សមាគមអាដហុកបានចេញសេក្តីប្រកាសព័ត៌មានឲ្យដឹងនៅថ្ងៃសុក្រនេះថា នាង ខុម ចាន់តារាទី ហៅស្រីមុំ លែងទទួលបានមេធាវីសម្រាប់ការពារក្តីក្តាំនាងទៀតហើយ បន្ទាប់ពីនាងបានផ្តល់ចម្លើយទៅសាលាដំបូងរាជធានីភ្នំពេញថា សំឡេងស្រ្តីក្នុងខ្សែអាត់ ដែលគេសង្ស័យថា ជាការសាសងស្នេហារវាងរូបនាង និងលោក កឹម សុខា នោះគឺជាសំឡេងរបស់នាង។
នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ឈប់ទទួលបានការគាំទ្រជំនួយផ្នែកច្បាប់ពីសមាគមអាដហុក ទៀតហើយ បន្ទាប់ពីនាងបានទទួលស្គាល់ថា គឺសំឡេងរបស់នាងនៅក្នុងខ្សែអាត់សំឡេងសាសងស្នេហា ជាមួយបុរសម្នាក់ ដែលគេចោទថា ជាលោក កឹម សុខា ប្រធានស្តីពីគណបក្សប្រឆាំងនោះនេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអាដហុកដែលចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ និងអតីតមេធាវីការពារក្តីឲ្យស្រីមុំ។
ការចេញសេចក្តីប្រកាសព័ត៌មាន កើតមានឡើងជិតមួយសប្តាហ៍បន្ទាប់ពី ស្រីមុំ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជាទីដែលនាងបានសារភាពថា នាងពិតជាមានទំនាក់ទំនងជាមួយលោក កឹម សុខា និងបានទទួលស្គាល់ថា សំឡេងស្រ្តីម្នាក់នៅក្នុងខ្សែអាត់សំឡេងនោះ ថាជារបស់នាងពិតមែន។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមអាដហុក បានសរសេរថា សមាគមអាដហុកបានផ្តល់មេធាវីការពារក្តីឲ្យស្រីមុំ កាលពីពេលកន្លងមក ដោយហេតុថា អាដហុកពិនិត្យឃើញថា ស្រីមុំ មានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងទទួលរងនូវការគំរាមកំហែង ដែលមានរូបភាព ជាលក្ខណៈនយោបាយ ដែលអាចបណ្តាលឲ្យមានការប៉ះពាល់ខាងស្មារតី នៅពេលចូលឆ្លើយចំពោះសមត្ថកិច្ច និងដើម្បីជៀសវាង នូវការគាបសង្កត់ជាយថាហេតុណាមួយ។
សមាគមអាដហុកបានបញ្ជាក់ថា បន្ទាប់ពីស្រីមុំ បានចូលទៅបំភ្លឺចំពោះមុខព្រះរាជអាជ្ញា ហើយបន្ទាប់ពីតុលាការចេញសេចក្តីថ្លែងការណ៍ប្រកាសការទទួលស្គាល់សំឡេងនោះមក សមាគមអាដហុកយល់ថា ករណីរបស់ស្រីមុំ មិនមែនស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភទៀតទេ។
សមាគមអាដហុក បានបន្តថា ការបញ្ឈប់ផ្តល់មេធាវីការពារស្រីមុំ គឺផ្អែកលើហេតុផលពីរ រួមមានទីមួយ ករណីបណ្តឹងបរិហារកេរ្តិ៍ វាគ្រាន់តែជារឿងវិវាទធម្មតា រវាងបុគ្គលសាមញ្ញ និងបុគ្គលសាមញ្ញ ដែលមិនស្ថិតនៅក្នុងអាណត្តិរបស់សមាគម។ ទីពីរ ចំពោះករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ សមាគមអាដហុកយល់ថា កញ្ញា ស្រីមុំ អាចគ្រាន់តែជាសាក្សី នីតិវិធីបន្តទៀតតែប៉ុណ្ណោះ។
អ្នកស្រី ទ្រី ឈួន មេធាវីការពារក្តីឲ្យ ស្រីមុំ បានប្រាប់ VOA ថា សមាគមអាដហុក មិនទាន់ប្រាកដថា នឹងជួយ ស្រីមុំ យ៉ាងទៀតនោះទេ បន្ទាប់ពីសមាគមបញ្ឈប់ផ្តល់មេធាវីការពារស្រីមុំ។ អ្នកស្រីថា ការប្រែប្រួលចម្លើយរបស់ ស្រីមុំ ក៏មិនទាក់ទងនឹងការផ្តាច់ការផ្តល់សេវាច្បាប់ដល់នាងដែរ។ អ្នកស្រីបញ្ជាក់ថា ការប្រែប្រួលចម្លើយរបស់ ស្រីមុំ គឺផ្អែកលើភស្តុតាង និងវិធីសាស្ត្រនៃសួរយកចម្លើយរបស់តំណាងអយ្យការ និងមិនរងសំពាធពីភាគីណាឡើយ។
