សំឡេងអ៊ូអរ ពោរពេញដោយមនុស្សដើរកាត់ទៅមក នៅពីមុខស្តង់សៀវភៅជាច្រើន ដែលមានគ្រប់ជម្រើសសម្រាប់អ្នកចូលចិត្តអាន នៅក្នុងទិវាជាតិអំណានលើកទី ៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។
កំពុងឈរអានសៀវភៅយ៉ាងជក់ចិត្តនៅមុខស្តង់លក់សៀវភៅមួយ លោក ហ៊ាវ តេងហ័រ អាយុ ២២ ឆ្នាំ បានប្រាប់វីអូអេថា លោកចូលចិត្តសៀវភៅស្តីអំពីការអភិវឌ្ឍខ្លួន និងសៀវភៅដែលនិយាយពីប្រវត្តិរបស់បុគ្គលជោគជ័យណាមួយ។ លោកយល់ឃើញសៀវភៅទាំងនេះ ពេលអានហើយ អាចនឹងចូលទៅក្នុងការគិតរបស់អ្នកអាននៅថ្ងៃណាមួយ ហើយអ្នកអានដូចជារូបលោកអាចប្រើប្រាស់ទ្រឹស្តីណាមួយ ដោយមិនដឹងខ្លួន។
លោកថ្លែងថា៖ «សៀវភៅទាំងអស់ហ្នឹង ខ្ញុំគិតថា បើសម្រាប់ខ្ញុំ អានទាំងអស់វាអត់ចាំទេ ប៉ុន្តែពេលដែលយើងអាន វាអាចថាមានគំនិតណាមួយនឹងជ្រាបចូលនៅក្នុងខ្លួនយើង ហើយអាចថាថ្ងៃណាមួយយើងអាចប្រើប្រាស់វា ដោយមិនដឹងខ្លួន។ ខ្ញុំអានសៀវភៅភាគច្រើននៅពេលល្ងាច ក្រោយពេលទំនេរអ៊ីចឹង ប៉ុន្តែមិនជាឧស្សាហ៍ប៉ុន្មានទេ ដោយសារតែយើងរៀនសាកល អ៊ីចឹងវាមានការងារច្រើន វាមាន documents [ឯកសារ] ផ្សេងៗដែលត្រូវអាន research [ស្រាវជ្រាវ]»។
និស្សិតឆ្នាំទី ៤ ផ្នែកអគិ្គសនីនិងថាមពលរូបនេះ ថ្លែងបន្ថែមថា លោកសង្កេតឃើញកម្រិតនៃការអានសព្វថ្ងៃមានការកើនឡើងក្នុងចំណោមមនុស្សវ័យជំទង់។ លោកថា នៅពេលដែលលោកទៅបណ្ណាល័យ ឬកន្លែងលក់សៀវភៅមួយចំនួន ភាគច្រើនលោកបានឃើញឪពុកម្តាយនាំកូនរបស់ពួកគេ ទៅទិញសៀវភៅដែលពួកគេពេញចិត្ត។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា ការអានមានការកើនឡើងដែរ ហើយការអានខ្ញុំសង្កេតឃើញទៅលើមនុស្សរាងវ័យអាយុចាប់ពី ១៨ ១៧ អីឡើងទៅ ហើយភាគច្រើនខ្ញុំធ្លាប់ទៅបណ្ណាគារ IBC ធ្លាប់ឃើញកត្តាមកពីឳពុកម្តាយដែរ គាត់ផ្តោតទៅលើសៀវភៅដែរ ឥឡូវឃើញគាត់នាំកូនគាត់ទៅអានសៀវភៅ នាំកូនគាត់ទិញសៀវភៅផ្សេងៗអ៊ីចឹងទៅ ដែលកូនគាត់ចូលចិត្ត»។
កំពុងតែដើរជាមួយមតិ្តភក្តិក្នុងឯកសណ្ឋានជាសិស្សវិទ្យាល័យ យុវជន លីម សុខសំណាង អាយុ ១៨ ឆ្នាំ បានប្រាប់វីអូអេថា ខ្លួនចូលចិត្តអានសៀវភៅប្រលោមលោក។ សៀវភៅប្រលោមលោកនេះបានជួយ លីម សុខសំណាង កាត់បន្ថយការប្រើប្រាស់ទូរសព្ទ ឬចំណាយពេលទៅលើការលេងហ្គេម។
