តុលាការ​កំពូល​បើក​សវនាការ​លើ​សកម្មជន​លោក វឿង សំណាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ

លោក វឿង សំណាង អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ លើកដៃ​ធ្វើជា​សញ្ញា​ទៅកាន់​ក្រុម​គ្រួសារ​ពី​ក្នុង​រថយន្ត​ពន្ធនាគារ នៅឯ​តុលាការកំពូល នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

តុលាការ​កំពូល នា​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ធ្នូ បាន​បើក​សវនាការ​លើ​ករណី​ប្តឹង​ទាស់​ដោយអតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប គឺ​លោក វឿង សំណាង ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃមក​កម្ពុជា​វិញ​ កាល​ពី​ ៣ ​ឆ្នាំ​មុន។

លោក វឿង សំណាង ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោសដាក់​ពន្ធនាគារ​រយៈពេល ៦ ​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ ៤ ​លាន​រៀល ពី​បទ«​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា ​កាលពីថ្ងៃ​ទី​ ៥ និងទី​ ៦ ខែ​តុលា ​ឆ្នាំ​ ២០២១ ​និង​ពេល​បន្ត​បន្ទាប់។ នេះបើ​តាម​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​។

នៅ​ក្នុង​សវនាការ លោក តាំង ស៊ុនឡាយ ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​សួរ​លោក វឿង សំណាង ​ថា ​«តើ​លោក​ទទួល​ស្គាល់​ហ្វេស​ប៊ុក​មួយ​ណា​?​ តើ​គណនី​ផ្សេង​ទៀតដែល​បង្ហោះ​សារ​ញុះញង់ដែល​សមត្ថ​កិច្ច​យក​ចេញ​ពី​ទូរស័ព្ទ​ចំនួន​ ២ ​គ្រឿង​ដែល​រឹបអូស​បាន​កាល​ពី​កន្លង​មក ​តើ​លោក​បញ្ជាក់​បែប​ណា?​»

លោក វឿង សំណាង ​ប្រាប់ចៅក្រម​ថា ​លោក​មាន​ហ្វេស​ប៊ុក​ផ្លូវ​ការ​តែ​មួយ​ប៉ុណ្ណោះ ​ខណៈលោក​បាន​បដិសេធ​មិន​ទទួល​ស្គាល់គណនី​ហ្វេស​ប៊ុក​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ឈ្មោះ​របស់​លោកដោយ​បង្ហោះ​សារ​រិះគន់​ថ្នាក់​ដឹកនាំនិង​រដ្ឋា​ភិបាល​កម្ពុជាឡើយ។

លោក វឿង សំណាង ​លើក​ឡើងក្នុង​អង្គ​សវនាការ​នោះ​ថា​៖ ​«​ខ្ញុំ​បាន​បក​ស្រាយ​តាំង​ពី​ក្រោម​មក ខ្ញុំ​ពុំ​ទទួល​ស្គាល់​គណនី​ឈ្មោះ ​វឿង សំណាង ​ដូច​ឈ្មោះ​ខ្ញុំ​នោះ​ទេ​។ [...]ខ្ញុំ​មាន​គណនី​ហ្វេស​ប៊ុកឈ្មោះ ​វឿង សំណាង ​ជា​ភាសា​អង់​គ្លេស​តែ​មួយ​គត់»។
លោក វឿង សំណាង ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​លើ​រូប​លោក​។

លោក អែម​ ចន្ថា ​សហ​មេធាវី​ការពារ​ក្តីលោក វឿង សំណាង ស្នើ​សុំ​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​ពិនិត្យ​លើអង្គ​ហេតុ និង​អង្គ​ច្បាប់​ដែល​តុលាការ​ជាន់​ទាប​បាន​សម្រេច និង​ស្នើ​ឲ្យដោះ​លែង​លោក​ វឿង សំណាង ​ឲ្យមាន​សេរីភាពដោយ​លោក​បាន​ការពារ​ថា ការ យក​គណនី​ហ្វេស​ប៊ុក​ផ្សេង​មក​ដាក់​បន្ទុក​កូនក្តី​របស់​លោក គឺជា​ការ​សន្មត​ដែល​មិន​មាន​អង្គ​ហេតុ​ត្រឹម​ត្រូវ។ លោកបញ្ជាក់ទៀត​ថា ​ការ​សំអាង​របស់​សាលា​ឧទ្ធរណ៍​ ត្ង់​ចំណុច​ដែល​ថា ​កូនក្តី​របស់​លោក​រឹង​រូស គឺ​មិនអាច​ទទួល​យកបាន​ទេ ហើយ​មិន​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឡើយ​។

