រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានអាជ្ញាធរខេត្តទាំងអស់ថា ប្រយ័ត្នអស់តំណែង ប្រសិនបើការជ្រើសរើសនគរបាលប៉ុស្តិ៍ នៅតែមិនបានត្រឹមត្រូវ តាមបទបញ្ជារបស់ថ្នាក់ជាតិ។
ការព្រមាននេះ ក្រោយពេលលោក ស ខេង បានទទួលពាក្យបណ្តឹង និងបានសង្កេតឃើញថា ការជ្រើសរើសនគរបាលប៉ុស្តិ៍ នៅមានភាពមិនប្រក្រតី ដែលធ្វើឱ្យខ្វះមន្ត្រីនគរបាលបម្រើការតាមមូលដ្ឋាន។
នៅក្នុងពិធីមួយដែលធ្វើឡើងនៅខេត្តកណ្ដាល កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ លោករដ្ឋមន្ត្រីមហាផ្ទៃបានលើកឡើងថា កន្លងទៅ ការជ្រើសរើសនគរបាលប៉ុស្តិ៍តម្រូវឱ្យប្រឡង រួចទើបបញ្ជូនទៅតាមឃុំសង្កាត់ ប៉ុន្តែការធ្វើបែបនេះមិនបានជោគជ័យ ទើបប្តូរឱ្យឈប់ប្រឡងជ្រើសរើស ដោយឱ្យជ្រើសរើសមន្ត្រីនគរបាលប៉ុស្តិ៍ ដោយយកពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។វិធានការនេះ គឺដើម្បីកុំឱ្យខ្វះមន្ត្រីនគរបាលបម្រើការតាមមូលដ្ឋាន។
លោកព្រមានដកតំណែងមន្ត្រីថ្នាក់ក្រោម និងស្នងការនគរបាលខេត្តផងដែរ នៅក្នុងករណីនេះ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះចំៗឡើយ។
លោកថ្លែងថា៖ «ហើយខ្ញុំទទួលពាក្យបណ្តឹង នៅខេត្តតែមួយទេ ប៉ុន្តែស្រុកផ្សេង ហើយខ្ញុំនៅឃុំនេះសោះ ម៉េចក៏ឱ្យខ្ញុំទៅធ្វើឃុំនេះ ស្រុកនេះ ម៉េចក៏ឱ្យខ្ញុំទៅធ្វើការនៅឃុំនោះ ស្រុកនោះទៅវិញ។ អានេះខ្ញុំអាចទាញយកការសន្និដ្ឋានជាបឋមបណ្តោះអាសន្នថា មានភាពមិនប្រក្រតី។ ហើយក៏មានព័ត៌មានមួយទៀត មិនមែនជាលាយលក្ខណ៍អក្សរទេ...រួចថារៀបចំទម្លាក់ពីខេត្តទៅតែម្តង ដាក់ទៅទីណាប៉ុន្មាន អីអ្នកណា អ្នកណា ក ខ គ ហ្មងឈ្មោះមនុស្សជាក់ស្តែង ដែលមិនមែនជាមនុស្សនៅកន្លែងហ្នឹង បើអ៊ីចឹងវាជាដដែលៗទេ»។
លោក ស ខេង បន្ថែមថា៖ «ហើយខ្ញុំថា បើខ្ញុំរកឃើញរឿងហ្នឹងពិតប្រាកដមែនហ្ហា ស្នងការនគរបាលត្រូវទទួលខុសត្រូវមុនគេ។ ជាការល្អ គឺសុំដកខ្លួន លាលែងបណ្តោយ កុំឱ្យដេញ តែដេញទៅ មិនស្រួល អស់ស័ក្តិអស់អីទៀត»។
លោក ស ខេង ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តទាំងអស់អនុវត្តការងារជ្រើសរើសនគរបាលប៉ុស្តិ៍នេះ ឱ្យមានប្រសិទ្ធភាព ដោយត្រូវជ្រើសរើសនគរបាលប៉ុស្តិ៍ ដោយយកពលរដ្ឋនៅក្នុងមូលដ្ឋាននោះផ្ទាល់។
