លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមរបស់លោក គិតគូរពីចំនួនស្រ្តីក្នុងមុខតំណែង ដើម្បីធានាថា មានសមភាពយេនឌ័រក្នុងគ្រប់ផ្នែក ខណៈលោកមើលឃើញថា ចំនួនស្រ្តីក្នុងមុខតំណែងគ្រប់កម្រិតនៅមានតិចតួចនៅឡើយ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។
លោក ហ៊ុន សែន ថ្លែងថា លោកសង្កេតឃើញថា ការស្នើសុំតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក មានស្រ្តីតិចពេកហើយ។ លោកថ្លែងបន្ថែមថា រដ្ឋាភិបាលបានផ្តល់អំណាចឲ្យថ្នាក់ដឹកនាំមូលដ្ឋានជាអ្នកជ្រើសរើសមន្រ្តីក្នុងមុខតំណែង ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់លើបញ្ហាយេនឌ័រឡើយ ដោយស្នើការតែតាំងមន្ត្រីភាគច្រើនជាបុរស។
លោកថ្លែងថា៖ «ថ្នាក់ជាតិស្នើទៅម៉ាកាភ្លោះ អស់លោករដ្ឋមន្រ្តី…ប៉ុន្តែឃើញសំណើស្នើទៅ គឺឃើញតែប្រុស អត់ឃើញស្រី មិនដឹងថាយ៉ាងម៉េច។ យើងអាចនឹងរកវិធីតែងតាំងស្រ្តីឲ្យបានច្រើនជាងនេះ ដោយយើងមិនមែនបញ្ហាធ្វើការឃោសនាបោះឆ្នោតស្អីទេ យើងត្រូវធ្វើឲ្យទៅជារឿងជាក់ស្តែង»។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័ររបស់អង្គការខុមហ្រ្វែល ប្រាប់វីអូអេថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺជាការមើលឃើញ និងទទួលស្គាល់ថា ចំនួនស្រ្តីនៅតែទាបនៅឡើយក្នុងមុខតំណែង ហើយថ្នាក់ដឹកនាំកំពូលចង់ឃើញចំនួនស្រ្តីមានច្រើនជាងនេះ។
អ្នកស្រីថ្លែងថា៖ «រចនាសម្ព័ន្ធនៃការដឹកនាំហ្នឹង ភាគច្រើនជាបុរស ដែលជាអ្នកដឹកនាំ។ អ៊ីចឹងហើយគ្រប់យ៉ាង បណ្តាញ ការលើកឈ្មោះអីហ្នឹង គិតគូរតែបុរសគ្នាគាត់ បំភ្លេចការចូលរួមរបស់ស្រ្តី»។
អ្នកស្រីក៏ជំរុញឲ្យដាក់ចេញជាគោលនយោបាយច្បាស់លាស់ និងយន្តការជាក់លាក់ក្នុងការបង្កើនចំនួនស្រ្តីក្នុងមុខតំណែង។
នៅមុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់នាខែកក្កដាខាងមុខនេះ អ្នកស្រី សឺនកេត សិរីលក្ខណ៍ ជំរុញឲ្យគ្រប់គណបក្សកំណត់ឲ្យជាក់លាក់នូវចំនួនស្រ្តីដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ហើយត្រូវដាក់ស្រ្តីក្នុងលេខរៀងខាងលើ ដើម្បីឲ្យស្រ្តីមានឱកាសជាប់ឆ្នោត។
ការស្ទង់មតិរបស់អង្គការខុមហ្រ្វែល ស្តីពីការចូលរួមរបស់សកម្មជននយោបាយស្រ្តីក្នុងវិស័យនយោបាយនៅកម្ពុជា ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២០ ឲ្យដឹងថាកម្ពុជានៅបន្តរក្សាបញ្ហាវិសមភាពនៃភាពជាតំណាងរវាងស្រ្តី និងបុរសក្នុងកិច្ចការសាធារណៈ និងជីវិតនយោបាយ។
បើតាមការស្ទង់មតិនេះ ផ្នែកចម្បងនៃបញ្ហានេះ គឺដោយសារការខ្វះខាតនូវគោលនយោបាយជាក់លាក់ជាលាយលក្ខណ៍អក្សរ និងច្បាប់ឆ្លើយតបនឹងយេនឌ័រ ជាពិសេសច្បាប់បោះឆ្នោត ដើម្បីគាំទ្រនិងផ្តល់ឱកាសឲ្យស្រ្តី និងបុរសចូលរួមស្មើគ្នា ស្របតាមអនុសញ្ញាស៊ី-ដ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលប្រទេសកម្ពុជាបានទទួលយក។ ការស្ទង់មតិក៏បានលើកឡើងអំពីការរើសអើង ការខ្វះការលើកទឹកចិត្ត និងឆន្ទៈនយោបាយរបស់គណបក្សនយោបាយផងដែរ។
បើតាមការស្ទង់មតិ អ្នកដឹកនាំជាបុរសនៅតែរក្សាអំណាចនយោបាយរបស់ពួកគេ ដោយមិនចង់ចុះចេញពីតំណែង៕