ភ្នំពេញ — បើទោះជាលោក ប៊ូរ រដ្ឋា មានកាយសម្បទាមាំមួនរហ័សរហួនធ្លាប់រែកទឹកជាច្រើនអម្រែកកាលពីកុមារភាពហើយធ្លាប់ហាត់ និងសម្តែងសៀកជិត ២០ ឆ្នាំក៏ដោយ ការសម្តែងសៀកលើឆាកភ្លើងពណ៌ដែលមានកាមេរ៉ានៅពីមុខកំពុងផ្សាយបន្តផ្ទាល់ជាប់គ្នាពេញ ២៤ម៉ោង ១០នាទី និង ៣០វិនាទី មិនដូចជាពេលទូទៅដែលលោកសម្តែងសៀកឡើយ។
ភ័យផងរំភើបផង បារម្ភផង លោក ប៊ូរ រដ្ឋា គេងមិនលក់។ លោកប្រាប់វីអូអេតាមទូរស័ព្ទពីខេត្តបាត់ដំបងមកថា៖ «អូរភ័យ...ភ័យមែនទែន...។ និយាយឲ្យចំទៅមួយថ្ងៃ ២៤ម៉ោងហ្នឹង ខ្ញុំអត់ដេកបណ្តោយ ខ្ញុំចេះតែភ័យ គិតអារម្មណ៍ខ្ញុំនៅអត់ស្ងប់ទេ ចេះតែចាំ ចេញចូលៗដើរចុះដើរឡើងមើលរហូត ដូចមានអារម្មណ៍ខុសប្លែកដូចយើងរំភើបផងអីផង»។
កាលពីថ្ងៃទី ៧ និងថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ ក្រុមសិល្បករសៀកនិងសិស្សហាត់សៀកចំនួន ៩០ នាក់ និងក្រុមការងារក្រោយឆាកជិត ១០០ នាក់ ទៀត បានបង្ហាញផ្ទាំងទស្សនីយភាពសៀកដ៏ពិសេសមួយ។ ពួកគេសម្តែងសៀកពេញ ២ ៤ម៉ោង ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកសម្រាប់ការសម្តែងផ្ទាល់រយៈពេលយូរជាងគេបង្អស់ នៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់ស្ថាប័ន Guinness World Records។
មនុស្សជាង ១ លាននាក់ ទស្សនាតាមវីដេអូផ្សាយផ្ទាល់ចេញពីរោងសាលាសៀកនៃបរិវេណសមាគមហ្វារពន្លឺសិល្បៈ នៅឯខេត្តបាត់ដំបង ដែលជាភូមិកំណើតរបស់សិល្បករល្បីៗ ដូចជាកវីនិពន្ធ អ្នកចម្រៀង និងវិចិត្រករជាដើម។
ក្រៅពីចង់បង្ហាញសមត្ថភាពនិងទេពកោសល្យជូនដល់ទស្សនិកជនបរទេសនិងខ្មែរក្រុមសិល្បករនេះមានក្តីសង្ឃឹមរួមមួយ។ ពួកគេចង់ឃើញសមាគមដែលបានបណ្តុះបណ្តាលជំនាញដល់សិល្បករច្រើនជំនាន់ជាង ២៧ ឆ្នាំមកហើយនោះ នៅតែបន្តដំណើរការដោយមិនបិទទ្វារ ទោះក្នុងវិបត្តិសេដ្ឋកិច្ចបង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
