ភ្នំពេញ​នៅតែ​ជា​ទីក្រុង​ខ្វះ​ទឹក​នា​រដូវ​ក្តៅ

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយ​​នៅ​​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នា​​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ តែង​រង​នូវ​បញ្ហា​ខ្វះ​ទឹក​​​ម៉ាស៊ីន​សម្រាប់​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​ ជាពិសេស​ក្នុង​អំឡុង​រដូវ​ក្តៅ។ សម្រាប់​​ឆ្នាំ​នេះ តំបន់​ជាយ​ក្រុង​មួយ​ចំនួន​ បាន​និង​កំពុង​រង​បញ្ហា​អត់​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​​តាំង​ពី​ខែ​មករា​​មក។

ស្ទើ​តែរៀង​រាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវ​ប្រាំង​ដែល​អាកាស​ធាតុ​ចាប់​ផ្តើម​ក្តៅ​ខ្លាំង តាម​តំបន់​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ តែង​រង​នូវ​បញ្ហា​ទឹក​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃចេញ​ខ្សោយ ហើយ​តំបន់​ខ្លះ​មិន​មាន​ទឹក​សោះ​តែ​ម្តង។

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ តំបន់​ជាយ​ក្រុង​មួយ​ចំនួន​ដូចជា​ក្នុង​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ជា​ដើម បាន​និង​កំពុង​រង​បញ្ហា​អត់​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ តាំង​ពី​ខែ​មករា ឆ្នាំ​ ២០២២ មក។

​អ្នក​ស្រី​ វ៉ាន់ វលក្ខណ៍ អ្នក​លក់​ដូរ​ក្នុង​បុរី​មួយនៅសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ប្រាប់ VOA កាលពី​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ ថា ពលរដ្ឋ​រស់​នៅ​ក្នុង​បុរី​ដែល​អ្នក​ស្រី​រស់​នៅ​មិនមាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​មក ចំណែក​អ្នក​ស្រីទើប​តែអត់​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ក្នុង​សប្តាហ៍​នេះ​ប៉ុណ្ណោះ។​ អ្នកស្រីថា ​ក្នុង​តំបន់ដែល​អ្នក​ស្រី​រស់​នៅ​ គឺ​ដាច់​ទឹក​ជារៀង​រាល់​ឆ្នាំ ជា​ពិសេស​ក្នុង​អំឡុង​ខែ​មីនា និង​ខែ​មេសា ដែល​ជា​រដូវ​ក្តៅ។​

ស្រ្តី​វ័យ​ ៣០ ​ឆ្នាំ ដែល​មាន​កូន​តូចៗ​បី​នាក់​រូប​នេះ​ បាន​រៀបរាប់​បន្ថែម​ថា កង្វះ​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ ធ្វើ​ឲ្យ​អ្នក​ស្រី​ប្រឈម​នឹង​ការ​លំបាក​ក្នុងការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ខាត​ពេល​វេលា​សម្រាប់​ប្រកប​របរ​ផ្សេងៗ។​

អ្នក​ស្រី​ វ៉ាន់ វលក្ខណ៍ អ្នក​លក់​ដូរ​ក្នុង​បុរី​មួយនៅសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នាថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កំពុង​អង្គុយ​បង្ហូរ​ទឹក​ដាក់​ក្នុង​កាដុង​ពី​បាសាំង​ទឹក​ ដែល​ម្ចាស់​បុរី​ដាក់​ឲ្យប្រើ​បណ្តោះ​អាសន្ន អ្នកស្រី វ៉ាន់ វលក្ខណ៍​ ប្រាប់​ VOA ថា៖ «រាល់​ដង​ទឹក​យើង​បើក​ចេញ​មក ចេញ​តែ​ម្តង ដល់​ពេល​អានេះ​យើង​ត្រូវ​ចំណាយ​ពេល​កន្លះ​ម៉ោង​ ឬក៏​មួយ​ម៉ោង​អី​ត្រូវ​ជញ្ជូន​ទឹក​។ បើ​ថា​មាន​ទឹក​ទៅ​អត់​អីទេ ជួនណា​យើង​ត្រូវ​ជិះទៅ​ដើរ​រក​ទឹក​ដើម្បីយក​មក​ប្រើ។ និយាយ​ទៅខាត​ពេល​វេលា​ដែល​យើង​ត្រូវ​មាន​ពេល​វេលា​ធ្វើ​អី​ផ្សេង»។

