មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR បានរកឃើញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា នៅតែបន្តរងការវាយប្រហារ ខណៈការប្រើប្រព័ន្ធតុលាការ គឺផ្នែកមួយ ដែលបានបំភិតបំភ័យ និងរឹតត្បិតសេរីភាពជាមូលដ្ឋានទាំងនោះ។
នៅក្នុងរបាយការណ៍ថ្មីមួយស្តីពី ៖«ស្ថានភាពនៃសេរីភាពខាងការ បញ្ចេញមតិ សេរី ភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា» ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា៖ «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរងការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សរងការបង្ក្រាបនិងការដៅមុខសញ្ញាដោយសារតែការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការរាយការណ៍ និងការតស៊ូមតិសំខាន់ៗរបស់ខ្លួន»។
អ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហួន ផន ប្រាប់វីអូអេថា របាយការណ៍នេះត្រូវបានចងក្រងឡើងដើម្បីឲ្យសាធារណជនបានដឹងអំពីបញ្ហាប្រឈមនានានៃសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងសម្រាប់រដ្ឋាភិបាលយកទៅពិចារណា ដើម្បីធានាថាសិទ្ធិសេរីភាពទាំងនោះ ត្រូវបានគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថា សិទ្ធិទាំងបីនេះជាស្នូលមួយយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រសិនបើសិទ្ធិទាំងអស់នេះរងបញ្ហាប្រឈម ឬរឹតត្បិត វាក៏បង្ហាញថា លំហនៃលទ្ធិប្រជាធិបតេយ្យក៏មិនមានភាពទូលំទូលាយនោះដែរ ហើយវាក៏បង្ហាញថាលទ្ធិប្រជាធិបតេយ្យក៏មិនបានរីកចម្រើនឲ្យល្អប្រសើរ»។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់ត្រាចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ ថា ស្ថានភាពនៃសេរីភាពសារព័ត៌មានប្រឈមនឹងការយាយីមួយចំនួន ដូចជាការដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចចំនួន ៣ រីឯអ្នកសារព័ត៌មានចំនួន ១៧ នាក់ បានប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់ដែលរួមមានការផ្តន្ទាទោស ការកោះហៅ ការសួរចម្លើយ ការឃាត់ខ្លួន ការឃុំខ្លួន និងការបង្ខំឲ្យចុះហត្ថលេខានៅលើកិច្ចសន្យាជាដើម។ ចំណែកអ្នកការពារសិទ្ធិមនុស្សយ៉ាងហោចណាស់ ៥០ នាក់ បានប្រឈមនឹងបញ្ហាផ្លូវច្បាប់។
តួលេខនៃអ្នកសារព័ត៌មានដែលប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់នេះ មានចំនួនប្រហាក់ប្រហែលនឹងការរកឃើញក្នុងរបាយការណ៍ឆ្នាំមុន ដែលមានចំនួន ១៦ នាក់។ នេះបើតាមរបាយការណ៍។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានផ្តល់អនុសាស្ត្រចំនួន ១១ ចំណុច ដោយក្នុងនោះក៏មានការស្នើឲ្យបញ្ឈប់រាល់ការយាយីតាមប្រព័ន្ធតុលាការលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ត្រូវបញ្ឈប់ការគំរាមកំហែង និងបំភិតបំភ័យអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហារសើប លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយចម្រុះនិងឯករាជ្យ ត្រួតពិនិត្យឡើងវិញអំពីច្បាប់មានស្រាប់ទាំងអស់ដែលរឹតត្បិតមិនសមស្របទៅលើសេរីភាពខាងការបញ្ចេញមតិ និងស្នើដោះលែងជាបន្ទាន់នូវអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សទាំងអស់ដែលកំពុងជាប់ពន្ធនាគារ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ចាត់ទុករបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា ខ្វះវិជ្ជាជីវៈនិងមានចេតនាមិនល្អធ្វើឲ្យខូចមុខមាត់របស់រាជរដ្ឋាភិបាល។
