មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា ប្រជាពលរដ្ឋដែលមានបញ្ហាទាក់ទងនឹងអំពើឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា អាចដាក់ពាក្យបណ្តឹងតាមអនឡាញបាន ដើម្បីជួយសម្រួលសេវាសាធារណៈឱ្យទាន់ពេលវេលា និងទទួលបានដំណោះស្រាយលឿន។
លោក ជា ពៅ អគ្គស្នងការរងនគរបាលជាតិប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបើកឱ្យមានការដាក់ពាក្យបណ្តឹងតាមអនឡាញ តាមរយៈគេហទំព័រនឹងជួយឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការដាក់ពាក្យបណ្តឹងបានគ្រប់ពេល ដោយមិនមានការបង់ថ្លៃអ្វីឡើយ។
លោកថ្លែងថា៖ «ចំណេញពេលវេលា ពេលគាត់ដាក់ហ្នឹងគឺធ្វើឱ្យសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះបានលឿន ចាត់វិធានការផ្លូវច្បាប់ ក៏បានល្អប្រសើរ។ សម័យនេះគឺសម័យបច្ចេកវិទ្យា អ៊ីចឹងយើងត្រូវសម្រួលសេវាសាធារណៈហ្នឹងឱ្យបានប្រសើរល្អ ហើយលឿន។...ការដាក់ពាក្យបណ្តឹងអនឡាញនេះ ចំណងជើងកន្លែងហ្នឹងគេដាក់ថា Scam អ៊ីចឹង Scam ហ្នឹងគឺការឆបោកដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ អ៊ីចឹងពេលមានបញ្ហាហ្នឹងគាត់អាចដាក់ពាក្យបណ្តឹងមកតាមអនឡាញបាន»។
លោក ជា ពៅ ឱ្យដឹងទៀតថា ការដាក់ពាក្យបណ្តឹងតាមអនឡាញ និងការដាក់ពាក្យបណ្តឹងនៅតាមមូលដ្ឋានដោយផ្ទាល់ គឺមានភាពដូចគ្នា ប៉ុន្តែលោកបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងតាមអនឡាញមានភាពងាយស្រួលជាង ហើយវាជាពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើឆបោកតាមបច្ចេកវិទ្យា។
បើតាមលោក ជា ពៅ ក្នុងមួយសប្តាហ៍ លោកទទួលបានពាក្យបណ្តឹងចាប់ពី ១០ពាក្យបណ្តឹងឡើងទៅ។
អគ្គស្នងការរងនគរបាលជាតិរូបនេះអំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះរាល់ករណីឆបោកដែលអាចកើតមានឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។
ទម្រង់នៃការបំពេញបែបបទការដាក់ពាក្យបណ្តឹងតាមអនឡាញនេះ ប្រជាពលរដ្ឋអាចចូលទៅបំពេញតាមលីង (Link) របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយជាសាធារណៈ។
បើតាមទម្រង់នៃពាក្យបណ្តឹងអនឡាញ បទល្មើសរួមមានអំពើឆបោកតាមរយៈការវិនិយោគ ឆបោកតាមសារអេឡិចត្រូនិក ឆបោកតាមរយៈប្រាក់កម្ចីខុសច្បាប់ ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងឆបោកតាមប្រព័ន្ធធនាគារ។ អ្នកដាក់ពាក្យបណ្តឹងត្រូវបញ្ជាក់ដំណើររឿង ឯកសារយោងឬភស្តុតាងពាក់ព័ន្ធ ឈ្មោះដើមបណ្តឹង អាសយដ្ឋាន លេខទូរស័ព្ទ និងរូបថតដែលភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការបើកឱ្យមានការដាក់ពាក្យបណ្តឹងតាមអនឡាញជារឿងល្អមួយ ដែលផ្តល់ឱកាសដល់ពលរដ្ឋអាចដាក់ពាក្យបណ្តឹងបាន ដោយខ្លួនឯង។ លោកជំរុញឱ្យសមត្ថកិច្ចអនុវត្ត និងបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាដល់ម្ចាស់បណ្តឹងប្រកបដោយភាពយុត្តិធម៌។
លោកថ្លែងថា៖ «ការទទួលបណ្តឹងហើយ បើសិនជាចូលតាមគោលការណ៍ទាំងអស់ហ្នឹង គឺអាជ្ញាធរដែលពាក់ព័ន្ធត្រូវតែអនុវត្តទៅតាមនីតិវិធី និងជួយរកយុត្តិធម៌សម្រាប់អ្នកជនរងគ្រោះ អាហ្នឹងបាន អាចទប់ស្កាត់ បង្រ្កាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញបាន ទោះបីជាអ្នកប្រព្រឹត្ត និងអ្នកដែលចូលរួម ឬអ្នកពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញគ្រប់រូបភាពហ្នឹងមានខ្នងបង្អែកណាក៏ដោយ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់»។
លោកបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចគួរតែផ្សព្វផ្សាយបន្ថែមពីរបៀបនៃការបំពេញបែបបទទៅតាមទម្រង់នៃការដាក់ពាក្យបណ្តឹងតាមអនឡាញ ហើយក៏គួរតែផ្តល់កិច្ចការការពារដល់ម្ចាស់ពាក្យបណ្តឹងផងដែរ ដើម្បីធានាបានថា ពួកគេមានទំនុកចិត្តនិងសុវត្ថិភាពក្នុងការដាក់ពាក្យបណ្តឹង៕