អព្យាក្រឹតភាព​និង​ឯករាជ្យ​ភាព​របស់​ គ.ជ.ប នៅតែ​ត្រូវបាន​ចោទ​សួរ ខណៈ​មាន​អំណះ​អំណាង​ផ្លូវ​ច្បាប់​និង​បទបញ្ញត្តិ

ការិយាល័យកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ភ្នំពេញ — គិតចាប់តាំង​ពី​ឆ្នាំ ១៩៩៣ មក កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​សរុប​ប្រមាណ ១១ លើក​មក​ហើយ បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​ត្រូវបាន​បញ្ចប់​ទៅ ដោយ​នាំ​មក​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣ ​ដែល​ជា​ច្បាប់​កំពូល​ក្នុង​ប្រទេស​ ដោយ​បាន​កំណត់​មាគ៌ា​និង​ប្រព័ន្ធ​នយោបាយ​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​សេរីពហុបក្ស។

សម្រាប់​ការ​បោះឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩៣ កម្ពុជា​បាន​ទទួល​ជំនួយ​ពីអាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC)។ ក៏ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៨ កម្ពុជា​បាន​សម្រេច​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដោយ​ខ្លួនឯង​ ដើម្បី​ដឹកនាំ ត្រួតពិនិត្យ និង​រៀបចំ​ការ​បោះឆ្នោត ដោយ​យោង​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ (ច.ប.ត.រ) ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ក្នុង​ឆ្នាំ​ ១៩៩៧ ដើម្បី​ឱ្យ​ស្ថាប័ន​មួយ​នេះ​ ចាត់ចែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី ២ ឆ្នាំ ១៩៩៨ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី ១ ឆ្នាំ ២០០២។

ដោយ​មាន​សមាជិក​ប្រមាណ​ពី​ ៩នាក់ ទៅ ១១នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប ត្រូវ​បាន​កំណត់​ថា​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ដែល​ឯករាជ្យ និង​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច ឬ​ឥទ្ធិពល​នៃគណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ទោះ​បី​ជា​បាន​ដឹកនាំ​ ​ត្រួតពិនិត្យ​ និង​រៀបចំ​ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​ ប្រមាណ ១០ លើក​ ទាំង​ការ​បោះឆ្នោត​ជាតិ​និង​ឃុំ​សង្កាត់​ក្តី ​ក៏​សំណួរ​អំពី​អព្យាក្រឹតភាព​និង​ឯករាជ្យ​ភាព​របស់​ គ.ជ.ប នៅតែត្រូវបាន​បន្ត​ចោទសួរ​ដោយ​សហគមន៍​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​និង​អន្តរជាតិ ជាពិសេស​ក្រោយ​ពី​មាន​ករណី​ចម្រូងចម្រាស​ថ្មី​មួយ ​ពាក់ព័ន្ធ​នឹង​ការ​បដិសេដ​ការ​ចុះ​បញ្ជី​ឈ្មោះ​របស់​គណបក្ស​ប្រឆាំង​មួយ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នៅ​ខែ​កក្កដា​ ឆ្នាំ ២០២៣ នេះ។

លោក​ Lee Chung Lun មន្ត្រី​កម្មវិធី​យុទ្ធនាការ និង​តស៊ូ​មតិនៃ​បណ្តាញ​អាស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី (ANFREL) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច​អ៊ីមែល​ថា ក្នុង​បរិបទ​មុន​ការ​បោះឆ្នោត ANFREL ទទួល​ស្គាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ គ.ជ.ប ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ ការ​រៀបចំ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ និង​ការ​រាយការណ៍​ទាន់​ពេល​វេលា​នៃ​លទ្ធផល​បោះឆ្នោត។ ប៉ុន្តែ​លោក​ Lee បាន​កត់​សម្គាល់​ថា ឯករាជ្យ​ភាព និង​ភាព​មិន​លម្អៀងរបស់ គ.ជ.ប នៅ​តែ​ជា​បញ្ហា​ ដែល ANFREL បាន​កត់​សម្គាល់