ស្រដៀង​គ្នា​នេះ លោក ទ្រឹង លី ពលរដ្ឋ​ម្នាក់​ដែល​ប្រកប​របរ​បោក​អ៊ុត​ក្នុងសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និយាយ​ថា ​ក្នុង​រយៈពេល​ប្រមាណជា​ ៥​ ឆ្នាំ​ ដែល​លោក​រស់​នៅ​តំបន់​នោះ​ករណី​ដាច់​ទឹក​តែង​កើត​មាន​ស្ទើ​រាល់​ឆ្នាំ។ លោក​ថា សម្រាប់​ឆ្នាំ​នេះ​លោក និង​ពលរដ្ឋ​តំបន់​នោះ​លែង​មាន​ទឹក​ប្រើប្រាស់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​មក​ម្ល៉េះ។

«រាល់ដង​ឆ្នាំ​មុន​អី ជួនកាល​ដល់​ខែ​បួន​ឬក៏​អី​បាន​ដាច់ តែ​លើក​នេះ​ដាច់​តាំងខែ​មួយ​មក។ ហើយ​បើ​សិន​ជា​ដាច់​ លើក​មុន ពេល​យប់​មក​ហើយ។ តែ​អានេះ​អត់​ទេ ដាច់​រហូត​តែម្តង។ មួយ​ថ្ងៃ ពីរ​ថ្ងៃ បី​ថ្ងៃ អត់​ទឹក​ប្រើ​តែម្តង។ ដល់​ហើយ​ពិបាក។ ជួនកាល​ទៅ​យកទឹកផ្ទះ​បង​ប្អូន ទៅ​យក​ទឹក​ឆ្ងាយៗ​ណាស់»។

លោក លី បន្ថែម​ថា ការ​ដែល​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំថ្ងៃ និង​ជីវភាព​របស់​លោក​ជា​អ្នក​បោក​អ៊ុត។

«ជួន​កាល​យក​ទៅ​បោក​ [ខោអាវ] នៅ​ទួល​គោក ផ្ទះ​បងប្អូន។ ទៅ​បោក​នៅ​ឯណោះ​វិញ។ យើង​ជញ្ជូន​ចុះ​ជញ្ជូន​ឡើង វា​ហត់ ខាត​ពេល»។

យោង​តាម​អង្គការ​អន្តរជាតិ​មួយ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធនឹង​ទឹក និង​អនាម័យ ឈ្មោះថា Water.org​ ប្រជាជនក​ម្ពុជាជា​ង ​២លាន​នាក់​ខ្វះ​ទឹក​ស្អា​ត​ប្រើប្រាស់ និង ​៣ ​លាន​នាក់​ខ្វះ​លទ្ធភាព​ទទួល​បាន​អនាម័យ​ប្រសើរ។

ចំណែក​​អង្គការ​សុខភាព​ពិភព​លោកបញ្ជាក់​ថា ទឹក​កខ្វក់ និង​អនាម័យ​មិន​ល្អ បណ្តាល​ឲ្យ​មានជំងឺ​អាសន្ន​រោគ រាគរូស រលាក​ថ្លើម​ប្រភេទ A ជំងឺ​គ្រុន​ពោះវៀន និង​ជំងឺ​ស្វិតដៃជើង។ កង្វះ​ការ​គ្រប់គ្រង​ទឹក និង​អនា​ម័យ ធ្វើឱ្យ​បុគ្គល​ម្នាក់ៗ​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ខ្ពស់​។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់​នៅក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល និង​កំពុង​ខ្វះទឹក​ប្រើប្រាស់​ដែរ លោក ណា បញ្ញា និយាយ​ថា នៅ​តំបន់​ដែល​លោក​រស់​នៅ មិនមាន​ទឹក​ស្អាត​ប្រើប្រាស់​ជាច្រើន​ថ្ងៃ​មក​ហើយ។ លោក​ថា​ ទឹក​ជា​វត្ថុ​សំខាន់មិន​អាច​ខ្វះ​បាន ដែល​រដ្ឋាភិបាល​គួរ​តែ​ចេះប៉ាន់​ស្មាន​ពីការ​អភិវឌ្ឍ និង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ត្រៀម​បង្កើត​ស្ថានីយ៍ចម្រាញ់​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជាមុន។

