កម្ពុជា​ច្រាន​ចោល​របាយ​ការណ៍​របស់ UN ​ដែល​ថា​​មនុស្ស​១០​ម៉ឺន​នាក់​សិ្ថត​ក្នុង​ការងារ​ឆបោក​តាម​អនឡាញ

រូបឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​តៃវ៉ាន់​នេះ បង្ហាញ​ប៉ូលិស​តៃវ៉ាន់​អមដំណើរ​ជន​ពីរ​រូប​ដែល​សង្ស័យ​ថា​​ជាប់​ទាក់ទង​នឹង​ករណី​ឆបោក​តាម​បច្ចេកវិទ្យានៅ​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ច្រានចោល​របាយ​ការណ៍​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR) ​ដែល​រក​ឃើញ​ថា​ មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​សីហា​ ឆ្នាំ​ ២០២៣​ រក​ឃើញ​មាន​ករណី​ឆបោក​តាម​អនឡាញ​នេះ​ក្នុង​ប្រទេស​ចំនួន​ ៥​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​ក្នុង​នោះ ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ច្រើន​ជាង​គេ ​ប្រមាណ​ជា​ ១២​ ម៉ឺន​នាក់។​ ចំណែក​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់។​

របាយ​ការណ៍​ដែល​មាន​កម្រាស់​ ៣៨ ​ទំព័រ​នោះ ​បន្ថែម​ថា​ ករណី​ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ពួក​គេ​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរឃៅ​ អមនុស្ស​ធម៌​ និង​ថោក​ទាប​ ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។​

អ្នកស្រី ​ជូ ប៊ុនអេង ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ប្រាប់​វីអូអេ​នា​ថ្ងៃ​សុក្រ​នេះ​ថា​ របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​ធ្វើ​ឡើង​តាម​ការ​ប៉ាន់​ស្មាន​ ដោយ​មិន​បាន​បង្ហាញ​ពី​ទឡ្ហីករណ៍​ណា​មួយ​ច្បាស់​លាស់​នោះ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ហើយ​យើង​ដឹង​ស្រាប់​ហើយ​ថា​ កម្ពុជា​មិន​ធំ​ទេ​ ហើយ​ចំពោះ​អាជីវកម្ម ​ទាំង​ទីតាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​មិន​ច្រើន​ដែរ​ អ៊ីចឹង​ចំនួន​ដែល​យើង​គ្រាន់​តែ​អ្នក​ដែល​សង្ស័យ​ថា​ជាប់​នៅ​ក្នុង​នោះ​វា​ ១០​ ម៉ឺន​នាក់​ទៅ​ហើយ​ អ៊ី​ចឹង​យើង​សួរ​ថា​ ​មនុស្ស​ហ្នឹង​នៅ​ឯ​ណា?»

អ្នកស្រី​បន្ត​ថា ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​បាន​បើក​ការ​រុក​រក​មនុស្ស​តាម​រយៈ​សំណើ​ផ្សេងៗ​មក​កាន់​ក្រសួង​មហា​ផ្ទៃ ​ហើយ​សំណើ​ដែល​ទទួល​បាន​មាន​ចំនួន​ ១០៤៧​ ដែល​គិត​ជា​ចំនួន​មនុស្ស​មាន​ប្រមាណ ​២.៥០០ ​នាក់​ប៉ុណ្ណោះ។ ​អ្នកស្រី​ប្រាប់​វីអូអេ​បន្ថែម​ថា ​ស្ថិត​ក្នុង​ចំណោម​សំណើ​ទាំង​អស់​នោះ​មាន​ ១.០១១​ សំណើ​ ដែល​បាន​ការ​ ហើយ​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​ ១.៥៦៩​នាក់ ​និង​មាន​ ១៤ ​សញ្ជាតិ​ផ្សេង​គ្នា។​

អ្នកស្រី​ ជូ ប៊ុនអេង ​បន្ថែម​ថា ​កម្ពុជា​កំពុង​តែ​រៀបចំ​ស៊ើប​អង្កេត​ជាមួយ​ក្រុម​ជំនាញ​ ហើយ​បញ្ជូន​របាយ​ការណ៍​ទាំង​នោះ​ទៅ​អង្គការ​សហ​ប្រជាជាតិ​វិញ។​