លោកបានវាយតម្លៃថា របាយការណ៍នេះមិនបានពិនិត្យទិដ្ឋភាពជារួមនៅក្នុងវិស័យសារព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយជាង ២.០០០ ស្ថាប័ន និងមានអ្នកកាសែតប្រមាណ ១០.០០០ នាក់។
លោកថ្លែងថា៖ «តើយក ១៧ នាក់ដែលមានបញ្ហាផ្លូវច្បាប់នោះ មកវាយតម្លៃស្ថានការណ៍ប្រទេសទាំងមូលបានទេ? ហើយករណីនីមួយៗទៀតសោត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានបានសិក្សាទេថា ហេតុអ្វីបានជាមានករណីប្រឈមមុខផ្លូវច្បាប់? តើមានបានសិក្សាពីផ្លូវច្បាប់ ពីក្រមសីលធម៌វិជ្ជាជីវៈ និងការផ្សាយព័ត៌មានមិនពិតដែរឬទេ? នេះគឺជាកង្វះវិជ្ជាជីវៈ និងមានចេតនាមិនល្អនៅក្នុងការធ្វើឲ្យខូចមុខមាត់រាជរដ្ឋាភិបាល ដែលរបាយការណ៍នេះគឺថា គ្មានតម្លៃសម្រាប់យកមកពិចារណាទេ»។
បើតាមលោក ប៉ែន បូណា ការផ្តន្ទាទោសតាមច្បាប់គឺមិនមែនសំដៅតែលើអ្នកសារព័ត៌មាននោះទេ គឺប្រើទាំងលើមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរទាំងឡាយណាដែលប្រព្រឹត្តកំហុស ហើយត្រូវតែទទួលទោសតាមច្បាប់ ឬត្រូវដកហូតពីមុខតំណែង។
លោក ប៉ែន បូណា ថ្លែងបន្ថែមថា៖ «ហើយមក[ផ្តល់] អនុសាសន៍ ថាឈប់ឲ្យប្រើប្រាស់តុលាការ។ អ៊ីចឹងបិទតុលាកាចោលទៅ ឈប់ឲ្យអ្នកដែលដែលប្រព្រឹត្តខុសអីហ្នឹង មិនបាច់កាត់ទោសអីទេ។ នេះជាអនុសាសន៍មួយដែលមិនអាចទទួលយកបាន»។
ក្នុងការចងក្រងរបាយការណ៍ថ្មីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រមូលទិន្នន័យតាមរយៈ ការតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រចាំថ្ងៃ និងការរាយការណ៍អំពីហេតុការណ៍របស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់មជ្ឈមណ្ឌលផ្ទាល់ ហើយបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចំនួន ២២ នាក់ និងអ្នកការពារសិទ្ធិមនុស្ស ២១ នាក់ អំពីទស្សនៈយល់ឃើញរបស់ពួកគេអំពីស្ថានភាពនៃសិទ្ធិសេរីភាពជាមូលដ្ឋាន។
របាយការណ៍បានរៀបរាប់ថា៖ «អ្នកចូលរួមមួយចំនួននៅក្នុងកិច្ចពិភាក្សាក្រុមគោលដៅជាមួយអ្នកសារព័ត៌មានបានលើកឡើងថា ប្រព័ន្ធតុលាការគឺត្រូវបានប្រើជាឧបករណ៍ដើម្បីបំភិតបំភ័យអ្នកសារព័ត៌មាន តាមរយៈការគំរាមកំហែងចាប់ខ្លួន។ ពួកគេបានកត់សម្គាល់ថា អាជ្ញាធរដាក់ពាក្យបណ្តឹងជាញឹកញាប់ប្រឆាំងទៅលើអ្នកសារព័ត៌មាន ដោយសារតែការរាយការណ៍របស់ពួកគេ តែផ្ទុយទៅវិញនៅពេលដែលអ្នកសារព័ត៌មានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីពីបទរឹតត្បិត ឬរំលោភបំពានលើសេរីភាពសារព័ត៌មាន មិនឃើញមានការចាត់វិធានការអ្វីឡើយ»។
ប្រការនេះបញ្ជាក់ឲ្យឃើញអំពីស្តង់ដារពីរយ៉ាងច្បាស់លាស់ ដោយអាជ្ញាធរធ្វើសកម្មភាពដោយមិនមានទោសនិងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងអ្នកសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មានគឺត្រូវប្រឈមនឹងផលវិបាកនៃផ្លូវច្បាប់សម្រាប់ការបំពេញតួនាទីស្របច្បាប់របស់ខ្លួន។ នេះបើតាមរបាយការណ៍ដដែលនោះ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ លើកឡើងថា របាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនទាន់ឆ្លុះបញ្ចាំងអំពីគុណតម្លៃរួម ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពនៅឡើយទេ។
លោកថា របាយការណ៍ប្រភេទនេះចាំបាច់ត្រូវតែមានការចូលរួមនិងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាសុក្រឹតភាព ភាពហ្មត់ចត់ គុណភាព តម្លាភាព និងភាពគួរឲ្យជឿទុកចិត្តបាន។
លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា៖ «ដូច្នេះការស្រង់ចូលនៅករណីឧបទ្ទវហេតុ ដែលហៅថា incident report នេះដែលបានកើតឡើង ហើយយកទិដ្ឋភាពទាំងអស់នេះមកដើម្បីវាយតម្លៃរាប់បញ្ចូលថា ជាការណ៍ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព។ ដូច្នេះជាការវាយតម្លៃនៅមិនទាន់មានលក្ខណៈត្រឹមត្រូវគ្រប់គ្រាន់ ដើម្បីឲ្យតួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋជឿជាក់បាននៅឡើយ ព្រោះនៅខ្វះតម្លាភាព ខ្វះការឆ្លុះបញ្ចាំងចំហ និងតម្លៃរួម [និង]ធ្វើឡើងដោយមើលតែពីមួយជ្រុង ដើម្បីវាយតម្លៃទាញស្ថានភាពឲ្យទាញទៅក្នុងភាពអាក្រក់ ក្នុងគោលបំណងគាំទ្រដល់របៀបវារៈ»។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះថ្លែងបន្តថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ព្រោះកម្ពុជាបានអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាផ្សេងទៀត រួមទាំងច្បាប់ស្តីពីរបបសារព័ត៌មាន។
ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា ហៅកាត់ថា CFJ អ្នកស្រី ហង្ស សម្ផស្ស បានផ្តល់ការកត់សម្គាល់អំពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដូចរបាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ។ អ្នកស្រីថ្លែងថា រូបភាពនៃការប្រឈមទាំងនោះ ក៏បានធ្វើឲ្យអ្នកសារព័ត៌មានស្ត្រីភ័យខ្លាច និងប៉ះទង្កិចផ្លូវចិត្តខ្លាំង នៅពេលដែលពួកគេខិតខំធ្វើសេចក្តីរាយការណ៍ព័ត៌មានមានលក្ខណៈស៊ីជម្រៅ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ព្រោះជាធម្មតាបើសិនជាយើងធ្វើរឿងក្តៅ រឿងស៊ីជម្រៅ រឿងដែលប៉ះពាល់ដល់អ្នកមានអំណាច អ្នកដឹកនាំកំពូល អីហ្នឹង វាតែងតែប្រឈម»។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញស្ថាប័នពាក់ព័ន្ធ ដូចជាអង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល យកបញ្ហាប្រឈមដែលបានកើតឡើងលើអ្នកសារព័ត៌មានទាំងនោះ មកជជែកគ្នាដោយបើកចំហ និងបើកចិត្តឲ្យទូលាយ ដើម្បីជាប្រយោជន៍រួមសម្រាប់បម្រើសាធារណៈជន និងសង្គមជាតិ។
កាលពីខែមីនា ឆ្នាំ ២០២៤ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏បានចេញរបាយការណ៍មួយស្តីពី «ស្ថានភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៣» ដោយក្នុងនោះបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ មានករណីបៀតបៀនចំនួន ៣២ ករណី ចំពោះអ្នកកាសែតប្រមាណ ៥៩ នាក់ ដែលក្នុងនោះយ៉ាងហោចណាស់អ្នកកាសែត ៥ នាក់ត្រូវបានប្តឹង និងចោទប្រកាន់ ដែលបណ្តាលឲ្យមានការជាប់ពន្ធនាគារ ឬឃុំខ្លួន ហើយលទ្ធផលនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកសារព័ត៌មានដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់កម្រិតលើទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយទាំងមូលផងដែរ។
ខេមបូចា បានប្រៀបធៀបរបាយការណ៍ឆ្នាំ ២០២៣ ទៅនឹងឆ្នាំ ២០២២ ដោយថា ការគំរាមកំហែងផ្នែកច្បាប់បានកើនឡើង ១១៤% ដែលបង្កឲ្យមានការព្រួយបារម្ភអំពីលំហសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។
ដោយឡែកនៅក្នុងទិវាអន្តរជាតិដើម្បីអបអរខួបលើកទី ១០ នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលធ្វើឡើងកាលពីដើមខែវិច្ឆិកាកន្លងទៅ គឺអង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័នក្នុងប្រទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការឲ្យបានឆាប់រហ័ស និងជាក់លាក់ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដែលមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ៕