ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះ KBS News អំពីការជួញដូរកម្លាំងពលកម្មរបស់ពលរដ្ឋកូរ៉េក្នុងប្រទេសកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍កម្ពុជាបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនោះ ដោយលើកឡើងថា ជាការផ្សាយ«មួលបង្កាច់លាបពណ៌មកលើកម្ពុជា»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរដែលចេញផ្សាយកាលពីសប្តាហ៍មុន។
ក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា មួយរយៈចុងក្រោយនេះ បណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួនបានផ្សព្វផ្សាយមួលបង្កាច់លាបពណ៌មកលើកម្ពុជាថា «បណ្ដែតបណ្ដោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម»។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «ការផ្សព្វផ្សាយនេះផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មានដោយយករូបភាពពីនេះ ពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយតាមប្រព័ន្ធអ៊ីនធឺណិត (MMO) និងយករូបភាពចាស់ៗ ដែលសមត្ថកិច្ចកម្ពុជាធ្លាប់ចុះបង្ក្រាបកន្លងទៅ មកផ្គុំបញ្ចូលគ្នារួចអត្ថាធិប្បាយបំផ្លើសពីការណ៍ពិតហាក់បីដូចជា គម្រោងផែនការទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជាលើឆាកអន្តរជាតិ»។
ក្រសួងមហាផ្ទៃបន្ថែមថា ក្រសួងមានឆន្ទៈមុតមាំក្នុងការសហការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ផ្សេងៗពាក់ព័ន្ធនឹង Call Center ដែលជាបទល្មើសសកល។
ចំណែកក្រសួងទេសចរណ៍កម្ពុជាវិញក៏បានបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ជាវីដេអូថា ពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។
ក្រសួងទេសចរណ៍បញ្ជាក់ថា ការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ «ជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា»។ ក្រសួងទេសចរណ៍ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់ការផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ»។
យោងតាមសារព័ត៌មាន KBS News របស់កូរ៉េខាងត្បូង អ្នកសារព័ត៌មានរបស់ស្ថាប័ននោះបានចុះមកកម្ពុជា ហើយថតវីដេអូនៃការចាប់ជំរិតទៅលើជនជាតិកូរ៉េខាងត្បូង ក្រោយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីសារព័ត៌មាន KBS News និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង សមត្ថកិច្ចកម្ពុជាបានចុះទៅពិនិត្យមើលទីតាំងមួយកន្លែង ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយរកឃើញជនបរទេសជាង ១ពាន់នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ជាសាធារណៈអំពីព័ត៌មានលម្អិតនៃការចុះពិនិត្យ ហើយរកឃើញអ្វីឱ្យពិតប្រាកដនៅទីតាំងនោះនៅឡើយទេ។
ជាបន្តបន្ទាប់ ប្រទេសកម្ពុជាត្រូវបានរាយការណ៍ថា ក្លាយជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេសបានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។
កាលពីដើមខែតុលា កម្ពុជាបានបណ្តេញជនជាតិជប៉ុន ១២ នាក់ចេញពីកម្ពុជា ហើយពួកគេត្រូវបានឃាត់ខ្លួន ពេលទៅដល់ប្រទេសជប៉ុន ដោយសង្ស័យថា បោកលុយពីជនជាតិជប៉ុនប្រមាណ ១៣.០០០ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការរបស់ជប៉ុនកាលពីកន្លងទៅ។
ចំណែកស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានសរសេរនៅលើបណ្តាញសង្គម X ឬស្គាល់ថា Twitter របស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលាថា ជនជាតិឥណ្ឌា ៧ នាក់ ដែលជាជនរងគ្រោះគេចចេញពីទីតាំងមួយកន្លែងនៅកម្ពុជាត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាវិញ ដោយសុវត្ថិភាព។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ ថ្លែងថា នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរកម្ពុជាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិអំពីការឆបោកតាមប្រព័ន្ធអនឡាញ។ លោកជំរុញឱ្យកម្ពុជាស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមានរបាយការណ៍ឆ្លើយតប។
លោកប្រាប់វីអូអេថា៖ «បាទ ខ្ញុំយល់ឃើញថា ទីមួយ កម្ពុជាត្រូវតែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព អ៊ីចឹងបើសិនជាទទួលបានព័ត៌មាន ឬបានដឹងឮអំពីព័ត៌មានអំពីបញ្ហាហ្នឹងកើតឡើងនៅកន្លែងណាមួយ គួរតែមានការស៊ើបអង្កេត ហើយនឹងការស្រាវជ្រាវ ហើយចាត់វិធានការតាមផ្លូវច្បាប់»។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ដែលចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ ២០២៣ នៅក្នុងប្រទេសកម្ពុជា មនុស្សប្រមាណជា ១០ ម៉ឺននាក់ដែលជាជនបរទេសត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះក៏បានកើតឡើងនៅក្នុងប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន៕