លោក​ថ្លែង​ប្រាប់​វីអូអេ​ជា​ភាសា​អង់គ្លេស​ក្នុង​សម្តី​ដើម ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «អព្យាក្រឹតភាព និង​ភាព​មិន​លម្អៀង​របស់ គ.ជ.ប ត្រូវ​បាន​ចោទ​សួរ ដោយ​សារ​តែ​សមាសភាព​បច្ចុប្បន្ន ហើយ​អ្នក​ពាក់ព័ន្ធ​នឹងការ​បោះ​ឆ្នោត​ភាគ​ច្រើន​យល់​ឃើញ​ថា គ.ជ.ប បច្ចុប្បន្ន​ពេញ​ចិត្ត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ វត្តមាន​របស់​សមាសភាពនៅ​ក្នុង គ.ជ.ប ជាពិសេស​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដក​ចេញ​ពី​ដំណើរ​ការ​តែង​តាំង​ដោយ​សារ​តែ​ការ​ត្រួតត្រា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋ​សភា​បច្ចុប្បន្ន បាន​ធ្វើ​ឱ្យ​ស្ថាប័ន​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​មួយ​មិន​មាន​អព្យាក្រឹត និង​ឯករាជ្យ​ពិត​ប្រាកដ»។

លោក Lee បាន​លើកឡើង​បន្ថែម​ថា សមាសភាព​ដ៏​ល្អ​របស់ គ.ជ.ប គួរ​តែ​ឆ្លុះ​បញ្ចាំង​ពី​តំណាង​ចម្រុះ និង​រួម​បញ្ចូល​តំណាង​មកពី​គណបក្ស​នយោបាយ​ផ្សេងទៀត​ ដើម្បី​ឱ្យ​សមស្រប​នឹង​ក្រប​ខណ្ឌ​ច្បាប់​បច្ចុប្បន្ន។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៨ ​ដល់​ឆ្នាំ​ ២០០២ គ.ជ.ប មាន​សមាសភាព​ចំនួន​ ១១ រូប ដែល​ជា​ឥស្សរជន​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត តំណាង​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុ​ង​រដ្ឋ​សភា មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​តិ​ក្នុង​ស្រុក។ សមាជិក​គ្រប់​រូប​តម្រូវ​ឲ្យ​បោះបង់​ទំនាក់ទំនង​នឹង​គណបក្ស​នយោបាយ និង​មាន​ការ​គាំពារ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដក​ហូត​សមាជិក​ចេញ​ពី គ.ជ.ប តាម​អំពើ​ចិត្ត​ឡើយ។ នៅ​រៀងរាល់​អាណត្តិ​នៃ​ការ​បោះឆ្នោត គ.ជ.ប តែង​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាពប្រធាន​និង​សមាជិក ក៏ប៉ុន្តែ​សមាជិក​ភាគ​ច្រើនមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច។

មក​ដល់​ចន្លោះ​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០២១ សមាសភាព​នៃ​សមាជិក គ.ជ.ប ត្រូវ​បាន​ផ្លាស់ប្តូរដោយ​មាន​សមាជិក​មក​ពី​គណបក្ស​កាន់អំណាច​ចំនួន​បួន​រូប សមាជិក​មកពី​គណបក្ស​ប្រឆាំង​ចំនួន​បួន​រូប ខណៈប្រធាន​មួយ​រូប មកពី​គណបក្ស​កាន់​អំណាច។ នេះ​ជា​លទ្ធផលមួយ​នៃ​កិច្ចសន្ទនា​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា ​៤០​ភាគរយ​នៃ​ចំនួន​អ្នក​បោះឆ្នោត​សរុប សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣

ក៏​ប៉ុន្តែ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​។ ជា​លទ្ធផល សមាជិក​របស់​ គ.ជ.ប មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​ត្រូវ​បាន​ប្តូរ​ចេញ​ដោយ​ដាក់​តំណាង​មកពីស្ថាប័ន​មិនមែន​នយោបាយ​ ​និងគណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​ឃុំ​សង្កាត់របស់​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ត្រូវ​បាន​រំលាយ​ជំនួស​វិញ។

លោក ហង្ស ពុទ្ធា ដែល​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (NICFEC) ​បាន​សម្រេច​ចិត្តចូល​ធ្វើ​ជា​សមាជិក​ទី ៩ នៃគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​ឆ្នាំ ២០១៥ ក្នុង​អំឡុង​កិច្ច​សន្ទនា​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះជាតិ ដែលបាន​សម្រេច​ជ្រើស​រើស​សមាជិក​ឯករាជ្យ​ម្នាក់ ​ដែល​មិនស្ថិត​ក្នុង​គណបក្ស​នយោបាយ។