សហគ្រាសសង្គមហ្វារនៅឯខេត្តសៀមរាបត្រូវបានបង្កើតឡើងកាលពី ៨ ឆ្នាំមុន ដើម្បីផ្តល់ការងារនិងចំណូលដល់សិល្បករដែលបានពីការសម្តែងសៀកឲ្យភ្ញៀវទេសចរបរទេស។ ប៉ុន្តែឥឡូវនេះ វាត្រូវបានបិទទ្វារ ក្រោយពេលមានការផ្ទុះឆ្លងជំងឺកូវីដក្នុងសហគមន៍។
ក្រុមការងារនិងសិល្បករសរុបជិត ២០០ នាក់ ចាប់ផ្តើមត្រៀមចិត្តត្រៀមកាយ និងរៀបចំគម្រោងនានា តាំងពីជាងពីរខែមុន។ ឯសិល្បករសៀកប្រឹងហាត់សមការសម្តែងតាមក្រុមរៀងៗខ្លួនយ៉ាងស្វិតស្វាញជាងមួយសប្តាហ៍មុនថ្ងៃសម្តែង។
ពេលវេលានៃការហាត់សមបានធ្វើឲ្យសាមគ្គីភាពនិងភាពស្និទ្ធស្នាលរបស់ក្រុមសិល្បករហាក់ដូចជាត្រឡប់មកវិញដែរ។ នេះជាការលើកឡើងរបស់សិល្បករ ប៊ូរ រដ្ឋា។
«ពេលខ្លះក៏ខ្ញុំក្តុកក្តួលក្នុងអារម្មណ៍ដែរ។ ដូចថា... យើងតស៊ូដើម្បីរស់ ទាំងអស់គ្នាអញ្ចឹងណា។ហើយយើងខំប្រឹងធ្វើ... និយាយឲ្យចំទៅបានមកសម្តែងបំបែកឯតទគ្គកម្មហ្នឹងទោះបីថានឿយហត់ ឬអស់កម្លាំងយ៉ាងម៉េចយ៉ាងណាក៏ដោយ ធ្វើយ៉ាងម៉េច អីម៉េចខ្ញុំមិនដឹងទេសំខាន់ គឺថាខ្ញុំខំប្រឹងធ្វើឲ្យដល់ទីបញ្ចប់ ខំប្រឹងឲ្យដល់ម៉ោងបញ្ចប់ទាំងអស់គ្នាជុំគ្នាតែម្តង។ និយាយឲ្យចំអារម្មណ៍អារម្មណ៍ដូចគ្នាឬពួកគេខ្លាំងជាងខ្ញុំទៀតផងខ្ញុំមិនដឹង»។
លោក រដ្ឋា និយាយថា ការហាត់សមនិងត្រៀមខ្លួនបន្ដរហូតដល់ពេលរៀបឡើងឆាកសម្តែងពិតប្រាកដតែម្តង។
«និយាយឲ្យចំទី១ យើងហ្វឹកហាត់ធម្មតាតាមអ្វីៗ ដែលយើងមានស្រាប់អស់ហើយ។ បន្ទាប់មកបាន [មុនឡើងឆាក]យើងចាប់ដៃគ្នា យើងប្រមូលអារម្មណ៍ យើងស្ងាត់មួយនាទី ពីរនាទីអីអញ្ចឹងទៅ ដើម្បីយើងតាំងចិត្ត អារម្មណ៍។ បន្ទាប់មកយើងដាក់ដៃលើគ្នាស្រែកមួយវើសទាំងអស់គ្នា អញ្ចឹងទៅ យើងចាប់ផ្តើមធ្វើការយកតែម្តង ចេញសម្តែងយកតែម្តង»។
នៅពេលសិល្បករសៀក ប៊ូរ រដ្ឋា វ័យ ៣០ ឆ្នាំ ទទួលបានដំណឹងតាមទូរស័ព្ទថា ហ្វារពន្លឺសិល្បៈនឹងរៀបចំបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកលោកកំពុងប្រកបរបរផ្សេងមួយ ដើម្បីរកចំណូលនៅពេលរោងសម្តែងរបស់ហ្វារនៅខេត្តសៀមរាបត្រូវបានបិទទ្វារ។ លោកកំពុងរវល់ដឹកជញ្ជូនគ្រឿងសំណង់ឲ្យហាងលក់គ្រឿងសំណង់មួយ នៅក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់លោក។
