បក្ស​កាន់​អំណាច​គ្រោង​សម្ពោធ​ទីស្នាក់ការ​កណ្តាល​តម្លៃ​ប្រមាណ​៤០​លាន​ដុល្លារ​ ក្នុង​ថ្ងៃ​ខួប​បង្កើត​បក្ស

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ នៅថ្ងៃទៅ៧ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេខ្មែរ)

ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ ៤០​ លាន​ដុល្លារអាមរិក ​នឹង​ត្រូវ​សម្ពោធ​នៅ​ថ្ងៃ​ទី ​២៨ ​ខែ​មិថុនា​ ដែល​ចំ​ថ្ងៃ​កំណើត​ទី​ ៦៩​ របស់​គណបក្ស​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សុខ ឥសាន។​

ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ហៅ​ថា​ «គ៨៥» ​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោត្តម ​ក្នុង​ខណ្ឌ​ចំការ​មន ​រាជធានី​ភ្នំពេញ​ ជាប់​អគារ​ព្រឹទ្ធ​សភា។​ ទីស្នាក់ការ​បក្ស​ដែល​កំពុង​សាង​សង់​ស្ទើរ​តែ​រួច​រាល់​នេះ ​មាន​ពណ៌​ស​ និង​មាន​ទំហំ​យ៉ាង​ធំ​ស្កឹម​ស្កៃ។

លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ទីស្នាក់​ការ​ថ្មី​របស់​គណបក្ស​កាន់​អំណាច​មាន​តម្លៃ​ប្រមាណ​ជា​ ៣០​ ទៅ ​៤០​ លាន​ដុល្លារ ​គឺ​ជា​សមិទ្ធផល​ដែល​បាន​មក​ពី​ការ​ចូលរួម​ស្ម័គ្រ​ចិត្ត​របស់​សមាជិក​គណបក្ស​ ប៉ុន្តែ​លោក​ប្រាប់​ថា​ មិន​ដឹង​ចំនួន​សមាជិក​ដែល​បាន​ចូល​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា៖​ «សមាជិក​សមាជិកា​ ៦​ លាន​នាក់​ហ្នឹង ​យើង​ដឹង​ហើយ​ថា​ តែ ​១០​ រៀល [១០​ ដុល្លារ]​ ម្នាក់​ហ្នឹង​ វា​បាន​ប៉ុន្មាន​ហើយ?​ ៦០ ​លាន​បាត់​ហើយ ​បើ​តែ​ ១០ ​រៀល ​[១០​ដុល្លារ]​ ម្នាក់​នោះ។ ​ អាហ្នឹង​យើង​គិត​មធ្យម​ទូទៅ​ទាំង​សមាជិក​ក្រីក្រ ​សមាជិក​អ្នក​មាន​ សមាជិក​កណ្តាល។​ យើង​គិត​តែ ​១០​ រៀល ​[១០​ ដុល្លារ]​ ទៅ​វា ​៦០ ​លាន ​ហើយ។ ​អ៊ីចឹង​ខ្ញុំ​យល់​ថាមិន​ពិបាក​ទេ​ទឹក​លុយ​ត្រឹម ​៣០​ លាន​ ៤០​ លាន​ដុល្លារ​ហ្នឹង»។

លោក​ សុខ ឥសាន​មិន​អាច​បញ្ជាក់​អំពី​ទំហំ​នៃ​អគារ​នោះ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​លោក​ថា ​ក្រុម​ការងារ​សម្រេច​សាង​សង់​អគារ​ទីស្នាក់​ការ​គណបក្ស​មាន​ទំហំ​ធំ​បែប​នេះ​ គឺ​ធ្វើ​ឡើង​ទៅ​តាម​សំណូម​ពរ​របស់​សមាជិក​គណបក្ស។​ លោក​បន្ត​ថា ​ទីស្នាក់​ការ​នេះ​នឹង​ត្រូវ​ពន្លឿន​ការ​សាង​សង់​ឲ្យ​ឆាប់​ចប់ ​ដើម្បី​អាច​សម្ពោធ​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​មិថុនា ​ដែល​ជា​ខួប​គណបក្ស។​

«ក្នុង​ហ្នឹង​វា​មាន​ស្ថាប័ន​សេនា​ធិការ​ជុំ​វិញ​គណបក្ស​ គណៈ​កម្មការ​កណ្តាល​ហ្នឹង។​ វា​មាន​ខុទ្ទកាល័យ ​ គណៈ​ចាត់​តាំង​គណៈ​ទាក់ទង​បរទេស ​ គណៈ​ឃោសនា​អប់រំ​ ហើយ​នៅ​មាន​ជា​សាល​ប្រជុំ​ធំ​ ហើយ​និង​កន្លែង​សិក្ខា​សាលា​អី​ផ្សេងៗ​នៅ​ក្នុង​ហ្នឹង»។​

ថ្ងៃ​ទី ​២៨​ ខែ​មិថុនា ​ខាង​មុខ​នេះ ​គឺ​ជា​ខួប​ទី​៦៩​ឆ្នាំ​នៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ជា​មេដឹក​នាំ​កាន់​អំណាច​អស់​រយៈ​ពេល ​៣៥ ​ឆ្នាំ។​

