អណ្តើកហ្លួង​កម្ពុជា​ងើប​ផុត​ពី​បន្ទាត់​នៃ​ការ​ផុត​ពូជ​

គ្រូពេទ្យ​សត្វ​ប្រចាំ​អង្គការ​ Wildlife Conversation Society លោក Martin Gilbert មក​ពី​ប្រទេស​អង់គ្លេស​ បង្ហាញ​អណ្តើក​ហ្លូង​ ដែល​ជា​ប្រភេទ​សត្វ​អណ្តើក​ដ៏​កម្រ​មួយ និង​រង​ការ​ជិតោផុត​ពួូជ​មួយ​។

អណ្តើកហ្លួង​ជា​ អណ្តើក​មួយ​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​ដែល​គេ​បាន​ស្គាល់​តិច​តួច​ដូច​ជា​ ប្រភេទ​សត្វ​ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ដំរី​អាស៊ី ​និង​ប្រភេទ​ខ្លា​ដំបង​ឥណ្ឌូចិន​ជាដើម​។ ​

សត្វ​ល្មូននេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អណ្តើក​ហ្លួង ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ថា​ ​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​រហូត​ដល់​ឆ្នាំ២០០០ ​នៅ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​អាមេរិក​មួយ​ក្រុម​មក​ពី​អង្គការ Wildlife Conservation Society (WCS) ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា និង​រដ្ឋបាល​ជល​ផលកម្ពុជា​បាន​រក​ឃើញ​ពពួក​សត្វ​អណ្តើក​នោះ​ឡើង​វិញ​នៅ​ស្ទឹង​ស្រែ​អំបិល​នៅ​ខេត្ត​កោះកុង​។ ​

នៅ​ឆ្នាំ​ដដែល​នេះ អង្គការ WCS បាន​ផ្តួច​ផ្ដើម​គម្រោង​ដើម្បី​ការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ ដែល​ត្រូវ​បានមើល​ឃើញ​ថា​ ទទួល​បានជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ជួយស្ដារ​ឡើង​វិញ​នូវ​ចំនួន​អណ្តើក ​ដែល​ត្រូវ​បាន​ជឿ​ថា​ ធ្លាក់​មក​ត្រឹម​តែ ​៣៣​ក្បាល​ប៉ុណ្ណោះនៅ​ប្រទេស​កម្ពុជា ​ដែល​នេះ​ជា​ចំនួន​ដ៏​គ្រោះ​ថ្នាក់​មួយ​។​

លោក ​ហេង សុវណ្ណារ៉ា ប្រធាន​គម្រោង​ការពារ​អណ្តើក​ហ្លួង​របស់​អង្គការ WCS បាន​និយាយ​ថា​គម្រោង​បង្កាត់​ពូជ​បាន​បង្កើន​ចំនួន​អណ្តើក​នោះ​រហូត​ដល់​២៤៨​ក្បាល​។

គាត់​មាន​ប្រសាសន៍​ថា​៖ «វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការពារ​អណ្តើក​ទាំង​នេះ​ ព្រោះ​តែ​ពួក​វានឹង​ផុត​ពូជ ​ប្រសិន​ណា​បើ​គ្មាន​ការ​ការពារ​ត្រឹម​ត្រូវ​»។ គាត់​បាន​បន្ថែម​ទៀតថា​ អណ្តើក​ទាំង​នេះ​ក៏​មាន​ផង​ដែរ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​ ប្រទេស​ឥណ្ឌូនេស៊ី ឥណ្ឌា និង​បង់ក្លាដេស។

អណ្តើក​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​ព្រៃ​កោង​កាង​ ហើយ​ក្រាប​ពង​របស់​ពួក​វា​នៅ​តាម​ឆ្នេរ​ខ្សាច់​មាត់​ស្ទឹង​ដោយ​ប្រើ​រយៈពេល​ប្រហែល​១០០​ថ្ងៃ។ ​