យុវជននេះថ្លែងថា៖ «អាហ្នឹងវាបែបថា វាអត់សូវឱ្យខ្ញុំលេងទូរសព្ទអីច្រើន ពេលខ្លះខ្ញុំទំនេរអីភាគច្រើនលេងហ្គេម តែតាំងពីអានសៀវភៅអីមកចូលចិត្តតែកាន់ទៅអានរឿង»។
សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ជាស៊ីម សាមគ្គីរូបនេះបន្តថា ខ្លួនទើបតែចាប់ផ្តើមចូលចិត្តអានសៀវភៅ ដោយសារតែមានការជំរុញពីមិត្តភក្តិ ជាហេតុនាំឱ្យរូបគេបន្តទម្លាប់អានមកដល់ពេលបច្ចុប្បន្ន។
លីម សុខសំណាង ថ្លែងថា៖ «ខ្ញុំតាមមិត្តភកិ្ត ដំបូងមិត្តភកិ្តណែនាំទៅ ខ្ញុំដំបូងក៏អត់ចូលចិត្តដែរ ហើយក្រោយមកបែរថា សាកអានមួយក្បាលលេងទៅ ក្រោយមកវាជក់ដល់ឥឡូវ»។
ទិវាជាតិអំណានត្រូវបានផ្តួចផ្តើមដោយក្រសួងអប់រំ យុវជន និងកីឡា ហើយទិវាជាតិអំណានលើកទី ១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ ក្រោមប្រធានបទដែលមានចំណងជើងថា «បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន»។ ក្នុងរយៈពេលប្រមាណ ៦ ឆ្នាំមកនេះ ទិវាអំណាននេះនៅតែបន្តប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ បើទោះបីជាខកខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺកូវីដ១៩ ក្តី។
សម្រាប់អ្នកនិពន្ធសៀវភៅវិញ ទិវាជាតិអំណាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការអប់រំក្រៅប្រព័ន្ធ ក៏ដូចជាជំរុញឱ្យមានកិច្ចប្រឹងប្រែងបន្ថែមលើវិស័យនិពន្ធសៀវភៅនៅកម្ពុជាផងដែរ។
កំពុងឈរថតរូប និងនិយាយទៅកាន់អ្នកគាំទ្រសៀវភៅ លោក តារា លី អ្នកនិពន្ធ និងស្ថាបនិក DARA LY Books បានប្រាប់វីអូអេថា សៀវភៅរបស់លោក ផ្តោតសំខាន់លើប្រធានបទបីធំៗគឺ ការអប់រំ លើកទឹកចិត្ត និងការកម្សាន្ត ដែលជំរុញឱ្យមានទម្លាប់ការអាន ពីព្រោះលោកយល់ឃើញថា ការអានគឺជាផ្នែកមួយនៃការសិក្សាពេញមួយជីវិត។
