ក្រសួង​ការបរទេស​កម្ពុជា៖ ក្នុង​ឆ្នាំ​២០២៣ ពលរដ្ឋ​ប្រមាណ​៨ពាន់នាក់​ត្រូវបាន​ជួយ​សង្រ្គោះ​ពី​ក្រៅ​ប្រទេស

រូបឯកសារ៖ ពលករខ្មែរម្នាក់ធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការងារ។

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្រ្គោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ ៨ពាន់​នាក់ ក្នុង​នោះ​មាន​អ្នក​រងគ្រោះ​ដោយ​សារ​អំពើ​ជួញដូរ​មនុស្ស​ផង​ដែរ។

ក្រសួង​ការបរទេសបញ្ជាក់​ក្នុង​របាយការណ៍​ថា​៖ «ចំពោះ​ការជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស ដោយ​មាន​ការ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​មហាផ្ទៃ ​[គឺ]​ក្រសួង​បាន​ផ្តល់​ការ​គាំទ្រ​ និង​សម្រប​សម្រួល​មាតុ​ភូមិនិវត្តន៍​ដល់​ពលរដ្ឋ​ខ្មែរ ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិសេរីភាព​នៅ​បរទេស ​និង​អំពើជួញ​ដូរ​មនុស្ស​ចំនួន​ ៧​.៩៥៣​នាក់ ពី​ប្រទេស​ថៃ ឡាវ វៀត​ណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី»។

ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​កម្ពុជា​មិន​បាន​បញ្ជាក់​ថា ​តើ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ៨​ពាន់​នាក់ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​នោះ មាន​ប៉ុន្មាន​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ឡើយ​។ ក្រសួង​ក៏​មិន​បាន​បញ្ជាក់​ថា ​តើ​ការ​ជួញដូរ​មនុស្ស​ស្ថិត​ក្នុង​ទម្រង់​អ្វី​ឡើយ។

បើ​តាម​របាយការណ៍​ដាច់​ដោយ​ឡែក​មួយ​ចេញ​ផ្សាយកាល​ពី​ឆ្នាំ​មុន ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បង្ហាញ​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ ដោយ​ក្រសួង​បញ្ជាក់​ថា​ខ្លួ ន​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៅ​បរទេស និង​អំពើជួញ​ដូរ​មនុស្ស​ចំនួន ​៧.​៩៥៣​នាក់​។ ចំនួន​នេះ​ដូច​គ្នា​នឹង​ឆ្នាំ​ ២០២៣ ​ដែរ។

ជុំវិញ​តួលេខ​នេះ ​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​មិន​ទាន់​អាច​បញ្ជាក់បន្ថែម​បាន​នៅ​ឡើយ​ទេ ​ដោយ​លោក​ថា​កំពុង​ជាប់​រវល់​នៅ​ក្នុង​កិច្ច​ប្រជុំ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ អ្នកស្រី ជូ ប៊ុនអេង អះអាង​ថា តួលេខ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​រ​ង​គ្រោះ​ដោយ​សារ​ការ​រំលោភ​សិទ្ធសេរីភាព និង​អំពើ​ជួញ​ដូរ​មនុស្ស​ជិត​ ៨​ពាន់​នាក់ គឺ​ជា​ការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការងាររបស់​មន្ត្រី​ស្ថាន​ទូត ​ប៉ុន្តែអ្នកស្រី​មិន​អាច​បញ្ជាក់​ថា ​តើ​វា​ជា​ករណី​ជួញដូរ​មនុស្ស​កម្រិត​ណា​នោះ​ទេ។

បើ​តាម​អ្នកស្រី ជូ ប៊ុនអេង ការងារ​ដែល​ក្រសួង​ការបរទេស​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ទាំង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​ហួស​សុពលភាពឯកសារ​អន្តោ​ប្រវេសន៍ ​ដែល​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ។​ អ្នកស្រី​បញ្ជាក់​ថា ​តួលេខ​នេះ​មិន​អាច​រាប់​បញ្ចូល​ថា​ជា​ករណី​ជួញដូរ​មនុស្ស​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹងភាព​រវល់​របស់​គាត់​ដែល​គាត់​បញ្ជូន​ពល​រដ្ឋខ្មែរ ​ដែល​មាន​បញ្ហា​តាម​រយៈការ​សម្រប​សម្រួល​របស់​គាត់​ហ្នឹង​ គឺវា​មាន​ច្រើ​ន​អ៊ីចឹង​មែន​។ អ៊ីចឹង​ តួលេខ​៧​ពាន់​[នាក់​]ជាង​ដែល​ក្រសួង​ការបរទេស​រាយ​ការណ៍​ហ្នឹង គឺ​យើង​មិន​បដិសេធ​ទេ។ ប៉ុន្តែ​រឿង​ដែល​សំខាន់ ខ្ញុំ​ចង់​ញែក​ឱ្យ​ច្បាស់​ចំពោះ​អ្នកដែល​បាន​ស្តាប់​ឮ​សេចក្តី​រាយ​ការណ៍​ហ្នឹង​ថា​មិន​មែន​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ទេ​ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង»។

