សន្ទស្សន៍​អំពើ​ពុករលួយ​ឆ្នាំ​២០១៧ ​​បង្ហាញ​ថា ​កម្ពុជា​នៅ​តែ​មាន​កម្រិត​ពុករលួយ​ខ្ពស់​ដដែល

​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨៕ (រូបភាព Web Screenshot)

ប្រទេស​កម្ពុជា នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​ថេរ​ ក្នុង​នាម​ជា​ប្រទេស​ដែល​គេ​យល់​ថា​មាន​កម្រិត​អំពើពុករលួយ​ខ្ពស់​ដដែល ហើយ​នៅ​តែ​ឈរ​ក្នុង​លំដាប់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។ នេះ​បើយោង​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៧ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ​នេះ។

សន្ទស្សន៍ដែល​កំណត់​ដោយ​អង្គការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នេះ បង្ហាញ​ថា កម្ពុជា ទទួល​បាន​ពិន្ទុ​តែ​២១​លើ​១០០ ហើយ​ពិន្ទុ​នេះ នៅ​តែ​ដដែល​ ដោយ​ឥត​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ។

​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ ១០០ មាន​ន័យ​ថា ប្រទេស​នោះ​ស្អាតស្អំ​បំផុត។ ប្រទេស​ដែល​ឈរ​លំដាប់ខ្ពស់​ជាង​គេ​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៧​ គឺ​ប្រទេស​នូវែលសេឡង់ ដែល​ទទួល​បាន​ពិន្ទុ ៨៩។ ចំណែក​ ប្រទេស​ដែល​នៅ​បាតក្រោម​គេ​បង្អស់​គឺ​ប្រទេស​សូម៉ាលី ដែល​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​៩​ប៉ុណ្ណោះ។​

​យោង​តាម​សន្ទស្សន៍​ដដែល​នេះ ប្រទេស​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​១៦១ ក្នុងចំណោម​ប្រទេស​១៨០ ដែល​អង្គការ​នេះ បាន​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​អំពី​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ។

កាល​ពី​ឆ្នាំ​មុន កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៦៕​