អាជ្ញាធរមានសមត្ថកិច្ចនៅ គ្រប់រាជធានីខេត្តក្រុងបានចាប់ផ្តើមបង្កើនការចុះបង្រ្កាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យពិនិត្យមើលក្រុមក្មេងទំនើង ដោយមិនមានការលើកលែងឡើយ។
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអភិបាលខេត្តទូទាំងប្រទេសនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រឹតបន្តឹងវិធានការចំពោះក្រុមក្មេងទំនើងដែលធ្វើសកម្មភាពខុសប្រក្រតី។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើងទាំងវិធានការរដ្ឋបាលនៅក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ ដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម»។
លោក ហ៊ុន ម៉ាណែត បន្តថា ក្រុមក្មេងទំនើងនាពេលបច្ចុប្បន្ននេះមានការកើនឡើង ជាពិសេសគឺការប្រើប្រាស់ដាវកាប់ចាក់ និងគ្រឿងញៀនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថាវិធានការចុះបង្រ្កាប និងបង្ការក្រុមក្មេងទំនើងនេះ កម្លាំងនគរបាលបានអនុវត្តតាំងពីដើមមក ប៉ុន្តែក្រោយពីមានបទបញ្ជារបស់នាយករដ្ឋមន្រ្តី កម្លាំងសមត្ថកិច្ចនឹងបន្តពង្រឹងការត្រួតពិនិត្យ និងចុះបង្ក្រាបក្រុមក្មេងទំនើង។
ក្នុងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២៤ អាជ្ញាធរនៅគ្រប់រាជធានីខេត្តក្រុងបានចុះបង្ក្រាបក្រុមក្មេងទំនើងបានសរុបចំនួន ១៥៩ នាក់នៅក្នុង ៤៩ ករណី។ ក្នុងនោះ កម្លាំងរាជធានីភ្នំពេញចុះបង្រ្កាបបានច្រើនជាងបណ្តាខេត្តផ្សេងៗ ដែលភាគច្រើនត្រូវបានរកឃើញថាពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។ នេះបើតាមលោក ទូច សុខៈ។
លោកបញ្ជាក់ថា៖ «បើយើងធៀបជាមួយនឹងរាជធានីខេត្ត គឺរាជធានីភ្នំពេញ គឺថា មានសកម្មភាពអវិជ្ជមានហ្នឹងច្រើន ដោយសារតែយើងដឹងទាំងអស់គ្នាថាគឺជាបណ្តុំនៃប្រជាពលរដ្ឋផង ជាបណ្តុំនៃគេហៅថាទីដ្ឋានសប្បាយ ឬក៏ពាណិជ្ជកម្ម និងការអភិវឌ្ឍផ្សេងៗច្រើន វាចម្រុះគ្នាដូច្នេះសកម្មភាពហ្នឹងវាច្រើន[...] ក្នុងចំណោមអ្នកដែលចាប់ខ្លួនទាំងនោះ គឺមានជាង៥០ភាគរយដែលមានសារធាតុញៀននៅក្នុងខ្លួន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃឱ្យដឹងទៀតថា ក្រោយចុះបង្រ្កាប កម្លាំងសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគិតទៅតាមកម្រិតទោសដែលក្រុមក្មេងទំនើងបានធ្វើ។
លោក ទូច សុខៈ បញ្ជាក់ថាប្រសិនបើក្រុមក្មេងទំនើងទាំងនោះមិនបានធ្វើសកម្មភាពប៉ះពាល់ដល់សង្គម ឬក្នុងកម្រិតស្រាល សមត្ថកិច្ចគ្រាន់តែពន្យល់ណែនាំ និងដាក់ពិន័យតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើពួកគេប្រព្រឹត្តចូលជាបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការ។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេថាចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានបង្រ្កាបក្រុមក្មេងទំនើងចំនួន ១០ ករណី ដោយមានក្មេងទំនើងសរុបចំនួន ៤៥ នាក់។ លោកបន្ថែមថាសមត្ថកិច្ចបានបញ្ជូនសំណុំរឿងទាំងនោះទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីហិង្សានិងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