បើ​តាមអ្នកស្រី ​ជូ ប៊ុនអេង ក្រសួង​មហាផ្ទៃ​កំពុង​ធ្វើការ​ជាមួយ​ស្ថា​ប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ទិន្នន័យ​នៃ​អំពើ​ជួញដូរ​មនុស្ស​មានភាព​ច្បាស់​លាស់ និង​កុំ​ឱ្យ​ប៉ះពាល់​មុខ​មាត់​កម្ពុជា ដែល​អ្នកស្រី​ថា តែង​តែ​មាន​ការ​ចោទ​ថា​កម្ពុជា​សម្បូរ​ដោយ​ក​រណី​ជួញ​ដូរ​មនុស្ស។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​កំពុង​តែ​ធ្វើ​ការងារ​ផ្នែក​នេះ​បន្ត​ទៀត ទាក់​ទង​រឿង​ទិន្នន័យ​ដែល​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​មាន​ប៉ុន្មាន​ឱ្យ​ប្រាកដ​ពាក់​ព័ន្ធ​អំពើ​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត យើង​នឹង​មាន​ទិន្នន័យ​ជាក់​លាក់​ជាង​នេះ។ ឆ្នាំ​មុន ក៏​យើង​បាន​ជជែក​គ្នា​ដែរ​ ប៉ុន្តែ​យើង​អត់​ទាន់​រក​ចំណុច​រួម​មួយ​ដែល​ធ្វើ​ឱ្យ​មាន​សង្គតិ​ភាព រវាង​ទិន្នន័យ​ពី​ក្រសួង​ស្ថាប័ន​មួយ ទៅ​ក្រសួង​ស្ថាប័ន​មួយ ពីព្រោះ​ក្រសួង​ស្ថាប័ន​នីមួយ​ៗ គាត់​ព្យាយាមធ្វើការ​ពន្យល់​ពី​របៀប​របប​ការងារ​ ក៏​ដូចជា​ស្នាដៃ​របស់​អង្គភាព​»។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ករណី​ជួញដូរ​មនុស្ស ក្នុង​ឆ្នាំ​ ២០២៣ មានជាង ​១៦០​ករណី ដែល​មាន​ជន​បរទេស​និង​ជនជាតិ​ខ្មែរ​ជាង ​២០០​នាក់​រង​គ្រោះ​។ មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​រូបនេះ​ក៏បាន​ឱ្យ​ដឹង​ដែរថា ​ក្នុង​ឆ្នាំ​ ២០២៣ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​នៅ​ប្រទេស​ចិន ទាក់​ទង​នឹង​ការ​រាយ​ការណ៍​អំពី​ការ​ជួញ​ដូរ​មនុស្ស​បាន​ប្រមាណ ​២០០​នា​ក់។

ប៉ុន្តែ​អ្នកស្រី​ថា​ករណី​ខ្លះ​មិន​ដូច​អ្វី​ដែល​ពលរដ្ឋ​រាយ​ការណ៍​នោះ​ទេ ​ដោយ​ស្ត្រី​មួយ​ចំនួន​បាន​រង​គ្រោះ​តាម​រយៈ​ការ​រៀប​ការ​ជាមួយ​ជន​ជាតិ​ចិន លុះ​ពេល​ពពោះ​រួច​រាល់​ហើយ ត្រូវ​បាន​បណ្តេញ​ចេញ​មក​ប្រទេស​កម្ពុជា​វិញ។ អ្នកស្រី​បន្ថែម​ថា​អំពើ​ជួញ​ដូរ​មនុស្ស​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ដែលអាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត។

គួរ​បញ្ជាក់​ថា​ កាល​ពី​ដើម​ខែ​មីនា អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​នៅ​ប្រទេស​ចិន ក្រោយ​ស្រ្តី​ម្នាក់​នោះ​បាន​អំពាវនាវ​ឱ្យ​ជួយ​សង្រ្គោះ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​៕