រដ្ឋា សុំច្បាប់ថៅកែរបស់លោកជាងមួយសប្តាហ៍ ដើម្បីត្រៀមខ្លួនហាត់សមសៀកឡើងវិញ។ គាប់ជួនថៅកែរបស់ រដ្ឋា ជាមនុស្សស្រលាញ់សិល្បៈដែរ ក្រៅពីអនុញ្ញាតឲ្យ រដ្ឋា ឈប់សម្រាកពេញសម្រាប់ការហាត់សម លោកថែមទាំងតាមដានការសម្តែងបំបែកកំណត់ត្រាឯតទគ្គកម្មនោះ។លោកក៏បានបរិច្ចាគថវិកាក្នុងកម្មវិធីរៃអង្គាសប្រាក់ទ្រទ្រង់ហ្វារពន្លឺសិល្បៈផងដែរ។
រដ្ឋា និយាយថា នេះជាការលើកទឹកចិត្តធំធេងមួយដល់សិល្បករ។
រដ្ឋា ធ្លាប់ជាសិស្សសាលាសៀកនៃអង្គការហ្វារពន្លឺសិល្បៈ កាលពីអំឡុងឆ្នាំ ២០០៣។ ការដែលលោកចូលហាត់សិល្បៈនេះអាចជាទេពកោសល្យពីកំណើតផង និងដោយសារជីវភាពផង។ កាលនោះ គ្រូៗសិល្បៈដែលមកពីសមាគមហ្វារ បានចុះតាមភូមិ ហើយឃើញគ្រួសាររបស់ រដ្ឋា ស្ថិតក្នុងជីវភាពក្រីក្រលំបាក ក៏នាំលោកចូលរៀនជំនាញសិល្បៈនេះ។
បងប្រុសរបស់លោកមានទេពកោសល្យខាងគំនូរ។ ចំណែក រដ្ឋា ដែលមានកាយសម្បទារឹងមាំ រហ័សរហួន ដោយធ្លាប់រែកទឹកសណ្តែកឲ្យម្តាយលក់ មានទេពកោសល្យខាងសៀក។ លោកធ្លាប់ចេញទៅហាត់សៀកបន្តនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ក្នុងឆ្នាំ ២០០៩ និងបន្តទៅរៀននៅប្រទេសបារាំងថែម ២ ឆ្នាំ។ នៅឆ្នាំ ២០១៣ លោកចាប់ផ្តើមចេញសម្តែងជាអាជីពនៅខេត្តសៀមរាប។
លោក ប៊ូរ រដ្ឋា និងដៃគូសម្តែងរបស់លោកអ្នកនាងជួប កញ្ញា វ័យ ២៥ ឆ្នាំ សម្តែងឈុតឆាកធំៗ ចំនួន ៥ រួមគ្នា។ ក្នុងនោះមានឈុតបើកឆាកឈ្មោះថា «សូរ្យគ្រាស» មានរយៈពេលមួយម៉ោង ចាប់ផ្តើមនៅម៉ោង ៨ ព្រឹក។ ឈុតចុងក្រោយដែលអ្នកទាំងពីរសម្តែងគឺនៅម៉ោង ៤ ទៀបភ្លឺ នាថ្ងៃបន្ទាប់ គៀកម៉ោងផ្តាច់ព្រ័ត្រ។ ក្នុងចំណោមនោះមានឈុតរឿងមួយ មានចំណងជើងថា «ដូចគ្នា តែខុសគ្នា» ឬ "Same Same But Different"។
