សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា​ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស (ភាគ១)

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

កំណត់​និពន្ធ៖ នេះ​ជាភាគ​ទី​១​នៃ​កម្រង​សេចក្តីរាយការណ៍​ពិសេស៣​ភាគ​របស់​វីអូអេ​ក្នុង​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​អនុវត្តកិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។ ប្រិយមិត្តអាច​ចូល​អាន​បន្ថែម​ភាគដទៃ​ទៀតក៏​ដូច​ជា​ទស្សនា​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​នៅ​ក្នុង​ទំព័រ​សេចក្តី​រាយការណ៍​ពិសេសេ​នៅ​ត្រង់​នេះ https://khmer.voanews.com/cambodiappa30

​កាលពី​ចុងខែ​កញ្ញា​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​«ប្រជាធិបតេយ្យ​កម្ពុជា»​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ធ្វើ​ឲ្យ​ខូចលទ្ធិ​ប្រជាធិបតេយ្យ។ ​ការ​អនុម័ត​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង​មុន​ពេល​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​មាន​គម្រប់​៣០​ឆ្នាំ។

នៅថ្ងៃទី​២៨​ខែ​កញ្ញា សមាជិក​រដ្ឋ​សភា​អាមេរិកាំង​ដែល​មកពី​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្សប្រជាធិបតេយ្យ​ដែល​រមែង​តែ​ខ្វែងគំនិតគ្នា​ក្នុង​ការ​បោះឆ្នោត​លើ​សេចក្តី​ស្នើច្បាប់​ផ្សេងៗ​នោះ បាន​នាំគ្នា​បោះឆ្នោត​គាំទ្រ​យ៉ាង​លើលលុប​លើ​សេចក្តី​ស្នើច្បាប់​ស្តីពី​«ប្រជាធិបតេយ្យ​កម្ពុជា»​ដោយ​សំឡេង​៤០៣​គាំទ្រ​ទល់​នឹង​១៧​សំឡេង​ជំទាស់​គឺ​លើស​ចំនួន​២​ភាគ​៣​ដែល​ត្រូវការ​តាមច្បាប់។

នៅក្នុង​ការជជែក​ដេញដោល​ក្នុង​សវនាការ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អំពី​សេចក្តី​ស្នើច្បាប់​នេះ​លោកស្រី ​Susan Wild​ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ ​Pennsylvania​បាន​ថ្លែង​ថា៖ «ការ​អនុម័ត​ច្បាប់​នេះ​ដោយ​រដ្ឋសភា​បញ្ជូន​សារ​ដ៏​ខ្លាំង​ពី​គណបក្ស​ទាំងពីរ​ដើម្បី​បង្កើន​សម្ពាធ​លើ​មន្ត្រី​កម្ពុជា​ដែល​បន្ត​គាបសង្កត់​សិទ្ធិសេរីភាព​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

លោកស្រី Susan Wild សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក ប្រចាំរដ្ឋ Pennsylvania សង្កាត់លេខ៧ នៃគណបក្សប្រជាធិបតេយ្យ​ បានថ្លែង​ក្រោយពី​ដាក់​ច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ទៅសភាពេញអង្គ ដើម្បីអនុម័ត​ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (រូបថត​ពី​ការ​ផ្សាយ​កិច្ច​ប្រជុំ​រដ្ឋសភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១)

រូប​ឯកសារ៖ លោក Gareth Evans (អតីត)​ រដ្ឋមន្ត្រីការ​បរទេសអូស្ត្រាលី​ថត​រូប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​(អតីត​)​សហភាព​សូវៀត ជប៉ុន ចិន សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​សម្តេចព្រះ​នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៨៩ នៅទី​ក្រុង​ប៉ារីស។ (AP)

អ្វី​ដែល​បាន​កើត​មានឡើង​នៅ​កម្ពុជា​នាពេល​នេះ​បាន​ដើរ​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី២៣​ខែតុលា​ឆ្នាំ១៩៩១​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​និង​នាំ​មក​នូវ​សន្តិភាព​ការអភិវឌ្ឍ​និង​ការគោរព​សិទ្ធិមនុស្ស​តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ នេះ​បើតាម​សម្តី​របស់​លោក Gareth Evans​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​និង​ជា​អ្នកចូលរួម​ចរចា​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ភាគី​ជម្លោះ​ទាំងបួន​របស់​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​ដែល​មាន​១៨​ប្រទេស​ដែល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ផងដែរ​បាន​ចុះ​ហត្ថលេខា។​