រូបឯកសារ៖ លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​ជំនាញ​ខាង​ដំណើរ​ការ​បោះឆ្នោត​ដែល​មាន​បទ​ពិសោធន៍​ជិត ៣០ ឆ្នាំ រូប​នេះ​ បាន​លើក​ឡើង​ថា ស្ថាប័ន គ.ជ.ប បាន​វិវត្ត​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ខ្លួន​កាន់​តែល្អ​ប្រសើរ​ឡើង ដោយ​មានការ​ចូល​រួម​សហការ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ឱ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នេះ​កាន់​តែ​រឹងមាំ។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជាអ្នកសង្កេត​តាម​ដាន​មើល​ការ​វិវត្ត​នៃ​ការ​បោះ​ឆ្នោត​ ខ្ញុំ​អាច​សម្លឹង​ឃើញ​ថា គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​ចំណុច​ដែល​ល្អ​នោះ​ គឺ​កម្ពុជា​មាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង​ ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព កែ​លម្អ ឱ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​ ជាពិសេស​គឺ​ការ​ចូលរួម​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​កាន់​តែ​មាន​ភាព​រឹង​មាំ»។

ឆ្លើយ​តប​នឹង​ការ​ចោទសួរ​អំពី​អព្យាក្រឹតភាព និង​ឯករាជ្យភាព​របស់​សហគមន៍​សង្គមស៊ីវិល​ក្នុង​តំបន់​ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ​ដែល​មិន​ស្ថិត​នៅ​ក្រោម​គណបក្ស ឬ​ឥទិ្ធពល​របស់​នរណា​ម្នាក់​ឡើយ។

លោក​ថ្លែង​ថា៖ «ហើយ​ក៏​ចង់​បញ្ជាក់​ដែរ​ថា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​គឺ គ.ជ.ប នឹង​រៀប​ចំ​ប្រកាស​ជា​សាធារណៈ ហើយ​ក៏​ចង់​បញ្ជាក់​ដែរ​ថា​គ្មាន​គណបក្ស​នយោបាយ​ណា​មួយ ឬ​បុគ្គល​ណា​មួយ​មាន​ឥទ្ធិពល​មក​លើ​ការ​បោះ​ឆ្នោត​បាន​ទេ»។

ទោះជា​យ៉ាងណា​ក្តី បញ្ហា​ចម្រូងចម្រាស​នានា​នៅតែ​បន្ត​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅក្នុង​ដំណើរការ​រៀបចំ​និង​ឃ្លាំ​មើល​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០២២ ដែល​ត្រូវបាន​គណបក្ស​នយោបាយ​និង​សង្គមស៊ីវិល​មួយ​ចំនួន​បានរកឃើញ។ ហើយ​ថ្មីៗ​នេះ​ បញ្ហា​ចម្រូងចម្រាស​ថ្មី​មួយ​ទៀត​ក៏​បាន​កើត​មាន​ឡើង គ្រា​ដែល​ គ.ជ.ប បាន​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​គណបក្ស​នយោបាយ​ប្រជែង​មួយ​របស់​គណបក្ស​កាន់អំណាច នៅក្នុងការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

បើ​យោង​តាម​មាត្រា​ ៣ នៃ​ច្បាប់​ស្តីពីការ​រៀបចំ និង​កា​រប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ សមាជិក​ទាំង​ឡាយ​នៃ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ឥត​លម្អៀងក្នុងការ​អនុវត្ត​ការងារ​បោះឆ្នោត។

រូបឯកសារ៖ សមាជិក​របស់​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​ នីតិកាលទី​ ៤ ​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់ ​គ.ជ.ប. រាជធានី​ភ្នំពេញ​។ (ទុំ ម្លិះ/វីអូអេ)

រូបឯកសារ៖ ពលរដ្ឋតម្រង់ជួររងចាំបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

កាល​ពី​ឆ្នាំ ២០២២ មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី ៥ បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ទាំង ១២៥ នៅ​រដ្ឋសភា​មក អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦៤ បាន​សេចក្តី​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ទៅ​កាន់​ គ.ជ.ប ដោយ​កំណត់​លក្ខខណ្ឌ​អប្បរមា​ចំនួន​ ៦​ ចំណុច។ ក្នុង​នោះ​រួមមាន បរិយា​កាស​នយោបាយ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ឆន្ទៈ​អ្នក​បោះ​ឆ្នោត និង​សិទ្ធិ​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឯករាជ្យ និង​អព្យាក្រឹតរបស់​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជការ និង​តុលាការ និងតួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

