ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តសរុបជាង១ពាន់នាក់ នៅព្រឹកថ្ងៃពុធទី១៥ខែតុលានេះ បានប្រមូលផ្ដុំគ្នានៅពីមុខព្រះបរមរាជវាំងដើម្បីប្រារព្ធគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនរោត្តម សីហនុ គម្រប់ខួប២ឆ្នាំ។ (ចុចមើលរូបភាព)
ព្រះសង្ឃសូត្រធម៌។
អតីតព្រះមហាក្សត្រព្រះបាទនរោត្ដមសីហនុបានយាងចូលទីវង្គតក្នុងព្រះជន្ម៩០ព្រះវស្សាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ក្នុងទីក្រុងប៉េកាំង។
តាំងពីព្រលឹមស្រាងៗ នៅពីមុខកំណាត់ផ្លូវទល់មុខបរិវេណព្រះបរមរាជវាំងមនុស្សម្នារដែលភាគច្រើនជាប្រជាពលរដ្ឋចំណាស់ៗបានប្រមូលផ្ដុំគ្នាដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីរំឭកព្រះវិញ្ញាណក្ខន្ធ។
ប្រជាពលរដ្ឋបាននាំយកចង្ហាន់ និងគ្រឿងសក្ការៈមួយចំនួនសម្រាប់ប្រគេនដល់ព្រះសង្ឃ។
អ្នកស្រីផៃ ថុល អាយុ៧៣ឆ្នាំមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ លោកស្រីនៅចងចាំពីគុណសម្បត្តិរបស់អតីតព្រះមហាក្សត្រ ហើយអ្នកស្រីចាត់ទុកព្រះអង្គគឺជាអ្នកមានគុណ។
«ចង់ចូលរួម ពីព្រោះលោកជាអ្នកមានគុណសម្រាប់យាយៗ ដូចខ្ញុំជំនាន់មុន។អ្នកមានគុណ។ នាងខ្ញុំនៅទីហ្នឹងគេយកទៅវ៉ៃចោល បានបួនសួងសម្ដេចតា ទើបបានរួចខ្លួន។ ខ្ញុំកាន់ទុក្ខ កោរសក់ថ្វាយទៀត»។
អ្នកស្រីទិត្យ ណារីនអាយុ ៥៣ឆ្នាំ មកពីសង្កាត់ស្ទឹងមានជ័យដែរ បានរៀបចំចង្ហាន់មួយចំនួនសម្រាប់ប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យទាំងអស់ទៅដល់អតីតព្រះមហាក្សត្រ។
«ដើម្បីរំឭកដល់គុណបំណាច់របស់ព្រះអង្គដែលបានធ្វើឲ្យប្រទេសជាតិមានឯករាជ្យ ហើយនឹងធ្វើឲ្យប្រជារាស្ត្រមានសេចក្ដីសុខគ្រប់ៗគ្នា»។
ក្នុងវ័យ៥៧ឆ្នាំ អ្នកស្រីប៉ុន ពៅបានធ្វើដំណើរពីខេត្តកំពង់ស្ពឺឡើងមកទីក្រុងភ្នំពេញជាមួយស្ត្រីវ័យចំណាស់ៗច្រើននាក់ទៀត ក៏ព្រោះតែដើម្បីចូលរួមរំឭកវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រ។
«ឲ្យកុសលទាំងអស់ហ្នឹងបានដល់សម្ដេចតា សម្ដេចយាយ ឲ្យគាត់បានសុខសប្បាយដល់កូនចៅទាំងអស់ហ្នឹង»។
កំពុងអង្គុយនៅជ្រុងម្ខាងលើសួនច្បារទល់មុខបរិវេណព្រះបរមរាជវាំង អ្នកស្រីវ៉ិត គឹមឡឹងគឺជាប្រជាពលរដ្ឋមកពីខេត្តកណ្ដាល។
ពាក់អាវពណ៌ស ស្ត្រីរូបនេះបានធ្វើដំណើរតាមរថយន្តឈ្នួលតាំងតែពីម៉ោងប្រាំកន្លះទៀបភ្លឺជាមួយអ្នកស្រុកប្រមាណ៣០នាក់ទៀត។ អ្នកស្រីចង់មកគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ។
អ្នកស្រី វ៉ិត គឹមឡឹងនៅចងចាំនូវគុណសម្បត្តិរបស់ព្រះអង្គនៅឡើយ។
«មកនេះដើម្បីមកគោរពខួបសម្ដេចតាគម្រប់២ឆ្នាំ។ គាត់ជាព្រះបិតាជាតិ»។
ដោយឡែក ព្រះតេជគុណគង់ រ៉ាដេត ព្រះសង្ឃគង់ក្នុងវត្តឧណ្ណាលោម មានសង្ឃដីកាថា ប្រជាពលរដ្ឋដែលមានច្រើនកុះករ ឡើងមកធ្វើពិធីបុណ្យឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគឺដោយសារម្នាក់ៗយល់ថា ព្រះអង្គគឺជានិម្មិតរូបនៃជាតិកម្ពុជា។
«ថ្ងៃនេះពុទ្ធបរិស័ទទាំងអស់លោកមានចិត្តជ្រះថ្លាមកពីគ្រប់ទិសទី ព្រះសង្ឃក៏បានមកចូលរួមដើម្បីជាកិច្ចឧទ្ទិសនូវបុណ្យកុសលទាំងអស់ដែលលោកបានដឹងគុណជូនដល់ព្រះមហាក្សត្រដែលបានបូជាទាំងកម្លាំងកាយ ចិត្តសម្រាប់ប្រទេសជាតិ។
អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាឥស្សរជនដ៏ល្បីល្បាញ និងគួរឲ្យគោរព។ ស្នាព្រះហស្តសំខាន់ៗរបស់ព្រះអង្គមានដូចជាការទាមទារឯករាជ្យពេញលេញឲ្យកម្ពុជាពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣និងការកសាងកម្ពុជាឲ្យក្លាយជាប្រទេសរុងរឿងមួយក្នុងអំឡុងឆ្នាំ ១៩៥០និង១៩៦០។
ការយាងចូលទីវង្គតរបស់ព្រះអង្គបានក្លាយជាទិវាបុណ្យជាតិមួយ។ មន្ត្រីរាជការនិងក្រុមហ៊ុនឯកជននានាតម្រូវឲ្យឈប់សម្រាកនៅថ្ងៃនេះ៕