លោក Gareth Evans ​បាន​សម្តែង​ប្រតិកម្ម​ចម្រុះ​ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀងក្នុង​រយៈពេល​៣០ឆ្នាំ​នេះ។

លោក Gareth Evans អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ដែលបាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការចរចា​រៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ទសវត្សរ៍​១៩៩០ បាន​ផ្តល់បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ខេមរភាសា តាមប្រព័ន្ធSkype កាលពីថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១។

លោក​បានថ្លែង​ប្រាប់​វីអូអេ​ខេមភាសា​ក្នុង​បទសម្ភាសន៍​ពិសេស​ថា៖ «ដំណើរការ​សន្តិភាព​និង​កិច្ចព្រមព្រៀង​ប៉ារីស​ពិតជា​បាន​នាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។ ជា​សន្តិភាព​យូរអង្វែង។ អ្នកចាកចេញ​ពី​ទីលំនៅ​ប្រហែល​៤០ម៉ឺន​នាក់​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពីប្រទេស​ថៃ។ ក្រុមខ្មែរក្រហម​បាន​បាត់ខ្លួន​បើទោះបីជា​ត្រូវ​ចំណាយពេល​យូរ​បន្តិច។ កម្ពុជា​ធ្លាប់​ជា​បញ្ហា​មួយ​ក្នុង​នយោបាយ​ការទូត​ក្នុង​តំបន់​និង​ពិភពលោក​ក៏​លែង​ជា​បញ្ហា។ កិច្ចព្រមព្រៀង​នេះ​បាន​បង្ក​ឱកាស​មួយ​ដល់​កម្ពុជា​រីកចម្រើន​ខាងផ្នែក​សេដ្ឋកិច្ច​និង​មាន​ស្ថិរភាព​សុខសន្តិភាព​យូរអង្វែង​ទៅ​អនាគត»។

សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ថវិកា​ជំនួយ​ដល់​កម្ពុជា​ជាង​៣ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​៣០ឆ្នាំ​កន្លងទៅ​នេះ​ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ផ្នែក​សុខាភិបាល​កសិកម្ម​និង​សន្តិសុខ​ស្បៀង​ការ​អប់រំ​សិក្សាធិការ​និង​ការដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម។ សហរដ្ឋ​អាមេរិក​ក៏​បាន​បើក​ទីផ្សារឲ្យ​កម្ពុជា​នាំ​ទំនិញ​ចូល​ឡើងវិញ​ដែរ។

បើតាម​តួលេខ​របស់​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក សម្រាប់ឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​បាន​ទទួលទិញ​ទំនិញ​កម្ពុជា​ទំហំ​៥.៤០០​លាន​ដុល្លារ។

លោក W. Patrick Murphy​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​នឹង​វីអូអេ​ខេមរភាសា​ថា៖ «យើង​បាន​វិនិយោគ​ជាច្រើន។ ពលរដ្ឋ​កម្ពុជា​មាន​ការងារ​ជាច្រើន​ដែល​អាច​បង្ហាញ​បាន។ យើង​នឹង​បន្ត​ជាដៃគូ​ដ៏​សំខាន់​មួយ​ហើយ​ខ្ញុំគិតថា​វានឹង​កាន់តែ​ប្រទាក់​ក្រឡាគ្នា​មិនគ្រាន់​តែ​នៅខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​ប៉ុន្តែក៏​ចូលដល់​ឆ្នាំ​២០២២​ដែល​ជាឆ្នាំ​ដ៏សំខាន់​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ សហរដ្ឋ​អាមេរិក​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​អាស៊ាន​ដូច្នេះ​តួនាទី​ប្រធាន​នេះ​នឹង​កាន់​តែ​សំខាន់»។

ប៉ុន្តែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ជា​ការព្រួយ​បារម្ភ​សម្រាប់​បស្ចិមប្រទេស។

