ប្រសិនបើសរសៃសូត្រ៤០០តោនដែលនាំចូលក្នុងមួយឆ្នាំៗត្រូវបានជំនួសដោយការផលិតក្នុងស្រុក កម្ពុជាត្រូវការផ្ទៃដីដាំមនចំនួន៥.០០០ហិកតា ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋជនបទបានចំនួន២,៥០០០ពាន់នាក់។
ភ្នំពេញ៖ ស្របពេលដែលការផលិតសូត្រនិងសិប្បកម្មសូត្ររបស់កម្ពុជាកំពុងជួបប្រទះហានិភ័យ អ្នកជំនាញកម្ពុជាចំនួនពីរនាក់កំពុងបង្កាត់ពូជដង្កូវនាងថ្មី ដែលនឹងនាំក្តីសង្ឃឹមមកវិញសម្រាប់អនាគតសូត្រខ្មែរ។
ការបង្កាត់នេះប្រើពូជដង្កូវនាងពីក្រៅប្រទេសចំនួនបួនប្រភេទផ្សេងគ្នាដែលមានឈ្មោះជាភាសាបច្ចេកទេសថា ពពួកដង្កូវនាងស្រឡាយបាយវ៉ុលទីន (Bivoltine) ដែលមានភាពធន់នឹងអាកាសធាតុនិងជំងឺ និងផ្តល់ជាសរសៃសូត្រវែងជាងពូជក្នុងស្រុក។
លោក សៅ ចេស្តា នាយករងនៃនាយកដ្ឋានដំណាំសាកវប្បកម្មរបស់អគ្គនាយកដ្ឋានកសិកម្ម និងជាអ្នកឯកទេសបង្កាត់ដង្កូវនាងបានប្រាប់ឱ្យដឹងថា ពូជដង្កូវនាងហាយប៊្រីដ (Hybrid) ដែលកំពុងបង្កាត់នេះ មានភាពធន់នឹងជំងឺ និងក្សេត្របរិស្ថានកម្ពុជាខ្ពស់ និងអាចផ្តល់ជាសរសៃសូត្រប្រវែងជាង១.២០០ម៉ែត្រដែលវែងជាងសរសៃសូត្រក្នុងស្រុកចំនួនបួនដង។ ម៉្យាងទៀត ពូជហាយប្រ៊ីដនេះ មានភាពមាំជាងសូត្រក្នុងស្រុក ដែលអាចស្រាវជាមួយម៉ាស៊ីនបាន។
តាមប្រសាសន៍របស់លោក គង់ សំអឿន នាយករងនៃនាយកដ្ឋានដំណាំឧស្សាហកម្មរបស់អគ្គនាយកដ្ឋានកសិកម្ម និងជាអ្នកឯកទេសបង្កាត់ដង្កូវនាងពូជហាយប្រ៊ីដម្នាក់ទៀតមានប្រសាសន៍ថា ពូជដង្កូវនាងហាយប្រ៊ីដនេះ អាចនឹងសម្រេចបានក្នុងរយៈពេលកន្លះឆ្នាំទៀតប៉ុណ្ណោះ។
«យើងយកមេបាលឿងដែលមានមេបាA B យើងបង្កាត់វាប្រាំពីរជំនាន់។ យើងបានពូជអ៊ីនប្រ៊ីដ (Inbrid)។ ដូច្នេះយើងយកពូជអ៊ីនប្រ៊ីដហ្នឹងមកបង្កាត់ យើងនឹងបានពូជហាយប្រ៊ីដ (Hybrid) ហើយឥឡូវយើងបង្កាត់បានបួនជំនាន់ហើយ។ ដូច្នេះសល់តែបីជំនាន់ទៀតទេដែលត្រូវនឹងរយៈពេលប្រាំមួយខែ។ យើងនឹងបានពូជហាយប្រ៊ីដហើយ»។
លោកបន្ថែមថារបកគំហើញនេះនឹងផ្តល់កម្រៃជាច្រើនដល់អ្នកដាំមនបើធៀបនឹងដំណាំកសិផលផ្សេងទៀត។