លោកថ្លែងថា៖ «ដោយសារតែខ្ញុំខ្លួនឯងផ្ទាល់ ក៏ទទួលបានប្រយោជន៍ច្រើន នៅពេលដែលខ្ញុំអនុវត្តការអានសៀវភៅក្នុងរយៈពេលបីឆ្នាំជាប់គ្នាតែម្តង។ ខ្ញុំសង្កេតឃើញថា ភាពខុសប្លែកគ្នារវាងពេលដែលយើងអត់អាន ដល់ពេលដែលយើងចាប់ផ្តើមអាន ហើយពេលដែលយើងបន្តអានហ្នឹង គឺវាធ្វើឱ្យការគិតរបស់យើង ការគណនានៃខួរក្បាលរបស់យើង វាមានភាពរហ័សរហួនជាងមុន ដូចពេលដែលយើងចូលរៀននៅសាលាដែរ»។
លោក តារា លី ក៏សង្កេតឃើញថា បរិមាណនិងគុណភាពនៃការនិពន្ធសៀវភៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរជាងមុន ពីព្រោះអ្នកនិពន្ធបានខិតខំពង្រឹងការតាក់តែងនិពន្ធរបស់ខ្លួន ជាជាងយកសៀវភៅមកបកប្រែ។
លោកថ្លែងថា៖ «កន្លងមក យើងសង្កេតឃើញថាមានសៀវភៅមានមួយចំនួនធំដែលជាសៀវភៅបកប្រែ អ៊ីចឹងអ្នកដែលអានគាត់តែងតែមានជា Comment, feedback [មតិយោបល់យល់ឃើញ] យោបល់ណែនាំខ្លះ សៀវភៅបកប្រែវាល្អដែលអត្ថន័យមួយចំនួន វាអត់ទាន់ស៊ីជម្រៅ ឬក៏ការបកប្រែ បច្ចេកទេសនៃការបកប្រែរបស់គាត់ គឺនៅមានកម្រិតមួយ»។
បន្ថែមពីនេះ លោកក៏លើកឡើងថា សម្រាប់យុវជនសៀវភៅដែលអានគួរតែជាសៀវភៅប្រលោមលោកបែបអប់រំ និងសៀវភៅដែលពាក់ព័ន្ធទៅនឹងជំនាញដែលពួកគេកំពុងតែសិក្សាផងដែរ។
ដូចគ្នាដែរ អ្នកស្រី សែត ហត្ថា ដែលមនុស្សទូទៅស្គាល់តាមរយៈឈ្មោះ កូនចាបមាស បានប្រាប់វីអូអេថា សៀវភៅរបស់អ្នកស្រីផ្តោតសំខាន់ទៅលើសៀវភៅបែបលើកទឹកចិត្ត គំនិតទស្សនៈ ប្រលោមលោក និងជីវប្រវត្តិពិត។ អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តដាក់លក់សៀវភៅនៅក្នុងកម្មវិធីនេះ ពីព្រោះមនុស្សម្នាដែលចូលរួមទិវាអំណាន ភាគច្រើនមានគោលដៅថានឹងមកទិញទៅសៀវភៅសម្រាប់អាន។
អ្នកស្រីថ្លែងថា៖ «កន្លែងនេះ គឺគេផ្តោតសំខាន់ទៅលើសៀវភៅតែម្តង អ៊ីចឹងអ្នកដែលអញ្ចើញមកនេះគឺគាត់សំដៅមករកសៀវភៅ ឬក៏មកមើលសៀវភៅហើយសុទ្ធតែអ្នករៀនសូត្រ ចង់ចេះចង់ដឹងអ៊ីចឹង។ ប្រសិនបើសៀវភៅជ្រាបចូលទៅក្នុងកម្មវិធីអីផ្សេងដែលមានផលិតផលអីចម្រុះហ្នឹងគឺវាពិបាក យើងពិបាកប៉ាន់ស្មានថាអ្នកមកហ្នឹងគាត់នឹងទិញសៀវភៅដែរឬក៏អ៊ីចឹងទៅណា»។
សម្រាប់ស្ត្រីអ្នកនិពន្ធរូបនេះ សេចក្តីសប្បាយរីករាយតែងតែកើតមាន នៅពេលដែលអ្នកស្រីឃើញយុវជនងាកមករកការអានសៀវភៅច្រើន ពីព្រោះអ្នកស្រីយល់ថា ការអានសៀវភៅនឹងធ្វើឱ្យចំណេះដឹងនិងការគិតរបស់អ្នកអានមានការវិវត្តល្អប្រសើរ។