អ្នកស្រី ទ្រី ឈួន ពន្យល់ប្រាប់ VOA ថា៖
«ខ្ញុំមើលទៅកូនក្តីខ្ញុំមិនមានរងសំពាធអីទេ ព្រោះអ្វីដែលចម្លើយគាត់ប្រែប្រួលនេះគឺ និយាយទៅផ្អែកទៅ ទៅលើភស្តុតាងហើយ និងសមត្ថភាពរបស់តំណាងអយ្យការនៅពេលសាកសួរ»។
កាលពីថ្ងៃអង្គារកន្លងទៅ ស្រីមុំ បានចូលខ្លួនបំភ្លឺនៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ចម្លើយ ទាក់ទិនការចោទប្រកាន់ថា នាងបាន«ផ្តល់សក្ខីកម្មក្លែងក្លាយ និងប្រព្រឹត្តអំពើពេស្យាចារ» ដែលធ្វើឡើងដោយអង្គភាពប្រឆាំងអំពើភេរវកម្មនៃក្រសួងមហាផ្ទៃ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើខ្សែអាត់សំឡេងដែលគេសង្ស័យជាយូរមកហើយ។
បន្ទាប់ពីត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតុលាការដំបូងរាជធានីភ្នំពេញ សាកសួរអស់រយៈពេលជាងបួនម៉ោងរួចមក ស្រីមុំមិនបានប្រាប់អ្នកសារព័ត៌មានថា នាងបានសារភាពទទួលស្គាល់ខ្សែអាត់សំឡេងនោះទេ។ តែនៅល្ងាចថ្ងៃអង្គារដដែលនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ប្រាប់សាធារណៈជនថា ស្រីមុំ បានទទួលស្គាល់ថា នាងពិតជាធ្លាប់មានទំនាក់ទំនងជាមួយ ឈ្មោះ កឹម សុខា និងបានទទួលស្គាល់ «សំឡេងក្នុងខ្សែអាត់ថាជាសំឡេងរបស់ខ្លួន»។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ ថ្លែងថា មេដឹកនាំអង្គការសង្គមស៊ីវិលជាស្ត្រីនៅមានក្តីបារម្ភចំពោះក្តីក្តាំរបស់ស្រីមុំ ហើយថា ការជួបប្រជុំគ្នាមួយរបស់ក្រុមអង្គការសង្គមស៊ីវិលទាក់ទិនរឿងស្រីមុំនេះ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ខាងមុខនេះ។ អ្នកស្រីបានហៅការបញ្ឈប់ផ្តល់សេវាផ្នែកច្បាប់ដល់ស្រីមុំនេះ ថាហាក់ដូចជាលឿនពេក។
«ខ្ញុំថា ប្រហែលជាខ្ញុំមានអារម្មណ៍ថា គាត់នៅត្រូវការជំនួយ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ ខាងអាដហុក ដកខ្លួន ខ្ញុំថា ដូចដករហ័សពេក។ ប៉ុន្តែខ្ញុំនៅមានការព្រួយបារម្ភ និយាយឲ្យឆាប់ចប់ទៅ នៅតែមានការព្រួយបារម្ភ»។
ក្រុមអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងនយោបាយកម្ពុជាថ្លែងថា រឿងរ៉ាវស្នេហាលួចលាក់នេះ គ្រាន់តែជាការបង្វែរស្ថានការណ៍នយោបាយកម្ពុជាតែប៉ុណ្ណោះ។ សំណុំរឿងអាស្រូវស្នេហាលួចលាក់ដដែលនេះ ក៏កំពុងសាបរលាបទៅវិញដែរ ដោយសំណុំរឿងថ្មីបានមកជំនួស។ សំណុំរឿងនោះ រួមមានការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន និងលោក ស៊ុត ឌីណាអតីតឯករាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ហើយនឹងករណីវាយតប់លើស្មៀនមេធាវីម្នាក់នៅសហរដ្ឋអាមេរិក ដែលអង្គរក្សលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវគេរាយការណ៍ថា អាចជាប់ពាក់ព័ន្ធនឹងករណីនេះ៕