លោក Gareth Evans​ បាន​ថ្លែង​បន្ថែម​ថា៖ «លើ​ជ្រុង​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​គឺយើង​មាន​ក្តីសង្ឃឹម​ខ្ពស់​ណាស់​ថា​វា​អាច​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​មួយ​សម្រាប់​កម្ពុជា។ ប៉ុន្តែ​យើង​ខកចិត្ត​យ៉ាងខ្លាំង។ កម្ពុជា​មាន​ប្រវត្តិ​អាក្រក់​ណាស់»។

អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​ជនជាប់ចោទ​ដែលបាន​តវ៉ា​មួយ​ចំ​ថ្ងៃ២៣​តុលា ឆ្នាំ​២០២០ នៅមុខ​ស្ថានទូត​ចិន។ (ហ៊ុល រស្មី/វីអូអេ)

ការណ៍​នេះ​ដោយសារគណបក្ស​កាន់​អំណាច​បាន​រឹតបន្តឹង​បន្តិច​ម្តងៗ​លើ​សិទ្ធិសេរីភាព​របស់​ក្រុម​គណបក្ស​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល​បណ្តាញ​សារព័ត៌មាន​និង​អង្គការ​អន្តរជាតិ។ គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​នៅ​ចុង​ឆ្នាំ​២០១៧​ដោយ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ចែង​ថា​ប្រទេស​កម្ពុជា​ត្រូវតែ​គោរព​និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរី ​ពហុបក្ស។ ឥឡូវ​ប្រជាធិបតេយ្យ​ក៏​បាត់បង់​សេរី​ក៏​អត់​ ពហុបក្ស​ក៏​អត់​ពីព្រោះ​វា​បាន​ក្លាយ​ជា​ឯកបក្ស​ទៅវិញ​ហើយ។ នេះ​ហើយ​ដែល​យើង​ត្រូវ​កែលម្អ​ធ្វើឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​រស់ឡើង​វិញ»។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​មើល​ឃើញ​ឱកាស​ច្រើន​ជាង​មុន​ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​

លោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃគណបក្ស​សង្គ្រោះជាតិ​បានផ្តល់សម្ភាសន៍ដល់​វីអូអេ​ ក្នុងពេលលោកមករដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១ ​អំពី​ការបង្ក្រាប​លើ​អ្នកប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា។ (ម៉ែន គឹមសេង/វីអូអេ)

លោក មាជ សុវណ្ណារ៉ា​ អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ថា៖ «អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​គឺ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ឆ្នាំ ២០១៧​គឺថា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ត្រូវបាន​ដកសិទ្ធិ​ពីអ្វី​ដែល​ប្រជាពលរដ្ឋ​បានបោះឲ្យ​ហើយ​គណបក្ស​ដែល​មាន​សក្តានុពល​ប្រដំប្រសង​ក្នុងការ​ប្រកួតប្រជែង​ដែលមើល​ទៅ​ថាសង្គម​ប្រជាធិបតេយ្យ​ត្រូវមាន​បក្ស​ប្រឆាំង​ជាដៃគូ​នៅក្នុង​នីតិប្បញ្ញត្តិ​ហ្នឹង​គឺថា​ត្រូវបាន​គេ​រំលាយ​គឺ​មាន​ការស្រុត​ចុះ​ខាងផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ»។

អ្នកការពារ​សិទ្ធិ​មនុស្សអ្នកសារព័ត៌មានមន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​និង​សកម្មជន​បរិស្ថានជាង​១០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ឬ​ចាប់​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ថ្នាក់ដឹកនាំ​ខ្លះ​ក្នុង​គណបក្សសង្គ្រោះ​ជាតិ​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន​លោក ​កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស​ត្រូវ​រងការចោទប្រកាន់​ពី​បទក្បត់ជាតិ​ដោយ​សំណុំរឿង​របស់​លោក​នៅ​អូស​បន្លាយ​ក្នុង​តុលាការ​កម្ពុជា។

លោកស្រី ចក់ សុភាព​ នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែងថា៖ «ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​លំហ​សង្គម​ស៊ីវិល​ទូទៅ​ហ្នឹង​គឺ​មាន​ការប្រឈម​ខ្លាំង។ ជាធម្មតា​ប្រតិបត្តិការ​របស់​យើង​គឺ​មាន​លក្ខណៈ​ចង្អៀត​នៅ​ក្នុង​លំហ​សង្គម​ស៊ីវិល​ហ្នឹង»។