លោកថ្លែងបន្ថែមថា៖ «ខ្ញុំអត់លេងជាមួយទៀតទេលើកនេះ ព្រោះនិយាយជាមួយគ្នាច្រើនដងហើយ។ គឺថាដូចលេង បិទពួន អ៊ីចឹង។ ថា អ៊ីចេះ ចេញអ៊ីចុះ ថាអ៊ីចុះ ចេញអ៊ីចេះ ហ្ហេ ល្បិចអី ក៏ល្បិចម៉េស ល្បិចមិនស្វាងហ្មង។ អើ បើលេងល្បិចជាមួយខ្ញុំ យើងលេងល្បិចវិញទៅ។ ល្បិចយើង ដកអាមេហ្នឹងតែម្តង។ ខ្ញុំមិននិយាយអាក្រក់ដល់ប៉ុណ្ណឹងទេ ប៉ុនគ្រាន់ថា ជួនអីនិយាយគ្នាមិនស្តាប់ និយាយគ្នាមិនស្តាប់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាននៅឡើយទេ។
កាលពីខែតុលា ឆ្នាំ ២០២២ លោក ស ខេង ធ្លាប់បញ្ជាក់ថា ក្រសួងមហាផ្ទៃចាត់ទុកការជ្រើសរើសនគរបាលប៉ុស្តិ៍ តាមរយៈការសម្ភាសប្រជាពលរដ្ឋដែលរស់នៅនៅឃុំសង្កាត់នីមួយៗ គឺមានប្រយោជន៍ និងប្រសិទ្ធភាព ជាជាងការប្រឡង។
លោកបន្ថែមថា អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍ ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងមហាផ្ទៃបានដាក់ឱ្យ។ នេះបើតាមអត្ថបទរបស់ក្រសួងព័ត៌មាន ចេញផ្សាយកាលពីខែតុលា ឆ្នាំមុន។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីកន្លងទៅ ការជ្រើសរើសមន្ត្រីនគរបាលរងការរិះគន់ច្រើន ពាក់ព័ន្ធនឹងការសូកប៉ាន់និងអំពើពុករលួយ។ លោកបន្ថែមថា អំពើពុករលួយកើតចេញពីទំនាស់ផលប្រយោជន៍ បក្ខពួកនិយម និងគ្រួសារនិយម។
លោកថ្លែងថា៖ «កន្លងមក ការជ្រើសរើសមន្ត្រីនគរបាល បានរងនូវការរិះគន់ច្រើន អំពីរឿងបក្ខពួកនិយម គ្រួសារនិយម និងរឿងសូកប៉ាន់ ហើយរឿងល្បីល្បាញក្នុងបណ្ដាញសង្គមរយៈពេលពីរថ្ងៃនេះ គឺជាភស្ដុតាងដ៏រឹងមាំមួយ នៅក្នុងការបង្ហាញថាការជ្រើសរើសមន្ត្រីនគរបាល គឺមានការពាក់ព័ន្ធនឹងការសូកប៉ាន់ គឺរឿងពុករលួយ»។
លោកអំពាវនាវទៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យចូលរួមខិតខំស្វែងរកមធ្យោបាយ វិធានការថ្មីៗ និងបើកចំហឱ្យមានការប្រកួតប្រជែងដោយសុក្រឹតភាព។
លោកបន្ដថា៖ «ដើម្បីកាត់បន្ថយអំពើពុករលួយ [ត្រូវមាន] កិច្ចសហការអន្តរវិស័យ រវាងក្រសួងស្ថាប័នជាមួយអង្គភាពប្រឆាំងអំពើពុយរលួយ ហើយបើកចំហឱ្យមានការរាយការណ៍អំពីអំពើពុយរលួយពីមហាជន គឺវិធានការមួយ ដែលវាមិនមែនជារឿងថ្មីទេ តែក៏វាជាវិធានការមួយដែលអាចនៅតែដំណើរបាន ហើយនឹងអាចប្រើការបានដែរ»។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានស្នើមន្ត្រីថ្នាក់ក្រោម និងនាយកដ្ឋានបុគ្គលិករឹតត្បិតទាក់ទងនឹងការផ្ទេរពីក្របខណ្ឌស៊ីវិលចូលមកកម្លាំងនគរបាល ព្រោះវាធ្វើឱ្យគុណភាពនគរបាលកាន់តែខ្សោយ ដោយហេតុថា អ្នកដែលផ្ទេរចូលមិនបានរៀនវគ្គមូលដ្ឋាននគរបាលជាមុន៕
ភ្នំពេញ —