អ្នកវិភាគ៖ យុទ្ធសាស្ត្រ​នយោបាយ​បំបែក​ផ្ទៃក្នុង​ដែល​មិន​ហុច​ប្រយោជន៍​ដល់​ជាតិ​នៅ​តែ​បន្ត​កើត​មាន​នៅ​កម្ពុជា

រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (លើក​ដៃឡើង) ឈរ​ជាមួយ​នឹង​មន្ត្រី​កំពូលៗ​របស់​លោក​មួយ​ចំនួន​រួម​មាន​លោកលោក ទៀ បាញ់ និង​លោក ស ខេង ក្នុង​អំឡុងពេល​ជូន​ដំណើរ​ព្រះមហាក្សត្រ​យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិនកាល​ពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មាន​ការ​ឆ្លង​ឆ្លើយ​គ្នា​រវាង​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​និង​អ្នក​នយោបាយ​ជំទាស់​ជើង​ចាស់​មួយ​រូប ទាក់ទង​នឹង​ការ​ប្រកាស​របស់​លោក សម រង្ស៊ី គាំទ្រ​លោក ទៀ សីហា ដែល​ត្រូវជា​កូន​ប្រុស​របស់​លោក ទៀ បាញ់ ជា​អនាគត​បេក្ខជន​នាយក​រដ្ឋមន្ត្រី។

ការ​ប្រកាស​នេះ​បាន​រង​ការ​ប្រតិកម្ម​ធ្ងន់ៗ​និង​ការ​ថ្កោលទោស​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​ខណៈ​អ្នក​តាមដាន​នយោបាយ​កម្ពុជា​បាន​ចាត់​ទុក​យុទ្ធសាស្ត្រ​នយោបាយ​នេះ ថា​មិនហុច​ប្រយោជន៍​អ្វី​ដល់​ជាតិ ហើយ​បាន​ស្នើឱ្យ​អ្នក​នយោបាយ​គ្រប់រូប ​បញ្ឈប់​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បង្ក​ភាព​សង្ស័យ​លើ​គ្នា​ទៅវិញ​ទៅមក​នេះ។ ​

កាល​ពី​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២៣​ លោក សម រង្ស៊ី​ ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​៖ «ក្នុង​នាម​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បាន​ទទួល​សំឡេង​សន្លឹក​ឆ្នោត​ ៤៤%​ (សល់​ពី​គេលួច) ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០១៣ និង​ថ្នាក់​ឃុំ-​សង្កាត់ ​ឆ្នាំ ២០១៧ ខ្ញុំ សម រង្ស៊ី សូម​គាំទ្រ​បេក្ខភាព​លោក ទៀ សីហា ​ជានា​យក​រដ្ឋ​មន្ត្រី សម្រាប់​អាណត្តិ​រដ្ឋសភា​ទី ​៧ គឺ​ពី​ឆ្នាំ​ ២០២៣ ​ដល់ ២០២៨។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​ក៏បាន​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​ដែល​ចង់​បាន​«សេរីភាព និង​យុត្តិធម៌»​ ងាក​មក​គាំទ្រ​លោក ទៀត សីហា សព្វថ្ងៃ​ជា​អភិបាល​ខេត្ត​សៀមរាប​ លោក ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក ទៀ វិញ អគ្គមេបញ្ជាការ​រង នៃ​កង​យោ​ធ​ពល​ខេមរភូមិន្ទ ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។

ជា​ការ​ឆ្លើយតប​ លោក​ ទៀ សីហា កាល​ពី​ថ្ងៃទី ១១ ខែ​មីនា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ លោក​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ការ​លើក​ឡើង​របស់​លោ​ក សម រង្ស៊ី។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «តាំង​ពី​ខ្ញុំ​ដឹង​ក្តី​មក ប៉ា​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ​ថា ​«ប្រទេស​កម្ពុជា មាន​តែ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ទេ ដែល​អាច​ដឹក​នាំ​ប្រទេស​បាន» ប៉ា​តែង​តែ​ទូន្មាន​ប្រដៅ​ដល់​ក្រុម​គ្រួសារ​ត្រកូល ​«ទៀ» ​ទាំងអស់​ថា​ ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​យើង​នៅ​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី»។


ចំណែក​ឯ​ លោក ទៀ បាញ់​ ក៏​បាន​ថ្កោល​ទោស​ហើយ​បដិសេធ​ ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ ដោយ​លោក​បាន​ចាត់​ទុកខ្លឹម​សារ​ដែល​បាន​លើកឡើង​នោះ​ថា​ «មានការ​ញុះ​ញង់​បំបែក​បាក់​ជាតិ​»។