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិអូអេ​ខេមរភាសា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២១​ តាមប្រព័ន្ធSkype អំពី​ការធ្លាក់ចុះ​នៃ​សេរីភាព​អង្គការសង្គមស៊ីវិល។ (Skype)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា ​មុន​ពេល​លោក​ហក់ចូល​ឆាក​នយោបាយ​ជាថ្មី​ក៏​បាន​ក្លាយ​ជាមុខ​សញ្ញា​យាយី​រំខាន​ផងដែរ។

លោកស្រី​ ចក់ សុភាព​ បាន​បញ្ជាក់​ថា៖​ «មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ធ្លាប់​ត្រូវ​គំរាម​បិទ​ស្ថាប័ន​នៅចុង​ឆ្នាំ​២០១៧​ប៉ុន្តែ​ក៏មាន​ការកែប្រែ​ពី​រដ្ឋាភិបាល​វិញ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​ដោយសារ​លោក​មិន​អាច​រកឃើញ​កំហុស​ណា​មួយ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​របស់​យើង»។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI)​ របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បណ្តេញ​ចេញ​ក្រោយ​ពី​ធ្វើ​ប្រតិបត្តិការ​ជាង​២៥ឆ្នាំ។ សារព័ត៌មាន​The Cambodia Daily​ ត្រូវ​បិទទ្វារ។ វិទ្យុ​អាស៊ី​សេរី​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​បិទទ្វារ​មិន​អាច​ធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​បាន។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅប្រទេស​កម្ពុជា​បាន​ផ្តល់បទសម្ភាស​ដល់​វីអូអេ​ខេមរភាសា​កាលពីថ្ងៃទី១ ខែតុលា​នៅស្ថានទូតសហរដ្ឋអាមេរិក​ក្នុងរដ្ឋធានី​ភ្នំពេញ​កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ​២០២១ អំពី​ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក W. Patrick Murphy ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖ «ជា​ការពិត​ក្នុង​រយៈពេល​ពីរបីឆ្នាំ​នេះ​មាន​ការ​ដើរ​ថយក្រោយ​ខ្លះ​មាន​ការ​បិទ​លំហ​សម្រាប់​សង្គម​ស៊ីវិល​ខ្លះ​ការប្រឈម​ខ្លះ​សម្រាប់​បណ្តាញ​សារព័ត៌មាន​ដែល​ធ្វើការ​ដោយ​ឯករាជ្យ​និង​មាន​បញ្ហា​ប្រឈមសម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការរិះគន់​និង​បញ្ចេញ​សំឡេង​និង​មាន​តំណាង​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល»។​

ការវិវត្ត​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​តាក់តែង​ច្បាប់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ខឹង​សម្បា​ដែល​បានឃើញ​ការវិនិយោគ​រយៈពេល៣០​ឆ្នាំ​បាន​រលាយ​បាត់។

លោក ​Steve Chabot ​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Ohio និង​ជា​អ្នកដែល​បាន​ស្នើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ជាមួយនឹង​លោក ​Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ California បាន​ថ្លែងថា៖ «រហូត​មកដល់​ថ្ងៃនេះ​លោក​ហ៊ុន សែន​នៅ​មិនទាន់​ប្រឈម​មុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ពី​សហរដ្ឋ​អាមេរិកចំពោះ​ទង្វើ​របស់​លោក​នៅឡើយទេ។ នេះ​គឺជា​រឿង​គួរឲ្យ​អាម៉ាស់​។ ដោយហេតុនេះ​ហើយ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ដាក់​ទណ្ឌកម្ម​លើ​អ្នកដែល​បាន​ចូលរួម​ក្នុង​ការសម្លាប់​ប្រជាធិបតេយ្យ​ដោយ​ដាក់​ទណ្ឌកម្ម​ដោយផ្ទាល់​លើ​អ្នកដែល​ទទួល​ខុសត្រូវ។ យើង​សង្ឃឹម​ថា​យើង​អាច​ធ្វើ​ឲ្យ​លោកហ៊ុន សែន​និង​បក្ខពួក​របស់​គាត់ដឹង​ខ្លួន​ថា​ផ្លូវ​តែមួយ​គត់​ឆ្ពោះ​ទៅមុខ​សម្រាប់​ប្រទេស​ជាតិ​គឺ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ យើង​មិន​ត្រូវ​ភ្លេច​ថា​ជនរងគ្រោះ​ចម្បង​នៃ​ការគាប​សង្កត់​របស់​លោកហ៊ុន សែន​គឺ​ពលរដ្ឋ​កម្ពុជា»។