អ្នកស្រី​ថ្លែង​ថា៖​ «យើង​កំពុង​តែ​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​ជំនាញ​ដែល​គាត់​ចុះ​ប្រតិបតិ្ត​ការ​ផ្ទាល់​ ដើម្បី​រក​ទឡ្ហីករណ៍​ឱ្យ​ច្បាស់​ ពីព្រោះ​យើង​និយាយ​អំពី​ទិន្នន័យ​ដែល​ជាក់​លាក់​ ដើម្បី​ឱ្យ​មាន​ការ​ឆ្លើយ​ឆ្លង…គ្រាន់​តែ​ថា​យើង​បដិសេដ​មិន​ទទួល​ស្គាល់ ​ប៉ុន្តែ​សួរ​ថា​ យក​អី​មក​សំអាង?​ អ៊ីចឹង​ដោយ​សារ​តែ​ប្រតិបត្តិការ​យើង​ចុះ​ជាក់​ស្តែង​ គឺ​យើង​នឹង​ធ្វើ​ជា​របាយ​ការណ៍​ដើម្បី​ដាក់​បញ្ជូន​ទៅ​វិញ​ ជូន​ទៅ​អង្គ​ការ​សហ​ប្រជាជាតិ»។​

រូបឯកសារ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ទ្រៃយ៍​នៃ​គណៈកម្មធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​ និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីធឺណិត» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

របាយ​ការណ៍​ដដែល​បន្ថែម​ថា ​ក្នុង​អំឡុង​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេល​វេលា​លើ​ប្រព័ន្ធ​អនឡាញ​ ហើយ​ការ​ឆបោក​នានា​បាន​ប្រព្រឹត្ត​ និង​កើត​មាន​ឡើង​អំឡុង​ពេល​នោះ។ ​ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ភាគ​ច្រើន​ជា​ជន​ដែល​ចំណាក​ស្រុក​ ហើយ​ត្រូវ​បាន​ឧក្រិដ្ឋជន​បន្លំ​តាម​រយៈ​ការ​ជ្រើស​រើស​បុគ្គលិក​ធ្វើ​ការ​តាម​អ៊ីនធឺណិត​ជាដើម។​

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដដែល​បាន​បន្ថែម​ថា ​មនុស្ស​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត​គឺ​ជា​បុរស​ ទោះ​បី​ជា​ស្ត្រី ​និង​ក្មេង​ជំទង់​ក៏​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែរ​ ដោយ​ភាគ​ច្រើន​ជន​រង​គ្រោះ​នៃ​ការ​ឆបោក​អនឡាញ​នេះ​មិន​មែន​ជា​ប្រជាជន​ក្នុង​ប្រទេស​នោះ​ឡើយ។ ​ជន​រង​គ្រោះ​ទាំង​នោះ​ជា​ច្រើន​មាន​ការ​អប់រំ​ល្អ ​មាន​ជំនាញ​ការងារ​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ ឬ​បញ្ចប់​ការ​សិក្សា ​ឬ​បញ្ចប់​បរិញ្ញា​បត្រ​ ចេះ​ប្រើ​ប្រាស់​កុំព្យូទ័រ ​និង​ចេះ​និយាយ​ច្រើន​ភាសា។​

ជន​រង​គ្រោះ​ទាំង​នោះ​មក​ពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ​(ពី​ប្រទេស​ឥណ្ឌូណេស៊ី ​ឡាវ​ ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​ហ្វីលីពីន ​សិង្ហបុរី ​ថៃ ​និង​វៀតណាម)​ ក៏​ដូច​ជា​ប្រទេស​ចិន​ដីគោក ​ហុងកុង ​និង​តៃវ៉ាន់ អាស៊ី​ខាង​ត្បូង​ និង​សូម្បី​តែ​នៅ​ឆ្ងាយ​រូម​មាន​អាហ្វ្រិក ​និង​អាមេរិក​ឡាទីន។​

ក្រោយ​វត្តមាន​នៃ​ជនជាតិ​ចិន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​គំហុក​ ជាពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ ​គេ​ឃើញ​មាន​ការ​រាយ​ការណ៍​អំពី​ករណី​បង្ខាំង​មនុស្ស ​និង​ការ​ឆបោក​តាម​អនឡាញ​កើត​មានឡើង​ជា​ញឹក​ញាប់។ ថ្មីៗ​នេះ ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ថា​ ជន​បរទេស​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ពី​សំណាក់​ជន​បរទេសដូច​គ្នាក្នុង​ករណី​បង្ខំ​ឱ្យ​ប្រព្រឹត្ត​សកម្មភាព​ឆបោក​តាម​អនឡាញ​ ត្រូវ​បាន​ចែក​ចាយ​ជា​ញឹក​ញាប់ ​និង​មាន​ការ​អះអាង​ថា ​ជា​រូបភាព​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា ​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ឡើង​ដោយ​មាន​ទឡ្ហីកណ៍​ និង​ការ​សិក្សា​ច្បាស់​លាស់​ ហើយ​ថា ​ការ​បង្ហាញ​ក្នុង​របាយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ទិដ្ឋភាព​របស់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​រូបភាព​មិន​សូវ​ល្អ។​ លោក​បន្ត​ថា​ ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជា​បទ​ល្មើស​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​លើ​បញ្ហា​នេះ។​

