ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៣៩នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាកំណត់ត្រាស្លាប់ខ្ពស់ជាងគេ ចាប់តាំងពីមានការរាលដាលជំងឺនេះក្នុងប្រទេសកម្ពុជា។
ការណ៍នេះនាំឲ្យមានការចោទជាក្តីបារម្ភអំពីការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩ក្នុងប្រទេស និងការព្យាបាលអ្នកជំងឺ ខណៈករណីឆ្លងប្រមាណ៥ខែមកនេះ មិនទាន់ថមថយនៅឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថាមនុស្ស៣៩នាក់បានស្លាប់ ដែលនាំឲ្យករណីស្លាប់សរុបកើនដល់១.០២៥នាក់ ក្នុងរយៈពេលជិត៥ខែ ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំណែកករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ មានចំនួនជិត១ពាន់នាក់ ដែលនាំឲ្យករណីឆ្លងសរុបមានចំនួនជាង៦៤.០០០នាក់។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ជាភាសាអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម បើទោះកម្ពុជាចាក់វ៉ាក់សាំងបានជាង៥០%នៃគោលដៅ១០លាននាក់ក៏ដោយ។
អ្នកស្រីបញ្ជាក់ថា៖ «យើងត្រូវតែមានការប្រុងប្រយ័ត្ន និងសកម្មក្នុងការរួមគ្នាអនុវត្តវិធានការការពារ ដើម្បីលុបបំបាត់ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ហើយដើម្បីបញ្ចៀសនូវសោកនាដកម្មក្នុងវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច បើទោះបីជាមនុស្សជាង៥លាននាក់ត្រូវបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ»។

រូបឯកសារ៖ មន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដល់ពលរដ្ឋនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានសម្រេចបង្កើនគម្លាតនៃការចាក់ដូសទីមួយ និងទីពីរនៃវ៉ាក់សាំងផលិតនៅប្រទេសចិន រួមមានវ៉ាក់សាំង Sinovac និងSinopharm ពី១៤ថ្ងៃ ទៅ២១ថ្ងៃវិញ។
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ការទុកគម្លាតចាក់វ៉ាក់សាំងដូសទីមួយ និងទីពីរ ឲ្យយូរជាង១៤ថ្ងៃនេះ ដើម្បីបង្កើនប្រសិទ្ធភាពអង់ទីករក្នុងបរិបទកូវីដបំប្លែងថ្មី គឺដែលតា (Delta) ដែលមានការឆ្លងរហ័ស និងខ្លាំងក្លា។
អ្នកស្រីបានថ្លែងប្រាប់សារព័ត៌មាន Freshnews កាលពីថ្ងៃពុធក្នុងសម្តីដើមថា៖
«មានការណែនាំថា ប្រសិនបើយើងពន្យារមួយសប្តាហ៍មកក្រោយទៀត អញ្ចឹងការសង្កេតឃើញថា ការបង្កើត និងការពង្រឹងអង្គបដិបក្ខនេះ វាកាន់តែមានភាពល្អប្រសើរ អញ្ចឹងហើយបានជាមានការគិតគូរឡើងវិញនូវគម្លាតនៃការចាក់នេះ។ ដោយសារយើងចាក់ទៅហើយ ប្រសិនបើខុសគ្នាតែមួយសប្តាហ៍ តើយើងអាចចាប់យកផលចំណេញបន្ថែមទៀត សម្រាប់បង្កើនភាពស៊ាំឲ្យកាន់តែមានភាពមាំទាំ។ អ៊ីចឹងហេតុអីបានយើងមិនព្រមចាប់យក? កន្លែងនេះជាសំណួរមួយ»។
អ្នកស្រីបន្ថែមថា នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងពិនិត្យមើលលទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទីបី និងការចាក់សម្រាប់ពលរដ្ឋក្រោមអាយុ១៨ឆ្នាំផងដែរ។