លោក Steve Chabot សមាជិករដ្ឋសភា​សហរដ្ឋអាមេរិក​ ប្រចាំរដ្ឋ Ohio សង្កាត់លេខ​១ នៃគណបក្ស​សាធារណរដ្ឋ​ឡើងថ្លែងការពារ​ច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​នៅក្នុង​សម័យប្រជុំរដ្ឋសភា​ពេញអង្គ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១។ (រូប​ថត​ពី​ការ​ផ្សាយ​កិច្ច​ប្រជុំ​រដ្ឋសភា)

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ គឺជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ភាគីពីរ​ទៀត​គឺ​ក្រុមខ្មែរ​ក្រហម​និង​រណសិរ្ស​ជាតិ​រំដោះ​ពលរដ្ឋ​ខ្មែរ​របស់​លោក​សឺន សាន​បាន​រលាយ​បាត់​ចេញ​ពី​ឆាក​នយោបាយ។ រីឯ​ភាគី​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​បាន​រួមតូច​ពី​គណបក្ស​ដ៏ធំ​មក​គ្មាន​អាសនៈ​នៅ​ក្នុង​សភាជាតិ​ដោយសារ​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​ជា​បន្តបន្ទាប់។

មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​មិន​ទាន់​បាន​សាងសង់​រឹងមាំ​ទេ​តាំងពី​ឆ្នាំ​១៩៩១​មក​ដែល​ធ្វើ​ឲ្យ​គោលការណ៍​ជា​មូលដ្ឋាន​នៃសិទ្ធិមនុស្ស​មិនត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​គោរព។ រីឯសហគមន៍​អន្តរជាតិ​ក៏​មាន​ចំណែក​ទទួល​ខុសត្រូវ​ដែរ។ នេះ​បើតាម​ការ​វាយតម្លៃ​របស់​លោក ​Gareth Evans។

លោក Evans ​បាន​បន្ថែម​ថា៖ «ជាមូលដ្ឋាន​សហគមន៍​អន្តរជាតិ​លែង​ចាប់​អារម្មណ៍​នឹង​កម្ពុជា​ដោយ​ពួកគេ​ជឿ​ថា​សន្តិភាព​ត្រូវ​យក​បាន​ហើយ។ លោក​ហ៊ុន សែន​ក៏​ចាប់ផ្តើម​កែប្រែមូលដ្ឋាន​ប្រជាធិបតេយ្យ​ដែល​មិន​រឹងមាំ​ស្រាប់​តាំង​ពី​ដំបូង​បន្តិច​ម្តងៗ​ឲ្យ​ទៅ​ជា​របប​ផ្តាច់ការ​មួយ​ដែល​ពេញ​ទំហឹង។ យើង​ត្រូវ​តែ​ទទួលស្គាល់​ការពិត។ នេះ​ជាអ្វី​ដែល​យើង​ទទួលបាន​នៅ​ពេលនេះ»។

ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​រៀបចំឡើង​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​សក្តានុពល​ចូលរួម​ប្រកួត​និង​បាន​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ឈ្នះ​យក​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា។ បន្ទាប់​ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នោះ​លោក​ហ៊ុន សែន​បានធ្វើ​ដំណើរ​មក​ទីក្រុង ​New York ​សហរដ្ឋ​អាមេរិក​មកថ្លែង​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​នាម​ជា​អ្នក​ដែល​ឈ្នះ​និង​បង្ហាញ​ពី​ភាព​ស្របច្បាប់​របស់​លោក។

រូប​ឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​រៀបចំឡើង​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​សក្តានុពល​ចូលរួម​ប្រកួត​និង​បាន​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ឈ្នះ​យក​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា។ (ខាន់ សុគុំមនោ/VOA)