«ដូចគ្នាតែខុសគ្នា» រៀបរាប់ពីសាច់រឿងតួឯតមួយគូរជាជនបរទេសមកលេងស្រុកខ្មែរ ហើយបានឃើញប្រជាជនខ្មែររីករាយនឹងធម្មជាតិ ដោយការប្រឡែងគ្នាលេងក្រោមតំណក់ទឹកភ្លៀង។ ឈុតប្រជាជនរត់លេងក្រោមតំណក់ភ្លៀង មានតួអង្គជាច្រើនបញ្ចេញក្បាច់សៀករៀងៗខ្លួន។ តួជនបរទេសស្រីប្រុសសម្តែងដោយលោក ប៊ូរ រដ្ឋា និងអ្នកនាង ជួប កញ្ញា។ ពួកគេបង្កើតសុភមង្គលមួយ ដោយបោះឆត្រនិងកាបូបចោល រួចរត់លេងក្រោមតំណក់ទឹកភ្លៀងដែរ។
ឈុតនោះគេឃើញរដ្ឋាស្លៀកខោខៅប៊ូយ និងអាវកឌុបពណ៌ស មានហោប៉ៅពីរសងខាង រីឯដៃគូរបស់លោកស្លៀករ៉ូបពណ៌ក្រហមពងជីងចក់។ ទាំងពីរនាក់ហក់ចុះហក់ឡើងតោងខ្សែក្រណាត់ព្យួរនឹងរ៉ក និងបន្តប្រកៀកគ្នាពត់ពែនខ្លួនយ៉ាងទន់ និងរស់រវើក ស្របពេលដែលខ្សែរ៉កបន្តទាញពួកគាត់ឡើងលើ រហូតដល់ជើងផុតពីដីខ្ពស់ជិតដល់ដំបូលឆាក។ អ្នកភ្លេងចាក់សំឡេងទឹកភ្លៀង អមដោយការលេងភ្លេងកំដរឆាក។ អ្នកមើលហ៊ោកញ្ជ្រៀវ នៅពេលដែលពួកគេស្ញើចស្រៀវម្តងៗ។
កញ្ញា បារម្ភអំពីសុវត្ថិភាពរបស់ក្រុមសិល្បករ ជាពិសេសអ្នកដែលមានម៉ោងសម្តែងកណ្តាលអធ្រាត្រ។
នាងនិយាយថា៖ «ខ្ញុំចូលគេងម៉ោងដប់ភ្ញាក់ម៉ោង ២ ភ្លឺ។ ប៉ុន្តែ វាអត់ស្រួលវាអត់ប្រក្រតីដូចយើងលេង(សម្តែង)ធម្មតា។ បច្ចេកទេសយើងធ្វើមានធ្លាក់ មានអីហើយភ្លេចភ្លាំង។ ខ្ញុំអត់ភ្លាត់ទេគ្រាន់តែថា ខ្ញុំរាងអស់កម្លាំងនិងឈឺសាច់ដុំ»។
កញ្ញា បាននិយាយបន្ថែមថា៖ «បច្ចេកទេសខ្លះខ្ញុំឡើងអត់ជាប់ ធ្វើ អត់បានល្អ (ជាពិសេស) អាពេលម៉ោង៤ភ្លឺ។ តែអត់មានបញ្ហាអីទេ។ ដោយសារតែខ្ញុំលេងពីក្រុមមុនៗ វាខ្លាំងមកហើយចឹងទៅទ្រោមសាច់ដុំទ្រោមខ្លួន»។
បើទោះជាខ្លួនជាសិល្បករសៀកអាជីពអស់រយៈពេលជាង ៧ ឆ្នាំមកហើយក៏ដោយ កញ្ញា ថាការសម្តែងជាប់គ្នា ២៤ ម៉ោងនេះ ជាបទពិសោធន៍មិនដែលមានពីមុនមក និងមានការលំបាកច្រើន។ កញ្ញាត្រូវធ្វើអ្វីៗដោយរហ័សបំផុត សូម្បីតែការស្លៀកពាក់និងផាត់មុខ។ នាងត្រូវផាត់មុខដោយខ្លួនឯង ឲ្យស្របតាមឈុតឆាកសម្តែង។ គ្រាន់តែក្រុមមុនៗ បញ្ចប់សាច់រឿងភ្លាម ពួកគេត្រូវឲ្យសញ្ញាទៅក្រុមបន្ទាប់។ កញ្ញាឈររង់ចាំនៅក្រោយឆាកអន្ទះអន្ទែង រង់ចាំគេឲ្យសញ្ញា។
