លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបជាមួយអ្នកសារព័ត៌មានរាប់ពាន់នាក់ក្នុងប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងសារអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា«កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ»។
លោកបញ្ជាក់ថា៖ «ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។
លោក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលលោកថា នឹងក្លាយ«ជាការកំណត់និយាមស្តង់ដារប្រតិបត្តិស្តីពីក្រមសីលធម៌អ្នកសារព័ត៌មានដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់និងលុបបំបាត់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន»។
ប៉ុន្តែអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយកំពុងព្រួយបារម្ភអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមួយនេះ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបន្តឹងសេរីភាពបន្ថែមទៀត។
ក្រុមអង្គការសង្គមស៊ីវិលសរុបចំនួន ១១ បានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពនិងសន្តិសុខដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងនោះ ដែលមានដូចជាខេមបូចា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម ចេញផ្សាយនៅថ្ងៃទី ៣ ខែឧសភា ចំទិវាសេរីភាពសារព័ត៌មានពិភពលោក។
បើតាមសេចក្តីថ្លែងការណ៍រួម នៅកម្ពុជា អ្នកសារព័ត៌មានដែលរាយការណ៍ពីបរិស្ថាន«តែងតែប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សា»។
យោងតាមរបាយការណ៍ចុងក្រោយរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា មានករណីយាយីចំពោះអ្នកសារព័ត៌មានចំនួន ៣២ ករណីដែលបានកត់ត្រានៅក្នុងឆ្នាំ ២០២៣ រួមទាំងករណីគំរាមកំហែងផ្លូវច្បាប់ចំនួន ១៥ ករណី។ ក្នុងចំណោមករណីសរុប មាន ៧ ករណី ជាប់ទាក់ទងនឹងការរាយការណ៍អំពីបញ្ហាបរិស្ថាន។
ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២៤ ខេមបូចាក៏បានកត់ត្រាករណីយាយីអ្នកសារព័ត៌មានចំនួន ១០ ករណី ក្នុងនោះមាន៧ករណីជាករណីគំរាមកំហែងផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ ឆ្នាំ ២០២៤ នេះប្រព្រឹត្តទៅក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន»។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្តីពី«ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» អ្នកសារព័ត៌មាន ២៦ នាក់ បានប្រឈមមុខនឹងការរឹតបន្តឹង ឬការដាក់ទណ្ឌកម្មចំពោះការចុះបំពេញការងាររបស់ខ្លួននៅឆ្នាំ ២០២៣។ អ្នកសារព័ត៌មានត្រូវបាននាំយកមកសួរនាំ បន្ទាប់ពីពួកគេបានធ្វើការស៊ើបអង្កេត ឬរាយការណ៍អំពីបញ្ហាសង្គម ដូចជាសកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លីជាដើម។
សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលធានាបរិយាកាសសង្គម ទាំងនៅលើបណ្តាញអនឡាញ និងក្រៅបណ្តាញ មានសេរីភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានដើម្បីបំពេញតួនាទីវិជ្ជាជីវៈ ដោយគ្មានឧបសគ្គឬការព្រួយបារម្ភ ជាពិសេសនៅពេលពួកគេរាយការណ៍អំពីបញ្ហាបរិស្ថាន។
អង្គការទាំងនោះក៏ស្នើពន្លឿននូវការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលស្របតាមស្ដង់ដារអន្តរជាតិ និងធានានូវការអនុវត្តយ៉ាងហ្មត់ចត់។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យរដ្ឋាភិបាលធានាថា អ្នកសារព័ត៌មានមិនត្រូវបានប្តឹងផ្តល់ក្រោមច្បាប់ក្រមព្រហ្មទណ្ឌឡើយ។
លោកថ្លែងថា៖ «ការប្តឹងផ្តល់លើអ្នកសារព័ត៌មាននេះ យើងស្នើសុំឱ្យរដ្ឋាភិបាលឬមួយក៏ប្រព័ន្ធច្បាប់ផ្សេងៗហ្នឹង ធានាថា អ្នកសារព័ត៌មាននឹងមិនត្រូវបានប្តឹងផ្តល់ដោយច្បាប់ព្រហ្មទណ្ឌ ដោយសារតែកិច្ចការងាររបស់ពួកគេនៅក្នុងការបំពេញវិជ្ជាជីវៈនៅក្នុងវិស័យសារព័ត៌មាននោះទេ»។
លោកបញ្ជាក់បន្ថែមថា៖ «យើងក៏យកឱកាសនេះដើម្បីអំពាវនាវទៅដល់តុលាការផងដែរ ដើម្បីពិនិត្យនៅក្នុងការទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយទៅលើអ្នកសារព័ត៌មានដែលកើតមានក្នុងពេលកន្លងមកហ្នឹង»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រាប់វីអូអេថា លោកសំណូមពរឱ្យរដ្ឋាភិបាលធានាក្នុងការផ្តល់ព័ត៌មាន និងលើកទឹកចិត្តមន្រ្តីសាធារណៈនៅគ្រប់ស្ថាប័នរដ្ឋផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានឱ្យបានទាន់ពេលវេលា ដោយមិនរើសអើងស្ថាប័នឡើយ។
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានផ្សព្វផ្សាយរបាយការណ៍នៃការស្ទង់មតិមួយដែលបានបង្ហាញថា ប្រមាណ ៨០% នៃអ្នកសារព័ត៌មានដែលផ្តល់មតិអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ។
ទោះជាយ៉ាងណា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border)បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននាថ្ងៃសុក្រនេះ ដោយចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដោយបន្តធ្លាក់ពី ១៤៧ កាលពីឆ្នាំ ២០២៣ ដែលមានន័យថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នៅក្នុងប្រទេសជាសមាជិកអាស៊ាន កម្ពុជានៅលើប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមតែប៉ុណ្ណោះ៕