ការផ្ទេរអំណាចពីឪពុកទៅកូនត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងនៅចុងខែក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរឆ្នាំរបស់លោកទទួលបានជោគជ័យដូចការរំពឹងទុក និងបន្តកាន់អំណាចតទៅទៀត ដោយឈ្នះអាសនៈចំនួន ១២០ ក្នុងចំណោមអាសនៈទាំង ១២៥ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
វាជាលទ្ធផលដែលត្រូវបានគេរំពឹងទុកសម្រាប់ការបោះឆ្នោតជាតិមួយដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានពិពណ៌នាថា «មិនសេរី និងយុត្តិធម៌» បន្ទាប់ពីមានការដកសិទ្ធិចូលរួមពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចម្បង និងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមអ្នកដែលប្រឆាំងនឹងមេដឹកនាំផ្តាច់ការ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានលើកឡើងដែរថា សហរដ្ឋអាមេរិកបានចាត់វិធានការនានាដើម្បីរឹតត្បិតទិដ្ឋាការ «លើបុគ្គលដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ» និងបាន «ផ្អាកអនុវត្តកម្មវិធីផ្តល់ជំនួយបរទេសមួយចំនួន»ផងដែរ។ ប្រទេសផ្សេងទៀត រួមទាំងអូស្ត្រាលី និងប្រទេសក្នុងសហភាពអឺរ៉ុបក៏បានរិះគន់ដំណើរការបោះឆ្នោតនេះផងដែរ។
ប្រភពនានាបានឱ្យដឹងថា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែសីហាខាងមុខ នៅពេលដែលរដ្ឋសភាគ្រោងនឹងបើកអង្គប្រជុំ បន្ទាប់ពីលោក ហ៊ុន សែន វ័យ ៧០ ឆ្នាំបានបញ្ចប់ការមន្ទិលនានាអំពីថាតើពេលណាដែលលោកនឹងចុះចេញពីតំណែងនោះ។
លោក ហ៊ុន សែន បានប្រាប់ទូរទស្សន៍ Phoenix TV របស់ប្រទេសចិនកាលពីពេលថ្មីៗនេះថា៖ «ខ្ញុំជឿថា ម៉ាណែតមានលទ្ធភាពខ្ពស់ជាងខ្ញុំ។ ខ្ញុំជាអ្នកលះបង់ធំជាងគេ។ ឥឡូវនេះ ខ្ញុំកំពុងអង្គុយក្នុងអំណាចពេញដៃ តែមួយខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខាដូចថ្ងៃនេះទេ»។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានស្តារជំហររបស់ខ្លួនឡើងវិញ និងបានជួយបញ្ចប់ឋានៈជារដ្ឋឯកបក្សរបស់ប្រទេសនេះ។ ប៉ុន្តែដោយមានអាសនៈចំនួនត្រឹមតែ ៥ ក្នុងរដ្ឋសភា គណបក្សនេះនឹងមានឥទ្ធិពលតិចតួច ខណៈដែលគណបក្សតូចៗចំនួន ១៦ ផ្សេងទៀតប្រហែលជាអាចប្រមូលបានសំឡេង ១% នៃសំឡេងឆ្នោតទាំងអស់។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីបានថ្លែងថា៖ «ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ មក វាគ្រាន់តែជាការផ្តួលរំលំគណបក្សប្រឆាំងតែប៉ុណ្ណោះ ហើយបន្ទាប់មក ធ្វើឱ្យស្ថានភាពកាន់តែតានតឹង។ ដូច្នេះ ការបោះឆ្នោតនេះគ្រាន់តែជាការចម្លងពីការបោះឆ្នោតចុងក្រោយប៉ុណ្ណោះ។ ខ្ញុំហៅវាថាជាកិច្ចការដ៏ស្រួលបំផុតមួយ»។
