តម្លាភាព​កម្ពុជា៖ កម្ពុជា​នៅតែ​ជា​ប្រទេស​ពុករលួយ​បំផុត

រូបឯកសារ៖ លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុជាតា​/ VOA)

អង្គការ​តម្លាភាព​អន្តរជាតិ​ ​Transparency International​ ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​លេខ​១៦១​ ​ក្នុង​ចំណោម​១៨០​ប្រទេស​ក្នុង​ឆ្នាំ​២០១៨​ ​ដែលដូច​គ្នា​នឹង​ចំណាត់​ថ្នាក់​កាលពីឆ្នាំ​២០១៧​។​

អង្គការ​តម្លាភាព​អន្តរជាតិ​បានបន្តចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ពុករលួយ​ខ្លាំង​បំផុត​ក្នុង​លោក​ដដែល​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​ ​ក្នុងពេល​ប្រទេសកម្ពុជា​បាន​បាត់បង់​សំឡេង​ជំទាស់​ដ៏​សំខាន់​ក្នុង​រដ្ឋ​សភា។​

​របាយការណ៍​ស្តីពី​សន្ទស្សន៍​នៃការ​យល់​ឃើញ​ពីអំពើ​ពុក​រលួយ​ឆ្នាំ​២០១៨​ ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ​ដែល​ចេញផ្សាយ​ជា​សាធារណៈនៅ​ថ្ងៃ​អង្គារ​នេះ​ ​បង្ហាញ​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​២០​ពិន្ទុ​ ​លើ​ពិន្ទុ​អតិបរមា​១០០​ ​ដែល​ធ្លាក់​ចុះ​ចំនួន​១​ពិន្ទុ​ ធៀបនឹង​ឆ្នាំមុន។​ ​ផ្អែកតាម​មាត្រដ្ឋាន​ពិន្ទុ​ពី​០-១០០​ ​គឺ០​មាន​ន័យ​ថា​ពុក​រលួយ​ខ្លាំង​ហើយ​១០០​គឺស្អាត​ស្អំ​ខ្លាំង។​

ការណ៍នេះ​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ស្ទើរ​តែ​បាត​តារាង​របស់​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ​Transparency International​ ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​លេខ​១៦១​ ​ក្នុង​ចំណោម​១៨០​ប្រទេស​ក្នុង​ឆ្នាំ​២០១៨​ ​ដែលដូច​គ្នា​នឹង​ចំណាត់​ថ្នាក់​កាលពីឆ្នាំ​២០១៧​។​

លោក​ ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​នៃអង្គការ​តម្លាភាព​កម្ពុជា​ ប្រាប់​សន្និសីទសារព័ត៌មាន​មួយ​ ក្រោយ​ការ​ប្រកាស​លទ្ធផល​នេះ​ថា ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​ជាដើម​ចម​ដែល​បាន​ជំរុញ​ឲ្យ​អំពើ​ពុករលួយ​រីកសាយ​ភាយ​នៅ​កម្ពុជា​។

«អំពើ​ពុក​រលួយ​កាន់​តែ​រីកលូតលាស់​ កាលណា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​ និង​ប្រព័ន្ធ​សុច្ចរិត​ភាព​មាន​ភាព​ទន់​ខ្សោយ»។​

ប្រទេស​កម្ពុជា​នៅតែ​ជាប្រទេស​ទទួលបាន​ពិន្ទុ​ទាប​បំផុត​ទី៣​ នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ និង​ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេនៅ​ក្នុងតំបន់អាស៊ាន​។

ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ទទួលបាន​លទ្ធផល​ពិន្ទុ​ផ្សេងៗ​គ្នា។​ ប្រទេស​សិង្ហបុរីបន្តឈរ​លើ​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ដទៃ​ បន្ទាប់​ពីទទួល​បាន​ ១ពិន្ទុ​បន្ថែម​ និង​ប្តូរ​ពីលេខ​រៀង​ទី​៦​ មក​នៅលេខ​រៀង​ទី​៣​ នៃប្រទេស​ស្អាត​ស្អំ​ជាង​គេ​នៅ​លើពិភពលោក។

