ភ្នំពេញ —
កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់នៃប្រទេសដែលមានការប្រឹងប្រែងតិចតួចក្នុងការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០១៤របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
របាយការណ៍នេះបានចាត់ថ្នាក់កម្ពុជាក្នុងប្រទេសកម្រិតទីពីរឬដែលកំពុងស្ថិតក្រោមការឃ្លាំមើលនៃការជួញដូរមនុស្ស ដែលមានន័យថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបការជួញដូរមនុស្សនៅមានកម្រិតនិងមិនទាន់គោរពតាមបទដ្ឋានអន្តរជាតិនៅឡើយ។
របាយការណ៍ដដែលនេះគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានអនុលោមតាមបទដ្ឋានអប្បបរមាដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅឡើយទេ ទោះបីជាបានបង្ហាញការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក៏ដោយ។ រដ្ឋាភិបាលកម្ពុជាបានធ្វើការស៊ើបអង្កេតករណីជួញដូរមនុស្សចំនួន៣៥ករណីនៅឆ្នាំ២០១៣ ប៉ុន្តែមានតែ១៨សំណុំរឿងប៉ុណ្ណោះដែលនាំឱ្យមានការកាត់ទោស។ ការស៊ើបអង្កេតនេះគឺតិចជាងប្រាំបួនករណីធៀបនឹងឆ្នាំ២០១២។ របាយការណ៍នេះបានសំដៅទៅលើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សម្រាប់ការអាក់ខានក្នុងការនាំជនល្មើសមកផ្ដន្ទាទោសនេះ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើមិនអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ ប៉ុន្តែអះអាងថា រដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈខ្ពស់ក្នុងការបង្ក្រាបបទល្មើសនៃការជួញដូរមនុស្សនាពេលកន្លងមក។
«យើងមានច្បាប់។ យើងមានគោលនយោបាយ។ យើងមានផែនការ យន្តការជាតិ យន្តការចម្រុះអន្តរក្រសួង និងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងធ្វើការជាមួយប្រទេសជាប់ពាក់ព័ន្ធអញ្ចឹង។ ដូច្នេះខ្ញុំជឿជាក់ថា នេះជាកិច្ចខិតខំប្រឹងប្រែងហើយយើងមិនដែលទម្លាក់ដៃទេព្រោះយើងចាត់ទុកវាជាអាទិភាពមួយ»។
របាយការណ៍នេះឱ្យដឹងថា កម្ពុជាជាប្រភព ជាប្រទេសឆ្លងកាត់ និងជាប្រទេសគោលដៅមួយនៃពលកម្មដោយបង្ខំនិងការជួញដូរផ្លូវភេទចំពោះបុរស ស្ត្រី និងកុមារ។ ចំណែកឯយុវជននិងកុមារកម្ពុជាដែលបានឆ្លងដែនទៅធ្វើការនៅប្រទេសក្នុងតំបន់ជាពិសេសប្រទេសម៉ាឡេស៊ីនិងថៃ ភាគច្រើនបានរងគ្រោះដោយការជួញដូរផ្លូវភេទជាទាសករតាមផ្ទះនិងតាមទូកនេសាទ និងពលកម្មដោយបង្ខំក្នុងវិស័យកសិកម្មនិងរោងចក្រជាដើម។ ចំណែកឯទីភ្នាក់ងារជ្រើសរើសពលករបានធ្វើលិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយដើម្បីសម្រួលដល់ការជ្រើសរើសកុមារយកទៅធ្វើការនៅបរទេស។ ការជួញដូរផ្លូវភេទកុមារអាយុក្រោម១៥ឆ្នាំនៅតែជាបញ្ហានៅកម្ពុជា។ នេះបើតាមការកត់សម្គាល់របស់របាយការណ៍នេះ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុកយល់ស្របនឹងការរកឃើញរបស់របាយការណ៍នេះ ប៉ុន្តែស្នើឱ្យសហរដ្ឋអាមេរិកចាត់វិធានការណ៍ណាមួយដើម្បីឱ្យភាគីកម្ពុជាបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្សក្នុងប្រទេសរបស់ខ្លួន។
«របាយការណ៍នេះបានត្រឹមតែដាស់តឿនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាតិចតួចតែប៉ុណ្ណឹង។ មិនបានចាត់វិធានការណ៍អ្វីឱ្យបានម៉ឺងម៉ាត់នោះទេ និងមិនបានយករបាយការណ៍នេះទៅដាក់ទណ្ឌកម្មអ្វីឱ្យបានត្រឹមត្រូវនោះទេ»។
ចំណាត់ថ្នាក់កម្រិតទី២របស់កម្ពុជាគឺដូចនឹងប្រទេសជាច្រើនក្នុងតំបន់ដែរដូចជាប្រទេសប្រ៊ុយណេ សឹង្ហបុរី និងវៀតណាមជាដើម។ ដោយឡែកប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១ ឬមានន័យថា ជាប្រទេសដែលមានការប្រឹងប្រែងខ្ពស់ក្នុងការបង្ក្រាបការជួញដូរមនុស្ស មានដូចជាសាធារណរដ្ឋឆេក ប្រទេសដាណឺម៉ាក និងកាណាដាជាដើម។ ចំណែកឯប្រទេសក្នុងតំបន់ដូចជាថៃនិងម៉ាឡេស៊ីបានធ្លាក់ចំណាត់ថ្នាក់ទៅក្នុងកម្រិតទី៣ ដែលមានន័យថា រដ្ឋាភិបាលប្រទេសទាំងនោះមិនបានប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្សទាល់តែសោះ ហើយដែលអាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីសហរដ្ឋអាមេរិក។
លោក យ៉ែម បុញឬទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិយល់ថា របាយការណ៍នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា។
«ខ្ញុំគិតថា នៅមានរូបភាពមួយចំនួនដែលការជួញដូរនេះ នៅមានកម្រិតធ្ងន់ធ្ងរ ហើយយោងតាមរបាយការណ៍នេះក៏សបញ្ជាក់ឱ្យឃើញថា ការជួញដូរផ្លូវភេទ ជួញដូរមនុស្សនៅមានកម្រិតខ្ពស់ ដែលយើងយល់ថា ប្រហែលជាមកពីបញ្ហាពុករលួយជាប្រព័ន្ធហ្នឹង ដែលធ្វើឱ្យអំពើបែបនេះនៅមានក្នុងសង្គមយើង»។
កាលពីដើមខែនេះ កាសែត The Guardian ដែលជាកាសែតដ៏ល្បីនៅលើពិភពលោកបានចេញផ្សាយអត្ថបទស៊ើបអង្កេតអស់រយៈពេលប្រាំមួយខែរបស់ខ្លួនដោយបានរកឃើញពីការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់កម្មករនេសាទបង្គាររបស់ប្រទេសថៃដែលមកពីប្រទេសផ្សេងៗដែលក្នុងនោះមានកម្ពុជា ឲ្យធ្វើការដូចទាសករ។ កាសែតក៏បានដកស្រង់សម្តីរបស់កម្មករដោយបានលើកឡើងពីការប្រើកម្មករឲ្យធ្វើការពី១៨ទៅ២២ម៉ោងក្នុង១ថ្ងៃៗ ការធ្វើទារុណ្ឌកម្ម និងការសម្លាប់កម្មករនេសាទជាច្រើនករណី៕