ក្រុម​សហជីព​ការ​ពារ​កូដកម្ម​នៅ​ណាហ្គាវើលដ៍​ថា​ជា​ការប្រើប្រាស់​សិទ្ធិ​ស្រប​តាម​ច្បាប់ការងារ

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

ក្រុម​សហជីព​បាន​ប្រតិកម្ម​តប​ទៅ​ក្រសួង​ការងារ ដោយ​ទាមទារ​ឱ្យក្រសួងបញ្ឈប់​ការ​លាប​ពណ៌ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់​លើ​ប្រធាន​សហជីព​មួយ​រូប ដែល​បាន​ចូល​រួម​សកម្មភាព​ឃ្លាំ​មើលកូដកម្ម​របស់​ក្រុម​កូដករ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​ដែល​អូស​បន្លាយ​ជិត​ ៨ ​ខែមកនេះ​។ ​ពួកគេ​និយាយ​ថា​ ការ​ព្រ​មាន ការ​លាប​ពណ៌ ​របស់​ក្រសួង​ការងារ​នេះ ​ធ្វើ​ឱ្យ​ប៉ះ​ពាល់សេរីភាព​របស់​សហជីពដែល​ការពារ​ប្រយោជន៍​របស់​កម្មករ។

កាល​ពីថ្ងៃ​ទី ០៤ ​ខែ​សីហា​នេះ ​ក្រសួង​ការ​ងារ​បាន​ចេញ​លិខិត​ព្រមាន​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ​ ដោយ​ទាម​ទារ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្ម​ភាព​ជុំវិញករណី​ជម្លោះ​ការងារ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៏​កន្លង​មក។

ក្រសួង​បាន​ចាត់​ទុក​សកម្មភាព​របស់​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ​ថា​ជា​សកម្មភាព​ល្មើស​ច្បាប់។ ក្រសួង​ការងារចោទប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​រូប​នេះ​ថា​បាន​ដឹកនាំ​ និង​ធ្វើ​សកម្ម​ភាព​ក្រៅ​ដែន​អនុវត្ត​វិជ្ជាជីវៈ​ក្នុង​ប្រការ ​៦ នៃ​លក្ខន្តិកៈ ​សហព័ន្ធ​សហ​ជីព​របស់​ខ្លួន​ស្តី​ពីសហជីព ការ​ដឹកនាំ​ និង​បង្ខំ​កម្មករ​និយោជិត​ឱ្យ​ចូលរួម​ធ្វើកូដ​កម្ម​តវ៉ា និង​ដឹក​នាំ​ធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​ដែល​ផ្ទុយ​នឹង​នីតិវិធីច្បាប់។

ក៏ប៉ុន្តែ​នៅថ្ងៃទី ០៩ ខែ​សីហា ​ក្រុម​សហជីព​ និង​សមាគម​ចំនួន​ ២៤ ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​ ដោយ​ស្នើឱ្យ​ក្រសួង​ការងារ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លាប​ពណ៌​ចោទ​ប្រកាន់​ខាង​លើ​ប្រឆាំង​នឹង​អ្នកស្រី​ យ៉ាង សុភ័ណ្ឌ។ ក្រុម​សហជីព​ថា​ អ្នក​ស្រី​ យ៉ាង​ សុភ័ណ្ឌ​ បាន​បំពេញ​តួនាទី​តាម​វិជ្ជា​ជីវៈ​សហជីព។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា ការ​ឃ្លាំ​មើលកូដកម្ម​ ​គឺ​ដើម្បី​ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយវិវាទ​ការងារ​របស់​កូដករជាមួយ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ​មិនមែនជា​សកម្មភាព​ខុស​ច្បាប់​ទេ​ តែ​ជា​ចេតនា​ចង់​ឃើញ​ដំណោះស្រាយ​ឱ្យបាន​ឆាប់​ដល់​ក្រុម​កូដករ ព្រោះ​វិវាទ​ការងារ​ប្រឆាំង​នឹង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ បាន​អូសបន្លាយ​ពេល​ជិត​ ៨​ ខែ​មក​ហើយ។

អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ បាន​ថ្លែង​ថា​៖ ​«ខ្ញុំ​អត់​មាន​បាន​ទៅបង្ខិត​បង្ខំ​កម្មករ​ណា​ទេ ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​ ដើរ​ខុស​វិជ្ជាជីវៈរបស់​ខ្ញុំ។ យើង​មើល​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ទាំង​អនុសញ្ញាអន្តរជាតិ​ ដែល​ប្រទេស​កម្ពុជា​ យើង​បាន​ផ្តល់​សច្ចាប័ន​ហូរ​ហែ ខ្ញុំ​អត់​មាន​បាន​ដើរ​ផ្ទុយ​ពីហ្នឹង​ផង»។

អ្នកស្រី​យល់​ថា ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​ការ​គំរាម​កំហែង​តាមផ្លូវ​ច្បាប់លើ​អ្នកស្រី គឺ​ទំនង​ជា​មក​ពី​ក្រសួង​មិន​ចង់​ឱ្យ​កូដករ​ និង​ភាគី​សហជីព​មាន​សំឡេង​រួម​មួយ​ ដើម្បី​តវ៉ា​ឱ្យ​មានការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារនេះ​ឱ្យ​បាន​ឆាប់។

អ្នកស្រី​ យ៉ាង សុភ័ណ្ឌ បាន​ថ្លែង​ទៀតថា៖ «នៅ​ពេល​ដែលយើង​បង្ហាញ​អំពី​ការ​សាមគ្គីភាព​គ្នា​ វា​អាច​ធ្វើ​ឱ្យរឿង​អាច​ដោះស្រាយ​បាន​លឿន​ ជំរុញឱ្យ​មាន​ការ​ដោះស្រាយ»។

ចំណែក​មេដឹក​នាំ​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ កញ្ញា ឈឹម ស៊ីថរ និយាយ​ថា គ្មាន​បុគ្គល​ណាម្នាក់​បង្ខំ​កូដករ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ការ​ធ្វើ​កូដកម្ម​នេះ កូដករ​បាន​ស្ម័គ្រចិត្ត​ចេញ​តវ៉ា​ និង​ទាមទារ​ឱ្យ​ក្រសួង​ និងអាជ្ញាធរ​ដោះស្រាយ​វិវាទ​ការងារឱ្យ​ពួក​គេ។

បើតាម​កញ្ញា ឈឹម​ ស៊ីថរ ក្រសួងការងារ​គួរ​យក​ពេលវេលា​មកដោះស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃ​នេះ​ ហើយក្រសួង​ត្រូវ​ឈរ​នៅ​កណ្តាល​រវាងភាគី​និយោជក និង​កម្មករ​ ដើម្បី​រក​ដំណោះស្រាយ​មួយ​សមស្រប ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​គ្រប់ភាគី​ និង​បញ្ចៀស​កុំ​ឱ្យប្រទេស​កម្ពុជា​បាក់មុខ​មាត់​បន្តទៀត ដោយ​សារ​តែរឿង​អយុត្តិធម៌មួយ​នេះ។

កញ្ញា ឈឹម ស៊ីថរ ប្រាប់​វីអូអេ​ថា៖ «យើង​ឃើញទេ ប្រើ​ឡានក្រុង​របស់​សាលាក្រុង​ អាជ្ញាធរ​ចម្រុះ​ ទៅឈរ​ពាំង​មុខ​ការពារ​ថៅកែ​តែ​ម្តង។ ​អ៊ីចឹង​ដែល​អាជ្ញាធរ ហើយ​តំណាងរដ្ឋាភិបាល​ទៅ​ការពារ​ថៅកែ អត់​មាន​អ្នកណា​ចោទ​សួរ។ អានេះ​សហជីព​ការពារ​សហជីព​ សហជីព​គាំទ្រ​សហជីព អត់មាន​អ្វីត្រូវ​មកចោទប្រកាន់គេ អ៊ីចឹង​ទេ»។

កញ្ញា​បាន​ថ្លែង​ទៀត​ថា៖ «​ខ្ញុំ​ចង់​បញ្ជាក់​ថា កូដកម្ម​ដែល​កម្មករ​រាល់​ថ្ងៃ​គាត់​ធ្វើ គឺ​គាត់​ផ្តិត​មេដាយ​ខ្លួន​ឯង មិនមែន​លោក​ស្រី យ៉ាង សុភ័ណ្ឌ ឬក៏​អ្នក​ណា​ម្នាក់​ទៅ​ញុះញង់​គាត់​ឱ្យ​គាត់​ធ្វើទេ។ មូលហេតុ​ដែលកូដកម្ម​កើត​ឡើង​ គឺ​ដោយ​សារ​ណាហ្គាវើលដ៏​មិន​គោរពច្បាប់​ ហើយ​ដោយ​សារ​ក្រសួង​គ្មាន​វិធានការ​បង្ខំឱ្យ​ណាហ្គាវើលដ៏​គោរពច្បាប់។ អាហ្នឹង​គឺជា​មូលហេតុ​ពិតប្រាកដ»។

ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់​ក្រុមសហជីព​ពាក់​ព័ន្ធនឹងកូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង សួរ បាន​បញ្ជាក់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម នៅ​ថ្ងៃ​ពុធ​នេះថា៖ «នាយក​ដ្ឋាន​អត់​មាន​លាប​ពណ៌​ទេ។ ​នាយក​ដ្ឋាន​និយាយ​ពី​ច្បាប់។​សូម​មើល​ខ្លឹម​សារ​លិខិត​តើ​កន្លែង​ណា ដែល​ថា​លាប​ពណ៌»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ចុះថ្ងៃ​ទី ​៩ ខែសីហា​ ឆ្នាំ​ ២០២២ នេះ​ ក្រុម​សហជីព​ដែល​ក្នុងនោះ​ រួមមានមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល់ សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅកាត់​ថា​ ស៊ីខៅ​ឌូ ​សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ជាដើម បាន​លើក​ឡើង​ថា អ្នកស្រី​ យ៉ាង សុភ័ណ្ឌ មិន​មែន​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ណាហ្គាវើលដ៍​ឡើយ​ ប៉ុន្តែ​ការ​តវ៉ា​ជាច្រើន​ខែ​មក​នេះ​ គឺ​កើត​ចេញ​ពី​កា​រមិន​គោរព​ច្បាប់​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​ការ​គ្មាន​វិធាន​ការ​ឱ្យក្រុម​ហ៊ុន​នេះ​គោរព​ច្បាប់​។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សហជីពបាន​ឲ្យ​ដឹងបន្ថែម​ថា៖​ «ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​កា​របង្ខិត​បង្ខំ​ពី​សំណាក់​បុគ្គល​ណា​ម្នាក់​ ពោល​គឺ​ធ្វើ​ឡើង​តាម​នីវិធីច្បាប់​ជា​ធរមាន​ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តី​ពីការងារ​ (មាត្រា​ ៣២៤​ និង​ ៣២៧)​ និង​ច្បាប់​ស្តី​សហជីព​ (មាត្រា ១៣)​ ដូច​ជាការ​បោះឆ្នោត​ជា​សម្ងាត់​សម្រេច​ធ្វើ​កូដកម្ម​ និង​ការ​ជូន​ដំណឹង​ធ្វើ​កូដកម្ម​ជា​ដើម។ល។ ហើយ​ទាំង​ដែល​ កូដកម្ម​មិនមែន​ជា​បទ​ឧក្រិដ្ឋ​ថែម​ទៀត»។ ​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ភាគីក្រុម​ហ៊ុន​ណាហ្គាវើលដ៍ តាមសារ​អ៊ី​មែល​ តែ​ក្រុមហ៊ុន​មិន​ឆ្លើយ​តប​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​សង់​ត្រាល់ ​លោក ឃុន ​ថារ៉ូ ​ចាត់​ទុក​ថា​ការ​លាបពណ៌ ចោទ​ប្រកាន់​ពី​សំណាក់​ក្រសួង​ការងារ មិន​មាន​អ្វីចម្លែកទេ ព្រោះការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​ រមែង​តែ​កើត​មាន​ឡើង​នៅ​ពេល​សហជីព និង​កូដករ​ក្រោក​តវ៉ា ​ឱ្យ​ដោះ​ស្រាយវិវាទការងារ​ណា​មួយ​នោះ។

ទាក់ទិន​ការ​ចេញ​លិខិត​ព្រមាន​របស់​ក្រសួងការងារ​ អ្នក​ការពារ​សិទ្ធិកម្មករ​រូបនេះ​ យល់​ថា​ជា​ការ​គំរាម​កំហែង​ ជា​ការ​យាយី និង​ជា​ការ​ប្រើប្រាស់​ឥទ្ធិពល​រដ្ឋ ក្នុងការ​ជ្រៀត​ជ្រែកការងារ​ផ្ទៃក្នុង​របស់​អង្គ​ការ​វិជ្ជាជីវៈសហជីព។

លោក​ ឃុន ​ថារ៉ូ ថ្លែងថា៖ « ខ្ញុំ​គិត​ថា អាហ្នឹង​គឺជា​ទម្រង់នៃ​កា​រជ្រៀត​ជ្រែក​របស់​អាជ្ញាធរ​សាធារ​ណៈ​ ដែល​វា​ខុស​ពី​ក្រម​សីលធម៌​វិជ្ជា​ជីវៈ ហើយ​អាហ្នឹង​វាគួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ ដាក់​ទណ្ឌ​កម្ម​ដាក់​ពិន័យ​ទៅ​លើ​បុគ្គលទាំង​ឡាយ​ណា​ដែល​គាត់បាន​ប្រព្រឹត្ត​ ហិង្សាហ្នឹង វា​ជា​ជាង​ការ​ចេញ​លិខិត​ព្រមាន​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​សហជីព​ដែល​គាត់​គ្រាន់​តែចូលរួម​នៅ​ក្នុង​សង្កេត​ការណ៍ឃ្លាំមើល»

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកក្កដា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បានចោទប្រកាន់​មេដឹកនាំ​សហជីព​ពីរ​រូប ​គឺ​លោក ​វន់​ ពៅ ​និង​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ​ថាជា​អ្នកដុត​កម្តៅបញ្ជេះ​កំហឹងក្រុមកូដ​ករ ដែល​ធ្វើ​ឱ្យ​កូដករ​ហ៊ាន​បុក​ទម្លាយ​រនាំង​ការ​ពារសន្តិសុខ និង​បង្ក​ហិង្សា​មក​លើ​សមត្ថកិច្ច​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន ​ដែល​សមត្ថ​កិច្ច​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​សិទ្ធិ​ការ​ពារ​ខ្លួន​។ មេដឹកនាំ​សហជីព​ពីរ​រូបនេះ​ ក៏បាន​ច្រានចោល​ការ​ប្រកាន់ភ្លាមៗ​ដោយ​អះអាង​ថា ​ពួកគេ​គ្រាន់​តែ​ជា​អ្នក​ឃ្លាំ​មើល​ប៉ុណ្ណោះ៕