ក្រុមសៀកហ្វារពន្លឺសិល្បៈរបស់កម្ពុជា ដែលបានព្យាយាមបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយធ្វើការសម្តែងសៀកជាប់រហូតរយៈពេលជាង 24 ម៉ោងក្នុងឆ្នាំ ២០២១ ទើបតែទទួលបានកំណត់ត្រា «ការសម្តែងសៀកវែងបំផុត» ជាផ្លូវការ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ។
អង្គការមិនរកប្រាក់កម្រៃហ្វាពន្លឺសិល្បៈដែលដឹកនាំក្រុមសៀកនេះ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា ការសម្តែងសៀករបស់ខ្លួននៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ ម៉ោង ១០ នាទី ៣០ វិនាទី គឺជា«កិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត»។ អង្គការហ្គីណេសបានប្រកាសកំណត់ត្រាពិភពលោកឲ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះក្នុងការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ដែលមានការចូលរួមពីក្រសួងវប្បធម៌កម្ពុជា។
អង្គការហ្វាពន្លឺសិល្បៈត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនកម្ពុជា និងជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឲ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។
អង្គការ Guinness World Records បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមសៀកកម្ពុជាបានជួយកុមារដែលជួបការលំបាកជាង ៨០០ នាក់ ហើយបានចាត់«វិធានការយ៉ាងច្នៃប្រឌិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដើម្បីជៀសវាងការពឹងផ្អែកលើអំណោយ ដោយបង្កើតសៀកមិនប្រើសត្វ និងកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានផ្តល់មូលនិធិទ្រទ្រង់កម្មវិធីជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្ររបស់ពួកគេ»។
កំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា រួមមាន ក្រមាវែងជាងគេបំផុត នំអន្សមធំជាងគេបំផុត អក្ខរក្រមច្រើនជាងគេបំផុត និងអគារសាសនាធំជាគេបំផុតគឺប្រាសាទអង្គរវត្ត៕