អង្គការតម្លាភាពអន្តរជាតិឬ Transparency International បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានអំពើពុករលួយច្រើនជាងគេមួយក្នុងពិភពលោក និងជាប្រទេសដែលពុករលួយជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដដែលក្នុងឆ្នាំ២០១៥។ នេះបើយោងតាមសន្ទស្សន៍វាស់ស្ទង់កម្រិតពុករលួយនៅទូទាំងសកលលោកប្រចាំឆ្នាំ២០១៥ ដែលអង្គការអន្តរជាតិនេះ បានចេញផ្សាយនៅថ្ងៃពុធនេះ។
អង្គការដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅលើពិភពលោកនេះ បានដាក់ប្រទេសកម្ពុជា ក្នុងលំដាប់លេខរៀងទី១៥០ ក្នុងចំណោមប្រទេសចំនួន១៦៨ ដែលអង្គការនេះ បានធ្វើការសិក្សាទៅលើការយល់ឃើញអំពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសទាំងនេះ។
ចំណាត់ថ្នាក់របស់កម្ពុជានេះ ស្មើគ្នានឹងចំណាត់ថ្នាក់នៃកម្រិតពុករលួយនៅប្រទេសប៊ូរុនឌី និងហ្ស៊ីមបាវ៉េក្នុងទ្វីបអាហ្វ្រិក ។ ចំណាត់ថ្នាក់ប្រចាំឆ្នាំ២០១៥នេះ ធ្វើឲ្យកម្ពុជា ស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ាឬភូមាទៅទៀត ដែលកាលពីឆ្នាំកន្លងទៅ ប្រទេសទាំងពីរនេះ ស្ថិតនៅកម្រិតស្មើគ្នា ទាក់ទងនឹងអំពើពុករលួយនេះ ។
កម្ពុជា ស្ថិតនៅលើប្រទេសតែ១៦ប៉ុណ្ណោះ ក្នុងតារាងចំណាត់ថ្នាក់អំពើពុករលួយប្រចាំឆ្នាំ២០១៥របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការធំនៅក្នុងប្រទេសអាល្លឺម៉ង់នោះ។
យោងតាមអង្គការដដែលនេះ អំពើពុករលួយដែលកាន់តែអាក្រក់នៅកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា កាន់តែរឹតត្បិតអង្គការសង្គមស៊ីវិល។
កាលពីឆ្នាំ២០១៤ អង្គការនេះ បានដាក់កម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៥។ ប៉ុន្តែ នៅឆ្នាំ២០១៥ កម្ពុជា មានពិន្ទុដូចនៅឆ្នាំ២០១៤ដែរ គឺពិន្ទុ ២១ លើ១០០។ ប្រទេសដែលមានពិន្ទុ១០០ គឺជាប្រទេសដែលមានភាពស្អាតស្អំបំផុត ហើយប្រទេសដែលមានពិន្ទុ០ គឺជាប្រទេសដែលពុករលួយបំផុត។
នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា ត្រូវបានអង្គការនេះ ចាត់ចំណាត់ថ្នាក់នៅបាតគេម្តងហើយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេសនោះ ដោយកម្ពុជា ត្រូវបានផ្តល់ពិន្ទុឲ្យត្រឹមតែ២០លើ១០០ប៉ុណ្ណោះនៅក្នុងឆ្នាំនោះ។
ប្រទេសដែលស្អាតស្អំជាងគេបង្អស់ក្នុងឆ្នាំ២០១៥ គឺប្រទេសដាណឺម៉ាក ដែលទទួលបានពិន្ទុ៩១ លើ១០០ ហើយប្រទេសដែលជាប់ចំណាត់ថ្នាក់ពុករលួយជាងគេបង្អស់នោះ គឺប្រទេសសូម៉ាលីនិង កូរ៉េខាងជើង ដែលមានពិន្ទុតែ៨ដូចគ្នា៕