ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២៣ នេះ បានកើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២២ ដែលវានៅតែបង្កក្តីព្រួយបារម្ភនៅក្នុងសង្គម និងធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាង ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
បើតាមមន្រ្តីកម្ពុជា ឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង ៣០០០ ករណី ដែលកើនឡើង ១១% បើធៀបនឹងឆ្នាំតួលេខមុន ដែលមានប្រមាណ ២៩៧០ ករណី។ នេះបើតាមលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកប្រាប់វីអូអេថា ក្នុងឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១៥០០នាក់ ដែលថយចុះ ៧%។ ចំណែកអ្នករងរបួសធ្ងន់មានជាង ២៧០០នាក់ ដែលកើនឡើង ៧%។ អ្នករងរបួសស្រាលមានជាង ១៧០០ នាក់ ដែលកើនឡើង ២១%។
លោក ព្រំ វន្ថា ប្រាប់វីអូអេថា ក្នុងឆ្នាំ ២០២៣ ជាមធ្យមក្នុងមួយថ្ងៃ មនុស្សយ៉ាងតិច ៥ នាក់ស្លាប់ និងជាង ១០ នាក់ រងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
លោក ព្រំ វន្ថា បញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើតមាន ដោយសារតែប្រជាពលរដ្ឋបើកបរលឿន មិនគោរពសិទ្ធិ បត់ជែងមិនប្រុងប្រយ័ត្ន និងជិះបញ្ច្រាសទិសផ្លូវជាដើម។ លោកបន្ថែមថា ក្រៅពីកត្តាមនុស្ស ក៏មានកត្តាយានយន្ដ និងកត្តាផ្លូវ រួមផ្សំគ្នាផងដែរ។
លោកបញ្ជាក់ថា៖ «ហើយនៅក្នុងនោះទាក់ទងជាមួយមនុស្ស ឃើញថា ល្បឿនគឺនៅឈរលំដាប់ទីមួយនៃគ្រោះថ្នាក់។ ហើយទី ២ ទាក់ទងនឹងការមិនគោរពសិទិ្ធ។ ទី ៣ ទាក់ទងនឹងការបត់។ ទី ៤ ទាក់ទងនឹងការមិនប្រកាន់ស្ដាំដែលយើងសង្កេតឃើញថា ភាគច្រើនអ្នកបើកបរឥរិយាបថរបស់ពួកគាត់គឺមិនប្រកាន់ស្ដាំ ភាគច្រើនបើកដោយជិះបញ្ច្រាស ហើយទាក់ទងជាមួយនឹងការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ»។
លោក គង់ រតនៈ អ្នកជំនាញនិងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក ប្រាប់វីអូអេថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហានិងក្តីបារម្ភ ដោយសារតួលេខនៃអ្នករងរបួសនិងអ្នកស្លាប់នៅតែមានចំនួនច្រើន បើទោះបីជាអត្រាស្លាប់ឆ្នាំ ២០២៣ ថយចុះបន្តិចបន្តួច បើធៀបនឹងឆ្នាំ ២០២២។
បើតាមលោក គង់ រតនៈ បើសិនជាកម្ពុជាអាចកាត់បន្ថយគ្រោះថ្នាក់ចរារណ៍បានក្នុងកម្រិតអតិបរមានោះវានឹងធ្វើឱ្យរដ្ឋចំណេញសេដ្ឋកិច្ច ដែលបានខាតបង់ជាង ៤០០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកថ្លែងថា៖ «ថ្មីៗនេះ មានការសិក្សារបស់ UNDP ជាមួយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហ្នឹង។ គាត់បានរកឃើញប្រទេសកម្ពុជាបានខាតបង់សេដ្ឋកិច្ចរហូតដល់ជាង ៤០០ លាន គឺ ៤៦៦ លានដុល្លារក្នុងមួយឆ្នាំ។ អាហ្នឹងគិតត្រឹមឆ្នាំ ២០២១ ផង ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
អ្នកជំនាញរូបនេះកត់សម្គាល់ស្រដៀងគ្នាដែរថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារកត្តាមនុស្សច្រើនជាងគេ គឺរហូតដល់ ៩៦% ទៅ ៩៧% ដោយក្នុងនោះពាក់ព័ន្ធនឹងឥរិយាបថរបស់ប្រជាពលរដ្ឋ ដូចជាការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំ ឬការបើកបរដោយអាការៈអស់កម្លាំង ការបត់ជែងយានយន្តធ្វេសប្រហែសជាដើម។ លោកបន្ថែមថា ការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ ក៏ជាឫសគល់ចម្បងដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
ក្រៅពីនោះ លោកថា កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ដូចជាផ្លូវខ្លះមានជង្ហុក និងផ្លូវខ្លះមានព្រៃឈើបាំង និងផ្លូវកោងជាដើម ក៏ជាបញ្ហារួមផ្សំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
បើតាមលោក គង់ រតនៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទាំងពលរដ្ឋ ទាំងសាលារៀន ទាំងអាជ្ញាធរ និងក្រសួងពាក់ព័ន្ធនានាត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយរួមគ្នា ព្រោះថា ពលរដ្ឋមួយចំនួនមិនទទួលស្គាល់ថា ខ្លួនខ្វះខាតចំណេះដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ និងច្បាប់ចរាចរណ៍នោះទេ។
លោកថ្លែងថា៖ «ដំបូង គឺយើងត្រូវធ្វើយ៉ាងម៉េចឱ្យពួកគាត់ទទួលស្គាល់ថា [គ្រោះថ្នាក់ចរាចរណ៍]ជាបញ្ហាធំសិន។ កន្លងមក យើងឃើញហើយថា អ្នកបើកបរមួយចំនួន គាត់អត់ទទួលស្គាល់ថា គាត់ខ្វះខាតចំណេះដឹងទេ។ គាត់អត់ទទួលស្គាល់ថា គាត់មិនអាចបើកបរបានទេ នៅពេលគាត់ស្រវឹងជាដើម។ អ៊ីចឹងភាគច្រើនអ្នកទាំងអស់ហ្នឹងទាល់តែជួបបញ្ហាខ្លួនឯងហើយបានស្តាយក្រោយ អីជាដើម»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលបង្កើនពន្ធលើគ្រឿងស្រវឹង និងបង្កើតច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹង កត់សម្គាល់ថា កត្តាចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន។
លោកប្រាប់វីអូអេថា៖ «ការថយគ្រោះថ្នាក់ចរាចរណ៍ទៅបាន លុះត្រាតែហ៊ានវាស់ជាតិអាកុលជាទៀងទាត់។ ហ៊ានធ្វើ Random Check [ការចុះត្រួតពិនិត្យចល័ត]ទៅលើការប្រើប្រាស់គ្រឿងស្រវឹងតាមដងផ្លូវ។ បើសិនជាយើងអត់ហ៊ានធ្វើប៉ុណ្ណឹងទេ ហើយបើយើងនៅតែមិនអើពើចំពោះ ការរួមចំណែកយ៉ាងសំខាន់នៃគ្រឿងស្រវឹង ទៅលើគ្រោះថ្នាក់ចរាចរណ៍ទេ នោះគ្រោះថ្នាក់ចរាចរណ៍គ្មានពេលថមថយទេ»។
លោកបន្ថែមថា បច្ចុប្បន្ននេះកត្តាទាក់ទាញ និងកត្តាជំរុញឱ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងតាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈ និងនៅតាមបណ្តាញសង្គមមានឥទ្ធិពលខ្លាំងជាងការអប់រំ និងផ្សព្វផ្សាយរបស់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធអំពីច្បាប់ចរាចរណ៍។ ដូច្នេះលោកថា ការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ និងបង្កើតច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹងគឺជារឿងសំខាន់ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្លាប់រិះគន់ការឃាត់ផាកពិន័យរបស់ប៉ូលិសចរាចរណ៍នៅតាមដងផ្លូវ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា មន្ត្រីនគរបាលដែលជាអ្នកអនុវត្តកិច្ចការត្រួតពិនិត្យចរាចរណ៍ និងគ្រឿងស្រវឹងត្រូវតែអនុវត្ត និងដាក់ពិន័យលើអ្នកដែលប្រព្រឹត្តខុសឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយកុំយកច្បាប់ទៅរកស៊ី។
លោកថ្លែងថា៖ «មនុស្សបង្កើតសង្គម សង្គមបង្កើតបញ្ហា។ ដើម្បីគ្រប់គ្រងបញ្ហាបាន ត្រូវតែបង្កើតច្បាប់។ ហើយបើបង្កើតច្បាប់ហើយមិនគោរពច្បាប់ ហើយយកច្បាប់ទៅរកស៊ី អាហ្នឹងវាទៅជាឱកាសសម្រាប់អ្នកមានលុយ អ្នកដែលចង់ឈ្នះ ចង់ចាញ់។ អ៊ីចឹងខ្ញុំគិតថា គួរតែការអនុវត្តច្បាប់ហ្នឹងហើយវាដើរតួនាទីសំខាន់ណាស់។ ខ្ញុំតែងនិយាយថា កុំធ្វើប្រុសលាក់ខ្លួន បង្ហាញមកកន្លែងណាៗ។ អ៊ីចឹងប្រុសលាក់ខ្លួនហ្នឹង ជួនកាលគេចពីប្រុសលាក់ខ្លួនទៅបុកគ្នាក៏មានដែរ។ ចំណុចទី២ហ្នឹង វាគេចពីប៉ូលិសដើម្បីមិនបង់លុយទៅរកបុកគ្នា អាគ្នា អត់ដឹងអីសោះ កំពុងឈប់ហ្នឹង»។
បើតាមលោក សុខ ទូច គ្រោះថ្នាក់ចរាចរណ៍ក៏កើតឡើង ដោយសារអ្នកបើកបរប្រើប្រាស់គ្រឿងញៀន និងងងុយដេកផងដែរ។ ចំណែកករណីខ្លះបង្កឡើងដោយសារកូនអ្នកមានបើកបររថយន្តបង្អួតគ្នាលេង ដោយមិនគោរពច្បាប់ចរាចរណ៍៕