លោកថ្លែងថា៖ «អ្នកទាំង ៤៥ នាក់នេះ គឺយើងបានបញ្ជូនគាត់ទៅកាន់តុលាការ អនុវត្តទៅតាមផ្លូវច្បាប់នោះហើយពាក់ព័ន្ធនឹងករណីហិង្សា វាយកាប់ចាក់បង្កឱ្យខូចខាតទ្រព្យសម្បត្តិ ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ហើយការប្រើអំពើហិង្សាដោយចេតនាជាដើម»។
បើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចនៅតាមបណ្តាខេត្តបានចុះបង្រ្កាបករណីក្មេងទំនើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី ២៧ ខែឧសភា នគរបាលខេត្តកោះកុងបានបង្រ្កាបក្មេងទំនើងចំនួន ៣ នាក់ ដែលកាន់កាំបិតផ្គាក់ចំនួន ៣ដើម ហើយបម្រុងនឹងធ្វើសកម្មភាពទៅលើភាគីម្ខាងទៀត។ ចំណែកនគរបាលខេត្តបន្ទាយមានជ័យវិញ កាលពីថ្ងៃទី ២៧ ខែឧសភា បានចុះបង្ក្រាបក្មេងទំនើងចំនួន ១០ នាក់ ក្នុងស្រុកមង្គលបូរី ដោយឃាត់ខ្លួនក្មេងទំនើង ៤ នាក់ ប្រដាប់ដោយដំបង និងកាំបិតចំនួន ៥ ដើម។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន ប្រាប់វីអូអេថានគរបាលបានចាប់ផ្តើមពង្រឹងនិងចាត់វិធានការឃ្លាំមើលក្មេងទំនើង ដោយក្នុងនោះកាលពីយប់ថ្ងៃទី ២៥ ខែឧសភា នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង។ លោកបន្ថែមថា ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពាសពេញផ្លូវទាំងកណ្តាលយប់ ដោយភ្ជាប់ជាមួយដាវវែង ១ និងកណ្តៀវ ១។ លោកបញ្ជាក់ថា នគរបាលបានបញ្ជូនសំណុំរឿងនេះទៅតុលាការ។
ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថាក្រុមក្មេងទំនើងនាពេលបច្ចុប្បន្ននេះមានការកើនឡើង។ លោកបន្ថែមថាវាជារឿងល្អមួយដែលអាជ្ញាធររឹតបន្តឹង និងតាមដានក្រុមក្មេងទំនើង ដើម្បីធានាសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា លោកថាការរឹតបន្តឹងការចុះបង្រ្កាបតែមួយមុខមិនអាចបោសសម្អាតក្រុមក្មេងទំនើងបាន ១០០ភាគរយឡើយ។ លោកបញ្ជាក់ថា ការរៀបចំបរិយាកាសសង្គមជាថ្មី និងការអប់រំចេញពីឪពុកម្តាយជារឿងសំខាន់មួយ ដោយក្នុងនោះមានការលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការបង្ហាត់បង្រៀនណែនាំកូនតាំងពីកុមារកុំឱ្យប្រព្រឹត្តអំពើអបាយមុខជាដើម។
លោកថ្លែងថា៖ «នាំគ្នាទៅមើលតែលទ្ធផលចុងក្រោយហើយទៅបន្ទោសគាត់ហើយទៅបង្រ្កាប ប៉ុន្តែវាអត់អាចមានប្រសិទ្ធភាពបាន ១០០ភាគរយទេបាទ។ លុះត្រាតែយើងចាប់ផ្តើមបង្ការ ការបង្ការហ្នឹង គឺកុំឱ្យវាកើតមានដែរបាទ ការបង្ការហ្នឹងគឺយើងត្រូវតែរៀបចំបរិស្ថានសង្គមជុំវិញហ្នឹង គឺធ្វើម៉េចឱ្យមនុស្សហ្នឹងទៅរកផ្លូវល្អទៅរកផ្លូវត្រឹមត្រូវ»៕