សង្គម​ស៊ីវិល​បន្ត​សុំ​ឱ្យ​បដិសេធ​ចោល​ច្បាប់​សម្រាប់​កំណែ​ទម្រង់​តុលាការ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កន្លង​មក​បាន​ហៅ​សេចក្តី​ព្រាងច្បាប់​នេះថា​អាច​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ ដោយ​សំអាង​ថា ​ក្រសួង​យុត្តិធម៌​គ្រាន់​តែ​ដើរ​តួ​ជួយ​សម្រួល​ដល់​ការងារ​រដ្ឋបាល​របស់​​តុលាការ​តែ​ប៉ុណ្ណោះ។​

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ជជែក​គ្នា​យ៉ាង​ស្រួច​ស្រាល់​បំផុត​ទាក់​ទឹន​នឹង​ច្បាប់​ចំនួន​បី​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​រដ្ឋសភា​និង​ព្រឹទ្ធសភា​ទើប​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មាន​ជំហរ​ដូចៗ​គ្នា​ទាមទារ​ឱ្យ​បដិសេធ​ចោល​ច្បាប់​ទាំង​បី​នេះ​ដោយ​ចោទ​ប្រកាន់​ថា​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ។ ​ការ​ទាមទារ​នេះ​បាន​កើត​មាន​ឡើង​ក្នុងពេល​ដែល​ស្ថាប័នក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ពិនិត្យ​មើល​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ​មុន​នឹង​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា។​

​កាល​ពី​ខែ​ឧសភា​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​បាន​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​ដែល​រង​នូវ​ការ​រិះ​គន់​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ​ច្បាប់​ស្តីពី​លក្ខ​ន្តិកៈ​ ចៅក្រម​ និង​ ព្រះរាជ​អាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការរៀប​ចំ​អង្គការ​តុលាការ។ ព្រឹទ្ធសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ទាំង​នេះ​នៅ​ដើម​ខែ​មិថុនា។

​លោក​ បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ច្បាប់​នេះ​បាន​ធ្វើឱ្យតុលាការ​កម្ពុជា​គ្មាន​ឯក​រាជ្យ​និង​ប៉ះពាល់​ដល់​គោល​ការណ៍​បែង​ចែក​អំណាច។​

លោក​បញ្ជាក់​ថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​តែ​បដិសេធ​ចោល​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ចេញ​ដោយ​សារ​អធម្មនុញ្ញភាព។​

លោក​និយាយ​ថា៖​ «ច្បាប់​នេះ​ទាំង​បី​ហ្នឹង​អត់​មាន​ធម្មនុញ្ញភាព​ទេ​គឺ​អធម្មនុញ្ញភាព​ដូច្នេះ​គឺ​បដិសេធ​ចោល​វិញ​ហើយ​មក​ធ្វើ​ឡើង​វិញ​។​ សរសេរ​ឡើងវិញឱ្យមាន​ការ​ទទួល​ហើយ​មាន​បទ​បញ្ញាត្តិ​បញ្ជាក់​ថា​តុលាការ​ហ្នឹង​ឯក​រាជ្យ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កន្លង​មក​បាន​ហៅ​សេចក្តី​ព្រាងច្បាប់​នេះថា​អាច​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ ដោយ​សំអាង​ថា ​ក្រសួង​យុត្តិធម៌​គ្រាន់​តែ​ដើរ​តួ​ជួយ​សម្រួល​ដល់​ការងារ​រដ្ឋបាល​របស់តុលាការ​តែ​ប៉ុណ្ណោះ។​

អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១​បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពិគ្រោះ​យោបល់​ស្តីពី​ក្របខណ្ឌ​ច្បាប់​ដើម្បី​ធានា​ឯក​រាជ្យភាព​ និង​ អណា​គតិ​នៃ​តុលាការ​កម្ពុជា។​

លោក​ សុខ សំអឿន​ ប្រធាន​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​មាន​ប្រសាសន៍​ថា​អំណាច​ស្ថាប័ន​នីតិ​ប្រតិបត្តិ​បាន​លូក​ដៃ​ចូលស៊ី​ជម្រៅ ​ចូល​ទៅ​អំណាច​តុលាការ​ក្រោយ​ពីច្បាប់​នេះ​ត្រូវ​បាន​ចូល​ជាធរមាន។

លោក​មាន​ប្រសាសន៍​ថា​ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ព្រះ​រាជ​អាជ្ញាឯករាជ្យ​ដោយ​ស្ថិត​នៅ​ក្រោម​អំណាច​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ក៏​ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ព្រះរាជអាជ្ញា​ស្ថិត​នៅ​ក្រោម​ក្រសួង​យុត្តិធម៌​ទៅ​វិញ។​

លោក​និយាយ​ថា៖​«នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ព្រះ​មហា​ក្សត្រ​តែ​យោង​តាម​ច្បាប់​បី​ហ្នឹង​លែង​មាន​ព្រះ​មហាក្សត្រ​ហើយ​គឺ​នៅ​លើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​និង​នាយក​រដ្ឋមន្ត្រី។​ហេតុដូច្នេះ​ទាល់​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ នាយក​រដ្ឋមន្ត្រី​មាន​ឆន្ទៈ​ស្រួច​ស្រាល់​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នឹង​អាច​មាន​ការ​អភិវឌ្ឍន៍​ខ្លះ»។​

លោក​ នី​ ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ ផ្នែក​ច្បាប់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​នៅ​ប្រទេស​កម្ពុជា​បើ​យើង​អនុវត្ត​ច្បាប់​របៀប​នេះ​នោះ​តុលាការ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​តុលាការ​អំណាច​បុគ្គល​លែង​ទៅ​ជា​ប្រព័ន្ធ​តុលាការ​ហើយ​ដែល​នេះ​នាំឱ្យមានគ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ។​

លោក​និយាយ​ថា៖ ​«ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​លោក​មិន​អាច​ទទួល​យុត្តិធម៌​ពី​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ទេ​ហើយ​ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​នៅ​ពេល​ដែល​ប្រជាជន​កាន់​តែ​ច្រើន​ទៅៗ​មិន​ទទួល​បាន​យុត្តិធម៌​តាម​ប្រព័ន្ធ​យុត្តិធម៌​ពេល​នោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​និង​ប្រើ​ប្រាស់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ដើម្បី​រក​យុត្តិធម៌​ជូន​ខ្លួន​ឯង»។​

លោក​ ឈាង​ វ៉ុន​ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្តីបន្ទោស​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ថា​មិន​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​លើ​ប្រព័ន្ធ​តុលាការ។ ​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​ចង់​ឱ្យមាន​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​តុលាការ​ទើប​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ៕