កញ្ញា ប្រាប់វីអូអេថា៖ «ខ្ញុំបារម្ភខ្ញុំភ័យមែនទែន។ មិនមែនបារម្ភតែខ្លួនឯងទេ បារម្ភពីសិល្បករទាំងអស់។ ភាគច្រើនខ្ញុំបារម្ភពេលលេងទៀបភ្លឺ។ សិល្បករយើងលេងច្រើនក្រុម។ យើងអត់សូវបានសម្រាកច្រើន។ មុនពេលលេង ខ្ញុំភ័យៗឡើងចង់គ្រុនខ្លួនឯង។ ភ័យថាលេងអត់បានល្អ ខ្លាចមានអ្នកមានគ្រោះថ្នាក់»។
កញ្ញាបានបន្ថែមថា៖ «ពេលឡើងលើឆាក គឺដោយសារខ្ញុំធ្លាប់ទទួលអស់ហើយធ្លាប់លេងពីមុនៗមក គឺត្រូវតែសម្រុក ត្រូវតែខំអស់ពីសមត្ថភាព»។
នៅយប់រំលងអធ្រាត្រនៃការសម្តែង អ្នកខ្លះហូបគ្រាប់ឪឡឹកលេង អ្នកខ្លះផឹកទឹកផ្លែឈើស្រស់ផ្អែមៗកាហ្វេ តែ ញ៉ាំផ្លែក្រូច ឬផឹកថ្នាំវីតាមីន ដើម្បីជួយឲ្យអារម្មណ៍ស្វាហាប់និងចៀសវាងការអស់កម្លាំងជ្រុល។ ក្រៅពីនោះមានទឹក នំនែកភេសជ្ជៈកំប៉ុង និងបាយសម្លជាដើម។ ឯអ្នកខ្លះវិញសម្ងំគេងសិនដើម្បីរក្សាកម្លាំងសម្រាប់សម្តែងឈុតរបស់ពួកគេនៅពេលអធ្រាត្រ ឬទៀបភ្លឺ។ ឯអ្នកមួយចំនួនទៀតរវល់មិនបានគេងរហូតដល់ទៅ ៤៨ ម៉ោង។
លោក ប៊ូរ រដ្ឋា រៀបរាប់អនុស្សាវរីយនោះថា៖ «ស្រាប់តែជិតដល់ម៉ោងសិស្សប្អូនខ្ញុំ ដែលចេញនោះ គាត់ព្រឹកពេករាងអស់កម្លាំងនោះ គាត់រាងងងុយ និយាយឲ្យចំគាត់ថា សម្រាកទេតែដេកជ្រុល ដល់ហើយដាស់ទៅ គាត់អត់ចង់ងើបទាល់និយាយប្រាប់ថា ជិតដល់ម៉ោងសម្តែងអី បានគាត់ងើបមកស្ទុះវឹងផាត់មុខផាត់អីហើយចេញតទៀត... ហើយនាំគ្នាសើចបង្អាប់គ្នាលេង»។
ក្រោយបញ្ចប់ការសម្តែងរបស់ខ្លួនមួយឈុតៗ សិល្បករម្នាក់ៗត្រូវឆ្លៀតជួយសិល្បករក្រុមផ្សេងទៀតដែលត្រៀមចូលសម្តែងដោយមិនទំនេរដៃឡើយ។
«ចង្កឹះមួយកាច់បាក់ចង្កឹះមួយបាច់កាច់មិនបាក់» ។ លោក ប៊ូរ រដ្ឋា និយាយអំពីការខំប្រឹងប្រែងរបស់ក្រុមសិល្បករដែលដឹងតែពីតស៊ូធ្វើយ៉ាងណាឲ្យបានរលូននិងទទួលជោគជ័យ។