លោក Thayer បានថ្លែងថា ជីវិតរស់នៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក មិនត្រូវបានគេរំពឹងថា នឹងល្អប្រសើរឡើងជាមួយនឹងការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត វ័យ ៤៥ ឆ្នាំនោះទេ ទោះបីជាលោកមានប្រវត្តិសិក្សានៅក្រៅប្រទេសក្តី។ លោក ហ៊ុន ម៉ាណែត ជានិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកក្នុងទីក្រុង West Point និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស។
លោក ហ៊ុន សែន ត្រូវបានគេរំពឹងថានឹងនៅតែជាតួអង្គសំខាន់ក្នុងនយោបាយកម្ពុជា ហើយបន្តប្រើប្រាស់ឥទ្ធិពលរបស់លោកតាមរយៈតំណែងជាន់ខ្ពស់ក្នុងការិយាល័យនយោបាយ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ក៏ធ្លាប់ថ្លែងថា លោកចង់ឃើញចៅប្រុសរបស់លោកក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០៣០ផងដែរ។
រដ្ឋមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងថា នឹងប្រគល់អំណាចរបស់ខ្លួនទៅឱ្យកូនប្រុសរបស់ពួកគេ ដោយធានាថា វណ្ណៈនយោបាយនៅកម្ពុជា អភិជនជំនួញដែលកំពុងកាន់អំណាច និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែមិនមានការផ្លាស់ប្តូរ។
លោក Thayer បានថ្លែងថា៖ «ប្រសិនបើលោក ហ៊ុន សែន គាំទ្រចិន ៩០% នោះលោក ហ៊ុន ម៉ាណែត ប្រហែលជាគាំទ្រ ៨៥%»។
លោក Bradley Murg អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) គាំទ្រការលើកឡើងរបស់លោក Thayer ។ លោក Murg បានថ្លែងថា នឹងមានការផ្លាស់ប្តូរតិចតួចក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលបច្ចប្បន្ននេះជាឧត្តមសេនីយផ្កាយបួន និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោក Bradley Murg បានប្រាប់ VOA ថា៖ «លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយជាមួយគ្នានេះ នឹងមានការផ្លាស់ប្តូរជំនាន់នៃការដឹកនាំ និងការកែលម្អអភិបាលកិច្ចដែលគេរំពឹងទុក នៅតាមក្រសួងមួយចំនួនដែលនឹងមានភាពវិជ្ជមាន»។
«ទន្ទឹមនឹងនេះ បញ្ហាប្រឈម និងកង្វល់របស់តួអង្គសង្គមស៊ីវិលផ្សេងៗ មិនមានហេតុផលណាមួយក្នុងការរំពឹងថា នឹងមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពបច្ចុប្បន្ននោះទេ»។
នោះក៏មានន័យដែរថា បញ្ហាដែលចិនសង់មូលដ្ឋានទ័ពជើងទឹកនៅសមុទ្ររាមនៅឆ្នេរសមុទ្រខាងត្បូង និងការចាប់ដាក់ពន្ធនាគារសកម្មជននយោបាយ ដែលរួមមានលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព និងកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង នឹងនៅតែដដែល។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការដោះលែងពួកគេ ហើយនៅថ្ងៃទី១៣ ខែកក្កដា ក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តបានរកឃើញថា កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសពីបទក្បត់ជាតិ និងត្រូវបានដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំសម្រាប់ការបង្ហោះហ្វេសប៊ុកចំនួន ២ ត្រូវបាន «ឃុំខ្លួនតាមទំនើងចិត្តដោយបំពានច្បាប់អន្តរជាតិ»។
