ភ្លាមៗក្រោយក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Union Development Group (ក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប) ហៅកាត់ថា UDG ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនោះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងបញ្ជាក់នៅថ្ងៃពុធនេះថា បញ្ហាមួយចំនួនដែលកើតមាននៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននេះ រួមមានវិវាទដីធ្លីនោះ មិនអាចចាត់ទុកថា ជាការរំលោភសិទិ្ធមនុស្សបានទេ។
ក្រុមហ៊ុន Union Development Group ទទួលបានដីសម្បទានចំនួន ៣៦.០០០ ហិកតា កាលពីឆ្នាំ២០០៨ សម្រាប់ជួលរយៈពេល ៩៩ ឆ្នាំ នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិ«តារាសាគរ» មានទឹកប្រាក់ ៣៨០០ លានដុល្លារ ដែលក្នុងនោះក៏មានសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅកម្ពុជា និងកំពង់ផែទឹកជ្រៅ ដែលអាចបម្រើដល់ការសំចតរបស់នាវាចម្បាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់វីអូអេនៅថ្ងៃពុធនេះថារដ្ឋាភិបាលកំពុងប្រែក្លាយតំបន់នោះជាតំបន់សេដ្ឋកិច្ច ដោយគ្មានចេតនាធ្វើឲ្យទីតាំងនោះក្លាយជាមូលដ្ឋានយោធា ដើម្បីបម្រើមហាអំណាចណាមួយនោះឡើយ។លោកអះអាងថា កម្ពុជាចង់បានត្រឹមតែពង្រីកចរន្តសេដ្ឋកិច្ច ដែលអាមេរិកមិនគួរបារម្ភអ្វីនោះឡើយ។
«កម្ពុជាមិនចង់ធ្វើមហាអំណាចខាងយោធាទេ។ កម្ពុជាចង់ត្រឹម តែថា ធ្វើម៉េចរស់ ឲ្យសេដ្ឋកិច្ចចិញ្ចឹមប្រជាជន១៦លាននាក់ហ្នឹងឲ្យតែរស់ទៅអាហ្នឹង វាជាការប្រសើរហើយ។អ៊ីចឹង យើងខិតខំក្នុងបញ្ហា កសាងអភិវឌ្ឍប្រទេស យើងមិនចង់បានសង្គ្រាមមកនៅក្នុងកម្ពុជាទៀតទេ»។
ទោះយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃអង្គារក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក សរសេរថា«មានកង្វល់បន្ថែមជាថ្មី បន្ទាប់ពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន ថ្លែងប្រាប់សារព័ត៌មាននានាក្នុងពេលកន្លងមក (ប៉ុន្តែមិនបញ្ជាក់កាលបរិច្ឆេទ) ថា តំបន់រមណីយដ្ឋានទេសចរណ៍តារាសាគរអាចនឹងប្រែក្លាយជាមូលដ្ឋានយោធាបាន»។
ឆ្លើយតបទៅនឹងការឡើងក្នុងសេចក្តីប្រកាសព័ត៌មានខាងលើលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថាលោកមិនធ្លាប់ទទួលស្គាល់ថាតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UDGនោះ អាចប្រែទៅជាមូលដ្ឋានទ័ពនោះទេ។
«សុំច្រានចោលនៃរបាយការណ៍ ដែលលើកឈ្មោះខ្ញុំដាក់ហ្នឹង ជាគួរឲ្យខ្មាស់អៀន ដែលខ្ញុំមិនបាននិយាយអ៊ីចឹង»។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានផ្តល់ហេតុផលនាំដល់ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនUDG ថា៖
«សកម្មភាពរបស់ក្រុមហ៊ុន Union Development Group គឺបានបង្ខំពលរដ្ឋកម្ពុជាចេញពីដីធ្លីរបស់ពួកគេ និងបំផ្លាញបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ហើយទាំង អស់នេះ គឺធ្វើឡើងក្រោមរូបភាពបន្លំប្រែក្លាយកម្ពុជា ឲ្យទៅជាកន្លែងភ្ជាប់ភស្តុភារថ្នាក់តំបន់ និងគោលដៅទេសចរណ៍»។
សហរដ្ឋអាមេរិកកត់សម្គាល់ថាក្រុមហ៊ុន Union Development Group បានធ្វើសកម្មភាពកន្លងមកតាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកគន់ គីមត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា «បានប្រើប្រាស់ឥទ្ធិពលនិងបណ្តាញរបស់ខ្លួនដើម្បីកេងប្រវ័ញ្ច»ពលរដ្ឋកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលមកប្រកបអាជីវកម្មនៅកម្ពុជា។