ប្រទេស​ហ្វ៊ីលីពីន​ គឺជា​ប្រទេស​តែមួយ​គត់​នៅក្នុង​តំបន់​ដែល​ទទួលបាន២ពិន្ទុ​បន្ថែម​ បើធៀប​នឹង​ឆ្នាំ​មុន។ ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ ក៏ទទួលបាន​១ពិន្ទុបន្ថែម​ផងដែរ​។ ដោយឡែក​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ឡាវ​នៅរក្សា​ពិន្ទុ​ដដែល​ ខណៈប្រទេស​ថៃ​ និង​មីយ៉ាន់​ម៉ា​ ធ្លាក់​ចុះ​១ពិន្ទុ។​ ប្រទេស​វៀតណាម​ជា​ប្រទេស​តែមួយ​គត់​នៅ​ក្នុង​តំបន់​ធ្លាក់​ចុះ​២​ពិន្ទុ។​

កញ្ញា​ វង្ស សុជាតា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃអង្គការ​តម្លាភាព​កម្ពុជា​ បានលើក​ឡើងថា​ ប៉ុ​ន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក៏ត្រូវ​បាន​គេកត់​សម្គាល់​ថា​ បរិយាកាស​នយោ​បាយ​មិន​អំណោយ​ផល​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សង្គម​ស៊ីវិល​ និងស្ថាប័ន​ប្រជាធិបតេយ្យ​មួយ​ចំនួន​អាច​បំពេញ​តួនាទី​បាន​តិច​តួច​បំផុត​ ក្នុងការ​ត្រួត​ពិនិត្យ​ និងធានា​តុល្យភាព​អំណាច​ដើម្បីប្រឆាំង​នឹង​អំពើ​ពុក​រលួយ ខណៈ​ដែល​យន្ត​ការ​ធានា​គណនេយ្យ​ភាព​ផ្នែក​នយោបាយ​ ត្រូវបាន​ធ្វើ​ឲ្យ​ចុះ​ទន់​ខ្សោយ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង។​

កញ្ញា​ថ្លែង​បន្ត​ថា​ ការ​ចូលរួម​របស់​អង្គការ​សង្គមស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​វត្តមាន​យន្តការ​ត្រួតពិនិត្យ​តុល្យភាពអំណាច​ គឺ​ជាសេចក្តី​ត្រូវការចំា​បាច់​ដើម្បី​ធ្វើ​ឲ្យចុះ​ខ្សោយ​នូវ​សកម្មភាព​ពុក​រលួយ​ក្នុង​ស្ថាប័ន​សាធារណៈ​នៅប្រទេស​កម្ពុជា។​

«ការ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក៏មាន​សារៈសំខាន់​ដូច​គ្នា​ផង​ដែរ​។ ​សំខាន់​ជាង​នេះ​ទៅទៀត​ ប្រទេស​កម្ពុជា​ត្រូវការ​ជាបន្ទាន់​ នូវយន្តការ​គណនេយ្យ​ភាព​ ដ៏គួរ​ឲ្យ​ទុក​ចិត្ត​ ក៏ដូច​ជាការ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ និង​តុល្យភាព​ [checks and balances] ​ទាំង​ថ្នាក់​ជាតិ​ និងថ្នាក់​ក្រោម​ជាតិ»។​

យ៉ាងណាក្តី​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក ​ផៃ ស៊ីផាន បានប្រាប់​ VOA ​ថា​ការរកឃើញ​របស់​អង្គ​ការ​តម្លៃ​ភាព​អន្តរជាតិ​នេះ​ មិនបាន​ឆ្លុះបញ្ចាំង​ពីការខិត​ខំ​កែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាញរកប្រាក់​ចំណូល​ និងបង្កើតបរិយាកាស​វិនិយោគ​ល្អប្រសើរនោះ​ទេ​ ហើយ​ថា​ ការរកឃើញនេះ​ មិន​អាច​យក​ជាការ​បាន​ឡើយ។​