លោក​បញ្ជាក់​នៅ​លើទំព័រ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃទី១០ ខែមីនា​ ឆ្នាំ​២០២៣ ថា៖ «ខ្ញុំ​និង​ក្រុម​គ្រួសារ នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ទាំង​ស្រុង​ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​នា​ពេល​អនាគត។​ កង​យោធ​ពល​ខេមរភូមិន្ទ បន្ត​ប្តេជ្ញា​ការពារ​ឯក​រាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​បាន​គត់​មត់ ប្រឆាំង​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ថែ​រក្សា​សន្តិ​ភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុខ​សុវត្ថិភាព​សង្គម»។

នៅ​ថ្ងៃ​ចន្ទ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច បាន​អះអាង​ថា ​ល្បិចកល​របស់​លោក សម រង្ស៊ី នេះ មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែក​បាក់គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​រឹតតែ​នាំ​សាមគ្គីភាព​ដល់​ផ្ទៃគណបក្ស​កាន់​អំណាច។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ លោក សុខ ឥសាន ប្រាប់​វីអូ​អេ​នៅ​ថ្ងៃចន្ទ​នេះ​ថា៖ «ផ្ទុយ​ទៅ​វិញ​គឺ គណបក្ស​ប្រជាជន​កាន់តែ​មាន​សាមគ្គីភាព​និង​ឯក​ភាព​ផ្ទៃ​ក្នុង​បក្ស​កាន់​តែ​រឹង​មាំ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​តែ​ដើរ​តួ​នាទី​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​កម្ពុជា»។​

សារ​របស់​លោក​ សម រង្ស៊ី​ បែបនេះបាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ​ បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម​ដាក់​គ្នា​ទៅវិញ​ទៅ​មក​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ប្រកាស​តែងតែង​ដោយ​ប្រមុខ​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ឱ្យ​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​នា​ពេល​អនាគត។

សម្រាប់​អ្នក​តាមដាន​នយោបាយ​កម្ពុជា ការ​ប្រកាស​គាំទ្រ​ក្រុម​មួយ​ផ្នែក​នៃ​គណបក្ស​ណាមួយ​នោះ គឺជា​យុទ្ធសាស្ត្រ​បំបែក​សាមគ្គីភាព​និង​បង្ក​ភាព​សង្ស័យ​ក្នុង​បក្ស​ ហើយ​បានក្លាយ​ជា «វប្បធម៌​នយោបាយ» មួយ​នៅ​ក្នុង​ឆាក​នយោ​បាយ​កម្ពុជា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក មាស នី​ អ្នក​ស្រាវជ្រាវ​អំពី​សង្គម​និង​នយោបាយ​កម្ពុជា។ លោក​បាន​ឱ្យ​ដឹង​ថា កន្លងមក​មានតែ​គណបក្ស​កាន់​អំណាច​ទេ ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ ប៉ុន្តែ​ឥឡូវ​មកដ​ល់​ពេល​នេះ ​គណបក្ស​ប្រឆាំង​ក៏​បាន​និងកំពុង​ប្រើ​ប្រាស់​វា​ផងដែរ។

លោក​ មាស នី យល់​ថា ការ​លាប​ពណ៌​គ្នា​បែប​នេះ​ ឬក៏​ការ​ធ្វើ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​គ្នា មិនមែន​ជា​វិថី​ត្រូវដើរ​ឡើយ​ ដោយសារ​តែវាមិន​នាំផល​ប្រយោជន៍​ដល់​ជាតិ។

លោក​ថ្លែង​ថា៖ «ការ​ធ្វើ​នយោ​បាយ​បំបែក​បំបាក់គ្នា​នេះ វា​ជា​វិធី​សាស្ត្រ​មួយ​យក​ប្រៀប​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ធ្វើ​ឱ្យគូ​បដិបក្ខ​ចុះ​ខ្សោយ​រៀងខ្លួន ប៉ុន្តែ​សម្រាប់ខ្ញុំៗ​មិន​គាំទ្រ​ឱ្យ​មាន​ច្រក​ហ្នឹង​ទេ។ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​ពី​សមត្ថភាព​ កុំ​បំបែក​បំបាក់​គ្នា​ ប៉ុន្តែ​គួរ​ត្រូវ​តែប្រឹង​ប្រណាំ​ង​ទាំង​អស់​ហ្នឹង​ដើម្បី​រួម​គ្នា​ទៅ​រក​ច្រក​តែ​មួយ​គឺ​ដើម្បី​ជាតិ​តែមួយ​ទាំង​អស់គ្នា​»។

