ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សជាង ៦៥០ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ខណៈចំនួនអ្នកស្លាប់បានកើនឡើងទៅដល់ ៦១ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្រសួងឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន ៦៥៥នាក់ ដែលក្នុងនោះភាគច្រើននៅភ្នំពេញដែលមានចំនួន ៥២២ នាក់និងខេត្តព្រះសីហនុមានចំនួន ១១៣ នាក់។ ករណីឆ្លងសរុបចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ មានចំនួនសរុប ៨.៣០១នាក់។
ចំនួនអ្នកស្លាប់ថ្មីមាន ២ នាក់ ដែលនាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបក្នុងប្រទេសមានចំនួន ៦១ នាក់។ ក្រសួងសុខាភិបាលឲ្យដឹងទៀតថា អ្នកជាសះស្បើយពីជំងឺនេះមានចំនួន ២២៤ នាក់។
ដោយសារករណីឆ្លងបន្តកើនឡើងក្នុងខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ បង្ការការឆ្លងជំងឺកូវីដ១៩ ដូចក្រុងភ្នំពេញ រយៈពេល ២ សប្តាហ៍ គឺចាប់ថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ៦ ខែឧសភា។
ដូចគ្នានឹងការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ តែលើកលែងករណីចាំបាច់មួយចំនួន ទាក់ទងនឹងការធ្វើអាជីវកម្មនិងការបំពេញការងារក្នុងវិស័យឯកជន ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ៕