គង់ សុឋានរិទ្ធ រាជធានីភ្នំពេញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបញ្ជាក់ឡើងវិញនៅថ្ងៃសុក្រនេះថា មេដឹកនាំគណបក្សជំទាស់ធំជាងគេនៅប្រទេសកម្ពុជាគឺលោកសម រង្ស៊ីអស់ឱកាសចូលរួមការបោះឆ្នោតហើយ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិរបស់លោកនឹងមានឱកាសគ្រប់គ្រាន់សម្រាប់ចូលប្រកួតប្រជែងការបោះឆ្នោត។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.បានថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីប្រតិទិននៃការបោះឆ្នោតកាលពីព្រឹកម៉ិញថាលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតរួចហើយ ដូច្នេះគាត់ត្រូវបាត់បង់សិទ្ធិទាំងស្រុងក្នុងការចូលរួមការបោះឆ្នោត។
«បញ្ជីបោះឆ្នោតឆ្នាំ២០១២នេះពុំមានឈ្មោះគាត់ទេ អញ្ចឹងគាត់មិនអាចមានសិទ្ធិបោះឆ្នោត ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ»។
លោកទេព នីថាបញ្ជាក់ថា បើទោះជាលោកសម រង្ស៊ីមិនអាចចូលរួមការបោះឆ្នោតបាន តែប្រសិនបើគណបក្សសង្គ្រោះជាតិបំពេញបានត្រឹមត្រូវនូវបែបបទត្រូវចូលរួមបោះឆ្នោត នោះគណបក្សនេះនឹងត្រូវយល់ព្រមឲ្យចូលប្រកួតប្រជែងដណ្តើមសំឡេងឆ្នោតដោយស្របច្បាប់។
កាលពីចុងខែធ្នូឆ្នាំ២០១២ លោកសម រង្ស៊ីបានថ្លែងពីប្រទេសបារាំងមកថា លោកនឹងអាចមានឱកាសចុងក្រោយក្នុងការចូលរួមការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំនេះ។
លោកសម រង្ស៊ីកំពុងស្ថិតក្នុងការនិរទេសខ្លួន បន្ទាប់ពីតុលាការខ្មែរផ្តន្ទាទោសរូបលោក ដែលលោកនិងមន្ត្រីសង្គមស៊ីវិលបានហៅការផ្តន្ទាទោសនោះថាជា«ឆាកល្ខោននយោបាយ»។
ក្រុមមន្ដ្រីសង្គមស៊ីវិលធ្លាប់បានសំដែងថា លោកសម រង្ស៊ីអាចនឹងមានលទ្ធភាពចូលរួមក្នុងការបោះឆ្នោត ប្រសិនបើមានការសម្របសម្រួលនយោបាយណាមួយ។
ក៏ប៉ុន្តែលោកទេព នីថាមានប្រសាសន៍ថា ច្បាប់បោះឆ្នោតមិនបើកទ្វារសម្រាប់ការសម្របសម្រួលផ្នែកនយោបាយនោះទេ។
«សម្រួលនយោបាយខុសពីបច្ចេកទេសនៃការចុះឈ្មោះបោះឆ្នោត ពីព្រោះច្បាប់គ្រប់គ្រងផ្សេង រីឯការសម្រួលនយោបាយគឺសម្រាប់ដោះស្រាយបញ្ហានយោបាយ»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានយល់ឃើញដែរថា នឹងពុំមានច្រកណាមួយក្នុងច្បាប់របស់ប្រទេសកម្ពុជាដែលអាចកែប្រែឲ្យលោកសម រង្ស៊ីមានលទ្ធភាពចូលរួមបោះឆ្នោតនោះទេ។
ប៉ុន្តែលោកជឿថា វិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងឆាប់រហ័សមួយនឹងក្លាយជាច្រកទ្វារតែមួយគត់សម្រាប់ផ្លូវចូលរបស់លោកសម រង្ស៊ី។
«មនុស្សដែលប្រឆាំងជាមួយមនុស្សផ្តាច់ការច្រើនតែធ្លាប់ជាប់គុក។ ដូចជានៅប្រទេសអាហ្វ្រិកខាងត្បូង លោកណែលសុន ម៉ិនដែលឡាដែលធ្លាប់ជាប់គុករយៈពេល២៧ឆ្នាំ។ នៅប្រទេសភូមា លោកស្រីអោងសានស៊ូគ្យីក៏ជាប់គុក។ ដូច្នេះអ្នកល្បីៗខាងប្រជាធិបតេយ្យទាំងអស់សុទ្ធតែជាអ្នកធ្លាប់ជាប់គុកទាំងអស់។ អញ្ចឹងទោះបីជាប់ទោស មិនជាប់ទោស ទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេច។ បើសិនយើងយល់ថាអ្នកហ្នឹងជាប់ទោសមិនគួរឲ្យប្រជាពលរដ្ឋគាំទ្រ យើងទៅនិយាយឃោសនាជាមួយប្រជាពលរដ្ឋទៅ ដើម្បីឲ្យគាត់សម្រេចចុងក្រោយ»។
មានប្រជាពលរដ្ឋសរុបជាង៩,៦លាននាក់មានសិទ្ធិបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងចំណាយនូវទឹកប្រាក់ចំនួន២១លានដុល្លារអាមេរិកសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនេះ៕