប្រកួតប្រជែងក្នុងដំណើរការប្រជាធិបតេយ្យហ្នឹង ជាការប្រសើរមែនទែន»។
គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់ អំណាចបីទសវត្សរ៍ បានឈ្នះឆ្នោត៩០អាសនៈក្នុងរដ្ឋសភាដែលមានអាសនៈ ចំនួនសរុប១២៣។ ការឈ្នះដាច់នូវសំឡេងច្រើនលើសលុបនេះអាចឲ្យគណបក្សគ្រប់គ្រងប្រទេសបង្កើតរដ្ឋាភិបាលតែម្នាក់ឯងដោយមិនចាំបាច់ត្រូវការសំឡេងគណបក្សជំទាស់ ដែលជួយត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការដឹកនាំប្រទេសនៃគណបក្សនេះទេ។ គណបក្សសម រង្ស៉ីដែលឈ្នះអាសនៈតែ២៦មិនអាចមាន សំឡេងគ្រប់គ្រាន់ក្នុងការអនុម័ត ឬរារាំងការអនុម័តច្បាប់កែប្រែកំហុសឆ្គងផ្នែក អង្គការនីតិប្រតិបត្តិ ឬរដ្ឋាភិបាលបានទេ៕