អ្នកស្រីថ្លែងថា៖ «ចំពោះខ្ញុំគឺមានអារម្មណ៍សប្បាយរីករាយមែនទែន ដោយសារតែខ្ញុំគិតថា បើពួកគាត់ចាប់ផ្តើមអានពីឥឡូវនេះទៅ គឺបើសម្រាប់ជីវិតគាត់ផ្ទាល់ បើគាត់អានជាប់លាប់ ហើយមានទម្លាប់ក្នុងការអានហ្នឹងជាប្រចាំ គឺគាត់នឹងសង្កេតឃើញខ្លួនឯងរីកចម្រើន រីកចម្រើនយ៉ាងយូរបំផុត ២ ឬ ៣ ឆ្នាំ គឺរីកចម្រើនខុសពីមនុស្សទូទៅដោយគ្រាន់តែទៅសាលារៀនអត់អានសៀវភៅ មានន័យថា គ្រាន់តែអានសៀវភៅក្នុងកម្មវិធីសិក្សាអត់អានសៀវភៅបែបគំនិត ឬអីផ្សេងៗអ៊ីចឹងទៅ»។
កញ្ញា ងិន ម៉ិសស៊ែល អ្នកសម្របសម្រួលយុវជនស្ម័គ្រចិត្តក្នុងកម្មវិធីទិវាជាតិអំណានលើកទី ៨ នេះ បានប្រាប់វីអូអេតាមរយៈបណ្តាញសង្គមតេឡេក្រាមថា ការដាក់តាំងពិព័រណ៍សៀវភៅឆ្នាំនេះ ដើម្បីអបអរទិវាជាតិអំណាន ក្រោយអាក់ខានប្រារព្ធអស់រយៈពេល ២ ឆ្នាំ ដោយសារបញ្ហាជំងឺរាតត្បាតកូវីត១៩។ ទោះជាយ៉ាងក្តី កញ្ញារំពឹងថានឹងមានអ្នកចូលរួមកាន់តែច្រើន។
កញ្ញាថ្លែងថា៖ «ខ្ញុំរំពឹងថានឹងចូលរួមច្រើន ពីព្រោះយើងខកខានអស់រយៈច្រើនឆ្នាំដែរបង អស់ពីរឆ្នាំ។ ហើយម្យ៉ាងទៀតស្តង់ក៏បាន Collaborate [សហការ] ជាមួយនឹងគ្នាច្រើន គាត់មាន Promotion [បញ្ចុះតម្លៃ] ស្ទង់គ្រប់ស្តង់តែម្តង គាត់មាន Promotion [បញ្ចុះតម្លៃ] គាត់ខំ Promote [ផ្សព្វផ្សាយ] លើផេកគាត់ ដែលខ្ញុំឃើញមានកំណើនការ Share [ចែកចាយ] ពិតជាច្រើនមែនទែន»។
មិនត្រឹមតែប៉ុណ្ណោះ សមិទ្ធផលដែលកញ្ញានិងក្រុមការងារទទួលបាន ការជំរុញលើកទឹកចិត្តឱ្យមានការលើកកម្ពស់ការអានទៅកាន់ក្មេងតូចៗ ព្រមទាំងជួយដល់អ្នកនិពន្ធខ្មែរដែលបានបោះពុម្ភៈសៀវភៅហើយមិនមានទីផ្សារ ឱ្យទទួលបានឱកាសដាក់សៀវភៅរបស់ខ្លួន។
កញ្ញាថ្លែងថា៖ «ហើយក៏ពួកខ្ញុំរំពឹងថានឹងបានបណ្តាញដ៏ល្អរវាងបណ្តុំនៃអ្នកនិពន្ធ ក៏ដូចជាស្ថាប័នផ្សេងៗដែលបោះពុម្ពសៀវភៅតែអាចនឹងអត់មានទីផ្សារ ឬក៏អត់មានឱកាសបង្ហាញសៀវភៅរបស់គាត់បង»។
ទិវាជាតិអំណានលើកទី ៨ កំពុងប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ទី ១១ និងទី ១២ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