​ផ្តោត​លើ​ចំណុច​ស្តី​ពី​សមាសភាព​របស់​ គ.ជ.ប អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៦៤​ ចង់​ឱ្យ​ គ.ជ.ប មា​ន​សមាសភាព​ចម្រុះ ដោយ​បួននាក់​មក​ពី​គណបក្ស​កាន់​អំណាច​ ហើយបួន​នាក់​ទៀត​មកពី​គណបក្ស​ប្រឆាំង​ និង​សមាជិកមួយរូប​ចុង​ក្រោយ​ ត្រូវកំណត់​ជ្រើស​រើស​ដោយ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា។

ក៏​ប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​របស់ គ.ជ.ប ​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សា​ថា សមាសភាព​របស់​ស្ថាប័ន គ.ជ.ប នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រៀបចំឡើ​ង​ដោយ​អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​មិន​បាន​រំលោភ​លើ​បទបញ្ញត្តិ​ច្បាប់​ណាមួយ​នោះ​ទេ។

ទោះ​ជា​យ៉ាងណា​ក្តី អ្នក​ជំនាញ​ខាង​ដំណើរ​ការ​បោះឆ្នោត​ក្នុង​តំបន់​ យល់ថា សមាសភាព​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ត្រូវបាន​គេ​ចាត់ទុក​ជា​កញ្ចក់​មួយ​ ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ទំនោរ​នៃ​ការ​ធ្វើ​សម្រេច​សេចក្តី​ចិត្ត​ដោយ​អព្យាក្រឹតភាព​និង​ឯករាជ្យ​ភាព។

លោក Lee Chung Lun អ្នក​ជំនាញ​ប្រចាំ​អង្គការ ANFREL ប្រាប់​វីអូអេ​ជា​ភាសា​អង់គ្លេស​ក្នុង​សម្តី​ដើម​តាម​សារអេឡិចត្រូនិក​អ៊ីមែល ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ការ​មាន​សមាសភាព​ដែល​មាន​តុល្យភាព និង​តំណាង គឺ​ជា​គន្លឹះ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​សាធារណៈ​លើ​ឯករាជ្យភាព និង​អព្យាក្រឹតភាព​របស់ គ.ជ.ប ហើយ​ជា​អកុសល វា​មិនមែន​ជា​ករណី​សម្រាប់ គ.ជ.ប បច្ចុប្បន្ន​នោះ​ទេ»។

ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​របស់​ខ្លួន​ពី​ឥទ្ធិពល​ខាង​ក្រៅ ​លោក Lee ក៏​បាន​លើកឡើង​ពី​ចំណុច​មួយ​ចំនួន​ដែល គ.ជ.ប គួរ​ពិចារណា។ ក្នុង​នោះ​រួមមាន​ដូចជា៖

  • ​ពង្រីកការ​ផ្សព្វ​ផ្សាយ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទំនាក់​ទំនង​សាធារណៈ​របស់​ខ្លួន ដើម្បី​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត ដែល​រួម​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ
  • ​កែ​លម្អ​តម្លាភាពដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត និង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ហើយព័ត៌មាន និង​ទិន្នន័យ​សំខាន់ៗ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឱ្យ​សាធារណ​ជន​អាច​ចូល​ប្រើប្រាស់​បាន​យ៉ាង​ងាយ​ស្រួល។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ជាមួយ​នឹង​សេចក្តី​សម្រេច​ដ៏​ចម្បង​មួយ​របស់​ គ.ជ.ប កាលពី​ថ្ងៃទី១៥ ខែ​ឧសភា ដោយ​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​និង​បេក្ខជន​របស់​គណបក្ស​នេះ ដោយ​សារ​កង្វះ​លិខិត​ស្នាម​ ហើយ​ដែលសេចក្តី​សម្រេច​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ ដំណើរការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ដែល​ជា​ការ​បោះឆ្នោត​លើក​ទី ១១ ដែល​ គ.ជ.ប បាន​ដឹកនាំ​ ត្រួតពិនិត្យ និង​រៀបចំ​ នឹង​នៅតែ​ដិតដាម​ដោយ​ភាព​ចម្រូង​ចម្រាស ស្របពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក បណ្តា​អង្គ​ទូត​បរទេស​ប្រចាំ​កម្ពុជា អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច ដូចជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហភាព​អឺរ៉ុប បាន​ប្រតិកម្ម​ដោយ​បាន​ចាត់ទុក​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ថា​នឹង «មិន​សេរី និង​យុត្តិធម៌»