រូប​ឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «ពី​ប្រទេស​ដែល​ល្បី​ខាង​ប្រើ​អាវុធ​ដើម្បី​ដណ្តើម​អំណាច​គ្នា​ក្នុង​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ឥឡូវនេះ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ហើយ​គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​សេរី​ពហុបក្ស​ជាមួយ​នឹង​ការរៀបចំ​ការ​បោះឆ្នោត​ដោយ​ទៀងទាត់​សេរី​និង​យុត្តិធម៌​ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស»។

​លោក ​ហ៊ុន សែន​ ​ក៏បាន​ឆ្លៀត​ឱកាស​វាយប្រហារ​ក្រុម​បស្ចិមប្រទេស​ដែល​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក​ផង​ដែរ៖ «ក៏​ប៉ុន្តែ​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នៅតែ​ធ្វើ​មិនឃើញ​នូវ​គុណភាព​និង​សុចរិតភាព​នៃ​ការបោះឆ្នោត​របស់​យើង​តាម​រយៈ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នានា​ប្រឆាំង​ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ដែល​ទង្វើ​បែបនេះ​គឺជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា....។ យើង​មាន​ការ​សោកស្តាយ​ជាពន់ពេក​ក្នុង​ការ​រំលេច​នូវ​តថភាព​ដែល​ថា​សិទ្ធិមនុស្ស​នៅពេល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ទៅ​ជា​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌​សម្រាប់​ប្រទេស​ដែល​មាន​អំណាច​មួយ​ចំនួន​ឬ​ក៏​អាច​និយាយ​បាន​ថា​ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ​ដែល​ជា​លេស​សម្រាប់​លូកដៃ​ជ្រៀតជ្រែក​ក្រោម​ស្លាក​ការពារ​សិទ្ធិ​នយោបាយ»។

​ខណៈ​ឥទ្ធិពល​បស្ចិម​ប្រទេស​ថយចុះ​ប្រទេស​កុម្មុយនីស្ត​ចិន​បាន​បង្កើន​ទំនាក់​ទំនងជាមួយ​នឹង​កម្ពុជា​កាន់តែខ្លាំង​ដោយ​បាន​ពង្រីក​ទំនាក់​ទំនង​មកដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​តាំងពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន។

លោក​ Gareth Evans​ យល់​ថា​ចិន​នឹង​មិន​ទៅណា​ឆ្ងាយ​ទេ។ គោលគំនិត​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ​ឲ្យ​ចិន​បញ្ឈប់​ការគាំទ្រ​ដល់​ក្រុម​ខ្មែរ​ក្រហម​ប៉ុន្តែ​ឥឡូវ​ចិន​បែរ​ជា​មក​គាំទ្រ​លោក​ហ៊ុន សែន​ដោយ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​យោធា​និង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​លំបាក។

លោក ​Evans ​បាន​បន្ថែម​ថា៖​ «សព្វ​ថ្ងៃ​នេះ​កម្ពុជា​ហាក់​ដូចជា​ប្រទេស​ចំណុះ​មួយ​ដែល​ចិនជា​ម្ចាស់​ទាំងស្រុង។ កម្ពុជា​លោត​តាម​ចង្វាក់​ភ្លេង​ចិន។ កម្ពុជា​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​ចិន​ទាំងស្រុង​ដោយសារតែ​ការ​ជំពាក់បំណុល​ដ៏​ច្រើន​សន្ធឹក​និង​ការ​វិនិយោគ​និង​ការ​ជួយ​ផ្នែកសេដ្ឋកិច្ច​ពី​ប្រទេស​ចិន​នៅ​កម្ពុជា។ នេះ​គឺជា​ការពិត​មួយ​ដែល​យើង​ត្រូវតែ​ទទួលស្គាល់។ ទំនាក់ទំនង​នេះ​មាន​ផលប្រយោជន៍​ក្នុង​ការ​បំបែក​អាស៊ាន​ដែល​មិន​បាន​ជួយ​រក្សា​សាមគ្គីភាព​ទេ។ នេះ​គឺជា​រឿង​ដ៏​លំបាក»។