លោកបញ្ជាក់ថា៖ «យើងត្រូវរួមគ្នាទាំងអស់។ ចប់មួយរឿងត្រូវតែរៀបចូលមួយរឿងទៀត។ ពេលដែលចប់រឿងហ្នឹង ហើយពេលដែលយើងរៀបចំអីវ៉ាន់ក្រៅឆាក សឹងតែ ៥នាទីទេ។ ហើយបងគិតមើលន៍ ៥នាទីយើងរៀបម៉េច? អញ្ចឹងយើងត្រូវសហការគ្នាមែនទែន ហើយវាតៗៗៗ រហូត យើងអត់មានថាយើងរួចខ្លួនអីទេ ចប់ម៉ោង ២៤ម៉ោងហ្នឹង បានថាយើងចប់ទាំងគ្នា»។
នៅខាងក្រៅបរិវេណរោងសៀកវិញ ពីព្រឹកដល់អធ្រាត្រឈានដល់ទៀបភ្លឺថ្ងៃបន្ទាប់ មនុស្សចេញចូលមកមើលសៀកនេះមិនដាច់ បើទោះលក្ខន្តិកៈនៃឯតទគ្គកម្មនោះត្រូវការទស្សនិកជនមើលផ្ទាល់ត្រឹម ៥០នាក់ ក៏ដោយ។
រដ្ឋា និយាយថា៖ «ទស្សនិកជនដែលគាត់មកទស្សនាហ្នឹង ដល់ថ្នាក់គាត់មកឈរតម្រង់ជួរយូរពេក ហ្វារក៏បានធ្វើស្លាយមួយនៅខាងក្រៅ នៅទីលានវាលធំដាក់ស្លាយហ្នឹង គាត់នាំគ្នាទៅអង្គុយនៅក្រៅហ្នឹងបណ្តោយ ម្នាក់អង្គុយមួយដុបៗ ឆ្ងាយពីគ្នាៗ ខ្លះបំពេរកូន ខ្លះបក់មូសឲ្យកូនដេក គាត់អង្គុយមើលអញ្ចឹងបណ្តោយ...ខ្ញុំឃើញអញ្ចឹងមិនដឹងថា បេះដូងខ្ញុំនៅឯណាទៀតទេ វារំភើបពេក»។
ទស្សនីយភាពសម្តែងសៀក ២៤ម៉ោងនេះ មានឈុតឆាកសម្តែងសរុបចំនួន ៣១ សាច់រឿង ដោយបូកបញ្ចូលទាំងសាច់រឿងខ្នាតវែងរយៈពេលមួយម៉ោង និងសាច់រឿងខ្លីរយៈពេល ៥ ទៅ ១៥ នាទី។ ការបញ្ចូលការសម្តែងឈុតខ្លីៗនេះ គឺជាបច្ចេកទេសមួយប្រើសម្រាប់ពន្យារពេលឲ្យក្រុមការងាររៀបចំឆាកសម្តែងឈុតធំ បន្ទាប់ដែលមានរយៈពេលដល់ទៅ ១ម៉ោង។
ការសម្តែងនេះគួបផ្សំរវាងការបង្កើតស្នាដៃថ្មីនិងមួយចំនួនទៀតជាស្នាដៃសម្តែងប៉ុន្មានឆ្នាំចុងក្រោយ អមដោយភ្លេងរណ្តំពីឧបករណ៍ភ្លេងចម្រុះ ទាំងបុរាណនិងទាំងសម័យ។ សាច់រឿងនៅក្នុងការសម្តែងនេះត្រូវបានរៀបចំឡើងឲ្យមានភាពស៊ីសង្វាក់គ្នាពីមួយឆាកទៅមួយឆាកទៀត និងឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា តាំងពីសម័យអាណានិគមបារាំង របបខ្មែរក្រហម និងកម្ពុជានាពេលបច្ចុប្បន្ន និងមានការផ្លាស់ប្តូរសម្លៀកបំពាក់រាប់រយឈុត ទៅតាមឈុតឆាកសាច់រឿង និងបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗ។ នេះបើតាមការលើកឡើងរបស់លោក ឃួន ដេត ជាសហស្ថាបនិកហ្វារពន្លឺសិល្បៈ។