លោក​បន្ថែម​ថា ក្នុង​ករណីដែល​រដ្ឋាភិបាល​មិន​អាច​ផលិត​ទឹក​ស្អាត​បាន​ទាន់​ពេល នោះ​គួរ​តែ​មាន​វិធានការ​សម្រួល​ដល់​ពលរដ្ឋ​ក្នុង​តំបន់ជាយ​ក្រុង ឲ្យ​មាន​ទឹក​ប្រើ​ប្រាស់​ក្នុង​កម្រិត​ណា​មួយ។

«ក្នុង​ពេល​កាលៈទេសៈ​នេះ ​វា​ជា​ពេល​ប្រថុច​ញ៉ុច ​មិន​អាច​ផលិត​ស្ថានីយ៍​ចម្រាញ់​ទឹក​បាន​ទាន់ អ៊ី​ចឹង​គួរ​តែ​មាន​វិធី ដូច​ថា​ផ្តាច់តំបន់​មួយ មួយ​ថ្ងៃ​អ៊ីចឹង​ទៅ ហើយ​តំបន់​មួយ​ទៀត​ចាំ​បើក​ឲ្យមួយ​ថ្ងៃ​អ៊ីចឹង​ទៅ។​ មួយ​ថ្ងៃ​ម្នាក់​ម្តងៗ ប្រើ​ម្នាក់​ម្តង​អ៊ីចឹង​ទៅ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វះ​ខាត។ មិនមែន​ម្តង​ពី​របី​ថ្ងៃ​តំបន់​មួយ គ្នា​បាន​អីប្រើ?»។

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយនៅសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នាថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ទ្រឹង លី ពលរដ្ឋ​ម្នាក់​ដែល​ប្រកប​របរ​បោក​អ៊ុត​ក្នុងសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យកំពុង​ឈរ​ចាំ​ដឹក​ទឹក​យក​ទៅផ្ទះ អំឡុង​ពេល​ខ្វះ​ទឹក​ប្រើប្រាស់ នាថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

តំបន់​ជាយ​ក្រុង​នៅ​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​អំឡុង​រដូវ​ក្តៅ តាំង​តែ​ពី​ឆ្នាំ​ ២០១៦ មក។ ប៉ុន្តែ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ហាក់​មិន​ដឹង​ច្បាស់​អំពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ពួកគេ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​រដូវ​ក្តៅ​នោះ​ទេ។

លោក ប៊ុន សារ៉េត ​អ្នក​ស្រាវជ្រាវ និង​ជា​សាស្រ្តាចារ្យ​ផ្នែក​បរិស្ថាន​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា លើក​ឡើង​ថា កង្វះ​ទឹក​ស្អាតសម្រាប់​ប្រើប្រាស់​នៅ​ជាយ​រាជធានី​ភ្នំពេញ គឺ​បណ្តាល​មក​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​ទឹក​ក្នុង​រដូវ​ក្តៅ ការ​ផ្គត់​ផ្គង់​ទឹក​របស់​រដ្ឋាករ​មិនទាន់​គ្រប់​គ្រាន់ និង​កំណើន​នៃ​ការ​រីក​ធំ​របស់​ទីក្រុង។​ លោកបន្ថែម​ថា កង្វះ​ទឹកស្អាតធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