លោក Thayer បានថ្លែងថា៖ «មានជនជាតិអាមេរិកត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី និងនៅកូរ៉េខាងជើង ដោយសារទាហានអាមេរិកាំងទាំងនោះបានឆ្លងព្រំដែន ហើយឥឡូវ នេះជាករណីនៅកម្ពុជា។ វានឹងមិនមែនជាដំណើរការងាយស្រួលទេសម្រាប់កម្ពុជា។ នេះមិនមែនជាពេលដែលត្រូវឃុំខ្លួនជនជាតិអាមេរិកាំងដោយខុសច្បាប់នោះទេ»។
ថ្ងៃបោះឆ្នោតបានកន្លងផុតទៅដោយស្ងាត់ស្ងៀម បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតខ្វះការចូលរួមពីគណបក្សភ្លើងទៀន។ អ្នកនិពន្ធវ័យ ២៩ ឆ្នាំម្នាក់នៅរាជធានីភ្នំពេញបានថ្លែងថា៖ «វាមិនគួរឱ្យរំភើបដូចការបោះឆ្នោតមួយទសវត្សរ៍មុននោះទេ ដែលយើងមានគណបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការរបស់ពួកគេ ហើយមានមនុស្សជាច្រើនចូលរួម»។
លោកបានបន្ថែមថា៖ «មិនថាមាននាយករដ្ឋមន្ត្រីថ្មី ឬចាស់នោះទេ វានឹងមិនមានអ្វីប្លែកនោះទេ»។
ស្មៀនវ័យ ២៧ ឆ្នាំម្នាក់បានថ្លែងថា៖ «មិនមានបញ្ហាអ្វីទេនៅការិយាល័យបោះឆ្នោតរបស់ខ្ញុំ។ ខ្ញុំគិតថា លោក ហ៊ុន ម៉ាណែត ត្រូវទទួលភារកិច្ចដ៏ក្តៅគគុក ដោយភាពជាអ្នកដឹកនាំត្រូវប្រគល់ទៅឱ្យមនុស្សជំនាន់ក្រោយ ហើយវាប្រហែលជាតំណែងដែលមិនងាយស្រួលកាន់ទេ ប៉ុន្តែខ្ញុំជឿថា គាត់អាចធ្វើបាន។ វាអាចចំណាយពេលយូរដើម្បីធ្វើកិច្ចការនោះ»។
សន្តិសុខត្រូវបានរឹតបន្តឹង ដោយប៉ូលិស និងបុគ្គលិកសន្តិសុខចំនួន ១០០.០០០ នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសចំពេលរដ្ឋាភិបាលមានការភ័យខ្លាចចំពោះការធ្វើពហិការដែលបំផុសគំនិតដោយក្រុមប្រឆាំង និងការតវ៉ាតាមរយៈសន្លឹកឆ្នោតដែលខូច។
គិតត្រឹមព្រឹកថ្ងៃចន្ទ ទី ២៤ ខែកក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា សន្លឹកឆ្នោតមិនបានការមានចំនួន ៤៤០.០០០ បើធៀបនឹងចំនួន ៥៩០.០០០ ក្នុងការបោះឆ្នោតឆ្នាំ២០១៨។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងដល់ ៨៤,៥៨% ដែលខ្ពស់ជាងចំនួនអ្នកចុះឈ្មោះកាលពី ៥ ឆ្នាំមុនបន្តិចដែលមានត្រឹមតែ ៨៣,២% ប៉ុណ្ណោះ។
អ្នកស្រី Astrid Noren-Nilsson ជាគ្រូបង្រៀនជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីបូព៌ា និងអាគ្នេយ៍នៃសាកលវិទ្យាល័យ Lund របស់ប្រទេសស៊ុយអែត។
អ្នកស្រី Noren-Nilsson បានប្រាប់ VOA ថា លោក ហ៊ុន ម៉ាណែត ព្យាយាមនៅស្ងាត់ស្ងៀមពេញមួយយុទ្ធនាការនេះ ហើយឥឡូវនេះនឹងធ្វើការដើម្បីរក្សាការបន្តអំណាច។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា ប្រទេសកម្ពុជាកំពុងមានទំនោរបន្តិចម្តងៗទៅរកការបោះឆ្នោតដោយគ្មានការប្រកួតប្រជែង និងច្បាប់ទម្លាប់ និងដើរចូលទៅក្នុងគន្លងថ្មីមួយដែលត្រៀមសម្រាប់អនាគតដ៏ខ្លីខាងមុខ»។
អ្នកស្រីថ្លែងទៀតថា៖ «ការបោះឆ្នោតនេះគឺសំដៅលើការធ្វើឱ្យមានការផ្លាស់ប្តូរជំនាន់នេះ ដោយមានការបោះឆ្នោតដ៏មានប្រជាប្រិយភាពមួយ»៕
កញ្ញា សារុំ ស្រីណាត ចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។