លោក​ ​ហ៊ុន សែន​ ​ចេញ​ដំណើរ​ទៅ​បុរី​ញូវយ៉ក​ដើម្បី​ចូលរួម​មហា​សន្និបាត​​ អ.ស.ប​ ​ដោយ​ផ្តាំ​ឲ្យ​​អ្នក​ដែល​មិន​ចូលចិត្ត​លោក​គិត​ពី​មុខ​មាត់​ជាតិ

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨។

នៅព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​​​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​តំណាង​កម្ពុជា​ ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ​នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក​ ​ក្នុង​រយៈពេល​៤​ថ្ងៃ។​ ​មុន​ចាក​ចេញ​ ​លោក​បាន​ផ្តាំ​​​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លោក​ ​ឲ្យ​រងចាំ​ដើម្បី​ជួប​ជជែក​គ្នា​នៅ​ទីនោះ​ ​និង​បាន​ផ្តាំ​ពលរដ្ឋ​ដែល​មិន​គាំទ្រ​ និង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​បែងចែក​ឲ្យ​ដាច់​ពី​មុខមាត់​របស់​លោក​ ​ហ៊ុន សែន​ និង​មុខ​មាត់​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចាក​ចេញ​ពី​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៣​ ​និង​កិច្ចប្រជុំ​ទ្វេភាគី​ផ្សេង​ទៀត​នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក។​

ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ ​និង​អ្នកស្រី​ ​អ៊ឹង កន្ថាផាវី​ ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ចាក​ចេញ​ពី​កម្ពុជានៅ​ម៉ោង​ប្រមាណ​ជា​៨ព្រឹក​តាម​យន្ត​ហោះ​ ​រយៈពេល​១៧​ម៉ោង​ពី​កម្ពុជា​ ​ដើម្បី​ទៅ​ដល់​ទីក្រុង​ញូវយ៉ក។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី​ ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះ​រយៈពេល​៤ថ្ងៃ​ ​ចាប់​ពី​ថ្ងៃទី២៧ ដល់​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផ្តោត​លើ​ការវិវត្ត​នា​ពេល​ថ្មីៗ​ ​និង​សមិទ្ធិផល​សំខាន់ៗ​ ​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន​និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ការព្រួយ​បារម្ភ​រួម។​

​នៅ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាបន្តិច លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បាន​និយាយ​ពី​ការ​ច្បាំង​ពី​អតីតកាលដោយ​ប្រើ​អាវុធ​ ​និង​ការ​ប្រើ​នយោ​បាយ​ការទូត​ក្នុង​ពេល​បច្ចុប្បន្ន។​

លោក​សរសេរ​បន្តក្នុងន័យ​ដើម​ថា៖​

«ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត​ ​ដោយ​ប្រើ​នយោបាយ​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ។​ ​កម្ពុជា​មិន​អាច​ឲ្យ​គេ​បង្ខូច​ជាន់​ឈ្លី​ទោះ​បី​ក្នុង​រូបភាព​ណាមួយ​ក៏​ដោយ»។​

​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ញូវយ៉ក​ ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ ​និង​កាណាដា​ផង​ដែរ។​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ សែន​ ​ក៏​បាន​ផ្តាំ​ទៅ​អ្នកគាំទ្រ​លោក​នៅ​ទីនោះ​ ​ឲ្យ​រង់​ចាំ​ជួប​ដើម្បី​ជជែក​ជា​មូយ​លោកនា​ពេល​ខាងមុខ។​

​ក៏​ប៉ុន្តែ​ ​លោក​ក៏​បាន​ផ្តាំទៅ​អ្នក​ ​មិន​ចូល​ចិត្ត​លោក​យ៉ាង​ដូចេ្នះ៖​

«ចំពោះ​ជន​រួមជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​មិន​ចូលចិត្ត​ខ្ញុំ​ ​ក៏​សូម​ចែក​ឱ្យ​ដាច់​នូវ​អ្វី​ជា​ផល​ប្រយោជន៍​ ​មុខ​មាត់​ ​ហ៊ុន សែន​ ​ពីអ្វី​ជា​មុខមាត់​ ​និង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល​ ​ដោយ​សម្បជញ្ញៈ​ ​វិចារណ​ញាណ​និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​ទៅ​ចុះ»។

ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក កំពុង​គ្រោង​រៀបចំ​ការ​ធ្វើ​បាតុ​កម្ម​ប្រឆំាង​នឹងវត្ត​មាន​របស់​លោក​ ​ហ៊ុន សែន​ក្នុងបុរី​ញូវយ៉ក​ដើម្បី​ទាមទារ​ឲ្យ​សហ​គមន៍​អន្តរ​ជាតិ​ ​ក៏​ដូច​ជា​អង្គការ​សហ​ប្រជាជាតិ​ដាក់​គំនាប​ឲ្យ​មាន​ដំណោះស្រាយ​នយោ​បាយនៅ​កម្ពុជា។​ ​ប្រទេសកម្ពុជា​ ​បាន​ក្លាយ​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​ឯកបក្ស​ ក្រោយ​ការ​បោះឆ្នោតថ្ងៃ​ទី​២៩​ ​ខែកក្កដា​ ឆ្នាំ​២០១៨​ ​ដោយ​មិនមាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ គឺ​គណ​បក្ស​សង្រ្គោះ​ជាតិ។​ ​សមាជិក​មួយ​ចំនួន​ដែល​ភៀស​ខ្លួន​រស់​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន។​

មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​លើក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​ ​«ធ្វើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​មាន​សារៈ​សំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់: ភាព​ជា​អ្នកដឹកនាំ​សកល និង​ការ​ទទួល​ខុសត្រូវ​រួម​ ​សម្រាប់​ស​ង្គម​ប្រកប​ដោយ​សន្តិភាព​ ​សមធម៌​ ​និង​និរន្តរភាព»។​

ក្នុង​ការ​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ​លោក​ ​ហ៊ុន សែន​ ​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក អង់តូនីញ៉ូ ហ្គូតេរ៉េស​ ​(António Guterres)​ ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយក​រដ្ឋមន្រ្តី​ប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ​ ​ស្សាម៉ា អូលី​ ​(Khadga Prasad Sharma Oli)​ ​នាយក​រដ្ឋមន្រ្តី​នេប៉ាល់​ ​ព្រមទាំង​ជួប​ពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ទៀត៕