អ្នក​ជំងឺ​ទី​៥​ស្លាប់​ដោយ​សារ​​កូវីដ​១៩​នៅ​កម្ពុជា​ ខណៈ​ការ​ឆ្លង​​ក្នុង​សហគមន៍​បន្ត​កើន​ឡើង

បុគ្គលិកសុខាភិបាលម្នាក់ស្ថិតក្នុង​សម្លៀកបំពាក់ការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនបុរសម្នាក់ដែលមានតេស្តវិជ្ជមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

អ្នក​ជំងឺ​ម្នាក់​ទៀត​ដែល​ជា​ជន​ជាតិ​ខ្មែរ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ករណី​ស្លាប់​ទី​៥​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​ស្រ្តី​ម្នាក់​អាយុ​៦២​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមាន​ជ័យ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣ ខែ​មីនា។ ក្រសួង​បន្ត​ថាស្រ្តី​នោះ​បាន​ចូល​មន្ទីរ​ពេទ្យ ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ដោយ​មាន​អាការៈ​ហត់ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩ ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា។ ក្រសួង​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ជំងឺ​ដែល​ស្លាប់​នោះ​ទេ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «ស្រ្តី​វ័យ​៦២ឆ្នាំ​ខាង​លើ​នេះ​គឺ​បាន​ស្លាប់​បាត់​បង់ជីវិត ដោយ​សារ​ជំងឺ​កូវីដ​១៩ វាយ​លុក​លឿន​ ធ្វើ​ឲ្យ​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ​ ខ្សោយ​សួត​ខ្លាំង​ពេក»។

នេះ​ជា​ករណី​ស្លាប់​ទី​៥​ហើយ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ការ​ឆ្លង​សហគមន៍​នៅ​តែ​បន្ត​កើន​ឡើង។ ក្រសួង​សុខាភិបាលឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​មនុស្ស​៣៣​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​«​២០​កុម្ភៈ» ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុបក្រោយ​ព្រឹត្តិការណ៍​នោះ បាន​កើន​ដល់​១.២៦៦​នាក់​ហើយ៕