សារព័ត៌មាន​ក្នុង​ស្រុក៖​ រុស្ស៊ី​ស្នើ​កម្ពុជា​ស្វែង​យល់​ព័ត៌មាន​ពិត​ប្រាកដ​លើ​សង្រ្គាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​

លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្ស៊ី ប្រចាំ​កម្ពុជា (ឆ្វេង) ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP)

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​មន្រ្តី​កម្ពុជា​ឯក​អគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក ​Anatoly Borovik ​បាន​លើក​ឡើង​ថា​ប្រតិបត្តិ​ការ​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើ​ឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​រុស្ស៊ី​ដែល​លោក​ថាអាច​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​បាញ់​ចេញ​ពី​ទឹកដី​អ៊ុយក្រែន។​លោក​ក៏​បាន​ស្នើ​ឱ្យ​ភាគី​កម្ពុជា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សង្រ្គាម​មួយ​នេះ​ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក ​Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ។​

ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ព័ត៌មាន​កម្ពុជា​លោក​ ខៀវ កាញារីទ្ធ​ក្នុង​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ។​

គិត​ត្រឹម​ពាក់​កណា្តល​ខែ​មេសា​នេះ​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​អូសបន្លាយ​ពេល​ជិត​ពីរ​ខែ​មក​ហើយ។​ សង្គ្រាម​ដែល​លោក​ខាង​លិច​ចោទ​ថា​បង្ក​ឡើង​ដោយ​រុស្ស៊ី​ដោយ​គ្មាន​ការ​ប្រកាស​ជា​មុន​នោះ​គឺ​ជា​ការ​ឈ្លាន​ពាន​លើ​អ៊ុយក្រែន​ដែល​ព្យាយាម​សុំ​ចូល​ជា​សមាជិក​អង្គការ​កតិកា​សញ្ញា​អាត្លង់ទិក​ខាង​ជើង​ហៅ​កាត់​ថា​អូតង់ (NATO)។

ប៉ុន្តែ​បើ​តាម​សេចក្តី​រាយការណ៍​របស់​អង្គភាព​ Fresh News ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​អះអាង​ថា​សង្គ្រាម​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​មិនមែន​បង្ក​ឡើង​ដោយ​រុស្ស៊ី​ជា​ឯកតោភាគី​ទេ​គឺ​រុស្ស៊ី​បារម្ភ​ថា​ខ្លួន​អាច​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​មីស៊ីល​ បើ​មាន​ការដាក់​ពង្រាយ​កាំជ្រួច​នៅ​ក្នុង​ទឹក​ដី​អ៊ុយក្រែន​នោះ។​

លោក​ Anatoly Borovik​ឯក​អគ្គ​រដ្ឋទូត​រុស្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ​លើក​ឡើង​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ថា​អង្គការ​អូតង់​និង​ប្រទេស​អ៊ុយក្រែន​ខ្លួន​ឯង​ក៏មាន​ចំណែក​ក្នុង​សង្គ្រាម​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​ផង​ដែរ​ក្រោម​ហេតុផល​ថា​«ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អូតង់​ចេះ​តែ​រំកិល​ចូល​មក​ជិត​ព្រំដែន​រុស្ស៊ី»។​

សេចក្តី​រាយ​ការណ៍​ដដែល​បាន​សរសេរ​ក្នុង​អត្ថន័យ​ដើម​ថា៖​«កន្លង​មក​នេះ រុស្ស៊ី​បាន​សំណូម​ពរ​ទៅ​កាន់​អង្គការ​អូតង់​ដោយ​អះអាង​ថាប្រសិន​បើ​មាន​មីស៊ីល​ដាក់​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​ប្រហែល​តែ​ជាង​៣​នាទី​គឺ​បាញ់​ដល់​ទីក្រុង​ម៉ូស្គូ​ហើយ​ដែល​សូម្បី​តែ​ប្រព័ន្ធ​ការពារ​អាកាស​របស់​រុស្ស៊ី​ក៏គ្មាន​លទ្ធភាព​ទប់បាន​ដែរ។​ដូច្នេះ​រុស្ស៊ី​បាន​ស្នើឱ្យ​ប្រទេស​អ៊ុយក្រែន​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ»។​

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ Fresh News​ ភាគី​រុស្ស៊ី​ក៏​បាន​ស្នើ​ឱ្យ​ប្រជាជន និង​រាជ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ឈ្វេង​យល់​អំពី​សង្គ្រាម​នេះ​ឱ្យ​បាន​ច្បាស់លាស់​ដែល​លោក​ថា​ដើម្បី​ចៀស​វាង​ការ​យល់​ខុស​តាម​ការ​ផ្សាយ​ព័ត៌មាន​បំពុល​របស់​បណ្ដា​ប្រទេស​លោក​ខាងលិច។​

ស្ថាទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិនទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ញើតាម​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅ​ថ្ងៃ​ព្រសហស្បតិ៍​នេះ​ទេ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​មាស សុភ័ណ្ឌ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