«​យើង​មើល​កំណើន​របស់​ប្រាក់​ចូលរដ្ឋបានសេច​ក្តី​ថា​ហ្នឹង​១​ ពី​ប្រសិទ្ធិភាព​ការងារ​របស់​រាជ​រដ្ឋា​ភិបាលតាម​រយៈ​កំណែទម្រង់​របស់​ផង​ខ្លួន​ដែលមាន​ទិសដៅ​ គណនេយ្យ​ភាព​ ហើយ​និង​តម្លាភាព​នេះ​ឯង។​ ហើយ​ចំណែក​ទីពីរ​ គឺមើល​ចំនួន​កើន​ ដែល​បង្ហាញ​ពីការ​ទុកចិត្ត​នូវ​បរិយាកាស​ ​បណ្តាក់​ទុន​នៅ​កម្ពុជា​ បង្ហាញ​យ៉ាង​ច្បាស់​អំពី​កំណើន​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​។ ដូច្នេះ​ អ្នក​ដែល​ធ្វើ​ អ្នក​ដែល​របាយការណ៍​ប្រហែល​ជានៅអង្គុយ​ នៅ​ក្នុង​ការិយាល័យ​ ហើយ​ពិនិត្យ​មើល​តែ​តួលេខ​តាម​និន្នាការ​នយោបាយ​តែ​ប៉ុណ្ណោះ»។​

កញ្ញា ​វង្ស សុជាតា​ បាន​ថ្លែង​បន្ថែម​ថា​ កម្ពុជា​ បាន​បោះជំហាន​ជា​វិជ្ជមាន​ មួយចំនួន​ក្នុង​ការ​លុប​បំបាត់​អំពើពុករលួយ​តាម​វិស័យ​នានា​ ដែល​បាន​នាំមក​នូវ​លទ្ធផល​គួរ​ឲ្យ​លើកចិត្ត​ខ្លះ​ ដូចជា​ ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​តូច​ និង​ការបង្កើន​ចំណូល​ថវិកា​ តាមរយៈ​ការ​ប្រមូល​សារពើ​ពន្ធ​ និង​សេវាកម្ម​គយ​ ​ជាដើម។​ ​

ក៏ប៉ុន្តែ​ កញ្ញា​បន្ថែម​ថា៖​

«ប្រសិន​បើ​អំពើ​ពុករលួយ​ទ្រង់​ទ្រាយ​ធំ​ និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ​មិន​ត្រូវបាន​ដោះ​ស្រាយ​ត្រឹម​ត្រូវនោះ​ទេ​ អំពើ​ពុក​រលួយ​នឹង​បន្ត​ បង្កើន​ភាព​អយុត្តិធម៌​សង្គម​ និង​បង្ក​ជា​ហានិភ័យ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា»។​

លទ្ធផល​នៃសន្ទស្សន៍​ស​ម្រាប់ឆ្នាំ២០១៨នេះ​ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​នៃការ​បោសសម្អាត​អំពើ​ពុករលួយ​ ក្នុងនោះ​មាន​ប្រទេស​ Denmark New Zealand Finland និង​Canada​ជាដើម​ ដោយ​ទទួលបាន​ពិន្ទុ​៨៨​ ៨៧​ ៨៥​ និង​៨១​បន្តបន្ទាប់​គ្នា។​

ក្រៅតែ​ពីទទួល​បាន​ចំណាត់​ថ្នាក់​មិនល្អ​ក្នុងបញ្ហា​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នេះ​ កម្ពុជា​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ផង​ដែរ ទាក់ទិន​នឹង​សេរីភាព​សេដ្ឋកិច្ច នីតិរដ្ឋ និង​ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។​

ប្រទេស​កម្ពុជា​ក៏​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍​សន្តិភាព​ពិភព​លោក​ ក្នុង​ខណៈពេល​ដែល​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​និង​សិទ្ធិ​នយោបាយ​នៅ​តែ​ត្រូវ​បាន​រារាំង៕