លោក អ៊ូច វុឌ្ឍី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ជំរុញឲ្យបញ្ចេញព័ត៌មានអំពីករណីស្លាប់នីមួយៗ ថាតើពួកគេមានចាក់វ៉ាក់សាំង ឬយ៉ាងណា ហើយថា តើមូលហេតុអ្វីបានជាឈានដល់ការស្លាប់។
លោកបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ហ្នឹងហើយ តាមការយល់ឃើញរបស់ខ្ញុំ ដែលនៅថ្ងៃនេះស្លាប់រហូតដល់ទៅ៣៩នាក់ បានន័យថា វាជារឿងមួយដែលយើងមិនគួរមានទេ។ ឥឡូវហ្នឹងវាចូលដល់ស្លាប់ ហើយស្លាប់ហ្នឹងមិនដឹងថា អ្នកស្លាប់ចូលដំណាក់កាលទីមួយ ឬទីពីរ គាត់បានចាក់វ៉ាក់សាំងទាំងពីរលើក ឬក៏អត់បានចាក់យើងក៏អត់ទាន់ដឹងច្បាស់»។
ពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់អង់ទីករនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោក អ៊ូច វុឌ្ឍី បានអំពាវនាវឲ្យតំណាងអង្គការសុខភាពពិភពលោកបញ្ជាក់ឲ្យច្បាស់នូវកម្រិតប្រសិទ្ធភាពអង់ទីករពីវ៉ាក់សាំងទាំងនោះ។ លោកក៏បានស្នើឲ្យអ្នកជំនាញផ្នែកសុខាភិបាលក្នុងស្រុក និងក្រៅប្រទេសសិក្សាវិភាគឲ្យបានច្បាស់លាស់ចំពោះលទ្ធភាពនៃការផ្តល់វ៉ាក់សាំងទីបី ក៏ដូចជាប្រសិទ្ធភាពនៃដូសទីបីសម្រាប់ពលរដ្ឋនៅកម្ពុជា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញមន្ទិលជុំវិញការពន្យារបន្ថែមគម្លាតនៃការចាក់ដូសទីមួយ និងទីពីរ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ឬក៏ថាតើគេពិភាក្សាបណ្តើរ គេចាក់បណ្តើរ ឬពិភាក្សាពីប្រសិទ្ធភាពបណ្តើរ ឬយ៉ាងម៉េច? ឬក៏វ៉ាក់សាំងហ្នឹងត្រូវបានគេពិភាក្សារួចហើយ មុនយកមកចាក់។ នេះជារឿងសំខាន់ណាស់បាទ ពាក់ព័ន្ធនឹងគម្លាតហ្នឹងបាទ។ តើវាខុសគ្នាយ៉ាងម៉េច? តើវាធ្វើឲ្យអ្នកដែលគាត់ចាក់១៤ថ្ងៃហ្នឹង គាត់អាចចោទសួរថាតើ វាមានប្រសិទ្ធភាពប៉ុនណា ឬគាត់ត្រូវបន្ថែមវ៉ាក់សាំងទៀតទេ? ឬក៏មិនបាច់ទេបាទ»។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
កាលពីថ្ងៃសុក្រសប្តាហ៍មុន វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានប្រាប់វីអូអេតាមសារអ៊ីមែលថា វ៉ាក់សាំង Sinovac ដែលកម្ពុជាចាក់ច្រើនជាងគេ នៅតែមានប្រសិទ្ធភាពបង្ការការឈឺធ្ងន់ និងទទួលមរណភាពដោយវីរុសកូវីដ១៩។
អ្នកស្រីបញ្ជាក់ថា៖ «ព្រមពេលជាមួយគ្នា គេក៏ត្រូវត្រួតពិនិត្យអង្កេតលើវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី និងប្រសិទ្ធភាពនៃវ៉ាក់សាំងនានាផងដែរ។ អង្គការសុខភាពពិភពលោកនៅតែផ្ដល់អនុសាសន៍ឲ្យកម្ពុជាបន្តការចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋឲ្យបានរហ័សបំផុតតាមតែដែលអាចធ្វើទៅបាន»។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកក្កដា កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋជាង៥លាន ៣សែននាក់ ស្មើនឹង៥២,៤%នៃគោលដៅចាក់វ៉ាក់សាំងសរុបឲ្យបាន១០លាននាក់ នៅត្រឹមខែតុលាខាងមុខ៕