វ៉ាស៊ីនតោន៖ លោកសម រង្ស៉ីទទូចឲ្យសភាអឺរ៉ុបសើរើសម្ពាធរបស់ខ្លួនជាថ្មីចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពីរឿងកែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងប្រទេស កម្ពុជាទៅតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ។
លោកសម រង្ស៉ីបានចូលរួមបាតុកម្មជាមួយក្រុមជនជាតិខ្មែររស់នៅប្រទេសអឺរ៉ុបនៅមុខសភាអឺរ៉ុបក្នុងទីក្រុងប្រូស្សែល (Brussels)។ លោកក៏គ្រោងនឹងជួបបន្តបន្ទាប់ជាមួយនឹងក្រុមអ្នកតំណាងរាស្ត្រផងដែរ។
ដោយការបោះឆ្នោតជាសាកលនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣កាន់តែខិតជិតមក ដល់ មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាគឺលោកសម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កំពុងតែទាមទារជាថ្មីឲ្យសភាអឺរ៉ុបដាក់ សម្ពាធលើរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងគាំទ្រឲ្យលោកវិលត្រឡប់ទៅកម្ពុជាវិញដើម្បីចូលរួមក្នុងការបោះឆ្នោតដោយគ្មានការធ្វើទុក្ខបុកម្នេញពីប្រព័ន្ធតុលាការ។
លោកសម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកាលពីឆ្នាំ២០០៩។ តែលោកសម រង្ស៉ីចាត់ទុកថា នេះជារឿងនយោបាយ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសម្លេងអ្នកជំទាស់។ លោកនិងមន្ត្រីជាន់ខ្ពស់របស់លោកគឺលោកស្រី មួ សុខហួរ ជាអ្នកតំណាងរាស្ត្រ កំពុងចូលរួមធ្វើបាតុកម្មនៅមុខសភាអឺរ៉ុបក្នុងទីក្រុងប្រូស្សែល (Brussels)ជាមួយនឹងជនជាតិខ្មែររស់នៅក្នុងប្រទេសអឺរ៉ុបជាច្រើន។ លោកគ្រោងនឹងជួបសមាជិកសភាអឺរ៉ុបជាបន្ត បន្ទាប់ដើម្បីស្នើសុំឲ្យសភាអឺរ៉ុបសើរើជាថ្មីនូវសម្ពាធក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំទៅដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ ទទួលយកអនុសាសន៍អ.ស.ប.ក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងអនុញ្ញាតឲ្យលោកបានវិលត្រឡប់ទៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការបោះឆ្នោតខាងមុខ។
«ស្មារតីហ្នឹងគេគាំទ្រយើងទៅហើយ។ យើងមកនេះដើម្បីគ្រាន់តែរំឭកម្តងទៀត ឲ្យគេធ្វើអ្វីថ្មី ព្រោះថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។ យើងសុំឲ្យគេគោរព រឿងថ្មីមួយគឺអនុសាសន៍អ.ស.ប.»។
លោកសូរីយ៉ា ប្រាសាដ ស៊ូប៊ែឌី (Surya Prasad Subedi) អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់លោកថ្មីៗនេះថា ប្រព័ន្ធបោះឆ្នោតគួរត្រូវកែ ទម្រង់ដើម្បីឲ្យមានទំនុកចិត្តពីអ្នកបោះឆ្នោតនិងមានបទដ្ឋានដែលទទួលស្គាល់ ដោយអន្តរជាតិ។ លោកបានផ្តល់អនុសាសន៍១៧ ចំណុចរួមទាំងការកែប្រែរចនា សម្ព័ន្ធបោះឆ្នោត ការអនុញ្ញាតឲ្យមេដឹកនាំជំទាស់គឺលោកសម រង្ស៉ីវិលត្រឡប់ ទៅវិញដើម្បីបំពេញមុខនាទីពេញលេញជាមេដឹកនាំគណបក្សជំទាស់ជាដើម។ ជាមួយនឹងប្រតិកម្មអន្តរជាតិយ៉ាងច្រើនផងកន្លងមក លោកសម រង្ស៉ីបង្ហាញក្តី សង្ឃឹមថា សភាអឺរ៉ុបដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា ហើយដែលមានឥទ្ធិពលនេះ អាចជួយដល់ការស្វែងរកដំណោះស្រាយនយោបាយកម្ពុជាបាន ដូចដែលកើតឡើងដ៏មានប្រសិទ្ធិភាពបួនលើកកាលពីអតីតកាលក្នុងឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៥ និងឆ្នាំ២០០៦។
«ពេលណាមានសម្ពាធអន្តរជាតិខ្លាំង ជាពិសេស មកពីសហភាពអឺរ៉ុប ហ្នឹងគឺមានដំណោះស្រាយនយោបាយជានិច្ច»។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិងជា រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា សម្ពាធនិងឥទ្ធិពលខាងក្រៅមិន អាចជួយដល់សំណុំរឿងលោកសម រង្ស៉ីបានទេ ហើយសកម្មភាពលោកតវ៉ា នៅខាងក្រៅក៏មិនមែនជាការចាប់អារម្មណ៍ដែរ។ លោកថ្លែងថា លោកសម រង្ស៉ី គួរចូលមកតតាំងតាមផ្លូវតុលាការ ដូចលោកម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ នោះ ទើបជាការពង្រឹងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
«ឯកឧត្តមសម រង្ស៉ី ជាប្រជាពលរដ្ឋខ្មែរម្នាក់គួរតែពង្រឹងជំហរប្រឆាំងនឹងអ្វីដែល គេហៅថា ឥទ្ធិពលបុគ្គលគ្របដណ្តប់ទៅលើច្បាប់ បុគ្គលដែលគេមិនអាច ប៉ះពាល់បាន។ នេះជាបំណងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់»។
លោកសួន ប៊ុនស័ក្តិ នាយកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការសមាគមជាង២០ជាសមាជិក។ លោកបានអះអាងថា ការសម្របសម្រួលនយោបាយផ្ទៃក្នុងរវាងភាគី ទាំងពីរ ឬខ្មែរនឹងខ្មែរគួរតែកើតមានឡើងដើម្បីបញ្ឈប់ឥទ្ធិពលបរទេសដែលធ្លាប់ មានពីអតីតកាល។
«ភាគីម្ខាង បើកាលណាទទួលរងប៉ះពាល់ពីភាគីម្ខាងផ្សេងទៀត ភាគីដែល ទទួលរងប៉ះពាល់ហ្នឹងគឺតែងតែប្រឹងទប់ តែងតែប្រើប្រាស់អំណាចដើម្បី ទប់ជាមួយការប៉ះពាល់ហ្នឹង»។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជាសាកលនៅថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ដើម្បីជ្រើសតំណាងរាស្ត្រ បង្កើតរដ្ឋាភិបាលថ្មីមួយ។ សហគមន៍អន្តរជាតិ រួមទាំងស.រ.អា.ព្រមានអំពីនីត្យានុកូលភាព ឬភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ប្រសិនបើការបោះឆ្នោតខាងមុខមិនប្រព្រឹត្តិទៅដោយយុត្តិធម៌ និងមិនមានការចូលរួមពីលោកសម រង្ស៉ីទេនោះ។ ដូចគ្នាដែរ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាខ្លះ បានអះអាងថា លោកសម រង្ស៉ី ជាមេដឹកនាំ ដែលជាគូប្រជែងដ៏សក្តិសមសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រី ដែលលោកហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាកាន់កាប់អំណាចនេះជាង៣០ឆ្នាំមកនោះ៕