«បញ្ហា​ដែល​ជាមុន​គេ គឺ​ទាក់​ទង​ជា​មួយ​នឹង​អនាម័យ​។ ប្រសិន​បើ​អត់​មាន​ទឹក​គ្រប់គ្រាន់​ទេ គឺ​ពួក​គាត់​ពិបាក​ក្នុងការ​ស់​នៅ​ មាន​ន័យ​ថា Lifestyle [របៀប​រស់នៅ] របស់​គាត់គឺវា​អត់​បាន​ល្អ។ ហើយ​ទីពីរ​ទាក់ទង​នឹង​អនាម័យ គាត់​អត់​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ទេ»។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​រូប​នេះ​បន្ថែមថា៖ «វា​ក៏​ប៉ះពាល់​ដែរ​ទាក់ទង​ជាមួយ​នឹង​ការងារ ​ដោយសារ​តែ​ពេល​ខ្លះ​គាត់​ត្រូវ​ធ្វើ​ការ ជាពិសេស​កូវីដ​អ៊ីចឹង​ អ្នកខ្លះ​គាត់​ធ្វើការ​ពី​ផ្ទះ​ ប្រសិនបើ​គាត់​អត់​មាន​ទឹក​គ្រប់គ្រាន់​ធ្វើ​ឲ្យ​លទ្ធផល​ការងារ មាន​ន័យ​ថា​គាត់​ធ្វើការ​អត់​បាន​ពេញ​ដៃ​ពេញ​ជើង។ អ្នក​ខ្លះ​គាត់​ត្រូវ​ធ្វើ​អាជីវកម្ម​នៅ​ផ្ទះ គាត់​ត្រូវ​ចំណាយ​ពេល​ទៅ​រក​ទឹក ធ្វើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​វា​អត់​សូវ​បាន​ផល​ច្រើន»។

បើ​តាម​លោក ប៊ុន សារ៉េត រដ្ឋាភិបាល​គួរ​សិក្សា​ជាមុនអំពី​ផលិត​ភាព​នៃ​ការ​ផលិត​ទឹក​ស្អាត ជាមួយ​កំណើនតម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

«ទាមទារ​ឲ្យ​មាន​ការ​ចូលរួមពី​ខាង​រាជរដ្ឋាភិបាល​ដើម្បី​ជួយ ដូចជាត្រូវ​ធ្វើ​ការ​សិក្សា​លើ​ប្លង់​មេ​របស់​ទីក្រុងភ្នំពេញ​ថា ​តើ​ទីក្រុង​នឹង​រីក​ដល់​កម្រិត​ណា ហើយ​ប្រព័ន្ធ​ស្រោច​ស្រព​នឹង​ត្រូវ​ការ​បណ្តាញ​មេ​ដល់​កម្រិត​ណា ក៏​ដូចជា​ទាក់ទង​ជាមួយនឹង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត។​ រដ្ឋាភិបាល​គាត់​ត្រូវ plan [មាន​គម្រោង] មុន ថា​តើ​គាត់​ត្រូវ​ពង្រីក​ឲ្យ​ដល់​ណា ដើម្បី​ផ្គត់​ផ្គង់​ដល់​ប្រជាពលរដ្ឋ នៅ​ដល់​កំណើន​របស់​ប្រជាពលរដ្ឋ»។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ឡុង ណារ៉ូ ​អគ្គនាយក​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ប៉ុន្តែ​លោក​មិន​ព្រម​ឆ្លើយ​តប។​

កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​បាន​ចេញ​សេចក្តី​ជូនដំណឹងមួយ​ស្តីពី​ស្ថានភាព​នៃ​ការ​ផ្គត់​ផ្គង់​ទឹកក្នុង​រដូវ​ប្រាំង​ឆ្នាំ​ ២០២២ ដោយ​បញ្ជាក់ថា រដ្ឋាករ​ទឹក​បាន​កែ​លម្អ ​និង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី និង​ពង្រីក​បណ្តាញចែ​ក​ចាយ​ថ្មី​ជា​បន្ត​បន្ទាប់ ដើម្បី​សម្រេច​បាន​នូវ​ការផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ និង​ទី​ក្រុង​តាខ្មៅ ​ដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាចផលិត​ទឹ​ក​ស្អាត​បាន​ជា​មធ្យម ៦ សែន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