«ក្នុងមួយឆ្នាំអាចបានស្លឹកមនប្រហែល២០តោនក្នុងមួយហិកតា ដែលចិញ្ចឹមដង្កូវនាងបាន៣០ប្រអប់ ហើយក្នុងមួយប្រអប់មាន២០.០០០កូនក្នុងនោះងាប់ប្រហែលជា១០ទៅ១៥ភាគរយ។ ដូច្នេះសរុបទៅផលិតជាសម្បុកដង្កូវនាងបាន៧៥០គីឡូក្រាម ហើយពេលស្រាវជាសូត្របានប្រហែលជា១០០គីឡូក្រាម ហើយ១គីឡូក្រាមបាន៦០ដុល្លារ ដូច្នេះគុណហ្នឹង១០០ទៅ គាត់អាចរកបានមួយឆ្នាំ៦.០០០ដុល្លារ»។
ការបង្កាត់ពូជដង្កូវនាងនេះស្ថិតក្រោមគម្រោងស្តារវិស័យសូត្ររបស់អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក (FAO) ក្នុងជំនួយទឹកប្រាក់ចំនួន៤៧០.០០០ដុល្លារអារមេរិកសម្រាប់រយៈពេលពីរឆ្នាំ។
ការសិក្សាមួយរបស់អង្គការ កយកា (KOICA) របស់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០បានរកឃើញថា ក្នុងផ្ទៃដីមួយហិកតាកម្ពុជាអាចដាំមននិងចិញ្ចឹមដង្កូវនាងយកសំបុកបានរហូតដល់៧៥០គីឡូក្រាមក្នុងមួយឆ្នាំ ឬស្មើនឹងចំណូលចំនួន២២៥០ដុល្លារអាមេរិក។
បច្ចុប្បន្នកសិករខ្មែរទទួលផលសូត្រពីការចិញ្ចឹមនាងនេះមិនបាន២០០គីឡូក្រាមផងទេក្នុងមួយហិកតា។
អង្គការកយកាបញ្ជាក់ថា បញ្ហានេះបណ្តាលមកពីការខ្វះបច្ចេកទេស និងកត្តាជំងឺរបស់ដង្កូវនាងក្នុងនោះយ៉ាងតិចដង្កូវនាងជាង៥០ភាគរយមានជំងឺ និងងាប់។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានគម្រោងសូត្រថ្នាក់ជាតិនិងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ប្រសិនបើសរសៃសូត្រ៤០០តោនដែលនាំចូលក្នុងមួយឆ្នាំៗត្រូវបានជំនួសដោយការផលិតក្នុងស្រុក កម្ពុជាត្រូវការផ្ទៃដីដាំមនចំនួន៥.០០០ហិកតា ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋជនបទបានចំនួន២,៥០០០ពាន់នាក់។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានគម្រោងសូត្រថ្នាក់ជាតិនិងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ប្រសិនបើសរសៃសូត្រ៤០០តោនដែលនាំចូលក្នុងមួយឆ្នាំៗត្រូវបានជំនួសដោយការផលិតក្នុងស្រុក កម្ពុជាត្រូវការផ្ទៃដីដាំមនចំនួន៥.០០០ហិកតា ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋជនបទបានចំនួន២,៥០០០ពាន់នាក់។