សហស្ថាបនិកនៃសមាគមហ្វារពន្លឺសិល្បៈរូបនេះថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីខេត្តបាត់ដំបងយ៉ាងដូច្នេះ៖ «យើងជាអ្នកទទួលខុសត្រូវ គឺយើងត្រូវផ្ទៀងផ្ទាត់ម៉ោង បែងចែកតាមក្រុមបណ្តាក់គ្នា។ ក្រុមនីមួយៗមិនអាចលេងជាប់គ្នារហូតទេ ព្រោះយើងត្រូវទុកឲ្យគាត់សម្រាក ដើម្បីយកកម្លាំងសម្រាប់ការលេងបន្ទាប់»។
ក្រៅពីការសម្តែងផ្ទាល់នៅលើឆាកក្រុមការងាររបស់សមាគមហ្វារពន្លឺសិល្បៈបានរៀបចំផ្សាយវីដេអូបន្តផ្ទាល់ នៅលើបណ្តាញសង្គមយូធ្យូប (Youtube) សម្រាប់សាធារណជនក្នុងស្រុក និងលើពិភពលោក និងសម្រាប់ក្រុមការងារហ្គីនណេស ដើម្បីវាយតម្លៃ។ សមាគមហ្វារឲ្យដឹងថា វីដេអូផ្សាយផ្ទាល់នៃការសម្តែងនេះមានអ្នកចូលទស្សនាសរុបទាំងអស់ជាង ១ លាននាក់ ពេលផ្សាយផ្ទាល់។
លោក ឃួន ដេត ឲ្យដឹងថាការសម្តែង ២៤ម៉ោងជាប់គ្នានេះ អាចសម្រេចបាន ដោយសារមានការចូលរួមយ៉ាងសស្រាក់សស្រាំនិងសាមគ្គីភាពពីក្រុមការងារនិងសិល្បករហ្វារពន្លឺសិល្បៈ។
«អាចថាទី ១ ជាកិត្តិយសសម្រាប់គាត់។ ទី២ សម្រាប់សាលាហ្វារ។ ទី៣ គឺប្រទេសកម្ពុជាយើងទាំងមូល ដើម្បីផ្សព្វផ្សាយលើឆាកអន្តរជាតិ។ ហើយយើងសង្ឃឹមថា សិល្បៈវប្បធម៌ដែលបាត់បង់យូរហើយយើងអាចធ្វើវាឲ្យទទួលស្គាល់ជាប់ក្នុងកំណត់ត្រាពិភពលោកមួយ»។
លោក ហួត តារា ជានាយកប្រតិបត្តិនៃសហគ្រាសសង្គមហ្វារ បានឲ្យដឹងថា លក្ខន្តិកៈពីក្រុមហ៊ុនហ្គីនណេស (Guinness World Records) គឺតម្រូវឲ្យមានការផ្តល់កម្រៃដល់សិល្បករ ដែលចូលរួមសម្តែងមិនឲ្យមានឈុតណាមួយដូចគ្នា ឬស្រដៀងគ្នា ការដូរតុបតែងឆាកត្រូវរហ័ស ដោយមិនសម្រាកយូរពេក នៅចន្លោះពីឈុតមួយទៅឈុតមួយ និងត្រូវមានទស្សនិកជនមើលផ្ទាល់យ៉ាងតិច ៥០ នាក់។ សមាគមបានចំណាយថវិកាសរុបប្រមាណ ១ ម៉ឺន ៥ ពាន់ដុល្លារ លើកម្មវិធីសម្តែងសៀក ២៤ម៉ោង បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកមួយនេះ។