រដ្ឋាករ​ទឹក​ឲ្យដឹង​បន្ថែម​ថា ប៉ុន្តែ​ដោយសារ​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឱ្យ​តម្រូវ​ការទឹក​ស្អាត​កើ​ន​ឡើង​ខ្ពស់​ជាង​សមត្ថភាព​ផលិត ដោយ​មាន​ប្រមាណ​ជា ៨ សែន​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឱ្យ​មាន​កង្វះ​ទឹក​ស្អាតសម្រាប់​ចែកចាយ​ក្នុង​អំឡុង​ម៉ោងដែល​មាន​តម្រូវការ​ទឹក​ខ្ពស់ ជាពិសេស​ខ្វះ​ទឹក​នៅ​តំបន់​ជាយ​រា​ជធានី​ភ្នំពេញ និង​ជាយ​ក្រុង​តាខ្មៅ។

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយនៅសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នាថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយនៅសង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នាថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

បច្ចុប្បន្ន​នេះ រដ្ឋាករ​ទឹក​កំពុង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាតថ្មី​មួយ​ទៀត​ ដែល​អាច​បង្កើន​ការផលិត​ទឹក​ស្អាត​បានប្រមាណ​ជា​ ៤ ​សែន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បញ្ជាក់ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ថា៖ «រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ កំពុង​សាងសង់​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​មួយ​ទៀត​នៅ​បាក់​ខែង ដែល​អា​ច​ផលិត​ទឹក​ស្អាត​បា​ន​បន្ថែម​ប្រមាណ ៤ សែន​ម៉ែត្រ​គូប/ថ្ងៃ ចា​ប់ពី​ដើម​ឆ្នាំ​ ២០២៣ តទៅ​បន្ថែម​លើ​សមត្ថភាព​ផលិត​ដែល​មាន​ស្រាប់ ៦ សែន​ម៉ែត្រ​គូប/ថ្ងៃ។ សរុប​មក ចាប់​ពី​ឆ្នាំ​ ២០២៣ តទៅ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មាន​សមត្ថភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ ១ លាន​ម៉ែត្រ​គូប/ថ្ងៃ ដើម្បី​បិទ​បញ្ចប់​បញ្ហា​ខ្វះ​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​ ៧ ឆ្នាំ​កន្លង​មក»។

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ឲ្យ​ដឹង​ថា ការខ្វះ​ទឹក​នា​រដូវ​ប្រាំង​ឆ្នាំ​ ២០២២ ​នេះ ជា​ការខ្វះទឹ​កស្អាត​ប្រើ​ប្រាស់​ចុងក្រោយ ដូច្នេះរដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ សូម​អំពាវនាវ​ដល់​អតិថិជន​ទាំង​អស់​ ជួយ​សន្សំ​សំចៃ​ទឹក​ស្អាត​ដើម្បី​ចែក​រំលែក​ទឹកដល់​អតិថិជន​ផ្សេង​ទៀត ជាពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ជាយ​ក្រុង។​

​យ៉ាងណា​ក្តី អ្នក​ស្រី​ វ៉ាន់ វលក្ខណ៍ ដែល​កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​រំពឹង​ថា ​ពលរដ្ឋ​នឹង​មានទឹក​ស្អាតប្រើប្រាស់​គ្រប់គ្រាន់​ដោយ​មិនចាំ​បាច់​ប្រើ​ទឹក​ពី​បាសាំង​ដែល​បូម​ឲ្យ​ប្រើ​ដោយ​បុរី។

«គេ​យក​មក​បូម​អ៊ីចឹង វា​មានទឹក​ត្រពាំង​ទឹក​អីអ៊ីចឹង យើង​ប្រើ​ទៅ​វា​អត់​ល្អ​ ព្រោះ​ទឹក​វា​សំខាន់។ អត់​ទឹក​វា​ពិបាក»៕