កម្ពុជា​​ទទួលបាន​វ៉ាក់សាំង​​ជំនួយ​ពី​ចិន​១​លាន​៥​សែន​ដូស​ក្នុង​កញ្ចប់​ជំនួយថ្មី​២០​លាន​ដូស

រូបឯកសារ៖ បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដែលបានមកដល់រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១។ (AP Photo/Heng Sinith)

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ប្រភេទ​ស៊ីណូវ៉ាក់​(Sinovac)​ចំនួន​១លាន​៥​សែន​ដូស​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ដែល​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។​

នេះ​ជា​វ៉ាក់សាំង​មួយ​ផ្នែក​នៃ​ជំនួយ​វ៉ាក់សាំង​របស់​ចិន​សរុប​ចំនួន​២០​លាន​ដូស​ ដែល​នឹង​ត្រូវ​ផ្តល់​មក​កម្ពុជា​នា​ពេល​ខាង​មុខ។​

ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ អ្នកស្រី ​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ថ្លែង​ថា ​នៅ​ក្នុង​ដំណាក់​កាល​ទីមួយ​នេះ​វ៉ាក់សាំង​ចំនួន​៥​លាន​ដូស​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា។​ អ្នកស្រី​បន្ថែម​ថា​ នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​ការ​បញ្ជូន​វ៉ាក់សាំង​ជាង​៣លាន​ដូស​ទៀត​ពី​ប្រទេស​ចិន។

បើ​តាម​អ្នកស្រី​ យក់ សម្បត្តិ​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដែល​ជា​ជំនួយ​នេះ ​គឺ​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​ទូរសព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​និង​ប្រធានាធិបតី​ចិន ​លោក​ ស៊ីជិនពីង​ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មីនា​ ឆ្នាំ​២០២២។​ អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​មក​ចាក់​វ៉ាក់សាំង ​ជា​ពិសេស​ដូស​ជំរុញ​ ទី៣​និង​ទី​៤​ ដោយ​សារ​មាន​តែ​វ៉ាក់សាំង​ទេ​ដែល​អាច​បង្ការ​កុំ​ឱ្យ​ឆ្លង​កូវីដ១៩ ​ឬ​បើ​ឆ្លង​ក៏​មិន​ឈឺ​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​ឡើយ។​

លោក ​Wu Guoquan ​ទីប្រឹក្សា​សេដ្ឋកិច្ច ​និង​ពាណិជ្ជ​កម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ដែល​ជា​តំណាង​ស្ថានទូត​ចិន​ក្នុង​ការ​ទទួល​វ៉ាក់សាំង​នៅ​អាកាស​យានដ្ឋាន​បាន​ថ្លែង​តាម​រយៈ​ការ​បក​ប្រែ​ថា ​ រដ្ឋាភិបាល​ចិន​នៅ​តែ​គាំទ្រ​និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​

គិត​មក​ទល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ពី​ប្រទេស​ចិន​ជាង​២៨​លាន​ដូស​ហើយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​នៅ​លើ​ពិភព​លោក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​លើស​លប់។ ​នេះ​បើ​តាម​អ្នកស្រី ​យក់ សម្បត្តិ។​

ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​៣​ដូស​មាន​ប្រមាណ​៨​លាន​នាក់ ​និង​អ្នក​ចាក់​៤​ដូស​មាន​ជាង​១​លាន​នាក់។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​គិត​មក​ដល់​ថ្ងៃ​ទី​២៨ ​ខែមីនា ​ឆ្នាំ​២០២២៕