វីអូអេ បានព្យាយាមសុំការអធិប្បាយពីលោក គន់ គីម និងក្រុមហ៊ុន UDG ដែរ តែនៅមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃពុធនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven T. Mnuchin បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ក្រោយពីបានចុះឈ្មោះក្លែងក្លាយជាក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបានគម្រោងអភិវឌ្ឍន៍តារាសាគរ ក្រុមហ៊ុន UDG បានប្តូរមកម្ចាស់ពិតប្រាកដ និងបន្តធ្វើប្រតិបត្តិការ ដោយគ្មានការដាក់ទោសទណ្ឌអ្វីទាំងអស់។ សហរដ្ឋអាមេរិកប្តេជ្ញាប្រើប្រាស់អំណាចពេញលេញ ដើម្បីតាមរកការប្រព្រឹត្តដូចនេះ ទោះបីជានៅទីណាក៏ដោយ»។
ស្របពេលជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានលើកឡើងនៅលើបណ្តាញទំនាក់ទំនង Twitter កាលពីថ្ងៃអង្គារថា៖ «ថ្ងៃនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group របស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះតួនាទីរបស់ខ្លួនក្នុងការប្រព្រឹត្តអំពើ ពុករលួយនៅកម្ពុជា។ យើងនឹងមិនអត់ឱនឱ្យសកម្មភាពរបៀបៗនេះបាននោះទេ ដ្បិតវាជាសកម្មភាពដែលប្រឆាំងនឹងប្រជាជនកម្ពុជា។ យើងនឹងឈរនៅជានិច្ចកាលជាមួយប្រជាជនកម្ពុជា»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាផងនោះ មានប្រសាសន៍ថាបញ្ហាដីធ្លីដែលកើតមាននៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group ត្រូវបានរាជរដ្ឋាភិបាលចាត់ការជាបណ្តើរៗរួចហើយ ហើយថា ទំនាស់ដីធ្លីនៅទីនោះ មិនគួរយកមកធ្វើជាចំណាត់ខ្មាំងប្រឆាំងនឹងការអភិវឌ្ឍទេ។
«បើយកគ្រាន់តែ យកអាទំនាស់ដីធ្លីកំប៉ិកកំប៉ុក យកមកធ្វើជាមូលដ្ឋានថា រំលោភសិទ្ធិមនុស្សខ្ញុំថាកម្ពុជា វាអត់មានពន្លឺអីពីរឿងសិទ្ធិមនុស្សទេ។ វាគ្រប់កន្លែងទាំងអស់ ពីព្រោះតែកាលណាមានការ អភិវឌ្ឍ មានការដីឡើងថ្លៃ អាហ្នឹងសុទ្ធតែមានអ្នកអះអាងថា អ៊ីចេះ ថាអ៊ីចុះ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានទេ ដោយសារទូរស័ព្ទរោទិ៍គ្មានអ្នកទទួល។
លោក ហ៊ួរ អីន អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការដោះស្រាយសំណងសម្រាប់ពលរដ្ឋដែលមានដីធ្លីនៅជាន់គ្នានឹងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group នោះមិនត្រូវបានធ្វើឡើងដោយសមស្របទេហើយពលរដ្ឋក៏កំពុងប្រឈមការលំបាកនឹងការរស់នៅលើទីតាំងថ្មី ដែលជាតំបន់ភ្នំឆ្ងាយពីទីតាំងនេសាទ។
«សម្រាប់ទីតាំងថ្មីដាក់នៅលើភ្នំ ហើយពួកគាត់អ្នកនេសាទ។ ហើយសម្រាប់ការបង្កបង្កើតផលដំណាំ គឺការចាប់ផ្តើមជាថ្មីអ៊ីចឹងពួកគាត់ត្រូវការរយៈពេលយូរ ហើយចំពោះការនេសាទ គឺអត់អាចធ្វើបានទេ នៅទីតាំងថ្មីទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏អត់បានបំពេញទៅតាមលក្ខខណ្ឌ ដែលបានសន្យាក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែរ។អ៊ីចឹងយើងឃើញថាប្រជាពលរដ្ឋភាគច្រើនគឺមិនបានពេញចិត្តនឹងទទួលយកក្នុងការដោះស្រាយកន្លងមករបស់ក្រុមហ៊ុន Union Development Group ទេ»។
លោកបន្ថែមថាប្រជាពលរដ្ឋជាច្រើនរយគ្រួសារទៀត នៅបន្តជាប់គាំងក្នុងទំនាស់ដីធ្លីនៅឡើយ រហូតមកដល់ពេលនេះ។
ការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកមកលើក្រុមហ៊ុនចិន UDG ដដែលនោះក៏ធ្វើឡើង ក្រោមច្បាប់ Magnitsky ដែលសំដៅលើមន្ត្រី ឬស្ថាប័ននៃរដ្ឋាភិបាលបរទេសណា ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយហាមឃាត់មិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជ កម្មជាមួយ ឬមិនឱ្យចេញចូលសហរដ្ឋអាមេរិកទេ។
អ្នកសិក្សាស្រាវជ្រាវវិស័យការពារជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់ព្រមានកន្លងមកថា«តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិននិងជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា ដូចយ៉ាងគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន[Belt and Road Initiative]ជាដើម»៕