លោក​សុវណ្ណារា​បាន​បន្ត​ថា​៖ « ជា​រៀង​រាល់​ឆ្នាំ​មាន​អណ្តើក​ញី​ប្រហែល​១០​ប៉ុណ្ណោះ​ ដែល​អាច​ពង​កូន​បាន​»។ សត្វ​ប្រភេទ​នេះ​អាច​បង្ក​កំណើត​បាន​នៅ​ពេល​ដែល​ពួក​វា​មាន​អាយុ​២៥ឆ្នាំ​ ហើយ​មាន​ទម្ងន់​ចន្លោះ​ពី​៣០​ ទៅ​៤០គីឡូក្រាម​។

ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក កម្មវិធី​បង្កាត់​ពូជ​របស់​អង្គការ WCS បាន​ចិញ្ចឹម​ និង​ព្រលែង​សត្វ​អណ្ដើក​ចំនួន​១៤៦​ក្បាល​ហើយ ដែល​នេះ​រាប់​បញ្ចូល​ទាំង​អណ្តើក ២៤​ក្បាល​ ដែល​ទើប​តែ​ត្រូវ​បានព្រលែង​កាល​ពី​ខែ​មុន។ ​

អណ្តើក​ដែល​ត្រូវ​បាន​ព្រលែង​ថ្មីៗ​នេះ ត្រូវ​បាន​បំពាក់​ឧបករណ៍​វិទ្យុ​បញ្ជូន​សារ​ដើម្បីតាម​ដាន​ទីកន្លែង​ដែល​ពួកវា​នៅ និង​ការ​ចល័ត​របស់​ពួក​វា ដើម្បី​ជួយ​ការពារ​ពួក​វា​។ ការ​ការពារ​ក៏​ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាជន​មូល​ដ្ឋាន​ផង​ដែរ​ ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​ប្រមូល​សំបុក​ពង​អណ្តើក​ជា​មូល​ហេតុចំបង ​ដែល​បណ្ដាល​ឲ្យ​ពួក​វា​ជិត​ផុតពូជ​ ប៉ុន្តែ​ឥលូវ​នេះ​ពួក​គេ​ត្រូវ​បាន​គេ​ជួល​ឲ្យ​រុក​រក​សំបុក​អណ្តើក និង​ការពារ​សំបុក​ពួក​វា​វិញ។

បើ​តាម​អង្គការ ​WCS តាំង​ពីឆ្នាំ​២០០១​មក​ការ​ប្រើ​ប្រាស់​វិធី​នេះ​បាន​ការពារ​សំបុក​អណ្តើក​បាន​ចំនួន​៣៩​សំបុក​ដែល​មាន​ពង​សរុប​ចំនួន​៥៦៤ ដែល​នេះ​បាន​ជួយ​ឲ្យកូន​អណ្តើក​ចំនួន​៣៨២​ក្បាល​បាន​ញាស់​ដោយ​ជោគ​ជ័យ​។

ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​វា​ញាស់ កូន​អណ្តើក​ទាំង​នោះ​ងាយ​រង​ការ​យារ​យីដោយ​មំសាសី​មួយ​ចំនួនដូច​ជា​បក្សី​ទឹក និង​សត្វ​ក្រពារ។ ហើយដោយសារ​តែពួក​វា​ងាយស្រួល​ចាប់​ដោយឧបករណ៍​នេសាទ អង្គការ WCS និងមន្ទីរ​រដ្ឋបាល​ជលផលនៅ​ឆ្នាំ​២០០៦ បាន​ផ្តួច​ផ្តើម​កម្ម​វិធីថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «Head Start» ដើម្បី​ការពារ​កូន​អណ្តើក​ដែល​ទើប​តែ​នឹង​កើត​នេះ​។