លោក​ថ្លែង​ថា៖​ «ការ​ឆបោក​តាម​ប្រព័ន្ធ​នេះ​ជា​បទ​ល្មើស​មួយ​ថ្មី​ដែល​អាជ្ញាធរ​កម្ពុជា ​ឬ​ក៏​សមត្ថកិច្ច​ពាក់​ព័ន្ធ​ហ្នឹង​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត​ ដើម្បី​តាម​ទាន់​នៃ​បទ​ល្មើស​ ហើយ​មើល​ឃើញ​ថា​ អ្វី​ជា​បទ​ល្មើស​ ព្រោះ​កាល​ណា​ប្រសិន​បើ​យើង​គ្មាន​ជំនាញ​បន្ថែម​សម្រាប់​ពិនិត្យ​មើល​ថា​ ហ្នឹង​ជា​បទ​ល្មើស​ទេ​ បទ​ល្មើស​ហ្នឹង​នៅ​តែ​បន្ត​កើត​អញ្ចឹង»។

របាយ​ការណ៍​របស់​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចជា៖

  • ការ​ផ្តល់​សច្ចាប័ន​ និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​រាល់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ស្នូល ​ព្រម​ទាំង​សន្ធិ​សញ្ញា​អន្តរជាតិ ​និង​តំបន់​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ការពារ​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ និង​ជន​ចំណាក​ស្រុក​ផ្សេង​ទៀត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ ​និង​ចូល​រួម​ជា​មួយ​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពាក់​ព័ន្ធ ​ដូចជា​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​មនុស្ស​សិទ្ធិ​ជន​ចំណាក​ស្រុក​ និង​លើ​ការ​ជួញ​ដូរ​មនុស្ស ​ជាពិសេស​ស្ត្រី ​និង​កុមារ។​
  • ពិនិត្យ​ឡើង​វិញ​ជា​ចាំ​បាច់​នូវ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ ​គោល​នយោបាយ ​ឬ​វិធាន​ការ​ផ្សេង​ទៀត​ ហើយ​តម្រឹម​ធនធាន​ឡើង​វិញ​ ដើម្បី​គិត​គូរ​ពី​ការណ៍​ពិត​ដែល​បាន​ផ្លាស់​ប្តូរ​ប្រទេស​ជា​គោល​ដៅ​មួយ​នៃ​គោល​ដៅ​របស់​មនុស្ស​ដែល​ត្រូវ​បាន​ជួញ​ដូរ​ និង​ជន​ចំណាក​ស្រុក​ផ្សេង​ទៀត​នៅ​ក្នុង​ស្ថាន​ភាព​ងាយ​រង​គ្រោះ។​
  • អនុវត្ត​ដោយ​ត្រឹម​ត្រូវ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​ និង​លុប​បំបាត់​ការ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​សាធារណៈ​ ឬ​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​ទប់​ស្កាត់​ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​ការ​សូក​ប៉ាន់​តាម​គ្រប់​រូបភាព។​ មន្ត្រី​សាធារណៈ​ទាំង​អស់​ដែល​សង្ស័យ​ថា​ ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​ ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​ជួយ​សម្រួល​ដល់​ការ​ជួញ​ដូរ​គួរ​តែ​ត្រូវ​បាន​ស៊ើប​អង្កេត ​និង​កាត់​ទោស​ស្រប​តាម​ដំណើរ​ការ​ត្រឹម​ត្រូវ ​និង​ស្តង់ដារ​កាត់​ក្តី​ដោយ​យុត្តិធម៌។​
  • ព្រម​ទាំង​អនុវត្ត​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​ និង​ការ​គ្រប់​គ្រង​អ៊ីនធឺណិត​នៅ​កម្រិត​ជាតិ ​តំបន់ និង​ពិភព​លោក៕