ក្រុមតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាបានអនុម័តជាឯកតោភាគីលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៥ នៅថ្ងៃនេះ។ ក្រុមតំណាងរាស្ដ្រខាងគណបក្សសង្គ្រោះជាតិមិនគាំទ្រលើសេចក្តីព្រាងច្បាប់នេះទេ ដោយសារតែខ្លួនអះអាងថា សេចក្តីព្រាងច្បាប់នេះមិនទាន់មានភាពច្បាស់លាស់គួរទទួលយកបាន។
រដ្ឋសភានៃប្រទេសកម្ពុជាដោយមិនមានការគាំទ្រពីគណបក្សជំទាស់នៅថ្ងៃសុក្រនេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ដែលមានកញ្ចប់ថវិកាជាង៣.៨០០លានដុល្លារ។
ថវិកានេះកើន១០,៨ភាគរយឬស្មើនឹងជាង៥០០លានដុល្លារអាមេរិកបើធៀបនឹងគម្រោងហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងរដ្ឋាភិបាលឆ្នាំ២០១៤និងស្មើនឹងជិត២២ភាគរយនៃផលិតផលដុលសរុប (GDP)។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងនៅមុនក្រុមតំណាងរាស្ត្រចាប់ផ្តើមពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុនេះថា ថវិកាទាំងនេះសំដៅបង្កើនការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចពិភពលោកនិងតំបន់ ជាពិសេសសម្រាប់ត្រៀមខ្លួនក្នុងការចូលសមាហរណកម្មសេដ្ឋកិច្ចតែមួយនៃសមាគមអាស៊ាននៅចុងឆ្នាំ២០១៥។
«នៅក្នុងក្របខ័ណ្ឌនេះកម្ពុជាត្រូវធានាកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន៧ភាគរយក្នុងមួយឆ្នាំប្រកបដោយបរិយាប័នដែលជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់បង្កើតការងារនិងឱកាសរកប្រាក់ចំណូលសមរម្យព្រមទាំងការបង្កើនល្បឿនការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនទូទៅឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានវិនិយោគនិងធុរកិច្ច។»
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុដែលកាលពីមុនគេហៅថាច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥មាន៦ជំពូកនិង១៧មាត្រា។ សេចក្តីព្រាងច្បាប់នេះផ្តោតលើការចំណាយជាសំខាន់លើរដ្ឋបាលទូទៅ លើផ្នែកការពារជាតិ ផ្នែកសន្តិសុខ ផ្នែកកិច្ចការសង្គម ផ្នែកអប់រំ សុខាភិបាល កសិកម្មនិងផ្នែកហេដ្ឋារចនាសម្ពន័រួមទាំងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច។
តំណាងរាស្ដ្រចំនួន៦៥រូបក្នុងចំណោមតំណាងរាស្ដ្រមានវត្តមានសរុប១០៩រូបបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាឆ្នាំ២០១៥នេះ។ ប៉ុន្តែតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិជាង៤០រូបដែលមានវត្តមានក្នុងកិច្ចប្រជុំនៅថ្ងៃនេះមិនបានលើកដៃបោះឆ្នោតគាំទ្រនោះទេ។
លោក កឹម សុខា អនុប្រធានទី១រដ្ឋសភាខាងគណបក្សជំទាស់បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា នៅមានបញ្ហាមួយចំនួនទាក់ទងនឹងចំណូលចំណាយមិនចំគោលដៅ តំឡើងបៀរវត្សជូនរាជការ ផ្នែកសុខាភិបាលនៅទន់ខ្សោយ វិស័យអប់រំនៅមានគុណភាពអន់ថយ ការតំឡើងប្រាក់ខែតិចតួចដល់មន្ត្រីរាជការដែលមិនស្របតាមការឡើងថ្លៃទំនិញនិងកង្វះព័ត៌មានលម្អិតបានធ្វើឲ្យសង្គ្រោះជាតិរក្សាជំហរមិនគាំទ្រការអនុម័តច្បាប់ថិវកានេះ។
«ខ្លឹមសាររួមមិនមានលក្ខណៈច្បាស់លាស់ឲ្យទូលំទូលាយដែលមានចំណុចសំខាន់ៗក្នុងការចំណូលចំណាយ។ យើងមិនអាចគាំទ្រទេ។ រយៈពេលដែលផ្តល់ឲ្យយើងពិនិត្យខ្លីពេក។»
ទោះជាបែបនេះក្តី លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារនិងសវនកម្មរបស់រដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាលើកឡើងថា លោកគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុគ្រប់គ្រងឆ្នាំ២០១៥នេះដោយសារថា មានការពិភាក្សយ៉ាងល្អិតល្អន់ក្នុងរង្វង់រដ្ឋាភិបាលនិងគណបក្សកាន់អំណាចរួចទៅហើយ។
«នេះគ្រាន់តែជាការគ្រោងទុកនូវថវិកាជាតិសម្រាប់ការអនុវត្តនៅឆ្នាំ២០១៥ខាងមុខនេះ។ រាជរដ្ឋាភិបាលបានរៀបចំនូវក្រសួងអាទិភាពចំនួន១០រួមមាន ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចការនារី ក្រសួងធនធានទឹកនិងឧតុនិយម។ល។ឃើញថាការរៀបចំនេះសមស្របហើយ។»
សូមបញ្ជាក់ថា ក្រុមតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចំណាយពេលពេញមួយថ្ងៃសុក្រនេះ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥នេះ មុននឹងឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់ទាំងមូលនៅម៉ោង៦ល្ងាច៕