ពាក់ព័ន្ធ​នឹង​ភាព​ជោគជ័យ​ដែល​ភាគី​ទាំង​សងខាង​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​បំបែក​បំបែក​នេះ​ លោក មាស នី អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​ធ្វើ​បាន​សម្រេច​ច្រើន​ ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​បែកបាក់​គ្នា​ជា​បំណែក​រហូត​មក​ដល់​ឥឡូវ​នេះ។ លោក​បន្ត​ថា​ គណបក្ស​ប្រឆាំង​ហាក់​ទទួល​បាន​ផល​តិចតួច​ពី​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​មួយ​នេះ។

អ្នក​ស្រាវជ្រាវ​សង្គម​និង​នយោបាយ​រូប​នេះ ក៏​ស្នើ​ឱ្យ​អ្នក​នយោបាយ​គ្រប់​រូប​លុប​ចោល​វប្បធម៌​នយោបាយ​នេះ ហើយ​ធ្វើ​នយោបាយ​តាមរយៈ​សមត្ថភាព​ផ្ទាល់​ខ្លួន ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

លោក មាស នី ថ្លែង​ថា៖ «យើង​គិត​អំពី​រឿង​ថា​តើ​បញ្ហា​សង្គម​អ្វី​ខ្លះ​ដែល​គណបក្ស​មួយ​ទៀត​ចង់​បាន​ដើម្បី​ឱ្យ​វា​ទៅមុខ​បន្ត​ទៀត។ រី​ឯ​គណ​ប​ក្ស​កាន់អំណាច​ក៏​បន្ត​បង្កើត​លក្ខណៈ​ដូច​គ្នា​ដែរ គឺ​កុំ​ព្យាយាម​បំបែក​បំបាក់​គេ ប៉ុន្តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាពល​រដ្ឋ​ ជា​ជាង​ការ​គិត​តែ​រវល់​ពី​ការងាក​ក្រោយ ​ហើយធ្វើការ​ប្រយុទ្ធ​ជា​មួយ​នឹង​គ្នា​ឯង ហើយ​គិត​មើល​នូវអ្វី​ដែល​ជាទិស​ដៅ​សម្រាប់​ប្រទេសជាតិ​នា​ពេល​ខាងមុខ​»។

ដោយឡែក អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ដែល​ជាគណបក្ស​មួយកើត​ចេញ​ពី​គណបក្ស សម រង្ស៊ី របស់​លោក​ សម រង្ស៊ី​ បាន បដិសេធ​ផ្តល់​មតិ​យោបល់​ នៅពេល​អ្នក​សារព័ត៌មាន​វីអូអេ​ទាក់​ទង​ទៅ​ ដោយ​លោក​ចាត់ទុក​ថា ​នេះ​ជា​សេរីភាព​នៃការ​បញ្ចេញ​មតិ​របស់​បុគ្គល។

លោក គីមសួរ ភិរិទ្ធ បាន​ថ្លែង​ថា៖ «អាហ្នឹង​ជាសម្តី ជា​ប្រសាសន៍​របស់​គាត់។អ៊ីចឹង​បង​អត់​មិន​បាន​វិភាគ​អី​ពាក់ព័ន្ធ​ជាមួយ​ប្រសាសន៍​របស់​គាត់​ទេ។ព្រោះ​ឥឡូវយើ​ង​កំពុង​ផ្តោ​តទៅ​លើអ្វី​ដែល​គណបក្ស​ភ្លើងទៀន​ត្រូវ​ធ្វើ​ពាក់​ព័ន្ធ​ជាមួយ​គោល​នយោបាយ​ និង​ការចុះ​ជួប​សកម្មជន»។

ការ​ប្រកាស​របស់​លោក សម រង្ស៊ី បែប​នេះ បាន​កើត​ឡើង​ ខណៈ​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដើម្បី​ជ្រើស​រើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី៧ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​ខាង​មុខ​នេះ។ ​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ ស្រប​ពេល​ដែល​លោក ​ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការ​កងទ័ព​ជើកគោក​កម្ពុជា​និង​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បក្ស​ប្រកាស​គាំទ្រ​ធ្វើ​ជា​បេក្ខជន​នា​យក​រដ្ឋ​មន្ត្រី​នា​ពេល​អនាគត៕