កាលពី​ដើម​ខែ​មីនា​ឆ្នាំ​២០២២​ នៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​ កម្ពុជា​បាន​ចូលរួម​បង្ហាញ​សំឡេង​របស់​ខ្លួន​ដោយ​អនុម័ត​នូវ​សេចក្តី​សម្រេច​ជា​ដំណោះ​ស្រាយ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន​និង​ដក​កង​កម្លាំង​យោធា​របស់​ខ្លួន។​ ប្រទេស​សមាជិក​អ.ស.ប.​សរុប​ចំនួន​១៤១​បាន​បោះ​ឆ្នោត​គាំទ្រ។ ប្រទេស​ចំនួន​៥​បាន​បោះឆ្នោត​ប្រឆាំង​និង​ប្រទេស​ចំនួន​៣៥​ទៀត​បាន​បោះឆ្នោត​អនុបវាទ​ឬ​មាន​ន័យ​ថា​ជា​ប្រទេស​នៅ​ស្ងៀម​ជា​កណ្តាល។បណ្តា​ប្រទេស​ដែល​បាន​បោះឆ្នោត​ប្រឆាំង​រួម​មាន​បេឡារុស​កូរ៉េ​ខាងជើង​ រុស្ស៊ី និង​ស៊ីរី។​

​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ Fresh News លោក​ Anatoly Borovik​ ឯក​អគ្គ​រដ្ឋទូត​រស្ស៊ី​ក៏​បាន​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច​ថា​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ភូតភរ​កុហក​អំពី​សកម្មភាព​កងទ័ព​រុស្ស៊ី​និង​ថា​«បណ្ដា​ប្រទេស​លោក​ខាងលិច​បាន​ខិតខំ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​និង​បាន​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រុស្ស៊ី​ទាំង​អស់​ប៉ុន្ដែ​គេ​មិន​បាន​បិទ​ប្រព័ន្ធ​បំពង់​ប្រេង​របស់​រុស្ស៊ី​នោះ​ទេ»។​

ជំនួប​រវាង​លោក​ Anatoly Borovik​ ឯក​អគ្គ​រដ្ឋទូត​រស្ស៊ី​និង​លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ធ្វើ​ឡើង​ស្របពេល​សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​នៅ​ពេល​ឆាប់ៗ​នេះ​នូវ​ទឹក​ប្រាក់​រហូត​ដល់​៧៥០​លាន​ដុល្លារ​ដែល​ជា​ជំនួយ​សន្តិសុខ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​នៅពេល​ដែល​មេ​ដឹកនាំ​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​អំពាវនាវ​សុំ​ជំនួយ​កាន់តែ​ច្រើន​ឡើង​ទៀត​ដើម្បី​វាយ​បក​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី។​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ចុះផ្សាយ​ថា​ជំនួយ​ការ​ជាន់​ខ្ពស់​ម្នាក់​នៃ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថាខណៈ​កញ្ចប់​ជំនួយ​ចុង​ក្រោយ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ​កញ្ចប់​ជំនួយ​នេះ​ទំនង​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​និង​កាំភ្លើង​បាញ់​ផ្លោង​ផង​ដែរ។​

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថាកងទ័ព​អ៊ុយក្រែន​បាន​ទទួល​យន្តហោះ​ដ្រូន​ Switchblade​ ចំនួន​១០០ គ្រឿង​ដែល​បំពាក់​ក្បាល​គ្រាប់​សម្រាប់​កម្ទេច​រថក្រោះ​ហើយ​ដែល​ត្រូវ​បាន​សន្យា​ជាផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​សន្តិសុខ​ចំនួន​៣០០​លាន​ដុល្លារ​កាល​ពី​ដំបូង​មក។​

យន្តហោះ​ដ្រូន​ដែល​នៅ​សេស​សល់​ផ្សេង​ទៀត​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ​ហើយ​ការ​បន្ថែម​កាំជ្រួច​មីស៊ីល​ Javelin​ ប្រឆាំង​រថក្រោះ​ក៏​នឹង​ទៅ​ដល់​នៅ​សប្តាហ៍​ក្រោយ​នេះ​ផង​ដែរ។​

ដោយ​ឡែក​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson ​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​នូវ​ការ​តាំងចិត្ត​របស់​ខ្លួន​ដើម្បី​បន្ត​ផ្តល់​ជំនួយ​សន្តិសុខ​និង​មនុស្សធម៌​ដល់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រឈម​ភាព​ព្រៃផ្សៃ​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​ពី​សំណាក់​រុស្ស៊ី។​

លោក​ប្រធានាធិបតី ​Biden ​ក៏​បាន​បង្កើន​វោហាសាស្ត្រ​ប្រឆាំង​នឹង​រុស្ស៊ី​ដោយ​បាន​ចោទ​ប្រកាន់​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បង្កើត​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕​