ការចាប់ឃុំឃាំងសកម្មជនគណបក្សនយោបាយនិងការកាត់ទោសសកម្មជនសិទ្ធិលំនៅដ្ឋានដាក់ពន្ធនាគារយ៉ាងប្រញ៉ាប់ប្រញ៉ាល់ក្នុងពេលថ្មីៗនេះជាសញ្ញាបង្ហាញពីភាពតានតឹងថ្មីទៀតហើយស្ថានភាពសិទ្ធិមនុស្សហាក់វិលត្រឡប់ទៅរកស្ថានការណ៍មុនពេលដែលគណបក្សនយោបាយទាំងពីរបានសម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់វិបត្តិក្រោយពីការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការពារសិទ្ធិមនុស្ស។
Your browser doesn’t support HTML5
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការចាប់ខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និងសមាជិកគណបក្សនយោបាយជាបន្តបន្ទាប់។ សកម្មជនខ្លះត្រូវបានតុលាការកាត់ទោសយ៉ាងប្រញ៉ាប់ប្រញ៉ាល់ឱ្យជាប់ពន្ធនាគារក្នុងនោះមានលោកស្រីទេព វន្នីជ័យលាភី រង្វាន់សិទ្ធិមនុស្សរបស់អង្គការ Vital Voices ហើយអ្នកខ្លះទៀតនៅកំពុងជាប់ឃុំឃាំងនៅឡើយ។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំមើលថានេះគ្រាន់តែជាលេសមួយដើម្បីបំបាក់ស្មារតីក្រុមអ្នកតវ៉ា បំភិតបំភ័យអ្នកតវ៉ា»។
លោកអះអាងថាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋជាច្រើនបានឡើងមកភ្នំពេញដើម្បីតវ៉ារឿងបញ្ហាដីធ្លីហើយរដ្ឋាភិបាលត្រូវតែចាត់វិធានការក្តៅដើម្បីទប់ស្កាត់។
លោក អំ សំអាតបានបន្ថែមថា៖ «ដំណោះស្រាយនេះមិនមែនជាដំណោះស្រាយដ៏ល្អទេ។ អ្វីដែលសំខាន់គឺការដោះស្រាយដោយសន្តិវិធីស្វែងរកនូវវិធីសាស្រ្តដើម្បីដោះស្រាយវិបត្តិនោះបានជាគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស»។
យុទ្ធនាការក្តៅនេះត្រូវបានទទួលការគាំទ្របន្ថែមដោយប្រតិកម្មរបស់លោកនាយករដ្ឋហ៊ុន សែនដែលថាការតវ៉ាដោយបិទផ្លូវដែលពលរដ្ឋមួយចំនួនធ្លាប់បានធ្វើកន្លងមកត្រូវតែកុំឱ្យមានតទៅទៀត។
ការតាមចាប់ខ្លួននិងកាត់ទោសអ្នកជាប់ពាក់ព័ន្ធក្នុងការធ្វើបាតុកម្មនានាក្នុងពេលអតីតកាលហាក់មិនទាន់បន្ថយទេ។ ព្រះតេជគុណលួន សុវ៉ាត់ ព្រះសង្ឃព្រះពុទ្ធសាសនាមួយអង្គដែលតែងតែតាមដានសកម្មភាពតវ៉ានិងការពារពលរដ្ឋរងគ្រោះ ត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ជាច្រើនដោយរួមមានបទក្បត់ជាតិ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រឆាំងការបោះឆ្នោតជាដើម ហើយព្រះអង្គ ត្រូវតុលាការដាក់គម្រោងបើកសវនាការកាត់ទោសនៅថ្ងៃទី២៥ខែវិច្ឆិកាខាងមុខនេះ។
ព្រះអង្គមានសង្ឃដីកានៅក្នុងកម្មវិធីហេឡូវីអូអេដោយបដិសេធការចោទប្រកាន់នោះថា៖
«អាត្មារក្សាបានខ្ជាប់ខ្ជួនទៅតាមច្បាប់ក្បួនដែលមានចែងដោយព្រះពុទ្ធសាសនាក៏ដូចជាច្បាប់ជាតិគឺអាត្មាពុំដែលធ្វើឱ្យឃ្លាងឃ្លាតពីច្បាប់ណាមួយនោះទេ»។
ព្រះតេជគុណ លួន សុវ៉ាត់បានបន្ថែមថាព្រះអង្គបានទទួលការប្រមាថមាក់ងាយនិងត្រូវមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចធ្វើបាបដោយហិង្សាជាច្រើនចាប់តាំងពីព្រះអង្គចេញមកការពារជនរងគ្រោះដោយសារការរំលោភបំពានដីធ្លី លំនៅដ្ឋាននិងទាមទារយុត្តិធម៌សម្រាប់ពួកគេ។ ប៉ុន្តែទើបតែលើកនេះព្រះអង្គទទួលរងការចោទប្រកាន់ធ្ងន់ធ្ងររហូតដល់ទោសក្បត់ជាតិ។
ព្រះតេជគុណលួន សុវ៉ាត់បានចោទសួរថា៖«តើអ្វីជាទោសក្បត់ជាតិ តើអ្វីជាទោសឧក្រិដ្ឋ? កុំថាឡើយតែតុលាការអាងតែចោទអាងតែចាប់សូម្បីតែច្បាប់ព្រះពុទ្ធសាសនាក៏យើងដឹងគ្រប់គ្នាហើយថាព្រះសង្ឃឯណាទៅក្បត់ជាតិ?»
លោកអំ សំអាតបានបញ្ជាក់ថារដ្ឋាភិបាលមិនគួរប្រើវិធានការក្តៅដាក់ពលរដ្ឋរងគ្រោះដែលគ្រាន់តែចង់ទាមទារឱ្យមានដំណោះស្រាយចំពោះបញ្ហាដែលពួកគេជួបការលំបាកទេហើយជាពិសេសលើព្រះសង្ឃគួរតែប្រគល់ជូនក្រសួងធម្មការនិងសម្តេចសង្ឃរាជឱ្យដោះស្រាយ។
លោកបន្ថែមថា៖«យើងទាំងអស់គ្នាយើងនឹកឃើញហើយថាជំនាន់ប៉ុលពត។ ម្នាក់ៗគិតតែជេរថា «ទមិឡអត់សាសនាចាប់ព្រះសង្ឃបកស្បង់ចីពរឱ្យទៅធ្វើស្រែធ្វើអី» ហើយប្រសិនបើរូបភាពនេះកើតឡើងមកវិញវាធ្វើឱ្យប្រជាពលរដ្ឋចងចាំនឹកឃើញ។ តើព្រះពុទ្ធសាសនាយើងវាទៅបែបណា?»។