តាម​រយៈ​កម្មវិធី​«ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម»​(BRI) របស់​ចិន​កម្ពុជា​បាន​ទទួល​បាន​ប្រាក់​ជំនួយ​និង​កម្ចី​ជាច្រើន​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​ដែល​មាន​ដូច​ជា​អគារ​ផ្លូវ​ថ្នល់​និង​កំពង់ផែ​ជាដើម។ ទន្ទឹម​នឹង​នេះ​ចិន​ក៏​ជាម្ចាស់​បំណុល​ដ៏ធំ​ដែរ​ដោយ​ក្តោបក្តាប់​ជិត​៤៤%​នៃ​បំណុល​សរុប​ចំនួន​ជាង​៩ពាន់​លានដុល្លារ។​នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១។

រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

ក្នុងពេល​ជាមួយ​នេះ​ដែរ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ​ខេត្ត​កោះកុង​និង​ការ​អភិវឌ្ឍ​នៅ​កំពង់ផែ កងទ័ព​ជើងទឹក​រាម​នៃ​ក្រុងព្រះសីហនុ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​គោល​បំណង​យោធា​របស់​ចិន​ក្នុង​រយៈពេល​វែង។​

លោក ​សម រង្ស៊ី​ ​មើល​ឃើញ​ថា​ការពឹងពាក់​ចិន​ជា​គ្រោះថ្នាក់​មួយ​ដល់​ប្រទេស​កម្ពុជា​និង​តំបន់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​សន្តិសុខ៖ «ដោយសារ​យើង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​ហ៊ុន សែន​ត្រូវការ​ចិន​ឲ្យ​មក​គ្រប់គ្រង​ប្រទេស​កម្ពុជា យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទាំង​ឯករាជ្យភាព​ទាំង​អព្យាក្រឹតភាព​អីចឹង​ហើយ​បើចង់ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​អព្យាក្រឹតភាព​និង​ឯករាជ្យភាព​ដើម្បី​រួម​ចំណែក​ពង្រឹង​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់​យើង​ត្រូវតែ​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ល្អ​ឥតខ្ចោះ​ប៉ុន្តែ​ថា​អ្នកនយោបាយ​កំពុងតែ​ស្វែងរក​ភាពសុខដុមរមនា​នឹង​គ្នា​ផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់សម្ភាសន៍ដល់​វីអូអេ​ខេមរភាសា កាលពីថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ​២០២១ អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៣០ឆ្នាំ​មកនេះ។ (Facebook)

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា៖ «យើង​មិនទាន់​មាន​ទេ​ប្រជាធិបតេយ្យ​ដែល​ដំណើរការ​បាន​ប៉ុន្តែ​យើង​កំពុងតែ​កសាង​ហើយ​ដើម្បី​កសាង​ប្រជាធិបតេយ្យ​បាន​កសាង​សិទ្ធិមនុស្ស​បាន​ត្រឹមត្រូវ​ទាល់តែ​យើង​ធានា​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព។ បើយើង​គ្មាន​ស្ថិរភាព​និង​គ្មាន​សន្តិភាព​យើង​មិនអាច​ធ្វើអ្វី​បាន​នោះទេ​ហើយ​មិនមែន​យើង​បោះបង់ចោល​អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​ដែល​មាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​ប៉ុន្តែ​យើង​ត្រូវ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​ដែល​យើង​មាន»។

លោក ផៃ ស៊ីផាន​ បាន​រិះគន់​ការ​ធ្វើ​បាតុកម្ម​ក្នុង​ពេល​កន្លងមក​ជាពិសេស​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣៖ «ពាក្យ​ប្រជាធិបតេយ្យ​មួយម៉ាត់​មិនមែន​បាន​សេចក្តី​ថា​ទៅ​ធ្វើ​បាតុកម្ម​មិនមែន​បាន​សេចក្តី​ថា​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​គឺ​មិនមែន​អីចឹង​ទេ។ កម្ពុជា​យល់​ឃើញ​ថា​យើង​ត្រូវធ្វើ​ច្បាប់​ហើយ​ច្បាប់​នោះ​ឆ្លើយតប​និង​ការពារ​ប្រជាពលរដ្ឋ​ដែរ​ឬទេ​ឬ​ច្បាប់​សម្រាប់​បង្គាប់​បញ្ជា​សម្រាប់​ដាក់ទោស​ប្រជាពលរដ្ឋ? យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​កែសម្រួល​ច្បាប់»។

រូបឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ ពោរពេញដោយសំណង់អគារខ្ពស់ស្កឹមស្កៃនាពេលរាត្រី រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

រូប​ឯកសារ៖ ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​បដា​នៅ​ក្នុងការ​ចាប់​ផ្តើម​ដំបូងនៃ​យុទ្ធនាការ​ដំឡើងប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

ខណៈ​កម្ពុជា​ទទួល​បាន​ការអភិវឌ្ឍ​ហើយ​បាន​ឈានឡើង​មក​ឋានៈប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ដោយ​មាន​ពលរដ្ឋ​ចំនួន​១៣,៥%​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ក៏​ប៉ុន្តែ​មាន​ពលរដ្ឋ​ប្រហែល​៤,៥​លាន​នាក់​ដែល​ស្មើនឹង​៣៤%​រស់នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​ដែល​អាច​ធ្លាក់​ខ្លួនក្រ​ជាថ្មី​បើ​ជួប​នឹង​ឧបសគ្គ​សេដ្ឋកិច្ច​អ្វី​មួយ។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ធនាគារ​ពិភពលោក។ ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៨​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​និង​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ស្ថានភាព​ដែល​មិនមាន​ការគោរព​សិទ្ធិសេរីភាព​បាន​ត្រឹមត្រូវ។ កម្ពុជា​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើទីផ្សារ​ផលិតផល​សម្លៀក​បំពាក់​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដើម្បី​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៨០​ម៉ឺននាក់​ដែល​ភាគច្រើន​ជាស្ត្រី​មកពី​ទីជនបទ​និង​ធ្វើការ​ក្នុង​ស្ថានភាព​លំបាក​ដោយ​ទទួលបាន​ប្រាក់ខែ​តិចតួច។

តំណាង​សហជីព​តែងតែ​ត្រូវ​បាន​ថៅកែ​និង​អាជ្ញាធរ​ប្តឹង​ទៅ​តុលាការ​ដោយសារតែ​ការពារ​សិទ្ធិ​កម្មករ​ទាំងនោះ។

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជាត្រូវ​រងពាក្យ​បណ្តឹងចំនួន​៧​ករណី​ក្នុង​នោះ​បណ្តឹង​ព្រហ្មទណ្ឌ​ចំនួន​៥។

លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ បាន​ផ្តល់សម្ភាសន៍ដល់​វីអូអេ​ខេមរភាសា​តាមប្រព័ន្ធ Skype កាលពីថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ​អំពី​ការបង្ក្រាបលើ​សហជីព​នៅ​កម្ពុជា។ (Skype)

លោក​ អាត់ ធន់ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ជួនកាល​កម្មករ​គាត់​គ្រាន់តែ​ធ្វើ​កូដកម្ម​នៅ​តាម​រោងចក្រ​របស់​គាត់​ទេ​ហើយ​គ្រាន់តែ​មក​ពឹងពាក់​យើង​សោះហើយ​ទោះបីជា​យើង​នៅ​ការិយាល័យ​ក៏ដោយ​ក៏​គេ​ចោទ​ថា​ញុះញង់​ជាដើម​ដែល​យើង​យល់​ថា​បទចោទ​ប្រកាន់​ទាំងនោះ​មិន​ស្របតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ»។​

សហភាព​អឺរ៉ុប​បាន​ដកហូត​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»ចំនួន​២០​ភាគរយ​តាំងពី​ខែ​សីហា​ឆ្នាំ​២០២០​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​សិទ្ធិសេរីភាព​សហជីព​និង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។ មួយខែ​ក្រោយ​មក​សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ គឺ​លោក​ឧត្តម​សេនីយ៍​ ​គន់ គីម ​និង​ក្រុមហ៊ុន​ចិន​យូញៀន ឌីវេឡុបមេន គ្រុប​ (Union Development Group) ដែល​មាន​ទំនាក់ទំនង​នឹង​លោក​គន់ គីម។ មួយឆ្នាំ​មុន​នោះ​ក៏​បាន​ដាក់​ទណ្ឌកម្ម​លោកឧត្តម​សេនីយ៍​ហ៊ីង ប៊ុនហៀង ​មេបញ្ជាការ​អង្គរក្ស​របស់​លោក​ហ៊ុន សែន​ផងដែរ៕