បច្ចុប្បន្ន​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​ជា​បក្ស​ទោល​តែ​មួយ​គត់​ក្នុង​ការ​ដឹកនាំ​ប្រទេស ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជាង​ ៤០​ ភាគ​រយ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៧។

លោកស្រី ​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ បាន​ប្រាប់​ VOA​ ពី​ក្រៅ​ប្រទេស​ថា​ ថវិកា​រហូត​ដល់​ទៅ​ ៤០ ​លាន​ដុលា្លរ​ ដើម្បី​សាងសង់​ទីស្នាក់ការ​គណបក្ស ​អាច​ជា​ថវិកា ​ដែល​បាន​មក​ពី​អំពើ​ពុក​រលួយ​ ថវិកា​ជាតិ​ និង​ជំនួយ​ពី​ប្រទេស​ចិន។​

«យើង​មាន​ការ​សន្និដ្ឋាន​ថា​ ៤០​ លាន​ដុល្លារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជា ៤០ ​លាន​ដុល្លារ​ដែល​ចេញ​មក​ពី​ប្រភព​ពី​ថវិកា​ជាតិ​ផង​ ចេញ​មក​ពី​អំពើ​ពុក​រលួយ​ផង ​ហើយ​មាន​ប្រភព​ចេញ​ពី​ជំនួយ​បរទេស​ផង»។ ​លោកស្រី​បន្ថែម​ថា ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជា​ប្រទេស​ក្រីក្រ គណបក្ស​កាន់​អំណាច​មិន​គួរ​បង្ហាញ​អគារ​ដ៏​ធំ​ស្កឹម​ស្កៃ​តម្លៃ​រាប់​សិប​លាន​ដុល្លារ​បែប​នេះ​ទេ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human Rights Watch ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​ធ្លាប់​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​កាល​ឆ្នាំ​ ២០១៥​ ដោយ​ចាត់​ទុក​ថា​ ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ រាប់​សិប​ឆ្នាំ​ពោរ​ពេញ​ទៅ​ដោយ​ហិង្សា ​ការ​គាប​សង្កត់​និង​អំពើ​ពុករលួយ។​

លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ​ Occidental ​ទីក្រុង ​Los Angeles ​រដ្ឋ​ California​ សហ​រដ្ឋ​អាមេរិក ​ប្រាប់​ VOA​ តាម​អ៊ីម៉ែល​ថា​ ការ​សាងសង់​ទីស្នាក់ការ​គណបក្ស​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ ​គឺ​ជា​ការ​បង្ហាញ​អំណាច​របស់​គណបក្ស​នេះ ថា​«នឹង​ចាក់​ឫស​ដឹក​នាំ​ប្រទេស​នេះ​ជា​រៀង​រហូត»។​

«ជា​នេះ​ជា​ការ​បង្ហាញ​អំពី​លុយ ​និង​អំណាច​ដើម្បី​ទាក់ទាញ​ថា​ គណបក្ស​កាន់​អំណាច​នៅ​ទីនេះ​រហូត​ ហើយ​និង​មិន​ត្រូវ​ដក​ចេញ​ឡើយ»។

លោក​បន្ថែម​ដោយ​ដាក់​ជា​ចម្ងល់​ពាក់ព័ន្ធ​នឹង​ថវិកា​ ៤០ ​លាន​ដុល្លារ​នោះ​ថា ​ប្រសិន​បើ​ថវិកា​នោះ​បាន​មក​ពី​សមាជិក​គណបក្ស​ ហេតុ​អ្វី​មិន​បង្ហាញ​បញ្ជី​ម្ចាស់​ជំនួយ? ​លោក​បន្ត​ថា​ គណបក្ស​កាន់​អំណាច​ ត្រូវ​តែ​បង្ហាញ​អំពី​តម្លា​ភាព​ពី​ការទទួល​បាន​លុយ​ពី​សមាជិក​គណបក្ស​ម្នាក់ៗ​ មាន​ចំនួន​ដ៏​ច្រើន​នេះ​ ដើម្បី​បញ្ជាក់​ថា​ ពួកគេ​មិន​ចូល​រួម​ក្នុង​សកម្ម​ភាព​ពុករលួយ។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់ ​VOA​ នា​ពេល​កន្លង​ទៅ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កាន់​អំណាច​ជា​រៀង​រហូត ​ដោយ​គ្មាន​គណបក្ស​ណា​មួយ​ យក​ឈ្នះ​បាន​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១ ​ក្រោម​ឈ្មោះ​ថា ​«គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ​ដើម្បី​ប្រឆាំង​នឹង​របប​អាណានិគម​និយម​បារំាង។ ​បើ​តាម​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ក្នុង​ពេល​ប្រារព្ធ​ខួប​កំណើត​បក្ស​ស្ទើរ​តែ​រាល់​ឆ្នាំ ​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩១៕