លោក អែម ចន្ថា សហមេធាវី​ការពារក្តី​លោក វឿង សំណាង ផ្តល់បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក​ អែម​ ចន្ថា ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​៖ ​«ជា​របាយ​ការណ៍​ពីខាង​កោសល្យ​វិច័យ​គេ​ថាមាន ​Account ​ហ្វេស​ប៊ុក​ជា​ច្រើន ​ដែល​ដក​ចេញពីទូរស័ព្ទ​គាត់​។ នៅ​ក្នុង​នេះ ខ្ញុំបាទ ​ក៏​បាន​បញ្ជាក់​ថា ​Account ​ទាំង​អស់​នេះ កូន​ក្តី​ខ្ញុំ​មិន​បាន​ទទួល​ស្គាល់ ហើយ​យើង​មិន​ដឹង​ថា​ ក្រោយ​ពេល​ដែល​សមត្ថកិច្ច​យក​ទូរស័ព្ទ​ពី​កូនក្តី​យើង​ទៅ ​ថា​តើ​ Account ​ហ្នឹង​វា​កើត​ឡើង​នៅ​ពេលណា?​ ដូច្នេះ​មិន​មាន​អ្នកណា​អាច​ដឹង ​មិន​មាន​អ្នកណា​ជា​សាក្សី នៅ​ក្នុង​ការដឹង​ឮ​ទេ មាន​តែ​សមត្ថ​កិច្ច​ដែល​គាត់​កាន់​ទូរស័ព្ទ​»។

អ្នកស្រី ទៀង ចិន្តា អាយុ​ ៣៥​ឆ្នាំ ភរិយា​របស់​លោក វឿង សំណាង ក៏​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ស្វាមី ​ដែល​ជាប់​ពន្ធនាគារជាង ​៣ ​ឆ្នាំ​មក​ហើយ​។

អ្នកស្រី ទៀង ចិន្តា ភរិយារបស់​លោក វឿង សំណាង ផ្តល់បទសម្ភាសន៍​ដល់​អ្នកកាសែត​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា​ តុលាការនឹង​ផ្តល់​យុត្តិ​ធម៌​ដល់​គ្រួសារ​របស់​ខ្ញុំ ដោយ​សារ​ឯកសារ​វា​អត់​មាន​អីច្បាស់​លាស់​ គ្រាន់​តែ​ជា​ឯកសារ​ដែល​យក​ចេញ​ពីទូរ​ស័ព្ទ ដែល​ពួក​គាត់​បាន​យក​ទៅ​ទុក​ ហើយបញ្ចេញ​ជា​ឯក​សារ​មក​ថា​ មានឯកសារ​នេះ ​នោះ នេះ ​នោះ ​ដោយ​អត់​ច្បាស់​លាស់​។ អ៊ីចឹង​សូមតុលាការ​ផ្តល់ជា​យុត្តិ​ធម៌​ដល់​គ្រួសារ ដល់​ប្តី​របស់​ខ្ញុំ​ឡើង​វិញ»​។

លោក វឿង សំណាង ជាសកម្មជននយោ​បាយ​ម្នាក់​ក្នុង​ចំណោម​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃចាប់​បញ្ជូន​មក​កម្ពុជាវិញ​ជាបន្ត​បន្ទាប់​ អំឡុងខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១​ ពាក់​ព័ន្ធ​នឹង​បទការ​ប្រកាន់ពីបទ​ «ញុះ​ញង់​បង្ក​ឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង ​«រួម​គំនិត​ក្បត់»​ ​ដែល​ជា​បទ​ចោទ​ពេញ​និយម​លើ​អ្នក​រិះ​គន់​រដ្ឋាភិ​បាល​កម្ពុជា​។ បទ​ចោទ​ប្រកាន់​ទាំង​អស់​នោះ​ក៏​ត្រូវ​បាន​តុលាការ​យកមក​ចាត់​ការ​លើ​សកម្មជន​ ឬ​អ្នកគាំ​ទ្រ​បក្សជំទាស់​ ក្រោយព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ កាលពី​ថ្ងៃទី​ ៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ផងដែរ។

ក្នុង​សវនាការ​ជំនុំ​ជម្រះ លោក ប៉ែន សារ៉ាត តំណាង​មហា​អយ្យការ​នៃ​តុលាការ​កំពូល ​បាន​ស្នើឲ្យចៅក្រម​ពិនិត្យ​និង​សម្រេច​ផ្តន្ទា​ទោស​លោក វឿង សំណាង ​ដូចការ​សម្រេច​របស់​តុលាការ​ជាន់ទាប​ដែល​កាត់​ទោស​លោក​ដាក់​ពន្ធនាគារ​ ៦ ឆ្នាំ​។

ក្រោយ​ការ​សាកសួរ ចៅ​ក្រម​ជំនុំ​ជម្រះ​ លោក តាំង​ ស៊ុនឡាយ បាន​ឲ្យដឹង​ថា​ ​តុលាការ​កំពូលនឹង​ប្រកាស​សាល​ដីកា​លើលោក វឿង សំណាង ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ ​ឆ្នាំ​ ២០២៤​៕