«បើយើងគិតទៅជាជាងយក២៥ ឬ៣០លានទៅទិញពីគេ យើងទុក២៥ ឬ៣០លានហ្នឹងនៅស្រុកយើង គឺថាអាហ្នឹងហើយជាការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសូត្រ ហើយខ្ញុំចង់សង្កត់ខ្លាំងបន្តិចដែរគឺថាការងារហ្នឹងជាការងារស្រីៗច្រើនណាស់ បេះស្លឹកនាងក៏ស្រីៗធ្វើបាន ចិញ្ចឹមដង្កូវនាងក៏ស្រីៗធ្វើបាន ធ្វើសំបុកហ្នឹងក៏ស្រីៗធ្វើបាន។ ភាគច្រើនស្រីៗហ្នឹងតែម្តង។ ហើយជាមួយគ្នានេះជាការងារដែលមិនបំផ្លាញបរិស្ថាន ហើយមននេះវាខុសពីរឿងស្រូវ គឺថាវាត្រូវការដីទួលគឺដីភ្នំអីហ្នឹង។ ដូច្នេះកន្លែងណាដាំស្រូវបានដាំស្រូវទៅ ឯកន្លែងណាដាំមនបានដាំមនទៅគឺថាយើងធ្វើសកម្មភាពផ្សេងៗទៅតាមទីតាំងដែលយើងមាន»។
សព្វថ្ងៃនេះ កម្ពុជាមានផ្ទៃដីដាំមនទូទាំងប្រទេសមិនដល់៣០ហិកតាទេ ហើយមានកសិករដាំមនមិនដល់៤០០នាក់ផង ហើយចំនួនកំពុងធ្លាក់ចុះជាលំដាប់។
អ្នកស្រី មៀរ៉ាណា រ៉ង់ឌ្រីយ៉ាណានហ្សា (Mirana Randriananja) មន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុនចម្រុះសិប្បករអង្គរដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានឱ្យដឹងថា ក្នុងមួយឆ្នាំក្រុមហ៊ុននេះត្រូវការអំបោះសូត្រប្រហែល១២តោន ចំណែកឯការផ្គត់ផ្គង់សរសៃសូត្រក្នុងស្រុកមានកម្រិតតិចតួចមែនទែន ដែលនាំឲ្យក្រុមហ៊ុនបង្ខំចិត្តនាំចូលពីបរទេស។ ដូច្នេះអ្នកនាងមានការសប្បាយចិត្ត ប្រសិនបើមានការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់។
«យើងចង់បានសរសៃសូត្រពីប្រទេសកម្ពុជា។ ប៉ុន្តែយើងមិនអាចស្វែងរកបានគ្រប់គ្រាន់ទេទើបធ្វើឱ្យយើងបង្ខំចិត្តនាំចូលមកពីបរទេស»។
គម្រោងរបស់អង្គការហ្វៅ (FAO) នឹងចប់ត្រឹមចុងខែធ្នូឆ្នាំ២០១២នេះ ខណៈដែលការបង្កាត់នឹងត្រូវការរយៈពេលប្រហែលប្រាំមួយខែទៀតចាប់ពីខែតុលានេះទៅ។
អ្នកតំណាងអង្គការហ្វៅ លោកស្រីនីណា ប្រេនស្រ្តាប់ (Nina Brandstrup) មានប្រសាសន៍តាមសារអេឡិចត្រូនិកថា ហ្វៅគ្មានលទ្ធភាពគាំទ្រគម្រោងនេះបន្តទៀតទេបន្ទាប់ពីចប់អាណត្តិឆ្នាំ២០១២នេះបានទេ។ ប៉ុន្តែលោកបណ្ឌិត ម៉ី កល្យាណ ជឿជាក់ថាអាចនឹងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះបាន៕
អ្នកតំណាងអង្គការហ្វៅ លោកស្រីនីណា ប្រេនស្រ្តាប់ (Nina Brandstrup) មានប្រសាសន៍តាមសារអេឡិចត្រូនិកថា ហ្វៅគ្មានលទ្ធភាពគាំទ្រគម្រោងនេះបន្តទៀតទេបន្ទាប់ពីចប់អាណត្តិឆ្នាំ២០១២នេះបានទេ។ ប៉ុន្តែលោកបណ្ឌិត ម៉ី កល្យាណ ជឿជាក់ថាអាចនឹងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះបាន៕