ថ្វីបើការសម្តែងសៀកដ៏យូរជាងគេដំបូងបង្អស់ ដើម្បីបំបែកកំណត់ត្រាពិភពលោកបានបញ្ចប់ជាស្ថាពរ ដូចបានគ្រោងទុកក្តី វាមិនរលូនឥតខ្ចោះនោះទេ។ ក្រៅពីសម្រាកមិនបានគ្រប់គ្រាន់ និងមានអ្នកខ្លះឈឺសាច់ដុំ ក្នុងនោះមានការភ្លាត់ស្នៀត រអិលដួល និងការលោតខុសបច្ចេកទេសខ្លះដែរ។
លោក ឃួន ដេត សហស្ថាបនិកសមាគហ្វារពន្លឺសិល្បៈ ឲ្យដឹងថា រូបលោកនិងក្រុមសិល្បករសៀកបានមើលឃើញជាមុននូវឧបសគ្គទាំងនោះ ដូចនេះពួកគេត្រៀមអ្នកសម្តែងជំនួសតាមជំនាញនីមួយៗ។ ពួកគេក៏ត្រៀមសម្ភារៈពេទ្យសង្គ្រោះបឋមនិងក្រុមគ្រូពេទ្យប្រចាំការ ក្នុងករណីសង្គ្រោះបន្ទាន់ ឬជួយសម្រួលសរសៃសាច់ដុំ គ្រេចថ្លោះ ដល់ក្រុមសិល្បករ។
លោក ឃួន ដេត ពន្យល់ថា៖ «ដោយសារតែគាត់លេងច្រើន ពេលដែលមើលទៅឃើញថា គាត់ដង្ហក់ខ្យល់ ឬក៏ការសម្តែងគាត់គ្រោះថ្នាក់ យើងឈប់ទៅ។ កន្លែងណាដែលកាត់គាត់បាន យើងកាត់គាត់ ឬដាក់គេឲ្យចូលជំនួស»។
ឈុតបញ្ចប់ជាសាច់រឿងរបស់ក្មេងស្រីកម្ពុជាម្នាក់ដើរចូលទស្សនាសារមន្ទីរ និងមើលឃើញរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការប្រើប្រាស់អំណាចរបស់អ្នកដឹកនាំនិងបញ្ហាសង្គមនានា។ ចប់ឈុតនេះ ក្រុមសិល្បករទាំងអស់ឡើងលើឆាកជុំគ្នា អបអរបិទបញ្ចប់ការសម្តែង។ អ្នកខ្លះឈរញញឹម អ្នកខ្លះឈរហូរទឹកភ្នែក អមដោយសំឡេងទះដៃហ៊ោកញ្ជៀវពីទស្សនិកជន។
អ្នកនាង ជួប កញ្ញា នៅចងចាំពីក្តីរំភើបក្តុកក្តួលពេលនោះ។
នាងនិយាយថា៖ «ពេលសម្តែងចប់ភ្លាម គេអបអរគ្រប់គ្នា។ ខ្ញុំក៏អរដូចគ្នា តែខ្ញុំអរអត់ចេញស្រែកអត់ចេញ»។ មានអារម្មណ៍ថា មានមោទនភាពដែលពួកយើងទាំងអស់គ្នាអាចធ្វើបាន។ ពេលហ្នឹង ខ្ញុំហ៊ោអត់កើតទេ ខ្ញុំឈរយំ»។
ខណៈពេលដែលសមាគមហ្វារពន្លឺសិល្បៈកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកពី Guinness World Records ដែលរំពឹងថា នឹងចេញនៅរយៈពេល ៣ ឬ ៤ខែខាងមុខ ក្រុមសិល្បករក៏មានក្តីសង្ឃឹមថា នេះមិនមែនជាការសម្តែងលើកចុងក្រោយនោះទេ៕