យោង​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​អង្គការWCSអំពី​អណ្តើក​២៤ក្បាល​ដែល​ត្រូវ​បាន​ព្រលែង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ «បន្ទាប់​ពី​អណ្តើក​ទាំង​នោះ​បាន​ញាស់​ពី​តំបន់​ការពារ​នៅ​តាម​ឆ្នេរ​ខ្សាច់ ពួក​វា​ត្រូ​វបាន​គេបញ្ជូន​ទៅកន្លែង​ការពារ​ ហើយ​ត្រូវ​បានចិញ្ចឹម​នៅ​កន្លែង​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​។ ការ​ធ្វើ​ដូច​នេះ​អាច​ជួយ​ពួក​វា​ធំ​ល្មម ​ដែល​អាច​ឲ្យ​ពួកវា​ទទួល​ការគម្រាម​កំហែង​តិច​ជាងមុន​ពី​ប្រភេទ​សត្វ​ផ្សេងៗ​ដែល​តាម​យារយី​ពួកវា»។ ​

អង្គការ WCS កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល ​និង​ក្រុម​គាំពារ​បរិស្ថាន​មួយ​ចំនួន​ទៀត​ដូចជា អង្គការTurtle Survival Alliance អង្គការ Wildlife Reserves Singapore និង​អង្គការ​ Building Trust Internationalក្នុង​ការ​អភិវឌ្ឍ​បរិក្ខារដែល​នឹង​ផ្ដល់​ជា​ជម្រក​ដល់​ប្រភេទ​សត្វ​ជា​ច្រើន និង​ជួយ​ជំរុញ​ឲ្យសត្វអណ្តើក​ទាំង​នេះ​ និងប្រភេទសត្វ​ជិត​ផុត​ពូជ​ដទៃ​ទៀតមាន​ការ​បង្ក​កំណើត​តាម​ធម្មជាតិ​ទៀត​ផង។ ​

ឈ្មោះ​ថា ​អណ្តើក​ហ្លួង​(អណ្តើកសរសៃ) ដោយ​សារ​តែ​អណ្តើក​ទាំង​នោះ​ត្រូវ​បាន​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ​។ កាល​ពី​មុន​ស៊ុត​របស់​អណ្តើក​ទាំង​នេះ​ត្រួវ​បាន​គេ​គិត​ថា​ ជាម្ហូប​ដ៏​វិសេស​ដែលគេទុក​សម្រាប់់​តែ​ថ្វាយ​ស្តេច​ប៉ុណ្ណោះ។ ​

យោង​តាម​ព្រះរាជ​ក្រឹត្យ​កាល​ពីឆ្នាំ​២០០៥ ស្តី​ពីសត្វ​និង​រុក្ខជាតិ​ដែល​ជា​និមិត្ត​រូបតំណាងរបស់​ព្រះរាជា​ណាចក្រ​កម្ពុជា អណ្តើក​ហ្លួង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​និមិត្ត​រូប​ក្នុង​ចំណោម​និមិត្ត​រូប​ទាំង​៧ ហើយ​អណ្តើក​ហ្លួង​តំណាង​ឲ្យ​ថនិកសត្វ​ជាតិ​។ ​

លោក​សុវណ្ណា​រា​បាន​ឲ្យដឹង​ថា ​«ពួកវា​(អណ្តើក​ហ្លួង) ខុស​ពីប្រភេទ​អណ្តើក​ដទៃ​ទៀត​ដោយសារ​ពួក​វា​អាច​រស់​នៅ​បាន​ទាំង​ក្នុង​ទឹក​សាប​ និង​ក្នុង​ទឹក​ប្រៃ​»។

លោក​អ៊ាង សុផល្លែត​ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ថែ​រក្សា​ឲ្យ​បាន​នូវ​ថនិក​សត្វជាតិ​នេះ ក៏​ដូច​ជា​ជំរុញ​ឲ្យ​មាន​ភាព​សកម្មជួយ​ការពារ​ពពួក​អណ្តើក​នេះ។ ​

គាត់​បាន​មាន​ប្រសាសន៏​ថា​៖ «​ ការចូល​រួម​ពី​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នក​ជំនាញ​ផ្នែក​ការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​គឺ​ត្រូវ​ការ​ចាំ​បាច់។ ប្រសិន​បើ​យើង​ធ្វើ​ការ​រួម​គ្នា យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​»៕